ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា មនុស្ស​ជាង ៣៣០.០០០ នាក់​បាន​ផ្លាស់ទី​ក្នុង​ប្រទេស​នៅ​ស៊ូដង់


រូបថត​ពី​ផ្កាយរណប​ដែល​ថត​នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ និង​ចេញផ្សាយ​ដោយ Maxar Technologies បង្ហាញពី​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​មួយ​នៅ​ព្រំដែន Argeen នៃ​ប្រទេស​ស៊ូដង់​ជាមួយ​ប្រទេស​អេហ្ស៊ីប។ (Satellite image Maxar Technologies)
រូបថត​ពី​ផ្កាយរណប​ដែល​ថត​នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ និង​ចេញផ្សាយ​ដោយ Maxar Technologies បង្ហាញពី​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​មួយ​នៅ​ព្រំដែន Argeen នៃ​ប្រទេស​ស៊ូដង់​ជាមួយ​ប្រទេស​អេហ្ស៊ីប។ (Satellite image Maxar Technologies)

ទីភ្នាក់ងារ​ទេសន្តរប្រវេសន៍​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៣៣៤.០០០ នាក់​បាន​ផ្លាស់ទី​ដោយ​បង្ខំ​ក្នុង​ប្រទេស​នៅ​ក្នុង​ប្រទេស​ស៊ូដង់​តាំងពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​ប្រល័យ​បាន​ផ្ទុះ​ឡើង​កាលពី​ខែ​មុន​រវាង​កងទ័ព​ស៊ូដង់​និង​កង​កម្លាំង​ជំនួយ​រហ័ស (RSF) មក។

ទិន្នន័យ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​នេះ ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា មនុស្ស​ជាង ១០០.០០០ នាក់​បាន​រត់​គេច​ចេញ​ពី​ប្រទេស​ស៊ូដង់​ទៅ​កាន់​ប្រទេស​ជិត​ខាង។

តួលេខ​ថ្មី​ទាំង​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​បាន​ព្យាករណ៍​ថា ការ​ប្រយុទ្ធ​គ្នា​អាច​បង្ខំ​ឱ្យ​មនុស្ស​ជាង ៨០០.០០០ នាក់​គេច​ចេញ​ពី​ប្រទេស​ស៊ូដង់។

លោក Raouf Mazou អនុ​ប្រធាន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកជន​ភៀសខ្លួន (UNHCR) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ទីភ្នាក់ងារ UNHCR ​បាន​ព្យាករណ៍​ថា ​មនុស្ស ៨១៥.០០០ ​នាក់​អាច​គេច​ចេញ​ពី​ប្រទេស​ស៊ូដង់​ទៅ​កាន់​ប្រទេស​ជិត​ខាង​ចំនួន ៧។ លោក​បាន​បន្ថែម​ថា ក្នុង​នោះ​រួម​មាន​ជនជាតិ​ស៊ូដង់​ ៥៨០.០០០ ​នាក់ ​និង​ជន​ភៀស​ខ្លួន​បរទេស​ផ្សេង​ទៀត​ដែល​រស់នៅ​ក្នុង​ប្រទេស​ស៊ូដង់​ផង​ដែរ។

លោក Mazou បាន​បញ្ជាក់​ថា ​មនុស្ស​ប្រហែល ៧៣.០០០ ​នាក់​បាន​គេច​ចេញ​ពី​ប្រទេស​ស៊ូដង់​រួច​ហើយ។

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​ស៊ូដង់​និង​កង​កម្លាំង​ជំនួយ​រហ័ស (RSF) នេះ​បាន​បន្ត​នៅ​ថ្ងៃ​អង្គារ​នេះ បើ​ទោះបីជា​មាន​ការ​ពន្យារ​បន្ថែម​នូវ​ការ​ព្រមព្រៀង​មួយ​ទៀត​នៃ​កិច្ច​ឈប់​បាញ់​គ្នា​ក៏ដោយ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP។

XS
SM
MD
LG