ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ ប៉ុន្តែ​មិន​ទាន់​បញ្ចេញ​ព័ត៌មាន​លម្អិត


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន លើកដៃនៅមុខក្រុមអ្នកសារព័ត៌មាន ពេលលោកបានទៅដល់វិមានរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន លើកដៃនៅមុខក្រុមអ្នកសារព័ត៌មាន ពេលលោកបានទៅដល់វិមានរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨។

គណៈ​រដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ ដែល​ជា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ថា​តើ​មាន​ការ​ផ្លាស់​ប្តូរ​មាត្រា​ណា​ខ្លះ​នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នៅ​ឡើយ​ទេ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ​គណៈ​រដ្ឋមន្ត្រី​បាន​សម្រេច​អនុម័តទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់ធម្មនុញ្ញ។ ប៉ុន្តែ​ខ្លឹមសារ​លម្អិត​ទាំង​ឡាយ ដែល​ពាក់ព័ន្ធ​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ នឹង​ត្រូវ​បង្ហាញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ត្រូវ​បាន​ចាត់​តាំង​ដោយ​នាយក​រដ្ឋ​មន្ត្រី​ ដើម្បី​រៀបចំ​សន្និសីទ​សារព័ត៌មាន។

ទោះ​ជា​យ៉ាងណា លោក ផៃ ស៊ីផាន បញ្ជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​នេះ បង្កើត​ឡើង​ «ដើម្បី​រក្សា​ប្រក្រតី​ភាព​នៃ​ការងារ​រដ្ឋបាល ក៏ដូចជា​ផល​ប្រយោជន៍​ជា​ចាំបាច់​របស់​ប្រជា​ពលរដ្ឋ»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​វីអូអេ​ថា ​ក្រសួង​នឹង​ជម្រាប​ជូន​សាធារណជន​អំពី​កាល​បរិច្ឆេទ​នៃ​សន្និសីទ​សារព័ត៌មាន​នៅ​ពេល​ក្រោយ។ លោក​បាន​បដិសេធ​មិន​ទាន់​អត្ថាធិប្បាយ​អំពី​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ។

សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ត្រួត​ពិនិត្យ និង​អនុម័ត​ដោយ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់។

បើ​តាម​រដ្ឋធម្មនុញ្ញ ការ​ផ្ដើមគំនិត​សើរើ ឬ​ការ​ផ្ដើមគំនិតធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ជាសិទ្ធិរបស់​ព្រះ​មហាក្សត្រ​របស់​នាយក​រដ្ឋមន្ត្រី​ និង​របស់​ប្រធាន​រដ្ឋ​សភា​ តាម​សេចក្ដី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​ នៃ​ចំ​នួន​សមា​ជិក​រដ្ឋសភា​ទាំងមូល។ ការ​សើរើ ឬ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ ត្រូវ​ធ្វើ​ឡើង​ដោយ​ច្បាប់​ធម្មនុញ្ញ​មួយដែលអនុម័ត​ដោយរដ្ឋសភា​ តាមមតិភាគច្រើនពីរ​ភាគបីនៃ​ចំនួន​សមាជិក​រដ្ឋសភាទាំង​មូល។

គួរ​បញ្ជាក់​ថា ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចុង​ក្រោយ​កាល​ពី​ខែ​តុលា ឆ្នាំ​ ២០២១ ដោយ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា នាយក​រដ្ឋ​មន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុង​ក្រោយ​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​គោល​ដៅ​ប្រឆាំង​នឹង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​មាន​សញ្ជាតិ​ខ្មែរ និង​បារាំង៕

XS
SM
MD
LG