ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ចក្រភព​អង់គ្លេស​រួមគ្នា​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ទៀត


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​អ្នកស្រី ចម និម្មល និង​ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក Dominic Williams នៅក្នុង​វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នាកម្ពុជានិង​អង់គ្លេស រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ (Facebook / British Embassy in Cambodia)
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​អ្នកស្រី ចម និម្មល និង​ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក Dominic Williams នៅក្នុង​វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នាកម្ពុជានិង​អង់គ្លេស រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ (Facebook / British Embassy in Cambodia)

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្រុមមន្ត្រីកម្ពុជា​និង​ចក្រភព​អង់គ្លេស​បា​ន​ផ្លាស់​ប្តូរយោបល់​ក្នុង​ទីក្រុង​ឡុងដ៍ និង​រៀបចំ​វេទិកា​ពាណិជ្ជកម្មលើក​ទី ២ ក្នុង​ទី​ក្រុង​ភ្នំពេញ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​រឹង​មាំ​ ហើយ​ឈាន​ដល់​ការ​ជួប​គ្នា​ជា​ប្រចាំ​ឆ្នាំ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​ការ​សេដ្ឋ​កិច្ច​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​ស្ថាន​ទូត​អង់គ្លេស​នៅ​ទីក្រុង​ភ្នំពេញ​។

រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ​ឃួន​ ផុនរតនៈ​ និង​លោក​ Charles Hay អគ្គ​នាយក​ទទួល​បន្ទុក​កិច្ចការ​ឥណ្ឌូ-ប៉ាស៊ីហ្វិកនៃ​ក្រសួង​ការ​បរទេស​របស់​ចក្រ​ភព​អង់គ្លេស​ បាន​ធ្វើ​ជា​សហប្រធាននៃ​កិច្ច​ពិគ្រោះយោបល់​ទ្វេភាគី​លើក​ទី ២​ រវាង​ក្រសួង​ការបរទេស​ទាំងពីរនៅទីក្រុង​ឡុងដ៍​ ចក្រភពអង់គ្លេស ទីដែល​ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​វិស័យ​អាទិភាព​មួយចំនួន​ ដូចជា​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ ការអប់​រំ​ វប្បធម៌​ ការពារ​ជាតិ​ និង​ផ្លាស់​ប្តូរប្រជាជន​និងប្រជាជន​។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី១៣ ខែវិច្ឆិកា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​លើក​ឡើង​ថា​ ក្នុងវិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ «ភាគី​ទាំង​ពីរបាន​សម្តែង​សុទិដ្ឋិនិយម​អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​កាន់​តែ​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ​ បន្ទាប់ពី​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តីពី​វេទិកា​ពាណិជ្ជកម្ម​ និង​វិនិយោគ​រួម​កម្ពុជាអង់​គ្លេស ​ដែល​នឹង​ត្រួសត្រាយផ្លូវ​ឆ្ពោះ​ទៅ​រក​កិច្ច​ពិភាក្សា​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​»។

ភាគីទាំងពីរ​ក៏បាន​ពិភ្សា​អំពី​វិស័យ​អប់រំ​ ដោយ​ភាគីទាំងពីរ​បាន​ឯកភាព​គ្នា​លើ​ភាព​ចាំ​បាច់​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វិស័យ​អប់រំឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។ លោក ​ឃួន​ ផុនរតនៈ​ បាន​បង្ហាញអំណរគុណ​របស់​កម្ពុជា​ចំពោះ​ការ​គាំទ្រ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ចក្រភព​អង់គ្លេស​លើ​វិស័យ​សំខាន់​ៗ ដូច​ជា​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ សុខា​ភិ​បាល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ សកម្មភាព​ដោះមីន​ និង​ការងារ​របស់​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ជាដើម។

អ្នកតាមដាន​ភូមិសាស្ត្រនយោបាយ​លោក​ សេង វណ្ណលី បាន​កត់​សម្គាល់​ថា ការ​ផ្តើម​សន្ទនា​ជាបន្តបន្ទាប់រវាង​ភាគីកម្ពុជា និងចក្រភព​អង់គ្លេស​លើ​ការពង្រឹងទំនាក់​ទំនង​ពាណិ​ជ្ជកម្ម​កើត​ឡើង​ នៅក្រោយពេល​អង់គ្លេស​បានចាក​ចេញ​ពី​សហភាព​អឺរ៉ុប ហើយ​ប្រកាស​ផ្តល់​ប្រព័ន្ធអនុគ្រោះពន្ធ​ដែល​ស្រដៀង​គ្នានឹង​អ្វីដែលសហភាពអឺរ៉ុបផ្តល់​ឱ្យ​កម្ពុជា និង​បណ្តាប្រទេស​ផ្សេង​ទៀត​ក្នុងតំបន់​អាស៊ីអាគ្នេយ៍។

លោកបន្ថែមថា​ អង់គ្លេស​មាន​បំណង​បញ្ជាក់​ពីតួនាទីសំខាន់​របស់ខ្លួន​ឡើងវិញ​ក្នុង​កិច្ច​ការ​សាកលលោក​ ទើបបាន​ជា​ប្រទេស​មួយ​នេះ​សម្រេច​ចាកចេញពីសហភាព​អឺរ៉ុប​ ដែលមាន​សមាជិក​ជាង ២០ ប្រទេស​។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​ បាន​យើង​ឃើញ​អង់​គ្លេស​ព្យាយាម​ជំរុញ​ឱ្យ​ ស្នើ​ឱ្យ​កម្ពុជា ហើយ​ក៏ដូច​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ដែល​ជិត​ដិត​ជាមួយ​នឹង​អង់គ្លេស​ហ្នឹង​ ជួយ​អង់​គ្លេស​ឱ្យ​ក្លាយ​ជា​ដៃ​គូ​គ្រប់​ជ្រុង​ជ្រោយ​របស់​អាស៊ាន ព្រោះការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​អង់​គ្លេស​ ក្រោយ​ Brexit ​នេះ វាដើរ​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​បាន​នូវ​ឧត្តម​ភាព​ផ្នែក​សេដ្ឋកិច្ច​ ក៏ដូច​ជា​បង្ហាញ​អំពី​តួនាទី​ពិភពលោក​របស់​អង់​គ្លេស​មក​វិញ។ ការដក​ខ្លួន​ពី​អឺរ៉ុបនេះ​ គឺ​អង់​គ្លេស​គាត់មើល​ឃើញ​ថា​ ការ​ចូលរួម​សហគមន៍​អឺរ៉ុប​ វាធ្វើ​ឱ្យ​មុខមាត់​របស់​អង់​គ្លេស​ហ្នឹង​បាត់​បង់​ ហើយ​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​របស់​អង់គ្លេស​ចាប់ផ្តើម​ដើរ​ថយក្រោយ»​ ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ​លោក​ ឃួន​ ផុនរតនៈ​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចក្រ​ភព​អង់គ្លេសកាលពី​សប្តាហ៍មុន។ នៅ​ទីនោះ​ លោក​ក៏បាន​ជួប​ជាមួយ​អ្នកស្រី​ Catherine West អនុរដ្ឋលេខាធិការ​សភា​ទទួល​បន្ទុក​កិច្ច​ការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​សរសេរ​ថា​៖ «​ឥស្សរជន​ទាំង​ពីរ​បាន​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុងការ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវកិច្ច​សហប្រតិបត្តិការន​យោ​បាយ​ និង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​»។

ភាគីទាំងពីរ​បាន​ជជែក​ពិភា​ក្សា​គ្នា​ផង​ដែរ​អំពី​បញ្ហា​ក្នុង​តំបន់ និង​ពិភព​លោក​មួយ​ចំនួន​ ដែល​ជា​ផល​ប្រយោជន៍​ និង​ការ​ព្រួយ​បារម្ភ​រួម​។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​អ្នកស្រី ចម និម្មល និង​ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក Dominic Williams នៅក្នុង​វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នាកម្ពុជានិង​អង់គ្លេស ភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ (Facebook / British Embassy in Cambodia)
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​អ្នកស្រី ចម និម្មល និង​ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក Dominic Williams នៅក្នុង​វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នាកម្ពុជានិង​អង់គ្លេស ភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ (Facebook / British Embassy in Cambodia)
រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

បន្ទាប់​ពី​ជំនួប​រវាង​មន្ត្រីការ​បរទេស​កម្ពុជា​និង​អង់គ្លេសនៅទីក្រុង​ឡុងដ៍ ភាគី​ទាំងពី​ក៏បាន​រៀបចំ​វេទិកា​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​រួម​គ្នា​កម្ពុជាអង់គ្លេស​លើក​ទី​ ២ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃ​ទី​ ១២ ខែវិច្ឆិកា​។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌​រួម​របស់ស្ថានទូត​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា ​និង​ក្រសួង​ពាណិជ្ជកម្ម​។

អ្នកស្រី​ ចម និម្មល ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ ត្រូវបាន​ស្រង់​សម្តីក្នុង​សេចក្តីប្រកាស​ព័ត៌​មាន​ រួម​នោះថា៖ «វេទិកា​នេះ​មិនត្រឹមតែ​ផ្តល់​ឱកាស​សម្រាប់​បង្កើត​ឱ្យ​មាន​កិច្ច​ពិភាក្សា​ដោយ​ស្មោះត្រង់​ និងបើក​ចំហរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏សម្រួល​ដល់​ភាព​ជាដៃ​គូ​អាជីវកម្ម​យុទ្ធ​សាស្ត្រ​ ដែល​ជំរុញ​កំណើន​ប្រកប​ដោយ​និរន្តរភាព និង​បរិយាបន្ន​ផងដែរ»។

អ្នក​ស្រីបន្ថែមថា៖ «សម្រាប់​ចក្ខុវិស័យ​ឆ្ពោះ​ទៅ​អនាគត​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​វិបុល​ភាព​ប្រកប​ដោយ​ចីរភាព​ ត្រូវ​ការ​នូវ​ឆន្ទៈ​ដ៏មោះមុតពីគ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​រួម​ទាំង​យន្តការ​នៃ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋ និងឯកជន​ ការបង្កើតនូវ​បទប្បញ្ញត្តិ​ និង​គោល​នយោបាយ​ស្រប​ទៅ​នឹង​ការ​គាំ​ទ្រ​ដល់​វិស័យ​ឯកជន​ដើម្បីទាញ​យក​អត្ថប្រយោជន៍​ឱ្យ​បាន​ពេញលេញ​ពីអត្ថប្រយោជន៍​នៃ​ការ​អនុគ្រោះពន្ធ​ និង​ការ​លើក​ទឹក​ចិត្ត​នានា»។

ឯក​អគ្គរាជទូត​អង់​គ្លេស​ប្រចាំកម្ពុជា​លោក Dominic Williams ត្រូវបាន​ស្រង់​សម្តីថា៖ «​ខ្ញុំ​ក៏​មាន​បំណង​ចង់​ជួយ​ធុរកិច្ច​ចក្រភព​អង់គ្លេស​ពង្រីក​វត្តមាន​របស់​ពួក​គេ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​ហិរញ្ញ​វត្ថុ​»។

វីអូអេមិន​ទាន់​អាច​សុំការអត្ថាធិប្បាយពីអ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ជុំ សុន្ទរីបាន​នៅឡើយទេ​។ ចំណែក​ស្ថានទូត​អង់គ្លេស​នៅទីក្រុង​ភ្នំពេញ មិន​ទាន់​ឆ្លើយ​តបសំណួរ​ដែល​ផ្ញើ​តាម​សារ​អ៊ី​មែល​។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​លោក ​ប៉ែន​ សុ​វិជាតិ ​លើក​ឡើង​ថា​ កម្ពុជា​ចាត់​ទុក​ចក្រ​ភព​អង់គ្លេស​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​និង​វិនិយោគ​ដ៏​ល្អ​មួយ​ ដែល​នឹង​ជួយកម្ពុជា​ក្នុង​ការ​ធ្វើ​ពិ​ពិធ​កម្ម​ទីផ្សារ​ដែល​រួម​ចំណែក​ដល់ការ​អភិវឌ្ឍ​សេដ្ឋ​កិ​ច្ច​ជាតិ​។

បើតាម​អ្នកពាក្យរូបនេះ​ នៅ​ក្នុង​វេទិកាពាណិជ្ជកម្ម​រួម​គ្នា​កម្ពុជា​អង់​គ្លេសដែល​បាន​រៀប​ចំនៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​ថ្មី​ៗ​នេះ​ ភាគី​អង់គ្លេសបាន​ជម្រាប​អំពីការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ UK’s Developing Countries Trading Scheme (DCTS) ដែល​អនុញ្ញាត​ឱ្យមាន​ការ​នាំទំនិញ​គ្រប់មុ​ខ​ (លើក​លែង​គ្រឿង​សព្វា​វុធ​) របស់​កម្ពុជា​ ចូលទៅ​ទីផ្សារ​អង់​គ្លេស​ ក្នុង​អត្រា​ពន្ធ​សូន្យ​ភាគរយ។

លោក​បាន​ឱ្យដឹង​ទៀតថា​ ក្រសួងនឹង​បន្ត​ចូល​រួម​អនុវត្ត​និង​គាំទ្រ​គំនិ​ត​ផ្តួច​ផ្តើម​សំខាន់ៗ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​វិស័យ​ពាណិ​ជ្ជ​កម្ម​ វិនិយោគ​ និង​សេដ្ឋកិច្ច​ ដើម្បី​ធ្វើ​ឱ្យកាន់​តែ​ប្រសើរ​ឡើង​នូវ​បរិយា​កាស​វិនិយោគ​និង​ធុរ​កិច្ច​ និង​ធានា​បាន​នូវ​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​។

សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា លោក​ ហុង វណ្ណៈ យល់ថា​ ការ​បង្កើត​វេទិកា​ពាណិជ្ជ​កម្ម​ និង​វិនិ​យោគរួមគ្នា ជា​យន្ត​ការ​មាន​អត្ថ​ប្រយោជន៍​មួយក្នុង​ការ​ជំរុញ​ការ​ធ្វើពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​អង់​គ្លេស​។

លោក​បន្ថែម​ថា​ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​និង​អង់​គ្លេស​បាន​រួមតូច ​ក្រោយ​កម្ពុ​ជា​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះពន្ធ GSP របស់​សហ​រដ្ឋអាមេរិក​ ហើយសហ​ភាព​អឺរ៉ុបកាត់ផ្ដាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​មួយ​ចំណែក​ពី​កម្ពុជា​។

លោកថ្លែងថា​៖ «​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​និង​អង់​គ្លេស​ក៏​ដូច​គ្នា​ដែរ​ មិន​ទាន់​មាន​តួរ​លេខ​ណាមួយ​ដែល​បញ្ជាក់​អង់​គ្លេស​កម្ពុជា​ហ្នឹងមាន​បញ្ហា​ជាមួយ​គ្នា​ដែរ​ទេ។​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ទំហំ​ពាណិជ្ជ​កម្ម​ហ្នឹង​ឯង​នៅ​មាន​កម្រិត​តូច ​មិន​មាន​វិសាល​ភាព​ធំ​ដុំ​ទេ ​ហើយ​កា​រស​ន្យា​ក្នុង​ការ​ទិញ​ផលិត​ផល​ ឬ​ក៏ទំនិញ​ដែល​អង់គ្លេស​សន្យា​ពីកម្ពុជា​ ដែល​កម្ពុជា​ដាច់​ ​ហៅ​ថាដាច់កូតា​ GS​P​ ពី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ​២០២០​ ហើយ​កម្ពុជា​ត្រូវ​បាន​សហ​ភាព​អឺរ៉ុប​ដក ​២០%​ នៅក្នុង EBA ​ហ្នុងឯង​អង់​គ្លេស ​ក៏​មិន​ទាន់​បង្កើន​នូវ​ការ​ទិញ​ដើម្បី​ជំនួស​ត្រឡប់​ទៅ​វិញ​ មាន​តែ​ការ​សន្យា​»។

លោករំពឹង​ថា​ អង់​គ្លេស​នឹង​បង្កើន​ការ​ទិញ​ទំនិញ​ពី​កម្ពុជា​ដូច​ជា​សម្លៀក​បំពាក់​ ស្បែក​ជើង​ កង់​ជា​ដើម ដែល​អាច​នាំដល់ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាបន្តបន្ទាប់​ចាប់ពី​ឆ្នាំ​២០២៥​។ លោក​បន្ថែម​ថា​ ការ​សន្ទនា​គ្នារ​វាងភាគីកម្ពុជា និង​ចក្រភព​អង់គ្លេស​មាន​សារៈសំខាន់ដល់​ការ​ការកសាង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក ជាជាង​ការ​ទទួល​បាន​ដំណឹង​ពីភាគីផ្សេង​។

យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត​ភ្នំពេញប៉ុស្តិ៍​ ចុះថ្ងៃទី​ ១៣ ខែវិច្ឆិកា​ អគ្គនាយក​ដ្ឋាន​គយ​និងរដ្ឋាករ​កម្ពុជា​ បាន​រាយការណ៍​ថា ​ចាប់ពីខែ​មករា​ដល់​ខែតុលា​ឆ្នាំ ២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ​និង​ចក្រភព​អង់គ្លេស​មាន​ទំហំទឹកប្រាក់ជាង​ ៨៥០ លាន​ដុល្លារ​ ដែលមាន​កំណើន ​១៥,៧ ភាគរយ​ ធៀបនឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​ ២០២៣។ ការ​នាំ​ចេញ​ទៅចក្រភព​អង់គ្លេស​បាន​ឡើង​ដល់​ប្រមាណ​ជា​ ៨០៧ លាន​ដុល្លារ​ គឺ​មាន​កំណើន​ ២១,១ ​ភាគរយ ខណៈ​ការ​នាំចូលពី​ចក្រភព​អង់គ្លេស​មាន​ទំហំទឹកប្រាក់​តែ ​៤៣,៣៨ លាន​ដុល្លារ​ គឺ​បាន​ថយ​ចុះ​ ៣៦,៧​ ភាគរយ​។

គួរ​រំឭក​ថា ចក្រភព​អង់​គ្លេស​មាន​ប្រព័ន្ធអនុគ្រោះពន្ធ​ទូទៅ​ (GSP) ដូច​គ្នា​នឹង​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ EBA ដែល​សហភាព​អឺរ៉ុបផ្តល់​ឱ្យ​កម្ពុជា​ និង​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួចនិង​ដែលត្រូវបានសម្រិត​សម្រាំងដោយ​អង្គ​ការ​សហប្រជាជាតិ ។ ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ EBA ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ប្រទេស​អភិ​វឌ្ឍន៍​តិច​តួច​បំផុត​ ដែល​គោរព​ស្តង់ដារ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។

ទោះ​យ៉ាង​ណា​ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ជាបន្តបន្ទាប់របស់ក្រសួងការបរទេស​ ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា និង​ស្ថានទូត​អង់គ្លេស​ មិនមានការ​បញ្ជាក់​ពិស្តា​រអំពីបញ្ហា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​អង់​គ្លេស​នោះទេ​។

លោក ​សេង វណ្ណលី អ្នកតាមដាន​ភូមិសាស្ត្រនយោបាយបន្ថែមថា​ កម្ពុជា​គួរ​កែប្រែ​បញ្ហា​មិន​ប្រក្រតីមួយចំនួន​ ដែលកំពុង​កើត​ឡើង​ក្នុងប្រទេស​ ក្នុងនោះ​គឺលើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ ​ការ​លុប​បំបាត់​ទីតាំង​ប្រតិបត្តិការ​អំពើ​ឆបោក​អនឡាញ​ និង​បង្កើន​ការ​ទប់​ស្កាត់​អំពើជួញដូរ​មនុស្ស​ ដើម្បីបានជាទុន​ចរចា​យកប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​ចក្រ​ភព​អង់គ្លេស​ ដូច​ដែលសហភាពអឺរ៉ុប​ផ្តល់​ឱ្យកម្ពុជា៕ ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG