អ្នកការទូតកម្ពុជាសម្តែងសុទិដ្ឋិនិយមចំពោះសមិទ្ធផលដែលអាស៊ានសម្រេចបានកន្លងមកនេះក្រោមការដឹកនាំរបស់កម្ពុជាជាពិសេសជាមួយនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែលោកក៏បានទទួលស្គាល់ពីបញ្ហាប្រឈមក្នុងតំបន់ជាពិសេសវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងវេទិកាពិភាក្សាមួយដែលបានរៀបចំកាលពីថ្ងៃពុធនៅរដ្ឋធានីវ៉ាស៊ីនតោនដោយផ្តោតលើកិច្ចប្រជុំកំពូលរបស់អាស៊ាននិងអាស៊ីបូព៌ាក្នុងពេលខាងមុខ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងថា៖ «ឆ្នាំនេះតាមរយៈកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា យើងសប្បាយរីករាយក្នុងការប្រកាសកម្រិតថ្មីនៃដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងសហរដ្ឋអាមេរិក។ ក្រោយពីការដំឡើងកម្រិតនៃភាពជាដៃគូនេះហើយយើងកំពុងសំឡឹងមើលការបង្កើតផែនការសកម្មភាពអំពីវិធីត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងស្ថាប័ននានារបស់សហរដ្ឋអាមេរិក»។
ប្រទេសកម្ពុជាក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាននឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅរាជធានីភ្នំពេញពីថ្ងៃទី១០ដល់១៣ខែវិច្ឆិកា។
លោក កែវ ឈា បានបញ្ជាក់ប្រាប់ក្រុមអ្នកចូលរួមកិច្ចពិភាក្សាតុមូលដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ CSIS ដែលមានអ្នកស្រាវជ្រាវគោលនយោបាយនានានិងអ្នកការទូតអាមេរិកាំងពីជំហររបស់រដ្ឋាភិបាលកម្ពុជាដែលប្រកាន់យកអព្យាក្រឹតភាពដោយសហការនិងធ្វើពាណិជ្ជកម្មជាមួយគ្រប់ភាគីទាំងអស់។
លោកបានបន្ថែមថា៖ «ដោយហេតុនេះហើយបានជាយើងខិតខំបញ្ជូនសារដល់សហរដ្ឋអាមេរិកថាកុំផ្តល់ឲ្យយើងតែការរិះគន់ពេក សូមធ្វើការងារអ្វីផ្សេងខ្លះ។ សូមសហការគ្នាដោយជាក់លាក់ ហើយពួកគេទទួលបានសារនេះហើយ។ ខ្ញុំរីករាយដែលក្នុងរដ្ឋបាលនេះយើងបានធ្វើការចម្រើនទៅមុខក្នុងការធ្វើការជាក់លាក់មួយចំនួននៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើង»។
លោកឯកអគ្គរាជទូតកម្ពុជាបានថ្លែងយោងដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកចំនួន៣ក្នុងឆ្នាំនេះដែលបានធ្វើដំណើរទៅប្រទេសកម្ពុជាដើម្បីសិក្សាស្វែងយល់ការពិត។ លោកសង្ឃឹមថានៅឆ្នាំក្រោយនឹងមានប្រតិភូសភាធ្វើដំណើរទៅប្រទេសកម្ពុជាបន្តទៀត។
លោក កែវ ឈា បានបន្តទៀតថា៖ «ដូច្នេះពួកគេអាចធ្វើដំណើរទៅឃើញអ្វីដែលបានកើតឡើងយ៉ាងពិតប្រាកដជាជាងឮតែព័ត៌មានតាមបណ្តាញសារព័ត៌មាននិងប្រភពផ្សេងៗ»។
ការកាន់តំណែងជាប្រធានប្តូរវេនអាស៊ានដោយកម្ពុជាកើតឡើងខណៈពេលដែលពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលក្នុងនោះមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលនាំឲ្យមានផលប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គត់ស្បៀងនិងប្រេងនៅលើពិភពលោក វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ជំងឺកូវីដ១៩ បញ្ហាសមុទ្រចិនខាងត្បូងដែលចិនមានទំនាស់ជាមួយនឹងសមាជិកអាស៊ានមួយចំនួន និងការតានតឹងនៅឧបទ្វីបកូរ៉េ។
លោក កែវ ឈា បានថ្លែងបន្ថែមថាវាជារឿង«ចៃដន្យមិនល្អ»ដែលវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាបានកើតមានឡើងនៅមុនពេលដែលកម្ពុជាមកកាន់តំណែងជាប្រធានប្តូរវេនរបស់អាស៊ានហើយត្រូវបន្តមកដល់កម្ពុជា។
លោកបានបន្ថែមថា៖ «យើងទទួលមរតកបញ្ហាទាំងនោះ ហើយយើងត្រូវតែដោះស្រាយ»។
វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាបានកើតឡើងតាំងពីដើមខែកុម្ភៈឆ្នាំមុនក្រោយពីក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi (អោង សានស៊ូជី)។ កម្ពុជាបានរងការរិះគន់ពីអ្នកសង្កេតការណ៍ក្នុងតំបន់ នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ាដោយផ្ទាល់នៅទីក្រុងណៃពិដោ។
លោក កែវ ឈា ក៏បានយកវេទិកានេះដើម្បីការពារដំណើរទស្សនកិច្ចរបស់មេដឹកនាំរដ្ឋាភិបាលកម្ពុជាផងដែរ៖ «លោកនាយករដ្ឋមន្ត្រីរបស់យើងបានជម្នះនឹងការរិះគន់ចំពោះដំណើរទៅប្រទេសមីយ៉ាន់ម៉ាក្នុងគោលបំណងមិនមែនទៅផ្តល់ភាពស្របច្បាប់ដល់របបនោះដូចអ្នកខ្លះបានរិះគន់ទេ»។
លោក កែវ ឈា បានប្រៀបធៀបដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ាទៅនឹងករណីចំណាប់ខ្មាំងមួយដែលប៉ូលិសត្រូវចរចាជាមួយនឹងអ្នកចាប់ចំណាប់ខ្មាំង ហើយការធ្វើដូច្នេះគឺមិនមែនជាការផ្តល់ភាពស្របច្បាប់ដល់ជនល្មើសទេ។ ប៉ុន្តែលោកក៏បង្ហាញជាសាធារណៈជាលើកដំបូងពីការខកចិត្តរបស់ប្រធានអាស៊ានចំពោះការណ៍ដែលរបបយោធាមីយ៉ាន់ម៉ាមិនគោរពតាមការសន្យាលើបទឈប់បាញ់គ្នាដែលមាននៅក្នុងកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន។
លោកបានបន្ថែមថា៖ «ជាការខកចិត្តរបស់យើងនៅពេលនាយករដ្ឋមន្ត្រីរបស់យើងប្រឹងប្រែងយ៉ាងអស់សមត្ថភាពចរចាជាមួយនឹងរដ្ឋាភិបាលយោធា នៅពេលដែលយើងត្រឡប់មកវិញមិនទាន់ទាំងបានចុះយន្តហោះដល់ដីផង ពួកគេបានទម្លាក់គ្រាប់បែកដាក់ជនស៊ីវិល។ វាហាក់ដូចជាទះកំផ្លៀងយើង។ ប៉ុន្តែយើងបានខិតខំរក្សាភាពអត់ធ្មត់»។
ការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបន្តកើតឡើងយ៉ាងទូលំទូលាយដែលប្រព្រឹត្តដោយរបបយោធា។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះគឺមានសកម្មជនចំនួនជិត២.៤០០នាក់ត្រូវបានសម្លាប់និងចំនួនជិត១៣.០០០នាក់នៅកំពុងជាប់ពន្ធនាគារនៅឡើយ។ នេះបើតាមគេហទំព័រ Assistance Association for Political Prisoners (Burma) ដែលតាមដានសកម្មភាពនយោបាយនៅមីយ៉ាន់ម៉ា។
អ្នកជំនាញយល់ថារដ្ឋបាលលោក Joe Biden នៃសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់លើតំបន់អាស៊ានជាងរដ្ឋបាលមុនៗ។ ការណ៍នេះបានរួមចំណែកដល់ការប្រកួតប្រជែងឥទ្ធិពលគ្នារវាងចិនជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។
អ្នកស្រី Lynn Kuok អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវេទិកាពិភាក្សា Shangri-La របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រយល់ថា៖ «ខ្ញុំគិតថាប្រសិនបើអាស៊ានមិនអាចបង្ហាញសមត្ថភាពក្នុងការដោះស្រាយជាមួយនឹងការប្រកួតប្រជែងរបស់មហាអំណាចទេ នោះសមត្ថភាពរបស់ខ្លួនក្នុងការតម្រង់ទិសដៅនៃការអភិវឌ្ឍក្នុងតំបន់នឹងមានតិចតួច។ ដូច្នេះនឹងក្លាយជាអ្នកឈរមើលនៅក្នុងតំបន់របស់ខ្លួន»។
ទន្ទឹមនឹងនោះក៏នៅមានកិច្ចការជាច្រើនទៀតដែលអាស៊ានត្រូវធ្វើដោយសេចក្តីក្លាហានដូចជាឈោងដៃពង្រឹងមិត្តភាពការងារជាមួយនឹងតំបន់អឺរ៉ុប ហើយគេមិនគួរវាស់វែងភាពជឿជាក់និងមជ្ឈភាពអាស៊ាននៅត្រឹមបញ្ហាមីយ៉ាន់ម៉ា ឬជម្លោះនៅសមុទ្រចិនខាងត្បូងទេ។
អ្នកស្រី Lynn Kuok បានបន្ថែមថា៖ «ប៉ុន្តែប្រហែលជាយើងត្រូវការវិធីសាស្រ្តរួមបន្ថែមទៀតដើម្បីមើលថាតើអាស៊ានអាចបម្រើផលប្រយោជន៍រួមរបស់សមាជិក និងដៃគូបានល្អបំផុតឬទេ ហើយខ្ញុំគិតថានោះជាអ្វីដែលយើងត្រូវធ្វើការក្នុងដំណាក់កាលខាងមុខ»។
អ្នកជំនាញយល់ថាតំបន់អាស៊ានមានសារៈសំខាន់ទាំងខាងផ្នែកយុទ្ធសាស្ត្រនិងពាណិជ្ជកម្មសម្រាប់សហរដ្ឋអាមេរិកហើយមិនទាមទារឲ្យសហរដ្ឋអាមេរិកត្រូវចំណាយទុនធំក្នុងការរក្សាលំនឹងនៅទីនោះទេ។ ទន្ទឹមនឹងនេះវាក៏ជារបៀបដែលបណ្តាប្រទេសនៅក្នុងតំបន់ចង់បានដែរ។
លោក Satu Limaye អនុប្រធានមជ្ឈមណ្ឌល East-West Center បានបញ្ជាក់ថា៖ «ដរាបណាតំបន់អាស៊ានធ្វើសមាហរណកម្មកាន់តែខ្លាំងដោយរួមទាំងតំបន់ប៉ាស៊ីហ្វិកផងគឺល្អសម្រាប់តម្លៃដោះដូរពាណិជ្ជកម្មនិងច្បាប់នានា»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកឱ្យដឹងថាតាំងពីឆ្នាំ២០០២មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួន១២,១ពាន់លានដុល្លារដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាននិងដៃគូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខនិងសុខាភិបាល។ កាលពីពាក់កណ្តាលខែឧសភា រដ្ឋបាលលោក Joe Biden ក៏បានរៀបចំកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាននិងសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ ដើម្បីបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ និងគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និង អាស៊ាន ក្នុងវិស័យផ្សេងៗ ដែលរួមមានការគោរពសិទ្ធិមនុស្សផងដែរ៕