ក្នុងកាលៈទេសៈដែលកំពុងកើតមានរលកកម្តៅ អាកាសធាតុកាន់តែក្តៅនៅជុំវិញពិភពលោក ភ្លើងឆេះព្រៃ ភ្លៀងផ្គរ ភាពរាំងស្ងួត និងព្យុះកំណាចជាច្រើន ដែលកំពុងកើតមានឡើងនោះ ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិព្រមានថា ចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌អន្តរជាតិ អាចកើនឡើង៥០% ត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបនឹងចំនួនមនុស្សប្រមាណ១៨០លាននាក់ ដែលត្រូវការជំនួយនេះក្នុងឆ្នាំ២០១៨នោះ។
ក្នុងរបាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទីភ្នាក់ងារឧតុនិយមរបស់អ.ស.ប. លើកឡើងថា គ្រោះមហន្តរាយកាន់តែច្រើន ទាក់ទងនឹងអាកាធាតុនោះ កើតមានឡើងជារៀងរាល់ឆ្នាំ។ របាយការណ៍នោះក៏បានបង្ហាញផងដែរថា មានគ្រោះមហន្តរាយជាង១១.០០០ករណី ពាក់ព័ន្ធនឹងអាកាសធាតុ ការប្រែប្រួលបរិយាកាស និងបាតុភូតផ្សេងៗដូចជារលកយក្សស៊ូណាមីជាដើម បានកើតមានឡើងក្នុងរយៈពេល៥០ឆ្នាំកន្លងមក ដែលបានបណ្តាលឲ្យមនុស្សប្រមាណ២លាននាក់បានស្លាប់ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចក្នុងទឹកប្រាក់ចំនួន៣,៦លានលានដុល្លារផងដែរ។
លោក Petteri Taalas អគ្គនាយកអង្គការឧតុនិយមពិភពលោក បានលើកឡើងថា៖ «ខណៈពេលដែលជំងឺកូវីដ១៩ បានបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចនិងសុខភាពអន្តរជាតិ ក្នុងកម្រិតមួយដ៏ធំ ហើយត្រូវប្រើពេលវេលារាប់ឆ្នាំដើម្បីស្តារឡើងវិញនោះ វាជាការសំខាន់ណាស់ដែលត្រូវចាំថា បញ្ហាបម្រែបម្រួលអាកាសធាតុ ជាការគំរាមកំហែងនាពេលបច្ចុប្បន្ន និងបន្តកើតមាននៅពេលខាងមុខ ទៅលើជីវិតមនុស្ស ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងសង្គម ក្នុងពេលរាប់សតវត្សទៅមុខទៀត។
អង្គការឧតុនិយមពិភពលោក ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលនានាគួរធ្វើការងារបន្ថែមទៀត ដើម្បីត្រៀមខ្លួនចំពោះគ្រោះមហន្តរាយទាំងនេះ៕