ក្រុមអង្គការសង្គមស៊ីវិលជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហានយោបាយ និងសិទ្ធិមនុស្សឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យកម្ពុជាអាចទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ច និងរក្សាបានមុខមាត់ និងការទុកចិត្តពីបណ្តាប្រទេសដែលនឹងមកចូល រួមកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកាខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំអាស៊ានដែលធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ នឹងមានការចូលរួមដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកមើលឃើញថា នេះជាឱកាសដែលរដ្ឋាភិបាលកម្ពុជាគួរពិចារណាធ្វើឱ្យលម្ហសេរីភាពនយោបាយ សេរីភាពសង្គមស៊ីវិល និងប្រជាពលរដ្ឋ មានភាពល្អប្រសើរ និងត្រូវធានាដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិខាងមុខ។ លោកបន្ថែមថា ការកែលម្អនេះនឹងអាចឱ្យកម្ពុជាទាញយកការទុកចិត្តពីបណ្តាប្រទេសផ្សេងៗ និងទាញយកផលចំណេញផ្នែកសេដ្ឋកិច្ច នៅពេលដែលប្រទេសទាំងនោះឃើញទង្វើជាក់ស្តែងនៃគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ដូច្នេះគេចង់ឃើញការអនុវត្តជាក់ស្តែងរបស់ប្រទេសកម្ពុជា គេហៅថា ឥរិយាបទជាក់ស្តែងរបស់កម្ពុជា ដែលត្រូវបង្ហាញឱ្យគេឃើញដើម្បីឱ្យគេមានជំនឿ។ ហើយខ្ញុំគិតថា បើសិនជាកម្ពុជាដោះស្រាយបញ្ហានយោបាយ បញ្ហាសិទ្ធិមនុស្ស ដើម្បីឱ្យមានលក្ខណៈល្អប្រសើរ ខ្ញុំគិតថា នេះជាមោទនភាពរបស់ប្រទេសកម្ពុជាមួយក្នុងការទាក់ទាញទៅដល់បណ្តាប្រទេសមហាអំណាចទាំងអស់ ដើម្បីឱ្យគេងាកមកយកចិត្តទុកដាក់ក្នុងការគិតគូរជួយបំពេញទៅនឹងអ្វីដែលជាបញ្ហាសេដ្ឋកិច្ច បញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលយើងកំពុងជួបប្រទះ ក្រោយកូវីដ១៩ បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះផ្សេងៗ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ កត់សម្គាល់ឃើញថា រដ្ឋាភិបាលកម្ពុជាត្រូវតែមានយន្តការ ដើម្បីកែលម្អលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកទទួលស្គាល់ ហើយកម្ពុជាអាចទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចផ្សេងៗ ក៏ដូចជាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSPរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ និងទំនាក់ទំនងការទូតជាដើម។ ប៉ុន្តែលោកថា បើសហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិក នៅតែមើលឃើញថា បញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សមិនទាន់មានភាពល្អប្រសើរ នោះវានៅតែធ្វើឱ្យកម្ពុជាអាចខាតបង់នូវផលចំណេញនានា។
លោកថ្លែងថា៖ «បញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតែជាការព្រួយបារម្ភ។ អ៊ីចឹងចំណុចនេះហើយក្រៅតែអំពីការលើកឡើងនិងការតាំងចិត្តវាត្រូវតែមានការអនុវត្ត និងយន្តការយ៉ាងម៉េចដើម្បីកែលម្អទៅលើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឱ្យមានភាពល្អប្រសើរ និងការទទួលស្គាល់។ អ៊ីចឹងខ្ញុំគិតថាការកែលម្អ និងការទទួលស្គាល់វាជាផលចំណេញសម្រាប់កម្ពុជាយើង»។
ចំណែកអ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងគំរូភាពក្នុងការគោរពសិទ្ធិមនុស្ស និងត្រូវដោះស្រាយជាប្រចាំនូវបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់សហគមន៍ និងសហជីព ឬការបំពេញភារកិច្ចរបស់អ្នកសារព័ត៌មាន ដែលកំពុងប្រឈមនេះ ដោយមិនចាំបាច់ទាល់តែមានជំនួបសំខាន់ៗណាមួយនោះទេ។
អ្នកស្រីថ្លែងថា៖ «ក្នុងនាមជាប្រទេសអាស៊ានផងដែរ បានន័យថា ជាប្រធានអាស៊ានក្នុងពេលបច្ចុប្បន្ន ចាំបាច់ដែលកម្ពុជាត្រូវបង្ហាញនូវគំរូភាពនៅក្នុងការធ្វើឱ្យឈានមុខ នៅក្នុងការធានាដល់គោលការណ៍សិទ្ធិមនុស្ស»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការលើកឡើងឱ្យកម្ពុជាដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងបញ្ហានយោបាយកម្ពុជា ដើម្បីស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងមកចូលរួមប្រជុំអាស៊ាន នៅកម្ពុជាក្នុងខែវិច្ឆិកា គឺជាការរំពឹងទុកខុសពីរបៀបវារៈអាស៊ាន ពីព្រោះកម្ពុជាមិនមានរបៀបវារៈនៃជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសណាមួយអំពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជាឡើយ។
លោកថ្លែងថា៖ «ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក ឬនាយករដ្ឋមន្ត្រីប្រទេសណា ឬអ្នកណាមកនិយាយ [គឺ] និយាយស្ថិតក្នុងរង្វង់នៃការពិភាក្សាភាគីដៃគូជាមួយអាស៊ាន មិនមែនជាទ្វេភាគីរវាងអ្នកដែលមក [ប្រជុំអាស៊ាន] ហ្នឹងជាមួយកម្ពុជា[ទេ]»។
ប៉ុន្តែទោះជាយ៉ាងណា លោកបញ្ជាក់ថា ការដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងនយោបាយគឺជារឿងផ្ទៃក្នុងរបស់កម្ពុជា ដែលកម្ពុជាកំពុងដោះស្រាយបញ្ហានយោបាយតាមប្រព័ន្ធតុលាការ និងការអប់រំផ្នត់គំនិតប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា កម្ពុជាកំពុងកសាងលទ្ធិប្រជាធិបតេយ្យ ហើយសិទ្ធិមនុស្សត្រូវបានការពារដោយច្បាប់ ដែលមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ប៉ះពាល់សិទ្ធិអ្នកដទៃ។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២២ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយលោកបានបង្ហាញក្តីបារម្ភមួយចំនួននៅចំពោះមុខលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចជាករណីមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ការដោះលែងសកម្មជនទាំងអស់ដែលត្រូវបានឃុំខ្លួន ដោយសារបទចោទប្រកាន់ដែលមានលក្ខណៈនយោបាយ និងការដោះលែងសកម្មជនសញ្ជាតិខ្មែរអាមេរិកាំងមួយរូប ដែលជាមេធាវីគឺកញ្ញា សេង ធារី៕