ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ បានដាក់លិខិតទៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពន្លឿនបញ្ចប់ដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងដាក់ទៅរដ្ឋសភា ដើម្បីអនុម័ត។
ពួកគេក៏ជំរុញឲ្យដាក់បញ្ចូលធាតុចូលពីក្រុមអង្គការសង្គមស៊ីវិលផងដែរ។ ក្រុមអង្គការសង្គមស៊ីវិលដែលចូលរួមមានចំនួន៣២ ដែលជាសមាជិកក្រោមការសម្របសម្រួលដោយអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)។
ក្រុមសង្គមស៊ីវិលបានបញ្ជាក់ក្នុងលិខិតនោះថា សេចក្តីព្រាងច្បាប់នេះ «ហាក់ដូចជាមិនទាន់មានការវិវត្តជាវិជ្ជមាននៅឡើយ ចាប់តាំងពីបានបញ្ចប់សេចក្តីព្រាងនៅខែមករា ឆ្នាំ២០១៨»។
ពួកគេបញ្ជាក់ក្នុងន័យដើមថា៖ «អាស្រ័យហេតុនេះ យើងខ្ញុំសូមគោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីមេត្តាជួយអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីបញ្ចប់ដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដោយមានការដាក់បញ្ចូលធាតុចូលពីអង្គការសង្គមស៊ីវិល និងដាក់ជូនទៅរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តដោយក្តីអនុគ្រោះបំផុត»។
នៅក្នុងតារាងផ្តល់មតិយោបល់និងសំណូមពរសម្រាប់ធ្វើការតម្រូវលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលវីអូអេទទួលបាន ក្រុមអង្គការសង្គមស៊ីវិលបានស្នើសុំឲ្យមានការពិនិត្យ និងកែតម្រូវលើមាត្រាចំនួន ២៩នៅក្នុងសេចក្តីព្រាងច្បាប់នេះ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយកម្ពុជា (API) លោក ឡាំ សុជាតិ និយាយថា លិខិតស្នើរបស់ក្រុមអង្គការសង្គមស៊ីវិលគឺជាបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០២០ ដែលលោកនាយករដ្ឋមន្ត្រីបានជំរុញឲ្យមានការអនុម័តឲ្យបានឆាប់លើសេចក្តីព្រាងច្បាប់ពីសិទ្ធិទទួលព័ត៌មាន។
លោកថ្លែងថា៖ «អ៊ីចឹងយើងក៏គាំទ្រប្រសាសន៍របស់សម្តេច ហើយដោយសារកូវីដ ពីរឆ្នាំវាមានការយឺតយ៉ាវ អ៊ីចឹងយើងសុំឲ្យសម្តេចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ដើម្បីពិនិត្យ អនុវត្តច្បាប់សិទ្ធិទទួលព័ត៌មាននេះឲ្យបានឆាប់ ហើយដោយដាក់បញ្ចូលនូវធាតុចូលរបស់អង្គការសង្គមស៊ីវិល។ តែប៉ុណ្ណឹងទេ លិខិតនេះ»។
ចំណែកនាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត ដែលចូលរួមក្នុងការដាក់លិខិតនេះ សង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានក្នុងបរិបទពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
លោកថ្លែងថា៖ «អ៊ីចឹងអ្វីដែលយើងធ្វើនេះគឺ គ្រាន់តែជាការគាំទ្រទៅលើអ្វីដែលសម្តេច [នាយករដ្ឋមន្ត្រី] ផ្តល់សារៈសំខាន់ទៅដល់ច្បាប់នេះ ដែលវាអាចជួយសម្រួលដល់កំណែទម្រង់របស់រដ្ឋាភិបាល ដើម្បីពង្រឹងនីតិរដ្ឋក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានឆ្លើយតបវីអូអេតាមប្រព័ន្ធផ្ញើសារតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា មុននឹងសម្រេចបានសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន គឺមានការបើកទូលាយឲ្យចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា ហើយមតិយោបល់ស្នើឡើងដោយភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ត្រូវបានទទួលយក និងដាក់បញ្ចូលក្នុងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។
លោកបន្តថា បច្ចុប្បន្ននេះសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបានបញ្ចប់កិច្ចពិភាក្សាក្នុងកម្រិតក្រុមការងារបច្ចេកទេសរវាងក្រសួងព័ត៌មាននិងក្រសួងយុត្តិធម៌រួចរាល់ហើយ ហើយក្រសួងព័ត៌មានកំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួងទាំងពីរ ក៏ដូចជាអនុសាសន៍ណែនាំបន្ថែម មុនពេលដាក់ស្នើសុំអនុម័តបន្តពីទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័ននីតិបញ្ញត្តិ។
លោក មាស សុភ័ណ្ឌ ក៏បានឲ្យដឹងផងដែរ ទោះបីដំណើរការលើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានត្រូវបានពន្យារពេលមួយរយៈ ដោយសារវិបត្តិជំងឺកូវីដ១៩ នេះមិនមែនមានន័យថា ក្រសួងព័ត៌មាន«បោះបង់ចោល»សេចក្តីព្រាងនេះនោះទេ។
មាត្រា៣ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលវីអូអេទទួលបាន ចែងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មានវិសាលភាពអនុវត្តចំពោះព័ត៌មានគ្រប់ប្រភេទ ដែលត្រូវផ្តល់ដោយស្ថាប័នសាធារណៈ ទាំងរដ្ឋបាលថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែព័ត៌មានសម្ងាត់ដែលស្ថិតក្នុងបទបញ្ញត្តិហាមឃាត់។ សេចក្តីព្រាងច្បាប់ឲ្យដឹងថា ព័ត៌មានសម្ងាត់ដែលស្ថាប័នសាធារណៈអាចបដិសេធមិនផ្តល់ឲ្យមានដូចជា ព័ត៌មានបណ្តាលឲ្យអន្តរាយ និងប៉ះពាល់ដល់វិស័យសាធារណៈនិងឯកជន ដូចជាអន្តរាយដល់វិស័យការពារជាតិ និងសន្តិសុខជាតិ ដូចជាការនាំចូល ការផលិត ការរក្សាទុក និងការប្រើប្រាស់គ្រឿងសព្វាវុធគ្រប់ប្រភេទជាដើម។
ព័ត៌មានដែលបណ្តាលឲ្យអន្តរាយដល់ទំនាក់ទំនងជាមួយរដ្ឋបរទេសឬអន្តរជាតិ ព័ត៌មានធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិ។ ព័ត៌មានបណ្តាលឲ្យរាំងស្ទះដល់ដំណើរការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ការអនុវត្តច្បាប់និងការសម្ងាត់របស់តុលាការ ដែលត្រូវយកមកអនុវត្ត។ ព័ត៌មានដែលបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពឯកជន ព័ត៌មានសម្ងាត់ដែលទាក់ទងទៅនឹងកិច្ចប្រជុំផ្ទៃក្នុង និងដំណើរនៃការតែងតាំងរបស់ស្ថាប័នសាធារណៈ និងព័ត៌មានសម្ងាត់ដទៃទៀត ដែលបទបញ្ញត្តិហាមឃាត់។
សេចក្តីព្រាងច្បាប់នេះ ក៏មានចែងការដាក់ទោសទណ្ឌលើមន្ត្រីទទួលបន្ទុកសារព័ត៌មាន ឬមន្ត្រីស្ថាប័នសាធារណៈ ដែលអាក់ខាន ឬក៏មិនបានបំពេញតួនាទីភារកិច្ចតាមខ្លឹមសារនៃច្បាប់នេះ៕