ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស


រូប​ឯកសារ៖ តំណាងរាស្ត្រ​កម្ពុជា​ថត​រូប​ជាមួយ​ព្រះ​មហាក្សត្រ​នៅ​មុខ​រដ្ឋសភា​ជាតិ​កាល​ពី​ឆ្នាំ​២០១៣។
រូប​ឯកសារ៖ តំណាងរាស្ត្រ​កម្ពុជា​ថត​រូប​ជាមួយ​ព្រះ​មហាក្សត្រ​នៅ​មុខ​រដ្ឋសភា​ជាតិ​កាល​ពី​ឆ្នាំ​២០១៣។

រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​លើក​ទី​១០ ដែល​កំពុង​ចម្រូងចម្រាស។

សេចក្តី​ព្រាង​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង​១០៥​នៃ​តំណាងរាស្ត្រ​ទាំងអស់​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​ការ​សំឡេង​យ៉ាង​តិចពីរ​ភាគ​បី​នៃ​តំណាងរាស្ត្រ​សរុប​ទាំង​អស់​ចំនួន​១២៥​រូប។

លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គរបស់​រដ្ឋសភា​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ​ គឺ​ដើម្បី​ធានា​នូវ​និរន្តរភាព​ស្ថាប័ន​រដ្ឋ​ និង​ការពារ​ថែ​រក្សា​សន្តិភាព ខណៈ​បញ្ជាក់​តាម​ការ​លើកឡើង​របស់ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​បាន​ពិនិត្យ​មើល​សេចក្តី​ព្រាង​នេះ​ថា​អាច​កែប្រែបាន ហើយ​វា​មិន​ប៉ះពាល់​អ្វី​ដល់​ប្រជាធិប​តេយ្យ សេរីពហុបក្ស និង​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញឡើ​យ។

​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា និង​អនុម័តរបស់​រដ្ឋសភា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​លោក​មិន​បាន​ថ្លែង​អ្វី​ឡើយ។

កាល​ពី​កន្លង​ទៅ គណបក្ស​នយោបាយ​ចំនួន​៤ ដែល​រួម​មាន​គណបក្ស​ភ្លើងទៀន ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែ​រ និងគណបក្ស​កែ​ទម្រង់​កម្ពុជា បាន​ដាក់​ញត្តិ​រួម​មួយ​ទៅ​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​រដ្ឋសភា​កុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ថ្មី​ចុងក្រោយ​នេះ ដែល​ត្រូវ​បាន​គណៈ​រដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អនុម័ត កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ ​គណ​បក្ស​ទាំង​នោះ​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​ថ្មី​នេះធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​របប​សភានិយម ដោយ​បន្ថយ​សិទ្ធិ​អំណាច​តំណាងរាស្ត្រ និង​បំបាត់​សំឡេង​គណបក្ស​ដែល​មាន​អាសនៈ​ភាគ​តិច​ក្នុង​សភា។

គណបក្ស​ទាំង​៤​បញ្ជាក់​ក្នុង​ញត្តិ​រួម​នោះ​ថា ​ការ​ធ្វើ​វិសោ​ធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​លើក​ទី​១០​នេះ ​បន្ថយ​អំណាច​សភា​ជាតិ ដោយ​ផ្តល់​សិទ្ធិ​អំណាច​ទៅ​ឱ្យ​គណបក្ស​នយោបាយ ដែល​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ស្នើ​ដោយ​ផ្ទាល់​ថ្វាយ​ទៅ​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​ចាត់​តាំង​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​របប​សភា​និយម​ ដោយ​បំបាត់​សំឡេង​គណបក្ស​ដែល​មាន​អាសនៈ​តិច​ក្នុង​សភា​និង​ដោយ​មិន​គោរព​គោលការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស និង​បន្ថយ​សិទ្ធិ​អំណាច​ និង​តួនាទី​អ្នក​តំណាង​រាស្ត្រ​ ដោយ​សារ​ការ​បង្កើន​ចំនួន​តំណាង​រាស្ត្រ​ក្នុង​ការ​ធ្វើ​ញត្តិ​បន្ទោស​រាជ​រដ្ឋាភិបាល​ពី​៣០​នាក់​ ទៅ​មួយ​ភាគ​បី​ ឬ​ស្មើ​នឹង​សំឡេង​តំណាង​រាស្ត្រ​ចំនួន​៤២​នាក់។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​សង្គមស៊ីវិល​និង​បណ្តាញ​សហគមន៍​ជាង​១០០ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ​ និង​ថា​វា​អាច​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​«ស្ថិរភាព​អំណាច​រដ្ឋ និង​អំណាច​នីតិប្រតិបត្តិ​ ការ​គោរព​សិទ្ធិ​សេរីភាព​ពល​រដ្ឋ​ខ្មែរ» ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ក្រោម​ហេតុផល​ថា៖ ទី​១ វា​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ក៏​ដូច​ជា​ផល​ប្រ​យោ​ជន៍​របស់​ប្រជាពល​រដ្ឋ ខណៈ​មិន​មាន​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ។ ទី២ ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​សេរីពហុបក្ស​ក្នុង​ប្រព័ន្ធ​សភានិយម ដោយសារ​បង្កើន​ចំនួន​សមាជិក​សភា​នៅ​ក្នុង​ការ​ធ្វើ​ញត្តិ​ស្តី​បន្ទោស​រដ្ឋាភិបាល​ និង​ការ​ចាត់​តាំង​នាយករដ្ឋមន្ត្រី​ដោយ​មិន​មាន​ការ​ឯកភាព​ពី​ប្រធាន​និង​អនុប្រធាន​នៃ​រដ្ឋសភា។ ទី៣ ប៉ះ​ពាល់​ដល់​សាមគ្គីភាព​ជាតិ ខណៈ​អរិភាព​នយោបាយ​កំពុង​កើត​មាន​នៅ​ឡើយ។ទី៤​ ប៉ះ​ពាល់​ដល់​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​ច្បាប់ កាល​ណា​អំណាច​រដ្ឋសភា​ធ្លាក់​ចុះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វី​អូអេ​ថា ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​លើក​ទី​១០​នេះ ធ្វើ​ឱ្យ​ធ្លាក់​ចុះ​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ ប្រជាធិបតេយ្យ​រួម​តូច និង​អំណាច​ស​ភា​អន់​ថយ។

សាស្ត្រាចារ្យ​រូបនេះ​បន្ត​ថា​រដ្ឋាភិបាល​«មិន​ខ្វល់​ខ្វាយ»ជាមួយ​ការ​លើក​ឡើង​របស់​អង្គ​ការ​សង្គម​ស៊ីវិល​ឡើយ បើ​ទោះ​ជា​មាន​ការ​រិះគន់​ក៏​ដូចជា​ភាព​ចម្រូងចម្រាស​កើត​មាន​ឡើង​ក៏ដោយ។
លោក​ថ្លែង​ថា៖ «ព្រោះ​គណបក្ស​កាន់​អំណាច​មិន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​លើកឡើង ឬ​ក៏​ការ​ទាមទារ​របស់​អង្គ​ការ​សង្គម​ស៊ីវិល ​ឬ​ក៏​គណបក្ស​នយោបាយ​ទេ​ ពី​ព្រោះ​វិសោធនកម្ម​នេះ​វា​ជួយ​ឱ្យ​អាច​ថា​មាន​ស្ថិរភាព​សម្រាប់​ការ​តែង​តាំង​ឥស្សរជន​នយោបាយ​មួយ​រួប ចេញ​ពី​គណបក្ស​ដែល​មាន​សំឡេងឈ្នះ​ឆ្នោត»។​

បើ​យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ថ្មី​ចុង​ក្រោយ​បង្អស់​នេះ ត្រង់​មាត្រា​១១៩​ថ្មី ​អត្ថ​ន័យ​ក៏​ត្រូវ​បាន​ស្នើ​កែ​ប្រែ ដោយ​លុប​ចោល​ឃ្លា​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ក្នុង​ការ​ស្នើ​តំណាង​រាស្ត្រ​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ឱ្យ​បង្កើត​រដ្ឋាភិបាល។ មាត្រា​ថ្មី​ចែង​ថា ​តាម​សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា ព្រះមហាក្សត្រ​ចាត់​តាំង​វរជន​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ ឱ្យ​បង្កើត​រាជ​រដ្ឋាភិបាល។ សេច​ក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​ចម្លង​ជូន​ប្រធាន​រដ្ឋ​សភា៕

XS
SM
MD
LG