ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ស្រី​ Clinton និង​លោក​ Trump ជួបជុំ​ជាមួយ​កម្មករ​នៅ​ក្នុង​ថ្ងៃ​សម្រាក​បុណ្យ​ទិវា​ការងារ​


យន្តហោះ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្មី​របស់​លោក​ស្រី​ Clinton ចត​នៅ​ឯ​ព្រលាន​យន្តហោះ Westchester County Airport នៅបុរីញូវយ៉ក កាល​ពី​ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ទាំង​ពីរ​នាក់​ គឺ​លោកស្រី​ Clinton ​ខាងគណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​ Donald Trump ខាង​គណបក្ស​សាធារណរដ្ឋបាន​ធ្វើ​ដំណើរ​កាល​ពី​ថ្ងៃ​ចន្ទ​ទៅ​កាន់​រដ្ឋ Ohio ​ដែល​ជារដ្ឋ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ក្នុង​តំបន់​កណ្តាល​ខាង​លិច​នៃ​ប្រទេស​អាមេរិក​ ដើម្បី​សម្តែង​ការ​គាំទ្រ​ដល់​គ្រួសារ​ក្រុម​កម្មករ​នៅក្នុង​ពិធី​បុណ្យ​ការងារ​របស់​ប្រទេស។

សារៈសំខាន់​របស់​រដ្ឋ​នេះ នឹង​បង្ហាញ​ភាព​ច្បាស់​លាស់​ឆាប់​រហ័ស​ក្នុង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​នៅ​ថ្ងៃទី​៨ខែ​វិច្ឆិកា។ លោកស្រី​ Clinton នាំ​មុខ​លោក ​Trump ​បន្តិច​នៅ​ក្នុង​ការ​ស្ទង់មតិ​នយោបាយ​ថ្មីៗ​បំផុត​នៅ​ក្នុង​រដ្ឋ​នេះ​ដែល​នៅទី​នោះ​កិច្ច​ប្រតិបត្តិការ​ឧស្សាហកម្ម​ធំៗ​បាន​ជួល​កម្មករ​រាប់​ម៉ឺន​នាក់​ទោះ​ណាជា​ដី​ស្រែចម្ការ​ធំៗ​គ្រប​ដណ្តប់​លើ​ទេសភាព​នៃ​រដ្ឋនេះ​ក៏​ដោយ។

នៅ​ពេល​លោក​ដើរ​ទៅ​ស្វាគមន៍​លោកស្រី​ Clinton ​លោក ​Tim Kaine ​បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​មានប្រសាសន៍​ថា៖ «វា​មាន​សារៈសំខាន់​ដែល​មាន​យន្តហោះ​ទាំង​ពីរ​នៅ​លើ​ចំណត​យន្តហោះតែ​មួយ។ នេះ​បង្ហាញ​លោក​អ្នក​ថា ​តើ​រដ្ឋ​ Ohio​ មាន​សារៈ​សំខាន់​បែប​ណា។ យើង​នឹង​មក​ទី​នេះ​ច្រើន​ដង​ទៀត»។

លោកស្រី​ Clinton ​ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.​ និង​លោក Kaine ដែល​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោកស្រី​ បាន​អញ្ជើញ​ទៅ​កាន់​ពិធី​ប្រារព្ធ​ទិវាបុណ្យ​ការងារ​ជាមួយ​ពួក​មេដឹកនាំ​សហជីព​និង​ក្រុម​កម្មករ​ដោយមាន​ក្រណាត់​សម្រាប់​ធ្វើទង់​ពណ៌​ក្រហម ស និង​ខៀវ​ដាក់​លម្អ​នៅ​លើ​ឆាក​សម្រាប់​ទទួល​លោក​ស្រី​និង​លោក​នៅ​ផ្នែក​កណ្តាល​ក្រុង​ Cleveland។

ប្រវត្តិសាស្ត្រ​នយោបាយ​ស.រ.អា.​និយាយ​ថា ​លោក Trump ​ដែល​ជា​មហា​សេដ្ឋី​អចលនទ្រព្យ​ដែល​ឈរ​ឈ្មោះ​ដំបូង​សម្រាប់​តំណែង​សាធារណៈ​ត្រូវ​តែ​មាន​ជ័យ​ជម្នះ​ក្នុង​រដ្ឋ​ Ohio ដើម្បី​ឱ្យ​បាន​ទទួល​តំណែង​ខ្ពស់​បំផុត​ក្នុង​សេតវិមាន។​ គ្មាន​អ្នក​សាធារណរដ្ឋ​ណា​ម្នាក់​ទទួល​តំណែង​ខ្ពស់​បំផុត​ក្នុង​សេតវិមាន​ដោយ​មិន​បាន​ទទួល​ជ័យជម្នះ​ក្នុង​រដ្ឋ Ohio ទេ៕

XS
SM
MD
LG