ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិភូ​សភា​​អាមេរិក​បាន​​ជជែក​ពី​បញ្ហា​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា


សមាជិកព្រឹទ្ធសភាអាមេរិក​​លោក Edward Markey ដែល​ដឹកនាំ​គណៈប្រតិភូ​សភា​អាមេរិក​មួយ​​មក​កាន់​កម្ពុជា ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​​ពិភាក្សាការងារ​មួយ​ នៅវិមានរដ្ឋសភា​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/រដ្ឋសភាកម្ពុជា)

គណៈប្រតិ​ភូ​សភា​អាមេរិក​បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេលពីរ​ថ្ងៃ​នៅ​កម្ពុជា ដោយ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ហើយ​បាន​ពិភាក្សា​គ្នា​អំពីបញ្ហា​សិទ្ធិ​មនុស្ស នយោបាយ លទ្ធិប្រជាធិបតេយ្យ ការ​បង្កើន​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​បញ្ហា​នៅ​មូលដ្ឋាន​កងទ័ព​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

ប្រតិភូ​ដែល​មាន​សមាជិក​ប្រាំ​រូប​នេះ ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ លោក Edward Markeyដែល​កាល​ពី​ឆ្នាំ​មុន លោក​បាន​ស្នើ​សេចក្តី​ស្នើ​ច្បាប់ ​S-3052 ​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ដែល​មានគោល​បំណង​លើក​កម្ពស់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ច្បាប់​នេះ​ក៏​តម្រូវ​ឱ្យ​ដាក់​ទណ្ឌកម្ម​បុគ្គល​ទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាមឃាត់​ទិដ្ឋាការ​មិន​ឱ្យ​ចូល​សហរដ្ឋ​អាមេរិក​និង​ដកហូត​ទិដ្ឋាការ​ដែល​មាន​ស្រាប់។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី​ ១៦​ ខែសីហា រដ្ឋ​សភា​កម្ពុជា​បាន​បញ្ជាក់​ថា​ ជំនួប​នេះ​ជា​ «ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ» ​រវាង​ប្រទេស​ទាំងពីរ។ កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ទៅ​ប្រតិភូ​សភា​អាមេរិក​អំពីស្ថាន​ភាព​កម្ពុជាមួយ​ចំនួន​ ដូច​ជា​ការ​រៀប​ចំ​ខ្លួន​របស់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​អាយ​ប៉ា​លើក​ទី ៤៣ ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ការ​ឆ្លុះបញ្ចាំង​ពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា ការ​បញ្ជាក់​អំពី​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​ក្រុង​ព្រះសីហនុ​ និង​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​ ដែល​ថា​មិន​មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​លើ​ទឹក​ដី​កម្ពុជា​ឡើយ។

​សភា​កម្ពុជា​ក៏​បានបញ្ជាក់​អំពីសំណុំ​រឿង​សកម្មជន​នយោបាយ ដោយ​ប្រាប់​ទៅ​ប្រតិភូ​សភា​អាមេរិក​ថា​ សមត្ថ​កិច្ច​របស់​តុលាការ​មិន​បានបំពាន​លើ​សិទ្ធិ​នយោបាយ និង​ការ​បញ្ចេញ​មតិ​ទេ តែ​នេះ​ជា​ការ​អនុវត្ត​ច្បាប់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ។


កម្ពុជា​ក៏​បាន​បញ្ជាក់​ពី​គោលនយោបាយ​ការបរទេសឯករាជ្យ​ និង​អព្យាក្រឹត​ដោយ​ឈរ​លើ​គោល​ការណ៍​សន្តិ​សហវិជ្ជមាន​ ដោយ​ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន កម្ពុជា​ក៏​ចង់​ឃើញ​ទំនាក់ទំនង និង​កិច្ច​សន្ទនា​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​រឹងមាំ​និង​ច្រើន​ជាង​សព្វថ្ងៃ ក៏​ដូចជា​ការ​វិនិយោគទុន​ពី​បណ្តា​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ច្រើន​បន្ថែម​ទៀត។

ប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​បាន​ឆ្លើយ​តប​ថា ​ការ​មក​បំពេញ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ទំនាក់​ទំនង​ជា​ដៃ​គូរ ការ​បង្កើន​កិច្ច​សហការ​ជាមួយ​កម្ពុជា ដោយ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន។ នេះ​បើតាមរដ្ឋ​សភា​កម្ពុជា។

​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋ​សភា​បញ្ជាក់​ថា៖ «ជា​រួម ​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ពី​បំណង​របស់​គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក​មក​ទី​នេះ ​គឺ​ដើម្បី​ធ្វើ​ជា​ដៃ​គូរ​របស់​កម្ពុជា បង្កើន​កិច្ច​សហការ​ និង​ជួយ​គាំទ្រ​កម្ពុជា​សម្រេច​ឱ្យ​បាន​នូវ​សក្តានុពល​អភិវឌ្ឍន៍​របស់​ខ្លួន​ ដោយ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​គន្លឹះ ​តាម​រយៈ​ការ​បង្កើត​តម្លាភាព​កាន់តែ​ពេញ​លេញ​លើ​ការ​អភិវឌ្ឍ​នានា»។

​វីអូអេ​បាន​ទាក់ទង​ទៅ​លោក សួស យ៉ារ៉ា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​នៃ​រដ្ឋ​សភា ដែល​បាន​ចូលរួម​ប្រជុំ ប៉ុន្តែ​លោក​បាន​ឱ្យ​អ្នក​សារព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក ​មើល​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ជំនួស​វិញ។

ទោះជា​យ៉ាងណា លោក សួស យ៉ារ៉ា បញ្ជាក់​ថា​ ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ គឺ​ត្រូវ​តែ​មាន​ការ​ចូលរួម​យ៉ាង​សំខាន់​របស់​ភាគី​អង្គការ​សង្គម​ស៊ីវិល បូក​រួម​ការ​ពង្រឹង​ច្បាប់។

លោក​ថ្លែង​ថា៖ «បាទ! ​មាន​អ្វី​ក្រៅ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ហើយ​ការ​ចូល​រួម​របស់​អង្គការ​សង្គម​ស៊ីវិលជា​ចំណុច​សំខាន់​ មិន​មែន​ឱ្យ​តែ​រាជ​រដ្ឋាភិបាល ឬ​រដ្ឋ​សភា​ខ្មែរ ​ត្រូវ​តែ​ធ្វើ​កិច្ចការ​បើក​ទូលាយ​ទេ។ ប៉ុន្តែ​បើក​ទូលាយ​យ៉ាង​ណា ​ក៏​ត្រូវ​ស្ថិតនៅ​ក្នុង​ច្បាប់​ ហើយ​សង្គម​ស៊ីវិល​ខ្លួន​ឯង​ដូច​គ្នា ក៏​ត្រូវ​ខំ​ប្រឹង​ប្រែង​សហការ​ចូល​រួម​ទៅ អាហ្នឹង​លម្ហ​ប្រជាធិបតេយ្យមាន​ហើយ​ក្នុង​ប្រទេស»។

គណៈប្រតិភូ​សភា​អាមេរិក​ដែលដឹកនាំ​ដោយ​លោក Ed Markey សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Massachussetts ជួប​ជាមួយ​នឹង​មន្ត្រី​សង្គម​ស៊ីវិល​កម្ពុជា​ដើម្បី​ស្វែងយល់​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២។ (រូបថតពី Facebook/Chak Sopheap)
គណៈប្រតិភូ​សភា​អាមេរិក​ដែលដឹកនាំ​ដោយ​លោក Ed Markey សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Massachussetts ជួប​ជាមួយ​នឹង​មន្ត្រី​សង្គម​ស៊ីវិល​កម្ពុជា​ដើម្បី​ស្វែងយល់​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២។ (រូបថតពី Facebook/Chak Sopheap)

បន្ថែម​ពី​នេះ ​លោក សួស យ៉ារ៉ា​ បញ្ជាក់​ថា កម្ពុជា​មិនបា​ន​លើកឡើង​ពី​សេចក្តី​ព្រាង​ច្បាប់​ S-3052​ ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ ដឹកនាំ​ដោយ​លោក Ed Markey ទើប​តែ​បាន​អនុម័ត​ឡើយ។

លោក​លើក​ឡើង​បន្ថែម​ថា ​ការ​ជជែក​គ្នា​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​មាន​ភាព​ចាំបាច់​ទេ ព្រោះ​ប្រទេស​នីមួយៗ​មានអធិបតេយ្យភាព និង​ឯករាជ្យ​ភាព​រៀងៗ​ខ្លួន។

លោក​បញ្ជាក់​ថា៖ «ជា​ទូទៅ​ ប្រទេស​នីមួយៗ​មាន​សេរី​ភាព​រៀងៗខ្លួន ហើយ​អធិបតេយ្យ​មាន​រៀងៗ​ខ្លួន។ អ៊ីចឹង​យើង​មិន​ចាំបាច់​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​ហ្នឹង​ទេ។ ប្រទេស​មួយៗ​គួរតែ​ដឹង​ថា អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​នៃ​ប្រទេស​នីមួយៗ គេ​មាន​រៀងៗ​ខ្លួន។ អ៊ីចឹង​អ្នក​គិត​អី​ជា​រឿង​របស់​អ្នក ខ្ញុំ​គិត​អី​ជា​រឿង​របស់​ខ្ញុំ»។

លោក ​Ahmad Ali មន្រ្តី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​របស់​លោក Ed Markey ប្រាប់​វីអូអេ​ថា​ លោក​សមាជិក​ព្រឹទ្ធ​សភា​មាន​ភាព​មមាញឹក​ខ្លាំង ដូច្នេះ​មិន​អាច​ផ្តល់​បទ​សម្ភាសន៍​បាន​ឡើយ។

ដំណើរ​ទស្សនកិច្ចនេះ ក៏​មាន​វត្តមាន​លោក​ Alan Lowenthal ​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ ​California ដែល​កាល​ពី​ឆ្នាំ​ ២០១៩ ​តំណាងរាស្ត្រ​រូប​នោះ​បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ ដែល​ទាម​ទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក​នៅ​ពេល​នោះ ​គឺ​លោក ដូណាល់ ត្រាំ (Donald Trump) ថ្លឹង​ថ្លែង​រវាង​ការ​ខូច​ខាត​លទ្ធិ​ប្រជាធិបតេយ្យ និង​ការណ៍​ដែល​កម្ពុជា​បន្ត​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ GSP នៅ​ចំ​ពេល​មាន​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ Alan Lowenthal តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ។

លោក ​ម៉ម ប៊ុននាង ប្រធាន​គណៈ​កម្មការ​ទី​ ១០​ នៃ​ព្រឹទ្ធ​សភា ដែល​បាន​ជួប​ជាមួយ​ប្រតិភូ​សភា​អាមេរិក ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ជំនួប​នេះ​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ ដោយ​ភាគី​ទាំង​ពីរមាន​ការ​យល់គ្នា​ច្រើន​អំពី​ការ​វិវឌ្ឍ​នានា​ក្នុង​ប្រទេស​កម្ពុជា​ បញ្ហា​នៅ​មូលដ្ឋាន​កងទ័ព​រាម​ បញ្ហា​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «ទាំង​នីតិ​រដ្ឋ ទាំង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ ទាំង​សិទ្ធិ​មនុស្ស​អីហ្នឹង​ គឺ​យើង​មើល​ឃើញ​និង​ឱ្យ​យោបល់​គ្នា​ទៅវិញទៅមក​ ហើយ​យើង​ទទួល​ស្គាល់​ទៅ​វិញ​ទៅមក​ ថា​យើង​មើល​ឃើញ​ថា​ តើ​ចំណុច​ណា​ខ្លះ​ដែលនៅ​ខ្វះខាត​ យើង​នឹង​ប្រឹង​ប្រែង​បំពេញ​បន្ថែម​ទៀត យើង​មិន​ដែល​ព្រងើយ​កន្តើយ​ទេ។ ប៉ុន្តែ​រឿង​ដែល​យើង​យក​លទ្ធិ​ប្រជាធិបតេយ្យ​យក​ទៅ​កេង​ចំណេញ​ផ្នែក​នយោបាយ​ គឺ​អាហ្នឹង​យើង​ទទួល​យក​អត់​បាន​ទេ»។

លោក​បាន​បញ្ជាក់បន្ថែម​ថា ​ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​ទំនាក់​ទំនង​ទ្វេភាគី និង​សហ​ប្រតិបត្តិការរវាង​កម្ពុជា និង​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនងមួយ​នេះ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ និង​ស៊ី​ជម្រៅ​បន្ថែម​ទៀត។

ដោយ​ឡែក លោក ម៉ម ប៊ុននាង បាន​ចាត់​ទុក​សេចក្តី​ស្នើ​ច្បាប់​ S-3052 ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាមាន​លក្ខណៈ​លម្អៀង​នយោបាយ​ ច្រើន​ជាង​ការ​ផ្តល់​យោបល់​ក្នុង​ការ​កែ​តម្រូវ និង​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះ​ខាត​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​បន្ថែមទៀត​នូវ​លទ្ធិ​ប្រជាធិបតេយ្យ។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កញ្ញា Stephanie Arzate បាន​ឆ្លើយ​តបសារ​អ៊ីមែល​របស់​វីអូអេ​ថា ​សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ លោក Ed Markey និង​សមាជិក​រដ្ឋ​សភា​ចំនួន​បួន​រូប មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​ ១៦ និង​ ១៧ ខែ​សីហា​នេះ ដោយ​ជួប​ជាមួយ​ភាគី​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

អ្នក​ស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ជួប​ជាមួយ​ប្រតិភូ​សភា​អាមេរិក បានប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​ចង់​ដឹង​ពី​បញ្ហា​ប្រឈម​នានា​របស់អង្គការ​សង្គម​ស៊ីវិល​ បូករួម​ការ​វិវឌ្ឍ​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ដើម្បី​សភា​អាមេរិក​ងាយ​ស្រួលចូល​រួម​ដោះ​ស្រាយ​ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ។

​អ្នកស្រី​ថ្លែង​ថា៖ «គណៈ​ប្រតិភូ គាត់​ចង់​ដឹង​ពី​បច្ចុប្បន្នភាព​ ហើយ​ចង់ដឹង​ពី​ការ​ធ្វើ​ការងារ​របស់​យើង​មាន​ការ​ប្រឈម​អ្វីខ្លះ ហើយ​ថា​តើ​ខាង​សភា​អាមេរិក​ គាត់​អាច​ចូល​រួម​ចំណែក​យ៉ាង​ម៉េច​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ ជា​ផ្នែក​នៃ​ទំនាក់​ទំនង​អាមេរិក និង​កម្ពុជា​ផង ហើយ​នឹង​ក្នុង​គោល​ដៅ​ដើម្បី​លើក​កម្ពស់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ»។

​អ្នក​ស្រី​ថ្លែង​បន្ថែម​ថា ប្រតិ​ភូ​សភា​អាមេរិក​បាន​យក​ចិត្ត​ទុក​ដាក់ខ្លាំ​ង​លើ​ស្ថានភាព​របស់​ប្រទេស​កម្ពុជា ជាពិសេស​កិច្ចសហ​ប្រតិបត្តិការល្អ ដោយឈរ​លើ​គោលការណ៍​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នេះ។

អ្នកស្រី​យល់​ថា ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​ឱ្យ​បាន​ពេញលេញ និង​ស្មើភាព​គ្នា ដើម្បី​ធានា​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នេះ ព្រោះ​អ្នកស្រី​កត់​សម្គាល់​ថា ​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​គោលនយោបាយ​រដ្ឋាភិបាល អ្នក​ដែលចេញ​មុខ​តវ៉ា​លើ​បញ្ហា​ផ្សេងៗ គឺ​តែង​តែ​ឃើញ​មាន​ការ​ចាប់​ចង ការ​ចោទ​ប្រកាន់ និង​ផ្តន្ទា​ទោស​ជាដើម​ ដែល​បញ្ហា​ទាំង​នេះ​មិន​មែន​ជា​ការ​អនុវត្ត​តាមគោល​ការណ៍​នីតិរដ្ឋ​ត្រឹម​ត្រូវ​នោះ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ ​«ក្នុង​មិត្តភាព​នេះ យើ​ងត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ធានា​ដល់​គោលការណ៍​ដែល​ប្រទេស​កម្ពុជា​យើង​ទទួល​ស្គាល់​ គឺ​ការ​គោរព​ដល់សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង»។

គួរ​បញ្ជាក់​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សភា​អាមេរិក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​មកពី​គណ​បក្ស​ធំៗ​ពីរ​របស់​សហរដ្ឋ​អាមេរិក ទៅ​កាន់​តំបន់​អាស៊ី។ ហើយ​ទស្សនកិច្ច​របស់​ពួកគេ​មក​កម្ពុជា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា​ទាំង​ប្រាំ​រូប​នេះ​បាន​បញ្ចប់​ទស្សន​កិច្ច​របស់​ខ្លួន​នៅ​កោះ​តៃវ៉ាន់ ដែល​កំពុង​ប្រឈម​ភាព​តាន​តឹង​ទាំង​ផ្នែក​ការ​ទូត និង​យោធា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG