ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា មេដឹកនាំ​ក្រុម​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ ស្នើ​ឱ្យ​មាន​ការបង្រួបបង្រួម​ជាតិ​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ


រូបឯកសារ៖ លោក កឹម ​សុខា នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)
រូបឯកសារ៖ លោក កឹម ​សុខា នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)

លោក មាស នី អះអាងថា៖ «បើសិនជា​មាន​សម្តី​វិជ្ជមាន​ ​ហើយ​គូ​ភា​គី​ម្ខាងៗ​រក្សា​នូវ​ជំហរ​វិជ្ជមាន​ដូចគ្នា​ ​គឺថា​ដំណោះស្រាយ​ជា​ញឹក​ញាប់​ច្រើនតែ​អាច​(យើង​)ឃើញ​អី​ដែល​ជា​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​កើតឡើង»។

ខណៈ​កម្ពុជា​កំពុង​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យជាតិ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​មេដឹកនាំ​គណ​បក្ស​កាន់អំណាច​ ​និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ ​បាន​ចេញ​សារ​បង្ហាញ​ពី​ការ​ថែរក្សា​ការពារ​ឯក​រាជ្យជាតិ​ និង​ការ​បង្រួប​បង្រួម​ជាតិ​។​ ​អ្នក​ឃ្លាំ​មើ​ល​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា​ ​សារ​របស់​មេ​ដឹកនាំ​ទាំង​ពីរ​បក្ស​ ​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ ដែល​អាច​នឹង​ឈាន​ទៅ​មានការ​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ​។​

​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ​លោក​ ​កឹម​ ​សុខា​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​បាន​ចេញ​លិខិត​អបអរ​សារ​ទរ​ពិធី​បុណ្យ​ឯករាជ្យជាតិ​ ​លើកទី​ ​៦៥​ ​ដោយ​ភ្ជាប់​នឹង​ការ​លើក​ឡើង​ថា​ ​ការ​ទាមទារ​ ​និង​ថែរ​រក្សា​ការពារ​ឯករាជ្យជាតិ​ពិតប្រាកដ​ទៅ​បាន​ ​គឺ​អាស្រ័យ​លើ​ការ​រួបរួម​ជាតិ។​

​ក្នុង​លិខិត​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ ​ដែល​លោក​ ​កឹម​ ​សុខា​ ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​លោក​នា​ថ្ងៃទី៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​នេះ​ ​បាន​បញ្ជាក់​ថា​ ​លោក​សូម​ថ្លែង​អំណរ​គុណ​ប្រកប​ដោយ​ ​កតញ្ញុតាធម៌​យ៉ាង​ជ្រាលជ្រៅ​ ​ជូនចំពោះ​បុព្វបុរស​ខ្មែរ​ដែល​បាន​ធ្វើ​ពលិកម្ម​ ​ការ​លះបង់​ ​និង​ការ​តស៊ូ​ ​ដើម្បី​ទាមទារ​នូវ​ឯករាជ្យជាតិ​ជូន​ជាតិ​មាតុភូមិ។​

​លោក​បន្ថែម​ក្នុង​លិខិត​នោះ​តាមន័យ​ដើម​យ៉ាង​ដូច្នេះ៖

«ការ​ទាមទារ​ ​និង​ថែរក្សា​ការពារ​ឯករាជ្យជាតិ​ពិតប្រាកដ​ទៅ​បាន​ ​គឺ​អាស្រ័យ​លើ​ការ​រួប​រួម​ជាតិ។​ ​ជា​ការ​ពិត​ណាស់​ ​មិន​អាច​មាន​ឯករាជ្យ​ជាតិ​ពិត​ប្រាកដ​បាន​ទេ​ ​បើ​យើង​បែកបាក់​គ្នា»។

កម្ពុជា​នឹង​រៀបចំ​អបអរសាទរ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី៦៥​ ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ ​ថ្ងៃទី៩​ ​វិច្ឆិកា​ ​ដោយ​មាន​ការ​ចូលរួម​ពី​មាន​កងកម្លាំង​មក​ពី​គ្រប់​អង្គភាព​ ​នៃ​ក្រសួង​ការពារជាតិ​ ​ក្រសួង​មហាផ្ទៃ​ មន្ត្រី​រាជការ​នា​នា​ ​និង​ដោយ​មាន​ការ​ដើរ​ជា​ក្បួន​ៗ​ទៅ​តាម​ផែន​របស់​ខ្លួន​ដើម្បី​អបអរសាទរ​ ​និង​ដើម្បី​លើក​កម្ពស់​ពង្រឹង​ពង្រីក​សមត្ថភាព​របស់​កង​កម្លាំង​ក្នុង​ការ​បំពេញភារកិច្ច​ ការពារ​នូវ​អធិបតេយ្យ​ ​បូរណភាព​ដែនដី​ ​និង​សុវត្ថិភាព​ ​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​សង្គម។​ ​ពិធី​នោះ​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់​ ​និង​មាន​កម្លាំង​ការពារ​សុវត្ថិភាព​ ​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​ ​ជិត​បួន​ពាន់​នាក់​។​ ​នេះ​បើ​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​នគរបាល​ជាតិ។​ ក្នុងពិធី​នោះ​ ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គឺ​ព្រះបាទ​នរោត្តម​ សីហមុនី​ ​និង​ដឹកនាំ​ពិធី​ ​ដោយ​មាន​ការ​ប្រទាន​ភ្លើងជ័យ​នៅ​វិមាន​ឯករាជ្យ។​

​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជាគ​ណ​បក្ស​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​ ​ទៅ​តាម​បណ្តឹ​ងរ​បស់​ក្រសួង​មហាផ្ទៃ​ ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ​និង​ឃុំខ្លួន​ពី​បទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​ ​ដែល​ស្មើនឹង​បទ​ក្បត់ជាតិ​។​ ​ក្រោយ​ការ​ឃុំខ្លួន​តាំងពី​ដើមខែ​កញ្ញា​ ​ឆ្នាំ២០១៧​ ​អស់​រយៈពេល​ជាង១ឆ្នាំ​ដោយ​មិន​មានការ​កាត់ទោស​ ​លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅផ្ទះ​វិញ​ ​ដោយ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ។

លិខិត​អបអរ​សារ​ទរ​ពិធីបុណ្យ​ឯករាជ្យជាតិ​នេះ​ ​គឺជា​លិខិត​ទី២​ដែល​លោក​ ​កឹម​ ​សុខា​ ​បាន​សរសេរ​ ​ក្រោយពី​លោក​ត្រូវ​បាន​តុលាការ​ប្តូរ​ពី​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ​ទៅជា​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ជំនួស​វិញ​។​ ​ដោយ​លិខិត​ទី១​ ​លោក​ ​កឹម​ ​សុខា​ ​បាន​សរសេរ​សារ​រំលែកទុក្ខ​ជូន​ចំពោះ​ក្រុម​គ្រួសារ​លោក​ ​ជាម​ ​ច័ន្ទ​នី​ ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ ​កាលពី​ ​ពីរ​សប្តាហ៍​មុន។

ការ​ចេញ​លិខិត​របស់​លោក​ ​កឹម សុខា​ ​ធ្វើឡើង​ក្រោយ​បន្តិច​ ​បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ពាក់ព័ន្ធ​នឹង​ការ​បង្រួបបង្រួម​ជាតិ។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ខ្ពស់​បំផុត​(និទ្ទេស​A)​ ​នៅ​រាជធានី​ភ្នំពេញ​ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​លើកឡើង​ថា​ ​ការ​បង្រួបបង្រួម​ជាតិ​នឹងអាច​ធ្វើ​ទៅ​បាន​ ​លុះត្រាតែ​មានការ​បង្កើត​វប្បធម៌​ទុកចិត្ត​គ្នា។​

​លោក​នាយក​រដ្ឋមន្រ្តី​ដែល​កាន់អំណាច​ជាង​៣​ទសវត្ស​រ៍មក​ហើយ​នោះ​ ​បាន​ផ្ញើរ​សារ​ទៅ​កាន់​ក្រុម​គណបក្ស​ប្រឆាំង​ថា៖​

​«បើ​យើង​បន្ធូរ​បន្ថយ​ឲ្យ​វា​ ​វា​មិនព្រម​បន្ធូរបន្ថយ​ឲ្យ​យើង​ ​តើ​យើង​បន្ធូរបន្ថយ​ធ្វើ​អី​?​ ​ដាក់​ហ្អែង​ ​ម៉ា​ម៉ាំង​ចប់​ៗ​។​ ​បើ​ហ្អែង​ចង់បាន​វប្បធម៌​បង្រួបបង្រួម​ ​ហ្អែង​ធ្វើឲ្យ​ស្រួល​ទៅ​ ​ធ្វើឲ្យ​គេ​ទុកចិត្ត​ទៅ​។​ ​បើ​អ្នកឯង​មិន​ចង់​បាន​ការ​សម្រប​សម្រួល​ ​ហ្អែង​ធ្វើ​អា​ក្រ​ក់​ម៉ោ​។​ ​អា​ធ្វើ​អាក្រក់​ហ្នឹងហើយ​ ​ដែល​ជា​ការ​ផ្តល់​សញ្ញា​ថា​ ​យើង​មិន​អត់ឱន​ ​ព្រោះ​វា​អត់​មាន​ជម្រើស​ណា​ផ្សេង»។

បើ​ទោះជា​លោក​ ​កឹម​ ​សុខា​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​និង​ដាក់ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ជំនួស​វិញ​ក៏ដោយ​ ​ក៏​អង្គការ​អន្តរជាតិ​ផ្នែក​ការ​ពារ​សិទ្ធិមនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​នៅតែ​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ ​លោក​ ​កឹម​ ​សុខា​ ​ដោយ​ឥត​លក្ខខណ្ឌ។

សភា​សហភាព​អឺរ៉ុប​បាន​អនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លើ​ញត្តិ​រួម​ស្នើ​ឲ្យ​មាន​សេចក្តី​សម្រេច​រួម​ ​ដែល​ទាមទារ​ឲ្យ​ផ្តល់​សិទ្ធិ​នយោបាយ​ ​និង​សេរីភាព​ពេញលេញ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ដែល​ធ្វើឲ្យ​ខូច​ខាត​លទ្ធិ​ប្រជាធិប​តេយ្យ​ផង​ដែរ។​

​លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​លើកឡើង​របស់​មេដឹកនាំ​ ​គណបក្ស​កាន់អំណាច​ ​និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ពាក់ព័ន្ធ​នឹងវិធី​សាស្រ្ត​នៃ​ការ​បង្រួបបង្រួម​ជាតិ​ ​គឺ​សុទ្ធតែ​ការ​លើក​ឡើង​ដែល​ត្រឹមត្រូវ​។​ ​លោក​ថា​ ​ការ​លើកឡើង​នេះ​អាច​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​រក​ដំណោះស្រាយ​នយោបាយ​ ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ចម្រូង​ចម្រាស​នៅ​កម្ពុជា។

​អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បន្ថែម​ថា​ ​អ្នក​នយោបាយ​នៅ​កម្ពុជា​តែង​ប្រើប្រាស់​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​ ​និង​ខ្វះ​ភាព​អត់ធ្មត់​ក្នុង​ការ​ចរ​ចារ​ ​ទើប​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ពិបាក​នឹង​ទទួល​បាន​ប្រសិទ្ធភាព។​

​លោក​បាន​ផ្តល់​ជា​អនុសាសន៍​ថា៖

«បើសិនជា​មាន​សម្តី​វិជ្ជមាន​ ​ហើយ​គូ​ភា​គី​ម្ខាង​ៗ​រក្សា​នូវ​ជំហរ​វិជ្ជមាន​ដូចគ្នា​ ​គឺថា​ដំណោះស្រាយ​ជា​ញឹក​ញាប់​ច្រើនតែ​អាច​(យើង​)ឃើញ​អី​ដែល​ជា​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​កើតឡើង»។​

​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ហាក់​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ ​ខណៈ​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​ររបស់​លោក​ ​ហ៊ុន សែន​ ​កំពុង​អបអរ​ការដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ ​ចំណែក​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ ​និង​ក្រុម​ប្រទេស​កាន់លទ្ធិ​ប្រជា​ធិប​តេយ្យ​ធំៗ​មួយ​ចំនួន​ចាត់ទុក​ថា​ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​ឲ្យខូច​ខាត​លទ្ធិ​ប្រជា​ធិបតេយ្យ។

សហរដ្ឋ​អាមេរិក​ ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ​កាលពី​ថ្ងៃទី​២៩​ ​ខែ​កក្កដា​ ​និង​ព្រមាន​ចាត់​វិធាន​ការ​បន្ថែម​លើ​ការ​បង្កក​ទ្រព្យសម្បត្តិ​ ​និង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយចំនួន​ ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​។​ ​ចំណែក​សហភាព​អឺរ៉ុប​ ​ក៏​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ដោយ​ទុក​ពេល​១២ខែ​ ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថានភាព​ប្រជា​ធិបតេយ្យ​ឡើង​វិញ៕​

XS
SM
MD
LG