ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធ​គ្នា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ស៊ូដង់ ខណៈ​មន្ត្រី​កំពូល​អង្គការ​សហប្រជាជាតិ​ទៅ​ដល់


មន្ត្រី​កំពូល​ផ្នែក​មនុស្ស​ធម៌​នៃ​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths ធ្វើ​ទស្សនកិច្ច​នៅ​ Aleppo ប្រទេស​ស៊ីរីកាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ការ​ប្រយុទ្ធ​គ្នា​ជា​បន្ត​រវាង​ក្រុម​ទាហាន​ប្រជែង​គ្នា​ពីរ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​ពង្រឹង​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ ស្រប​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ស៊ូដង់​ដើម្បី​ពិភាក្សា​អំពី​ការផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​ស៊ីវិល​រាប់​លាន​នាក់​ដែល​ជាប់​គាំង​នៅ​ទីនោះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​កំពូល​ផ្នែក​មនុស្ស​ធម៌​នៃ​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ដែល​នៅ​ជិត​ខាង​ប្រទេស​ស៊ូដង់​បាន​ប្រកាស​ថា ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ឯកភាព​គ្នា«ជា​គោល ការណ៍» ចំពោះ​កិច្ច​ឈប់​បាញ់​គ្នា​រយៈពេល៧ថ្ងៃ។

អំពើ​ហិង្សា​ដ៏​ប្រល័យ​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី ១៥ ខែ​មេសា​រវាង​លោក​នាយ​ឧត្តម សេនីយ៍ Abdel Fattah al-Burhan ដែល​ជា​មេដឹកនាំ​ជាក់ស្ដែង​របស់​ប្រទេស​ស៊ូដង់​និង​ជា​មេបញ្ជាការ​កងទ័ព និង​លោក​នាយ​ឧត្តមសេនីយ៍ Mohamed Hamdan Daglo ដែល​ជា​មេបញ្ជាការ​កង​កម្លាំង​ជំនួយ​រហ័ស​ទាហាន​ប៉ារ៉ា (RSF)។

តាំងពី​ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​កើតឡើង​មក មនុស្ស​យ៉ាង​ហោច​ណាស់ ៥២៨ នាក់​ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​ជិត ៤.៦០០ នាក់​ទៀត​បាន​រង​របួស។ នេះ​បើ​យោង​តាម​តួលេខ​ថ្មី​ចុង ក្រោយ​បង្អស់​របស់​ក្រសួង​សុខាភិបាល​ស៊ូដង់ ដែល​តួលេខ​នេះ​ទំនងជា​មិន​ពេញលេញ​នោះ​ទេ។

ជនជាតិ​ស៊ូដង់​រាប់​ម៉ឺន​នាក់​បាន​គេច​ចេញ​ទៅ​កាន់​ប្រទេស​ជិត​ខាង ដែល​អាច​បង្ក​ឱ្យ​មាន «មហន្តរាយ»មនុស្សធម៌​ដែល​មាន​ផល​ប៉ះពាល់​ដល់​តំបន់​ទាំង​មូល។

នៅ​ថ្ងៃ​ពុធ​នេះ លោក Griffiths បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Port Sudan នៃ​ប្រទេស​ស៊ូដង់ នៅ​ជាប់​សមុទ្រ​ក្រហម (Red Sea) ក្នុង​ដំណើរ​បេសកកម្ម​បន្ទាន់​មួយ​ដើម្បី​ស្វែងរក​វិធី​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​ពលរដ្ឋ​ស៊ូដង់​រាប់​លាន​នាក់​ដែល​មិន​អាច​គេច​ខ្លួន​ពី​ការ​ប្រយុទ្ធ​នេះ​បាន។

លោក Griffiths បាន​បញ្ជាក់​នៅ​លើ Twitter ថា៖ «[ខ្ញុំ] ទើប​មក​ដល់​ទីក្រុង Port Sudan ដើម្បី​បញ្ជាក់​ជា​ថ្មី​អំពី​ការ​តាំងចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​ប្រជាជន​ស៊ូដង់»។

នៅ​ពេល​មុន​នេះ ក្រសួង​ការបរទេស​ស៊ូដង់​ខាង​ត្បូង​បាន​ប្រកាស​ថាលោក Burhan និង​លោក Daglo «បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ចំពោះ​កិច្ច​ឈប់​បាញ់​គ្នា​រយៈពេល៧ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ១១ ខែ​ឧសភា»។

ភាគី​ជម្លោះ​ទាំង​ពីរ​នៅ​មិន​ទាន់​អះអាង​ជា​ផ្លូវការ​អំពី​កិច្ច​ឈប់​បាញ់​គ្នា​ថ្មី​នេះ​នៅ​ឡើយ​ទេ៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG