ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ វត្តមាន​របស់​នាវា​ចម្បាំង​អាមេរិក​បង្ហាញ​ពី​ការខិតខំ​របស់​កម្ពុជា​មិន​ឲ្យ​ខ្លួន​ស្ថិត​ក្រោម​មហា​អំណាច​ណាមួយ


នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS SAVANNAH មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS SAVANNAH មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

កាលពីថ្ងៃចន្ទ​ ទី ១៦ ខែធ្នូ នាវាចម្បាំងសហរដ្ឋអាមេរិក ​USS SAVANNAH បាន​ចូល​ចត​ក្នុង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ដែល​ជា​ការ​ចាប់​ផ្តើម​ឡើង​វិញ​នៃ​ទំនាក់​ទំនង​កងទ័ព​ជើង​ទឹកអាមេរិក​និង​កម្ពុជា ក្រោយ​ខក​ខាន​អស់​រយៈពេល ៨ ឆ្នាំ។

អ្នកវិភាគនិង​អ្នក​ឃ្លាំមើល​មួយចំនួន​បានវាយតម្លៃ​ថា​ ការវិវឌ្ឍ​ចុង​ក្រោយនេះគឺជា​ការខិត​ខំរបស់​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការ​សម្រប​ខ្លួន​នឹងការប្រកួត​ប្រជែង​ដែលកាន់​តែតានតឹង​រវាង​សហរដ្ឋអាមេរិក​និងចិន។

លោក អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​ជាន់ខ្ពស់​និង​សាស្ត្រាចារ្យ​ជំនួយ​ប្រចាំ​សាលា​ Thunderbird School of Global Management ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona​ ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​មួយ​ថា​ ការ​វិល​ត្រឡប់​មកវិញ​នៃ​នាវាចម្បាំង​សហរដ្ឋអាមេរិក USS Savannah បង្ហាញ​អំពី​ការផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ទំនាក់​ទំនង​កម្ពុជា​និង​សហរដ្ឋអាមេរិក និង​ជានិមិត្ត​រូបនៃ​កិច្ច​ខិត​ខំប្រឹងប្រែង​មួយ ដើម្បី​ពង្រឹង​ទំនាក់​ទំនងទ្វេភាគី បន្ទាប់​ពីទំនាក់​ទំនង​មានភាព​រកាំ​រកូស​អស់​ជា​ច្រើន​ឆ្នាំ។

លោកសាស្ត្រាចារ្យរូប​នេះ​បាន​ផ្តល់​ការអត្ថាធិប្បាយ​ជា​ភាសាអង់គ្លេស ហើយ​ត្រូវបាន​ប្រែ​សម្រួល​ជាខេមរភាសា​ក្នុងន័យ​ដើម​ថា៖ «ដំណើរ​ទស្សនកិច្ចនេះ​មានសារៈសំខាន់ ខណៈវាបាន​ផ្តល់​សញ្ញា​ថា សហរដ្ឋអាមេរិក​មាន​ឆន្ទៈក្នុងការផ្សាភ្ជាប់ទំនាក់​ទំនង​ជាថ្មីជាមួយ​កម្ពុជា​លើកម្រិតយុទ្ធសាស្ត្រ ហើយការបើកចំហ​របស់កម្ពុជា​ដែល​ទំនង​ជា​កើត​មាន​ឡើង ដើម្បី​ធ្វើឲ្យ​មាន​តុល្យភាពទំនាក់​ទំនង​ភូមិសាស្ត្រ​នយោ​បាយ​របស់​ខ្លួននេះ​ ដែល​ធ្វើឡើងក្នុងគ្រាដែល​កម្ចី​ចិន​មិន​មាន​ទៀតទេ រហូត​មក​ដល់ឆ្នាំ ២០២៤ នេះ​ គឺមិន​មាន​លុយ​ហូរ​មកពីចិនចូលកម្ពុជា​ទៀត​ឡើយ»។

លោក អ៊ា សុផល បាន​វាយ​តម្លៃ​បន្ថែម​ថា​ ការ​វិល​ត្រឡប់​មក​វិញ​របស់​នាវា​ចម្បាំង​អាមេរិក​ក៏ជា​និមិត្តរូប​ដែលមាន​សារៈ​សំខាន់​ក្នុង​ទំនាក់​ទំនង​អន្តរជាតិផងដែរ។​ ដូច្នេះវត្តមានរបស់​នាវា​យោធាអាមេរិក​គូស​បញ្ជាក់ពីការ​កែសម្រួល​នៃ​នយោបាយ​ការទូត​របស់​កម្ពុជា។

អស់ជាច្រើនឆ្នាំមកហើយ​ ដែលប្រទេស​កម្ពុជា​ត្រូវបាន​អ្នកឃ្លាំ​មើល​សង្កេតឃើញថាបាន​ផ្តេកផ្តួល​ខ្លាំង​លើ​ការជួយ​ជ្រោម​ជ្រែង​ពីរដ្ឋាភិបាល​ទីក្រុង​ប៉េកាំងរបស់​ប្រទេស​ចិន ដែលបាន​ប្រកាស​កសាង​ជោគវាសនា​រួម​មួយ​ជាមួយប្រជាជន​កម្ពុជា។

លោក​ អ៊ា សុផល​ បាន​ឲ្យដឹង​ថា ​ការវិវឌ្ឍចុងក្រោយនៃ​ទំនាក់ទំនង​កម្ពុជានិង​សហរដ្ឋអាមេរិក គឺជាផ្នែក​មួយ​នៃការ​ព្យាយាមរបស់​ប្រទេស​អាស៊ីអាគ្នេយ៍មួយ​នេះ​ ដើម្បី​បង្ហាញ​កាន់​តែច្បាស់​នូវមធ្យោបាយនៃការអនុវត្ត​គោល​នយោបាយ​ការ​បរទេស ដែលមានតុល្យភាព​ជាង​មុន​។

លោក អ៊ា សុផល ​ថ្លែងថា៖​ «ខណៈកម្ពុជា​នៅតែ​ចងសម្ព័ន្ធមិត្ត​យ៉ាង​ជ្រាលជ្រៅជាមួយ​ចិន​ខាងសេដ្ឋកិច្ច​ និង​នយោ​បាយ​ ដំណើរ​ទស្សនកិច្ច​[របស់នាវាចម្បាំងពេលនេះ] ជួយ​បង្ហាញរូបភាព​នៃ​អព្យាក្រឹត និង​ទំនាក់​ទំនង​ជាមួយ​មហា​អំណាច​ធំៗ​ដទៃ​ទៀត»។
លោក​បន្ថែម​ថា​៖ «​ដោយ​ការស្វាគមន៍​នាវា​ចម្បាំង USS SAVANNAH ប្រទេសកម្ពុជា​កំពុង​ផ្តល់​សញ្ញា​ទៅ​ពិភព​លោកថា ​ខ្លួន​គ្មានបំណង​ចង់​ឲ្យ​គេ​មកមើល​ឃើញថា​ស្ថិតក្រោម​ឥទ្ធិពល​តែ​មួយ​របស់​ចិន​នោះ​ទេ។ នេះ​ជា​សារៈ​សំខាន់មួយ​ ខណៈភាពតានតឹង​រវាងអាមេរិកនិង​ចិន​កាន់​តែ​កើន​ឡើង»។ ​

ការ​ចូល​មក​ដល់របស់​នាវាចម្បាំង​ USS SAVANNAH ក៏បាន​កើតឡើង​ ក្រោយ​ដំណើរ​ទស្សន​កិច្ចរបស់​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក លោក ​ឡយ ​អូស្ទីន​ (Lloyd Austin) នៅកម្ពុជា ​កាលពីដើម​ខែ​មិថុនា ឆ្នាំ ២០២៤ ដើម្បី​ជួបពិភាក្សា​ជាមួយក្រុមមេដឹកនាំកម្ពុជា​ ដែលរួមមាន​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកិច្ចការ​ការពារ​ជាតិ។

លោក ឡយ អូស្ទីន ក៏បាន​ប្រកាស​ថា ​សហរដ្ឋអា​មេរិក​នឹងបើក​ការអនុញ្ញាត​ឡើង​វិញឲ្យនិស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​បណ្ឌិតសភា​យោធា West Point របស់​សហរដ្ឋ​អាមេរិក ផ្លាស់ប្ដូរកម្មវិធី​ក្នុងវិស័យ​យោធា ដូច​ជាសម​យុទ្ធរួមគ្នា​ដើម្បី​សង្គ្រោះ គ្រប់គ្រង​គ្រោះ​មហន្តរាយ បន្ត​ការបណ្ដុះ​បណ្ដាល​ក្នុង​វិស័យ​ដោះមីន​និងគ្រាប់​មិនទាន់​ផ្ទុះ កិច្ចសន្ទនា​គោលនយោ​បាយការពារ​ជាតិ។ ហើយ​នេះជាជំហានទី​ ១ នៃការដោះ​ស្រាយ​ភាពខុស​គ្នា​ដើម្បីក​សាងនូវ​ទំនុកចិត្តឲ្យ​កាន់តែ​ខ្លាំងរវា​ងប្រទេស​ទាំងពីរ ដែល​មានផល​ប្រយោជន៍​ទៅវិញ​ទៅមក។

អ្នកជំនាញ​ភូមិសាស្ត្រនយោបាយ លោក សេង​ វណ្ណលី យល់​ឃើញថា ​កម្ពុជា​កំពុងធ្វើពិពិធកម្មនៃ​នយោ​បាយ​ការបរទេស​របស់ខ្លួនដោយមិនផ្តេកផ្តួលលើចិន ហើយការ​វិវឌ្ឍនាពេលថ្មីៗនេះ ក៏ជា​ឱកាសសម្រាប់សហរដ្ឋអាមេរិកដើម្បីផ្ញើ​សារ​ជាក់លាក់មួយទៅចិន​ថា លោក ហ៊ុន ម៉ាណែត ទំនង​ជា​មិន​មាន​ភក្តីភាពនឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នោះ​ទេ។

លោក​ថ្លែង​ថា៖​ «អាហ្នឹង​ វាអាច​ជា​សារ​មួយដែល​អាមេរិក​ផ្ញើទៅ​ចិន​ដែរ​ថា​ ការពិត​រដ្ឋាភិបាល​នីតិកាល​ទី ៧​ ឬក៏​ក្រោមការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​នេះ​ គឺភាព​ស្មោះស្ម័គ្រ​ជាមួយ​ចិន​មិន​មាន​ភាព​ប្រាកដ​ប្រជា មិន​ច្បាស់​លាស់​នោះ​ទេ​ ដើម្បី​ធ្វើម៉េច​ឲ្យ​ចិន​កាន់​តែ​មាន​ការ​មិន​ទុក​ចិត្ត​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​នីតិកាល​ទី​ ៧ នេះ»។
លោក សេង​ វណ្ណលី ​ជឿ​ថា ការវិលត្រឡប់មកវិញនៃនាវាចម្បាំង​អាមេរិក​គឺ​ជាការប្រឹងប្រែង​របស់កម្ពុជានៅក្នុងការ​ស្តារ​ទំនាក់​ទំនង​កម្ពុជាជាមួយ​សហរដ្ឋអាមេរិក​ ដែល​មិនអាច​ប្រកែក​បាន។ ទោះយ៉ាងណាក្តី ក៏​លោកវាយតម្លៃ​ថា សហរដ្ឋអាមេរិក​និងកម្ពុជា​នៅ​មានបញ្ហាជាច្រើន​ទៀត​ដែលមិនត្រូវរ៉ូវគ្នា​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ដំណើរការនៃ​លទ្ធិ​ប្រជាធិតេយ្យ។

លោក សេង វណ្ណលី ​បន្ថែមថា​៖ «អ្វីដែលកម្ពុជានិងអាមេរិក​កំពុង​តែធ្វើ​ហ្នឹង​ អាចប៉ះពាល់​ដោយសារ​តែ​ការដាក់​សម្ពាធ​ ដាក់​ទណ្ឌកម្ម​ទៅលើ​ឥស្សរជន​នយោបាយ​ ឥស្សរជន​នយោបាយរបស់​កម្ពុជា​ពីសំណាក់​សហរដ្ឋអាមេរិក​ អាហ្នឹង​ អាច​ធ្វើ​ឲ្យ​គំនិត​ផ្តួចផ្តើម​នៃ​ការ​កសាង​ ឬស្តារ​ទំនាក់​ទំនង​វា​មានភាពរាំង​ស្ទះ»។

ដោយឡែក សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា​ ការបត់បែន​ផ្នែកនយោ​បាយ​ការ​បរទេស​របស់​កម្ពុជា​ទៅពង្រឹង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក គឺ​ជា«ជម្រើស​សមស្រប​មួយ»សម្រាប់​ប្រទេស​តូចមួយនេះ។ ​ទោះជា​យ៉ាង​ណាក្តី លោក​ថ្លែងថា ​សហរដ្ឋអាមេរិក​នឹង​ត្រូវ​តម្រូវឲ្យកម្ពុជា​បំពេញ​ទៅតាម​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​ មុន​ពេល​វិនិយោគិន​នៃ​ប្រទេស​មហា​អំណាច​មួយ​នេះ​សម្រេច​បណ្តាក់ទុន​នៅ​កម្ពុជា។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ថា​៖ «សម្រាប់សហរដ្ឋអាមេរិក ខ្ញុំក៏មិន​ជឿថា ​គេនឹងចាប់​ផ្តើម​ធ្វើពាណិជ្ជកម្មជាមួយ​យើង​ភ្លាម​ៗដែរ​ ព្រោះ​គេទាម​ទារ​ឲ្យ​យើង​កែលម្អ​ច្រើន​ណាស់​ ទាំង​រឿងប្រជាធិបតេយ្យ​ ទាំងរឿង​គោរព​សិទ្ធិមនុស្ស​ជាដើម​អ៊ីចឹង​ណា៎!​»។

លោកបន្ថែមថា៖ «ម៉្លោះ​ហើយ​ អ្វីដែល​យើង​អាច​បាន​ ខ្ញុំជឿថា​ មានតែ​ការ​ប្រឹង​ប្រែងរបស់​កម្ពុជា​ទេ មិន​មាន​អីទៅ​គ្រប់​គ្រងខាង​គេបាន​ទេ មាន​តែយើង​ទេ ដែល​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ ថា​តើធ្វើ​យ៉ាង​ម៉េចដើម្បីសម្រប​សម្រួលខ្លួនទទួល​ផល​ប្រយោជន៍​ពី​ប្រទេស​មហាអំណាច​ទាំង​នោះ»។

គិតត្រឹមដំណាច់ឆ្នាំ​ ២០២៤ នេះ សភា​សហរដ្ឋ​អាមេរិកមិន​ទាន់​បានផ្តល់​ឡើង​វិញ​ដល់​កម្ពុជា​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ Generalized System of Preferences (GSP) ដែលបានផុត​កំណត់​កាល​ពី​ចុង​ឆ្នាំ​ ២០២០ ដោយសារ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ទាន់​ប្រសើរ​ឡើង។

ការ​កែប្រែចុងក្រោយ​ដែលកម្ពុជា​បើកផ្លូវ​ឲ្យ​នាវា​ចម្បាំង​អាមេរិកចូលមកកម្ពុជា​ជា​ថ្មីម្តងទៀតនោះ​ ក៏​ត្រូវ​អ្នកវិភាគ​មើល​ឃើញថា​ ​ទំនងជាការ​ចង់បាន​របស់រដ្ឋាភិបាល​កម្ពុជា​នូវការបន្តការគាំទ្រ​ផ្នែក​ពាណិជ្ជកម្ម​ពីសហរដ្ឋ​អាមេរិក​ ដែលជាទីផ្សារ​ទំនិញ​ទី ១ ​របស់កម្ពុជា​ ហើយ​ទីផ្សារ​ធំ​ បន្ទាប់​គឺ​សហភាព​អឺរ៉ុប។

បើ​យោង​តាម​អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​ទៅអាមេរិក​ និងអឺរ៉ុប​ស្មើនឹង​ប្រមាណ​ ៥០% ​នៃ​ការនាំ​ចេញ​សរុបរបស់​កម្ពុជា។ លោក​បានឲ្យ​ដឹង​ទៀតថា ​ជញ្ជីង​ពាណិជ្ជ​កម្មរបស់​ចិន​ កូរ៉េខាងត្បូង​ និងបណ្តា​ប្រទេស​ដទៃ​ទៀត​មិនទាន់​អាច​មកជំនួស​ទីផ្សារ​ទាំង​ពីរនេះ​បាន​ទេ​។
លោក​ ឃុន ថារ៉ូ បាន​ប្រាប់វីអូអេបន្ថែមថា​ កម្ពុជា​អាចទទួល​បាន​ការគាំទ្រខាង​ពាណិជ្ជកម្ម​ពេញលេញ​ពីសហរដ្ឋ​អាមេរិក​និង​សហភាពអឺរ៉ុប​ ប្រសិន​បើមាន​ការកែទម្រង់​គួរ​ឲ្យកត់សម្គាល់​លើអភិបាល​កិច្ច​ បើក​លម្ហសេរីភាព​ និងជំរុញ​គោល​ការណ៍ប្រជាធិបតេយ្យ​ផ្សេង​ទៀត។

លោក អ៊ា សុផល​ ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona​ បាន​ឲ្យដឹង​បន្ថែម​ថា​ មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​ក្នុង​ជំហរ​ការបរទេស​ខ្លួន​ចំពោះ​សហរដ្ឋអាមេរិក។

លោកបាន​ផ្តល់​សេចក្តីពន្យល់ថា៖​ ទី ១​ ការពឹង​ផ្អែកច្រើនសន្ធឹកសន្ធាប់​របស់​កម្ពុជា​លើ​ប្រទេស​ចិន​បាន​ផ្តល់មកវិញ​នូវ​ហានិភ័យ​សេដ្ឋកិច្ច​និង​នយោបាយ​ ក្នុងនោះ​គឺ​ការវិនិយោគ​ចិន​ដែលកំពុង​ធ្លាក់​ចុះ​ ដូច​ជា​ការ​ផ្អាក​ផ្តល់​កម្ចីនៅ​ឆ្នាំ​នេះ​។ ទី ២ ​ចំណាប់​អារម្មណ៍​ជា​អន្តរជាតិ​លើមូលដ្ឋាន​កងជើង​ទឹករាម​ ដែល​បាន​លើក​ឡើង​ពី​ក្តីបារម្ភ​អំពីវត្តមាន​យោធាចិននោះ​ អាច​បង្ខំ​ឲ្យកម្ពុជា​ចាត់​វិធាន​ការ​ជាច្រើនដើម្បីធានាឡើងវិញ​ដល់​សហរដ្ឋ​អាមេរិក​ និង​ប្រទេសជិត​ខាង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍នូវភាព​អព្យាក្រឹត​របស់​ខ្លួន។ ទី ៣ រាជរដ្ឋាភិបាល​ថ្មីរបស់​លោក ហ៊ុន ម៉ាណែត អាច​កំពុងបង្ហាញខ្លួនឯង​នូវ​ការសម្រេច​ចិត្ត​ដែល​ផ្អែកលើហេតុការណ៍​នានា​និង​បើក​ចំហ​ដល់​ការ​ទាក់ទង​ជាមួយ​បស្ចិម​ប្រទេស ដើម្បី​ពង្រឹង​ឋានៈ​ជាសកល​របស់​កម្ពុជា។

លោក អ៊ា សុផល ថ្លែង​ថា៖ «រដ្ឋាភិបាល​កម្ពុជា​ទំនង​ជា​ចង់បាន​ទំនាក់ទំនងសេដ្ឋកិច្ច​ដែលប្រសើរ​ជាង​មុន​ ក្នុង​នោះ​គឺឱកាស​ពាណិជ្ជកម្ម​និងវិនិយោគ ដើម្បី​ធ្វើ​ឲ្យមាន​តុល្យភាព​នៃ​ការពឹង​ផ្អែក​របស់​ខ្លួន​លើ​ប្រទេស​ចិន»។

លោក​បន្ថែម​ថា​៖ «ជាងនេះ​ទៀត​ ប្រទេស​កម្ពុជា​ប្រហែលសង្ឃឹម​ចំពោះការ​កាត់​បន្ថយ​សម្ពាធ​របស់សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​ និងកី្តកង្វល់​ខាងយោធា​ ដូចជាមូលដ្ឋាន​ជើងទឹករាម។ នៅក្រោម​ប្រធានា​ធិបតី​ជាប់​ឆ្នោត លោក Trump ដែល​ផ្តល់ជម្រើស​ច្រើនលើ​ការ​ទូត​ក្នុងកិច្ចការ​ជំនួញ ប្រទេស​កម្ពុជា​អាច​ឃើញ​នូវ​ឱកាស​ដើម្បីសន្ទនាផ្អែកលើមូលដ្ឋាន​សេដ្ឋកិច្ច ខណៈ​នឹង​បន្ធូរ​បន្ថយ​ភាព​ខុស​គ្នា​ខាង​នយោបាយ​»។

ដោយឡែក​ ក្រុម​មន្ត្រីកម្ពុជា​មាន​ប្រតិកម្មចម្រុះ​លើ​ការវិលត្រឡប់​មកវិញ​នូវ​នាវាចម្បាំង​សហរដ្ឋអាមេរិកមក​ដល់ដែន​សមុទ្រ​នៃ​ខេត្តព្រះសីហនុ និង​ការ​វិវឌ្ឍក្នុងទំនាក់​ទំនងរវាង​សហរដ្ឋអាមេរិកនិង​កម្ពុជា​។

អ្នកនំាពាក្យក្រសួងការបរទេសកម្ពុជា​លោក ជុំ សុន្ទរី​ បញ្ជាក់​ឲ្យ​វីអូអេ​បាន​ដឹង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ថា ​ដំណើរទស្សនកិច្ចរបស់​រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិក​លោក ឡយ ​អូស្ទីន​ បានបើកផ្លូវ​ឲ្យមាន​ការកសាង​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការទេ្វភាគី ជាពិសេសផ្នែកយោធា​រវាងប្រទេសទាំងពីរ ដែលរួម​មាន​ការ​សំចតនៃយន្តហោះ សេ-១៣០ហាស (C-130H) របស់កងកម្លាំងទ័ពអាកាស​ម៉ុនតាណា (Montana Air National Guard) នៅ​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ នាខែសីហា និង​ទស្សន​កិច្ចរបស់ឧត្តមសេនីយ៍ទោ Timothy Donnellan អគ្គមេបញ្ជាការនៃកងឆ្មាំជាតិ អាយដាហូ (Idaho-IDNG) កាលពី​ខែកញ្ញា និង​ការដំណើរការ​ឡើង​វិញ​នូវកិច្ចសន្ទនាគោល​នយោបាយ​ការពារជាតិ​កម្ពុជានិង​សហរដ្ឋអាមេរិក កាលពី​ពាក់កណ្តាលខែតុលា។

ការ​ចូល​ចត​របស់​នាវាចម្បាំង​ USS SAVANNAH នាពេលនេះ​ ក៏ជាផ្នែកមួយដែលបាន​មកពី​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ ដែលបានបើកផ្លូវឲ្យមានទស្សនកិច្ច​របស់ឧបការីរង​ក្រសួង​ការពារ​ជាតិ​អាមេរិកប្រចាំ​តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ អ្នក​ស្រី Laura Updegrove​ ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជុំ សុន្ទរី។

អ្នកនំាពាក្យក្រសួងការបរទេសកម្ពុជារូបនេះបាន​ថ្លែង​ថា​៖​ «កម្ពុជា​ក៏​បាន​ត្រៀម​ខ្លួន​បន្ត​ធ្វើ​ការងារ​ជាមួយ​រដ្ឋបាល​ថ្មី​របស់​អាមេរិក ដើម្បី​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត​នូវទំនាក់ទំនង​និង​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​ ជាពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ពីរ​នឹង​ប្រារព្ធ​ខួប ៧៥ ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​ ក្នុង​ឆ្នាំ​ ២០២៥​ ហើយ​និង​តួនាទី​របស់​កម្ពុជា​ ជា​ប្រទេស​សម្រប​សម្រួល​សម្រាប់​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន អាមេរិក ឆ្នាំ​ ២០២៤-២០២៧​»។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​ លោក ប៉ែន បូណា បញ្ជាក់​ជាថ្មីអំពីគោលនយោបាយការបរទេស​កម្ពុជា​ ដែល​ប្រកាន់​ខ្ជាប់នូវ​ជំហរ​អព្យាក្រឹត​ អចិន្ត្រៃយ៍​ និងមិន​ចូល​បក្ស​សម្ព័ន្ធ។ លោក​ថ្លែងថា ​ការចោទ​ប្រកាន់​ថា​កម្ពុជា​លម្អៀង​ទៅ​រក​ភាគី​ណា​មួយនោះ​ គឺ​ជា​ទស្សនៈ​របស់​បុគ្គលមួយ​ចំនួន ខណៈ​កម្ពុជានៅតែ​រក្សាគោល​នយោ​បាយ​ការ​បរទេស​ដែលចាត់​ទុក​ប្រទេស​ទាំង​អស់ជាមិត្ត។

លោក ប៉ែន បូណា ​ថ្លែង​ថា​៖ «កម្ពុជា​ អត់ដែល​បាន​បិទ​ផ្លូវ​ប្រទេស​ណា​ទេ។ កម្ពុជា​ដូច​ខ្ញុំបញ្ជាក់​អ៊ីចឹង​គឺ​សហការ​ សហ​កិច្ច​ប្រតិបត្តិការ​ទៅវិញ​ទៅមក​ រវាង​បណ្តាប្រទេស​ទាំង​អស់​ហ្នឹង​ គឺ​ថា​ស្មើ​មុខ​មាត់​គ្នា​ទាំង​អស់​ អត់មាន​ដែល​បិទ​ទេ​ ហើយ​ទំនាក់​ទំនង​រវាង​កម្ពុជា​អាមេរិក​គឺល្អ​ គឺជា​ទំនាក់ទំនង​មួយល្អប្រសើរ​ ជារៀង​រហូត​មកបាទ​។ ទោះបី​ជាពេល​ខ្លះ​ យើង​មើល​ឃើញ​ចំណុច​ខុស​គ្នា​ទៅ​លើ​បញ្ហា​មួយចំនួន​មែន ក៏​ប៉ុន្តែ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ គឺល្អ​នៅតែ​បន្តកិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាងល្អ។ អត់​មានអីផង»។

ទោះជាយ៉ាង​ណាក្តី នៅ​ក្នុងការស្តារទំនាក់ទំនងអាមេរិកនិងកម្ពុជា ដោយផ្តើមចេញ​ការរឹត​ចំណង​យោធា​ សហរដ្ឋអាមេរិក​នឹង​បន្តអាទិភាព​លើបញ្ហាតម្លាភាព​ ទាក់​ទិនមូលដ្ឋាន​សមុទ្ររាម​ ក្រោម​ហេតុផលនៃ​ការ​បារម្ភ​ចំពោះការ​ពង្រីកវិសាលភាពរបស់​កងទ័ពចិន។ នេះបើយោង​តាម​ការ​យល់ឃើញ​របស់​លោក អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​ជាន់ខ្ពស់​និង​សាស្ត្រាចារ្យ​ជំនួយ​ប្រចាំ​សាលា​ Thunderbird School of Global Management ​នៃ​សាកល​វិទ្យា​ល័យ​រដ្ឋ ​Arizona។

ក្រៅពីបញ្ហានេះ​ លោក​បាន​លើកឡើងទៀតថា ​ការដោះស្រាយ​កិច្ចការឆ្លង​ដែន​ជាច្រើនទៀត​ដូចជា​អំពើ​ឆបោក​តាមឡាញ និងឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ ដែល​កម្ពុជា​ទទួល​បាន​ការរិះគន់ជាអន្តរជាតិ​នឹង​ជាចំណុចគួរ​ឲ្យបារម្ភ។

លោក អ៊ា សុផល ថ្លែងថា៖ «ខណៈ​បញ្ហាសិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិប​តេយ្យនៅ​តែជាសសរស្តម្ភនៃ​គោល​នយោបាយ​សហរដ្ឋអាមេរិក​ នៅ​ក្រោមលោក​ Trump បញ្ហា​ទាំង​នេះអាច​ជាកិច្ចការបន្ទាប់ពី​រឿងអាទិភាព​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ចនិង​សន្តិសុខ​»។

លោក​បន្ថែម​ថា៖ «​សហរដ្ឋអាមេរិក​ចង់ឲ្យ​កម្ពុជា​បង្ហាញពី​ឯករាជ្យភាព​របស់​ខ្លួន​ពីប្រទេសចិន​ ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ហើយ​ដោះស្រាយ​ក្តីបារម្ភ​ទាំងឡាយ​ដែលបានធ្វើឲ្យ​ខូច​ការទុកចិត្ត​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ជា​ពិសេស​ក្នុងវិស័យ​ដែលកិច្ចសហការ​ផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។ ​

អ្នកនាំពាក្យគណបក្សកាន់អំណាច​ លោក សុខ​ ឥសាន​ បាន​ប្រាប់វីអូអេ​ក្នុងបទសម្ភាសន៍​មួយ​ថា រដ្ឋាភិបាលកម្ពុជា​គ្មានការអត់ឱនរាល់ឧក្រិដ្ឋកម្ម​ទាំងនៅក្នុងស្រុក និងឆ្លងដែន​ ពោលគឺអាជ្ញាធរ កម្ពុជា​បាន​ប្តេជ្ញាប្រឆាំង​ឧក្រិដ្ឋកម្ម​ទាំងនោះ មិនបង្អង់ដៃនោះឡើយ។

លោក សុខ​ ឥសាន ថ្លែងថា​៖ «ទាំង​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ ឧក្រិដ្ឋកម្ម​ឆបោក​ ឆ្លងប្រទេស​ ឧក្រិដ្ឋ​ជួញដូរមនុស្ស​ ឧក្រិដ្ឋ​កម្ម​លាង​លុយ​កខ្វក់​អី។ល។ និង។ល។ ហ្នឹង ​គឺ​សុទ្ធតែ​ជាខ្មាំង​សត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូច​ជា​រដ្ឋាភិបាល​ប្រទេសនានា​នៅលើពិភពលោក​ មិនមែន​តែក្នុងតំបន់ទេ​។ អ៊ីចឹង​គឺថា​ រាល់បាតុភាពអសកម្ម​ទាំង​ឡាយ​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ទាំង​ឡាយ​គឺថា​ មិនត្រូវ​គ្នា​ជាមួយរាជ​រដ្ឋាភិបាល​ជាអ្នកដឹកនាំប្រទេសទេ​បាទ»។

សម្រាប់ការចូលមក​របស់នាវាចម្បាំងអាមេរិកលើកនេះ អ្នកនាំពាក្យរូបនេះ​ថា ​កម្ពុជា​នឹងត្រូវ​ឈប់​រង​ការ​ចោទ​ប្រកាន់​ថា​មាន​ភា​ពលម្អៀង​ទៅរកភាគី​ណាមួយ​ក្នុងទំនា​ក់ទំនងរបស់​ខ្លួនជាមួយចិន និង​សហរដ្ឋ​អាមរិក។

លោក សុខ​ ឥសាន បន្ថែមថា​៖ «កន្លង​មក​គឺ​វាមិនមាន​វត្តមាននាវាចរ​កងទ័ព​សហរដ្ឋ​អាមេរិក​ហ្នឹង​ វាបែរ​ទៅ​មានការ​ចោទ​ប្រកាន់​ថា​កម្ពុជា​ហ្នឹង​លម្អៀង​ទៅ​រក​តែ​ខាង​ចិន។ ឥឡូវ​នេះ វត្តមាន​របស់​កងទ័ព​ចម្បាំង​របស់​អាមេរិក​នៅលើ​ទឹកដី​កម្ពុជា​ វា​ឆ្លុះបញ្ចាំងថា ​មិនមែន​យ៉ាង​ដូច្នោះ​ទេ។ អ៊ីចឹង​ទេ​បាន​ន័យ​សេចក្តីថា​ ការចោទ​ប្រកាន់​ដោយ​ប្រការ​ណាមួយ​ថា​កម្ពុជា​លម្អៀង​ទៅខាង​នេះ​ លម្អៀង​ទៅ​ខាង​នោះ​ អាហ្នឹង​វាលែង​មាន​ទៀត​ហើយ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG