អ្នកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការ«សមភាពយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា»បានប្រឡូកក្នុងវិស័យសង្គមស៊ីវិលនិងតស៊ូមតិលើការលើកកម្ពស់យេនឌ័រប្រមាណជិត៣០ឆ្នាំ។ នៅចុងឆ្នាំ២០២១ នេះអ្នកស្រី រស់ សុភាព ដែលមានវ័យ៦០ឆ្នាំនឹងផ្ទេរការដឹកនាំរបស់ខ្លួនទៅដល់អ្នកជំនាន់ថ្មី។
កាលពីដើមខែកក្កដាកន្លងទៅ អ្នកស្រី រស់ សុភាព បានដាក់ច្បាប់សម្រាកពីការងារដោយមានបំណងចំណាយពេលវេលានេះគិតគូរអំពីកិច្ចការងារផ្ទាល់ខ្លួន។ អ្នកស្រីសំដៅការងារផ្ទាល់ខ្លួននេះថាជាការរៀបចំជីវិតចូលនិវត្តន៍របស់អ្នកស្រីដែលនៅសល់មិនដល់កន្លះឆ្នាំផង។
នាយិកាប្រតិបត្តិអង្គការ «យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា» ឬ GADC អ្នកស្រី រស់ សុភាព សម្រេចចិត្តផ្ទេរការទទួលខុសត្រូវនិងតួនាទីដឹកនាំអង្គការមួយដែលមានចំណាស់ជិត២៤ឆ្នាំទៅដល់អ្នកជំនាន់ក្រោយ។
«ចូលនិវត្តន៍ហើយ...» អ្នកស្រីនិយាយពីចំងាយចេញពីក្នុងផ្ទះបាយ៖ «ទុកឲ្យក្មេងៗជំនាន់ក្រោយម្តង»។
ក្រោយចំណាយពេលជិតពាក់កណ្តាលជីវិតលើវិថីយេនឌ័រវិស័យនេះបានក្លាយទៅជាអត្តសញ្ញាណនៃការដឹកនាំផ្នែកសង្គមស៊ីវិលរបស់អ្នកស្រីទៅហើយ។ អ្នកស្រី រស់ សុភាព វ័យ៦០ឆ្នាំ មើលឃើញថាកម្ពុជាត្រូវការការវិនិយោគបន្ថែមលើផ្នែកអប់រំដល់ក្មេងស្រីបង្កើនបរិមាណចូលរួមរបស់ស្ត្រីក្នុងតួនាទីអ្នកដឹកនាំនិងលុបបំបាត់និទណ្ឌភាព។
នៅក្នុងផ្ទះបាយអ្នកស្រីដាំទឹកមួយកំសៀវដើម្បីឆុងតែខ្ញីនិងឆ្លៀតទៅយកក្រូចឆ្មារចិតជាចំណិតៗដាក់លើចានប៉ាតថ្មពណ៌សមានក្បាច់នៅគែមៗពណ៌ខៀវ ហើយអ្នកស្រីប្រាប់វីអូអេថារយៈពេល៣០ឆ្នាំក្នុងអាជីពជាអ្នកដឹកនាំអង្គការសង្គមស៊ីវិលមួយអ្នកស្រីបានស្តាប់ឮរឿងជាច្រើនពីប្រជាពលរដ្ឋតាមរយៈការស្រាវជ្រាវនិងការជួបជជែកដោយផ្ទាល់។
អ្នកស្រីសង្ខេបថា គំនាបវប្បធម៌ និងបទដ្ឋានសង្គមជាឫសគល់នៃអំពើហិង្សា។អំពើហិង្សានេះបណ្តាលឲ្យមានវិសមភាពយេនឌ័រនិងជារនាំងឃាំងស្ត្រីនៅតាមទីជនបទជាច្រើនឲ្យបន្តទទួលរងអំពើរំលោភបំពានដោយមិនទទួលបានការដោះស្រាយតាមផ្លូវច្បាប់។ អ្នកស្រីថាថ្វីបើការចូលរួមក្នុងផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីមានការរីកចម្រើនច្រើនប៉ុន្តែផ្នត់គំនិតសង្គមនៅបន្តជាឧបសគ្គរារាំងសមត្ថភាពនិងឱកាសរបស់ស្ត្រីក្នុងការចូលរួមការងារដែលមានជំនាញឬតួនាទីសំខាន់ៗ។
អ្នកស្រីមានប្រសាសន៍ថា៖ «ហើយដល់ពេលមីងធ្វើការរឿងយេនឌ័រហ្នឹងមីងយល់កាន់តែស៊ីជម្រៅទៀតថាធនធានមនុស្សស្រីមានច្រើនប៉ុន្តែមិនត្រូវបានគេមើលឃើញទេដោយសារតែវប្បធម៌និងការមិនទទួលស្គាល់ថាស្ត្រីគឺជាមនុស្សសម្រាប់អភិវឌ្ឍដ៏ចប្បង»។
អ្នកស្រីបញ្ជាក់៖ «ហើយគេគិតថាស្ត្រីជាធនធានសម្រាប់អភិវឌ្ឍបន្ទាប់បន្សំហ្នឹងឯង»។
ប្រឡូកក្នុងវិស័យអភិវឌ្ឍសមភាពយេនឌ័រ
ដំបូងឡើយអ្នកស្រី រស់ សុភាពមិនបានដឹងច្បាស់ទេថាអ្វីទៅជាការតស៊ូមតិយេនឌ័រ ហើយអ្នកស្រីក៏ពុំបានគិតថាវាជាប្រធានបទដែលសាធារណជនជាតិនិងអន្តរជាតិចាប់អារម្មណ៍ខ្លាំងដូចសព្វថ្ងៃនេះ។
ជាងពីរទសវត្សរ៍ក្រោយមកនៅឆ្នាំ២០១៩ អ្នកស្រីរស់ សុភាពត្រូវបានគេទទួលស្គាល់ថាជាស្ត្រីដ៏មានឥទ្ធិពលក្នុងចំណោមមនុស្ស១០០នាក់ក្នុងគោលនយោបាយសាកលផ្នែកសមភាពយេនឌ័រដោយApolitical ដែលជាស្ថាប័នស្រាវជ្រាវនិងធ្វើការងារជំរុញឲ្យរដ្ឋាភិបាលជុំវិញពិភពលោកដោះស្រាយបញ្ហាសង្គមសំខាន់ៗ។ក្នុងចំណោមនោះក៏មានមេដឹកនាំស្ត្រីល្បីៗជុំវិញពិភពលោកផងដែរ។
ប៉ុន្តែមុននឹងដើរដល់នេះជាងពីរទសវត្សរ៍កន្លងទៅដំណើរជីវិតរបស់អ្នកស្រីរស់ សុភាពចេញពីការចង់ស្រាយចម្ងល់ថាតើហេតុអ្វីបានជាមានអំពើហិង្សាក្នុងគ្រួសារ? ហើយការអភិវឌ្ឍន៍សមភាពយេនឌ័រមានសារ:សំខាន់បែបណាក្នុងការអភិវឌ្ឍន៍សង្គម?
កាលពីឆ្នាំ១៩៩៥អ្នកស្រី រស់ សុភាព មានវ័យ៣៥ឆ្នាំបានចូលរួមជាមួយអង្គការក្នុងស្រុកមួយឈ្មោះអង្គការប្រឆាំងអំពើហិង្សាក្នុងគ្រួសារក្នុងនាមជាអ្នកសម្របសម្រួលការស្រាវជ្រាវអំពីអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា។គ្រានោះ សុភាព បានកាន់ប៊ិកនិងសៀវភៅ ដើរចុះប្រមូលព័ត៌មាននៅតាមខេត្តដោយការសម្ភាសន៍ប្រជាជន។
អ្នកស្រីថ្លែងថា៖ «យើងចង់ដឹងថាស្ត្រីជួបប្រទះអីគេខ្លះ។ពេលហ្នឹងនៅក្មេងមីងចេះតែមានអារម្មណ៍ថាឆ្ងល់ដែរហេតុអីបានស្ត្រីចេះតែទ្រាំឲ្យប្តីវាយហើយអំពើហិង្សាកាលពីនៅក្មេងធ្លាប់ឃើញអ្នកជិតខាងវាយ[ប្រពន្ធ]ហេតុអីបានគាត់មិនរត់? ហេតុអីបានគាត់មិនលែង? ហេតុអីបានចេះតែនៅទ្រាំ?មានសំណួរជាច្រើននៅក្នុងអារម្មណ៍ របស់មីង»។
អ្នកស្រីព្យាយាមបកស្រាយចម្ងល់ខ្លួនឯងបន្តិចម្តងៗជួនកាលមានអត់ធ្មត់ ហើយជួនកាលក៏អន្ទះសា។អ្នកស្រីចំណាយពេលជាច្រើនអង្កេតមើលការស់នៅជាក់ស្តែងរបស់អ្នកភូមិ។អ្នកស្រីឲ្យដឹងថាកាលនោះ ស្ត្រីកម្ពុជាភាគច្រើនពុំបានដឹងទេថាអ្វីទៅជាអំពើហិង្សាក្នុងគ្រួសារ ថាតើពួកគេមានសិទ្ធិអ្វីខ្លះនិងគួរធ្វើអ្វីនៅពេលមានអំពើហិង្សាកើតឡើង។
ការរក្សាកិត្តិយសគ្រួសារតម្រូវការសេដ្ឋកិច្ចកត្តាសុវត្ថិភាពនិងជំនួយកម្លាំងពលកម្មពីខាងបុរសគឺជាមូលហេតុសំខាន់ៗដែលធ្វើឲ្យស្ត្រីហាក់ខ្វះអំណាចសម្រេចចិត្តនិងទ្រាំទទួលយកអំពើហិង្សា។ នេះបើតាមការលើកឡើងរបស់អ្នកស្រី រស់ សុភាព។
អ្នកស្រីថ្លែងថា៖ «ពេលសួរគាត់បើសួរមិនស្រួលគាត់ថាគាត់អត់មាន[រងអំពើហិង្សា]ទេតែដល់យើងសម្រាកស្នាក់នៅជាមួយគាត់ នៅក្នុងភូមិគាត់។ គាត់និយាយរឿងប្រាប់យើង។ និយាយពីការលំបាកនិយាយពីលែងគ្នាមិនបាននិយាយអំពីគេមើលងាយគាត់គ្មានសុវត្ថិភាពនិងនិយាយអំពី[ខ្វះ]កម្លាំងពលកម្ម»។
អ្នកស្រីបន្តថា៖ «បានសិក្សាមួយកម្រិតទៀតថាស្ត្រីមិនអាចលែងបាន។ ទីមួយ អ្នកនៅជិតខ្លួនគាត់គ្មានអ្នកណាគាំទ្រគាត់។ ហើយបើលែងទៅផ្ទះគាត់អត់សុវត្ថិភាពទេ ព្រោះអ្នកផ្សេងនឹងមកបៀតបៀនគាត់។ថ្ងៃឡើងគេចំអកយប់ឡើងគេមកអញ្ចឹងទៅគាត់ខ្លាច កូននៅតូចចឹងទៅ។ទី២ កម្លាំងពលកម្មជាកត្តាមួយសំខាន់ដូចជាព្យួរស្រែ កាប់ឆ្ការកាប់ឬលើកដើមឈើធំៗយកមកធ្វើផ្ទះ។ អញ្ចឹងគាត់មិនអាចខ្វះកម្លាំងអញ្ចឹងបានទេ»។
នៅឆ្នាំ១៩៩៧ស្ថិតក្នុងវ័យ៣៧ឆ្នាំអ្នកស្រី រស់ សុភាព បានចូលធ្វើការជាមួយហ្គេតស៊ីដែលជាកម្មវិធីធ្វើការផ្នែកយេនឌ័ររយៈពេលបីឆ្នាំ។ ក្រោយមកដោយមើលឃើញថាយេនឌ័រជាបញ្ហាចាំបាច់នៅកម្ពុជាម្ចាស់ជំនួយនិងក្រុមប្រឹក្សាភិបាលហ្គេតស៊ីក៏សម្រេចលើកគម្រោងកម្មវិធីបីឆ្នាំនេះមកជាអង្គការហ្គេតស៊ីរួចចាត់តាំង អ្នកស្រី រស់ សុភាព ជានាយិកាប្រត្តិបត្តិ។
អ្នកស្រីថាចំណេះដឹង សមត្ថភាពភាសាអង់គ្លេសភាពសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកយេនឌ័រកន្លងមកហើយជាពិសេសឆន្ទៈដោះស្រាយបញ្ហាយេនឌ័រ«ដោយចេញពីបេះដូង» ជាលក្ខណៈសម្បត្តិពិសេសមួយដែលគេឃើញថាអ្នកស្រីអាចកាន់តំណែងដ៏សំខាន់របស់ស្ថាប័នមួយនេះបាន។
អ្នកស្រីថា៖ «បើនិយាយចំណេះដឹងពីជំនាន់ហ្នឹងធនធានដូចមីងចឹងកម្រណាស់។ ទីមួយ ចេះអង់គ្លេស ទី២មានថាមពល និងឆន្ទៈ»។
អង្គការហ្គេតស៊ីបានក្លាយជាស្ថាប័ននាំមុខគេមួយក្នុងការចូលរួមបង្កើតគោលនយោបាយសាធារណៈនិងច្បាប់នានាពាក់ព័ន្ធនឹងយេនឌ័ររួមមានច្បាប់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ។
អង្គការនេះក៏បានបណ្តុះបណ្តាលធនធានមនុស្សពង្រឹងសមត្ថភាព និងការតស៊ូមតិដើម្បីសមភាពយេនឌ័រ ព្រមទាំងចងក្រងឯកសារយេនឌ័រជាភាសាខ្មែរជាដើម។ បន្ថែមពីនេះ ហ្គេតស៊ីក៏បានចូលរួមការដាក់បញ្ចូលទស្សនៈយេនឌ័រ ទៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈផងដែរ។
អ្នកស្រីថ្លែងថា៖ «មុនអង្គការហ្នឹងកើតឡើងគ្មានទេឯកសារនិយាយជាភាសាខ្មែរនិយាយពីយេនឌ័រ។ទី២ បើគេសួរនៅស្រុកខ្មែរអង្គការណានាំមុខគេពីរឿងយេនឌ័រ គឺគេនិយាយសំដៅហ្គេតស៊ីហ្នឹងហើយ។ ហើយទី៣ អ្នកណាក៏ដឹងដែរថាហ្គេតស៊ីបានបណ្តុះបណ្តាលធនធានផ្នែកយេនឌ័រយ៉ាងច្រើន»។
ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងនយោបាយ
នៅក្នុងសភាជាតិកម្ពុជាបច្ចុប្បន្នបេក្ខភាពស្ត្រីមានចំនួន២៥នាក់ក្នុងចំណោមតំណាងរាស្ត្រ១២៥រូប ឬស្មើនឹង២០%។ ចំនួននេះ កើនពីជិត៦%បើធៀបនឹងការបោះឆ្នោតដំបូងក្នុងឆ្នាំ១៩៩៣។ គិតត្រឹមឆ្នាំ២០១៩ស្ត្រីកាន់តំណែងជារដ្ឋមន្ត្រីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមានចំនួន២១% រីឯនៅកម្រិតមូលដ្ឋានស្ត្រីកាន់តួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់មានចំនួនជិត១៧%។ ។
អ្នកស្រី រស់ សុភាព ពន្យល់ថាចំនួនស្ត្រីទទួលបានមុខតំណែងក្នុងការសម្រេចចិត្តជាសាធារណៈមានការកើនឡើងសន្សឹមៗប៉ុន្តែដើម្បីសម្រេចឲ្យបានតុល្យភាពយេនឌ័រនៅគ្រប់វិស័យកម្ពុជាត្រូវផ្តោតអាទិភាពដល់ការអភិវឌ្ឍន៍សមត្ថភាពដល់ស្ត្រី និងក្មេងស្រី។ ការអភិវឌ្ឍនេះគិតទាំងសមភាពនៃឱកាសអប់រំនិងការងារដើម្បីពួកគេមានភាពអង់អាចក្នុងការជ្រើសរើសផ្លូវជីវិតចូលរួមទីផ្សារការងារស្របតាមទេពកោសល្យនិងអនុវត្តតួនាទីដឹកនាំបានពេញលេញ។
អ្នកស្រីថ្លែងថា៖ «សម្រាប់ស្ត្រីវ័យក្មេងគឺថាការអប់រំ គឺជាកត្តាសំខាន់។ហើយការអប់រំវាមិនមែនត្រឹមតែនៅសាលាទេត្រូវមានការគាំទ្រពីគ្រួសារនិងមិត្តភ័ក្តិគាត់។ មួយទៀត រដ្ឋាភិបាលគួរគិតគូរពីធនធានរបស់ស្ត្រីនិងស្ត្រីវ័យក្មេងដែលជាធនធានមានសក្តានុពលក្នុងការកសាងសង្គមមួយឈានទៅដល់ការលុបបំបាត់អំពើហិង្សា»។
អ្នកស្រីបន្ថែមថា យេនឌ័រ និងការលើកកម្ពស់សិទ្ធិស្ត្រីមាននៅក្នុងគោលនយោបាយកម្ពុជាក៏ប៉ុន្តែបញ្ហាប្រឈមពិតប្រាកដគឺកង្វះថវិកានិងយន្តការគាំទ្រសម្រាប់ការអនុវត្តន៍ជាក់ស្តែង។
អ្នកស្រីថ្លែងថា៖ «នៅកម្រិតគោលនយោបាយគាត់គាំទ្រដោយសារតែមានគោលនយោបាយទេថាឲ្យចេញពីឆន្ទៈពិតប្រាកដមីងគិតថានៅតែមានគម្លាតដដែល។ការយល់ពិតប្រាកដទៅលើតួនាទីស្រ្តីក្នុងការសម្រេចចិត្តលើគោលនយោបាយការសម្រេចចិត្តលើតួនាទីដឹកនាំមានតែក្នុងគោលនយោបាយប៉ុន្តែអត់មានលុយទេ។ម្នាក់ៗ សប្បាយចឹត្តនឹងធ្វើគោលនយោបាយហើយប៉ុន្តែសួរថាផែនការសកម្មភាពមានអីខ្លះ?ធ្វើបែបណា?ក្រសួងណាធ្វើអី?យើងមានរចនាសម្ព័ន្ធប៉ុន្តែវាអត់ដើរ»។
ស្ថានភាពយុត្តិធម៌យេនឌ័រនិងអំពើហិង្សាលើស្ត្រី
គោលនយោបាយនារីរតនៈរបស់ក្រសួងកិច្ចការនារី ឲ្យដឹងថា អំពើហិង្សាលើស្ត្រីគឺជាកត្តាចម្បងមួយដែលបង្កឲ្យមានវិសមភាពយេនឌ័រនៅកម្ពុជា។តួលេខ ឆ្នាំ២០១៦ របស់ក្រសួងបង្ហាញថា យ៉ាងហោចណាស់ស្ត្រី៣០%ធ្លាប់ទទួលរងអំពើហិង្សា។ ចំនួននេះត្រូវបានរំពឹងថានឹងមានការថយចុះមកត្រឹម២៨%នៅឆ្នាំ២០២៣ខាងមុខដោយសារការកើនឡើងនៃការយល់ដឹងពីសិទ្ធិស្ត្រីទម្រង់នៃអំពើហិង្សានិងយេនឌ័រ។
យ៉ាងណាក៏ដោយអ្នកស្រី រស់ សុភាព មើលឃើញពីភាពចម្រូងចម្រាសរវាងច្បាប់និងការអនុវត្តជាក់ស្តែងជុំវិញការដោះស្រាយករណីអំពើហិង្សាលើស្ត្រី។
អ្នកស្រីថ្លែងថា៖ «ច្បាប់អំពើហិង្សា និងកិច្ចគាំពាជនរងគ្រោះអនុម័តឆ្នាំ២០០៥និយាយថាបើមានអំពើហិង្សាកើតឡើងត្រូវតែទៅរាយការណ៍ហើយអ្នកដែលមើលឃើញអំពើហិង្សាហើយមិនរាយការណ៍ស្មើនឹងអ្នកប្រព្រឹត្តខណៈដែលច្បាប់ស្រីបាននិយាយថាបើខឹងម្តេចម្តាត្រូវចូលដំណេកគិតសិនកុំតនៅពេលប្តីខឹង។អញ្ចឹងវប្បធម៌មិនឲ្យយើងទៅរាយការណ៍។ កាលណា យើងរាយការណ៍គេថាយើងស្រីមិនល្អអញ្ចឹងអនុវត្តដូចរាល់ថ្ងៃនេះឯង»។
កាលពីប៉ុន្មានខែមុនមានករណីអំពើហិង្សានិងការរំលោភបំពានលើស្ត្រីដែលទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីសាធារណជន។មួយក្នុងចំណោមនោះគឺករណីអតីតឧកញ៉ា ឌួង ឆាយ បានប្រើប្រាស់អំពើហិង្សាលើអតីតភរិយាខ្លួនបានបួសជាព្រះសង្ឃក្រោយត្រូវបានបញ្ចប់គោរមងារជាឧកញ៉ា។ ការបួសនេះត្រូវបានមើលឃើញថាដើម្បីគេចពីការហៅសួរ ឬចាប់ខ្លួនរបស់តុលាការ។ករណីទី២គឺសំណុំរឿងចម្រូងចម្រាសរវាងលោកឧកញ៉ា ហេង សៀ និងពិធីការិនីទូរទស្សន៍ ជុំវិញការចោទប្រកាន់ពីការបំពានលើស្ត្រីកាលពីខែឧសភាកន្លងទៅ។ ករណីទាំងពីរនេះគេក៏មិនទាន់ឃើញមានចំណាត់ការផ្លូវច្បាប់ជាក់លាក់ណាមួយត្រូវបានអនុវត្តនៅឡើយ។
អ្នកស្រីរស់ សុភាពបង្ហាញការសោកស្តាយ និងព្រួយបារម្ភចំពោះវប្បធម៌និទណ្ឌភាពនៅកម្ពុជាដែលជារឿយៗកើតឡើងនៅពេលមានវិសមភាពអំណាច។
អ្នកស្រីថ្លែងថា៖ «ច្បាប់អនុវត្តស្តង់ដាពីរ។ ស្តង់ដាពីរហ្នឹងហើយដែលធ្វើឲ្យអ្នកមានអំណាចនិងចង់ប្រព្រឹត្តអំពើហិង្សានៅតែបន្ត។ គួរឲ្យស្តាយណាស់ដែលយើងមានច្បាប់ហើយ យើងមិនអនុវត្តច្បាប់»។
អ្នកស្រីបន្តថា៖ «ហេតុអីបាននិទណ្ឌភាពដោយសារការអនុវត្តន៍ច្បាប់មិនស្មើភាពគ្នា។ [...] ទៅជាទុកបន្លាយរឿងហ្នឹងទៅជាជ្រកក្រោមនៅក្រោមសាសនា។និទណ្ឌភាព បិទបាំង [ការពារ] អំពើអ្នកមានអំណាច។អំណាចសេដ្ឋកិច្ច និងអំណាចតួនាទី។ អំណាចនៃការគ្រប់គ្រងវាស្ថិតនៅលើបុណ្យសក្តិ វាពាក់ព័ន្ធទៅលើសេដ្ឋកិច្ចអញ្ចឹងវាធ្វើឲ្យអ្នកមានអំណាចហ្នឹងមានអំណាចទៅលើអ្នកទន់ខ្សោយ»។
កុមារភាពការអប់រំ និងគ្រួសាររបស់អ្នកស្រី រស់ សុភាព
ជាកូនទោលក្នុងគ្រួសារកសិករភូមិរោទ៍ ស្រុកកំពង់រោទ៍ឃុំកំពង់ញរ ខេត្តស្វាយរៀងឪពុកម្តាយរបស់សុភាពបានលាចាកលោកតាំងពីមុនពេលសុភាពចូលរៀនបឋមសិក្សាម្ល៉េះ។ ម្តាយមីងរបស់សុភាពជាអ្នកចឹញ្ចឹមបីបាច់សុភាព ឲ្យធំធាត់និងទទួលបានការអប់រំ។ ការសិក្សារបស់អ្នកស្រីរស់ សុភាព ត្រូវបានរំខានដោយរបបខ្មែរក្រហម។គ្រានោះ សុភាព មានវ័យ១៥ឆ្នាំ។
អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេសនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីឆ្នាំ១៩៩៤។ មុនពេលអ្នកស្រីឈានជើងចូលក្នុងវិស័យយេនឌ័រនេះអ្នកស្រីធ្លាប់ធ្វើការជាមន្ត្រីផ្នែកព័ត៌មាននៅក្រសួងព័ត៌មានអ្នកបកប្រែឲ្យអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាឬហៅថាអ៊ុនតាក់ អ្នកស្រាវជ្រាវនិងអ្នកសម្របសម្រួលកម្មវិធីសម្រាប់អង្គការអន្តជាតិនានាព្រមទាំងជាអ្នកថតរូប និងអ្នកជំនាញផ្នែកបច្ចេកទេសផ្តិតរូបពណ៌ផងដែរ។
ដូចជាស្ត្រីផ្សេងទៀតនៅកម្ពុជាដែរសុភាពត្រូវបានចិញ្ចឹមនិងបណ្តុះផ្នត់គំនិតស្របតាម«ច្បាប់ស្រី»តាំងតែពីខ្លួននៅតូច។ថ្វីបើបរិបទសង្គមមានការប្រែប្រួលអត្ថន័យនៃច្បាប់ស្រីនៅបន្តអនុវត្តនិងដាក់គំនាបមកលើមនុស្សស្រី។នេះបើតាមការលើកឡើងរបស់អ្នកស្រីរស់ សុភាព។
អ្នកស្រីថ្លែងថា៖ «ដល់ពេលមកធ្វើការយេនឌ័រនេះបានគិតត្រឡប់ទៅវិញបានយល់ថានេះហើយជាតួនាទីយេនឌ័រដែលសង្គមខ្មែរបានកំណត់ដោយទម្លាប់នៃការអនុវត្ត»។
អ្នកស្រីបន្ថែមថា៖«មីងនិយាយនេះមិនមែនទៅទិតៀនអ្នកចេះដឹងជំនាន់អ្នកប្រាជ្ញពីដើមនោះទេប៉ុន្តែយើងអត់អាចអនុវត្តក្នុងពេលឥឡូវនេះបានចឹងយើងត្រូវគិតឡើងវិញព្រោះគាត់កាលជំនាន់នោះវាត្រូវនឹងបរិបទ ជំនាន់នោះតែឥឡូវអត់ត្រូវទេ»។
អ្នកស្រី រស់ សុភាព បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី លោក ឆាយ គឹមស័រ នៅឆ្នាំ១៩៩៩ ក្នុងវ័យ៣៩ឆ្នាំ។ស្វាមីអ្នកស្រីគឺជាអតីតមន្ត្រីសិទ្ធិមនុស្សជាមួយអង្គការសហប្រជាជាតិជាស្ថាបនិកបណ្តាញបុរសហើយចុងក្រោយលោកបានបំពេញការងារនៅអង្គការហ្គេតស៊ីជាមួយអ្នកស្រីមុនពេលលោកចូលនិវត្តន៍កាលពីប៉ុន្មានឆ្នាំមុន។
ថ្វីបើសុភាព មានឆន្ទៈនិងបេសកកម្មបង្កើនសមភាពយេនឌ័រអស់រយៈពេលច្រើនទសវត្សរ៍ក៏ពិតមែនប៉ុន្តែសុភាពទទួលស្គាល់ថាតួនាទី ឬអត្តសញ្ញាណភេទដែលសង្គមបានកំណត់នោះបានជះឥទ្ធិពលអវិជ្ជមាននិងនៅបន្តដក់ជាប់ក្នុងផ្នត់គំនិតខ្លួន។
ជាម្តាយនៃកូនប្រុសពីររូបដែលមានអាយុ២១ និង១៧ឆ្នាំថ្លែងថា៖ «ដោយសារមីងធ្វើការផ្នែកយេនឌ័រអញ្ចឹងប៉ុន្តែមិនមែនមានន័យថាមីង១០០%ភ្លឺស្វាងទេ។មីងនៅមានកម្អែលខ្លះ។ឧទាហរណ៍ កូនប្រុសខ្ញុំគាត់ចូលចិត្តទុកសក់វែងគាត់ខ្ចិលទៅកាត់អីចឹង។មីងក៏ច្រឡំមាត់ថាកូនឯងទុកសក់វែងអញ្ចឹងដូចស្រីអញ្ចឹង»។
អ្នកស្រី សុភាព ដែលមានសម្បុរស្រអែមមាឌមាំ សក់រួញ ចម្រុះពណ៌ប្រផេះនិងខ្មៅ លើកឡើងថា៖ «ហើយមីងគិតថាមាតាបិតា ទាំងអស់នៅក្នុងពិភពលោកបើដាក់ចិត្តនៅក្នុងការរៀនសូត្រពីកូនវិញល្អណាស់។ តែមនុស្សចាស់ភាគច្រើនមិនទាំងអស់ទេច្រើនតែគិតថាគាត់ជាអ្នកកើតមុនគាត់មើលឃើញពន្លឺថ្ងៃមុនគាត់មានបទពិសោធន៍មុន»។
គម្រោងក្រោយចូលនិវត្តន៍
នៅក្នុងគេហដ្ឋានដ៏ត្រជាក់រហឹមរៀបចំលក្ខណ:ខ្មែរបុរាណពេលទំនេរក្រៅពីការងារដ៏មមាញឹកក្នុងតួនាទីជាអ្នកដឹកនាំផ្នែកយេនឌ័រអ្នកស្រីសុភាព ចូលចិត្តធ្វើម្ហូបដើម្បីរំសាយអារម្មណ៍និងភាពតានតឹង។ សម្រាប់អ្នកស្រីរស់ សុភាព ការច្នៃមុខម្ហូបគឺជាសិល្បៈដែលធ្វើឲ្យអ្នកស្រីដកចិត្តចេញពីបញ្ហាសង្គម។
ក្រោយចូលនិវត្តន៍បន្ទាប់ចំណាយពេលជិតពាក់កណ្តាលជីវិតក្នុងវិស័យយេនឌ័រអ្នកស្រី រស់ សុភាពមានគម្រោងសរសេរសៀវភៅដែលឆ្លុះបញ្ចាំងពីការវិវឌ្ឍស្ថានភាពយេនឌ័រនៅកម្ពុជាក្រោមការយល់ឃើញនិងបទពិសោធន៍ផ្ទាល់របស់អ្នកស្រីរយៈពេលជិត៣០ឆ្នាំកន្លងមកនេះ។
«ឈើកោងធ្វើកង់ឈើត្រង់ធ្វើទូក» គឺជាសុភាសិតដែលអ្នកស្រី រស់ សុភាព បានប្រើប្រាស់សម្រាប់ការដឹកនាំនិងជីវិតផ្ទាល់ខ្លួន។ ដូចគ្នាទៅនឹងការត្រៀមចូលនិវត្តន៍ដែរនាយិកាប្រតិបត្តិអង្គការយេនឌ័ររូបនេះ ថ្លែងថាអ្នកដឹកនាំបន្ទាប់នឹងជ្រើសរើសរូបមន្តដើម្បីដឹកនាំស្ថាប័ននេះស្របតាមបរិបទសង្គមថ្មីនិងរបៀបធ្វើការរៀងខ្លួន៕