ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​នយោបាយ​​និង​សិទ្ធិ​មនុស្ស​ឱ្យ​បាន​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​ក្នុង​ខែ​ឧសភា


រូបឯកសារ៖ នៅក្នុងរូបភាពដែលចេញផ្សាយដោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសព្រុយណេនេះ​បង្ហាញ​ពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញមួយ​ជាមួយមេដឹកនាំ​អាស៊ាន នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។ (AP)
រូបឯកសារ៖ នៅក្នុងរូបភាពដែលចេញផ្សាយដោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសព្រុយណេនេះ​បង្ហាញ​ពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញមួយ​ជាមួយមេដឹកនាំ​អាស៊ាន នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។ (AP)

​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​បើក​លម្ហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ​និង​នយោបាយ​ឱ្យ​ល្អ​ប្រសើរ​ មុន​ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក​ ដែល​នឹង​ធ្វើ​ឡើង​នៅ​លើទឹក​ដី​ អាមេរិក នា​ខែ​ឧសភា​ខាង​មុខ​នេះ​ ដើម្បី​កុំ​ឱ្យ​រង​សម្ពាធ​ណា មួយ ​និង​ដើម្បី​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។​

បើ​តាម​ការ​គ្រោង​ទុក​ កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​១២​ និង​១៣ ​ខែ​ឧសភា​ ឆ្នាំ​២០២២​ ហើយ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ​ក៏​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​នេះ​ផង​ដែរ។ កិច្ច​ប្រជុំ​ពិសេស​អាស៊ាន-សហរដ្ឋ​អា​មេរិក ​នឹង​ពិភាក្សា​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទៅ​តាម​វិស័យ​ចម្បងៗ​ពាក់​ព័ន្ធ​បញ្ហា​ជំងឺ​កូវីដ១៩ ​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ការ​អភិវឌ្ឍ​ផ្សេងៗ ​និង​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​តំបន់​និង​អន្តរជាតិ​ ដែល​ជា​ផល​ប្រយោជន៍​ និង​កង្វល់​រួម​ផង​ដែរ។​

លោក ​សឹង សែនករុណា ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​ ដូច​ជា​ការ​បើក​លម្ហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ​សកម្មជន​បរិស្ថាន ​សកម្មជន​នយោបាយ​ និង​អ្នក​នយោបាយ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ដើម្បី​បង្ហាញ​អាមេរិក​ថា​ កម្ពុជា​ពិត​ជា​មាន​ឆន្ទៈ​កាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ចៀសវាង​ការ​ដាក់​សម្ពាធ​ និង​ចោទ​សួរ​ផ្សេងៗ​ នៅ​ ពេល​ទៅ​ដល់​អាមេរិក។​ លោក​បន្ត​ថា​ ប្រសិន​បើ​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​គឺ​អាច​ដោះស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស​ ពីព្រោះ​កូន​សោ​ស្ថិត​ក្នុង​ដៃ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។​

លោក​បន្ត​ថា​ ​ប្រសិន​បើ​កម្ពុជា​អនុវត្ត​តាម​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​លោក​សេរី​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ នោះ​កម្ពុជា​នឹង​អាច​ទាញ​បាន​ផល​ប្រយោជន៍​ជា​ច្រើន​ទាំង​ផ្នែក​ការ​ទូត​នយោបាយ​ សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ផ្សេង​ទៀត។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​យល់​ថា​ កម្ពុជា​គួរ​តែ​ធ្វើ​យ៉ាង​ណា​អន្តរាគមន៍​ ឬ​មាន​វិធានការ​ដោះស្រាយ​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ​ឱ្យ​បាន​ជ្រះស្រឡះ ​និង​ឱ្យ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាមុន​សិន​ ដោយ​បើក​លម្ហ​សេរីភាព​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ឱ្យ​មើល​ឃើញ​ថា​ កម្ពុជា​ពិតជា​មាន​ចេតនា ​និង​មាន​បំណង​យ៉ាង​ច្បាស់​លាស់​ដឹកនាំ​ប្រទេស​កម្ពុជា​ ឱ្យ​ឆ្ពោះ​ទៅ​ការ​ដឹក​នាំ​ប្រទេស​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»។​

លោក​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​លោក​សេរី​ និង​សហរដ្ឋ​អាមេរិក​ បន្ត​ជួយ​ស្តារ​ស្ថានភាព​នៅ​កម្ពុជា ​និង​កុំ​បោះបង់​កម្ពុជា​ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​កាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ នៅ​ពេល​កម្ពុជា​ទៅ​ចូល​រួម​ប្រជុំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​នោះ​ ក្រៅពី​រឿង​អាស៊ាន ​ទំនង​អាច​នឹង​មាន​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​អាមេរិក ​ដែល​កម្ពុជា​ត្រូវ​តែត្រៀម​ខ្លួន​កែ​លម្ហ​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​ព្រោះ​លោក​ជឿ​ថា​អាច​នឹង​មាន​ការ​ជជែក​គ្នា​អំពី​បញ្ហា​ទាំង​នេះ ​ជា​ពិសេស​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP​ (Generalized System of Preferences) ​ដែល​កម្ពុជា​ទទួល​បាន​ ពី​ព្រោះ​អាមេរិក​ក៏​បាន​ចេញ​របាយការណ៍​ស្តីពី​ការ​ធ្លាក់​ចុះ ​បញ្ហា​សិទ្ធិ​មនុស្ស​និង​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ។​ ​

លោក ​អំ សំអាត​ បន្ត​ថារដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពិនិត្យ​របាយការណ៍​នានា​របស់​អង្គការ​ជាតិ ​និង​អន្តរជាតិ​ និង​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ ដែល​និយាយ​អំពី​ការ​រឹតត្បិត​លម្ហ​សេរីភាព​ជាមូលដ្ឋាន​ ដោយ​ត្រូវ​ធ្វើ​ការ​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត​ ជា​ជាង​ការ​ច្រាន​ចោល។​

ចំណែក​លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​កត់​សម្គាល់​ថា​ កិច្ច​ប្រជុំ​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក​ ដែល​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​ប្រទេស​អាស៊ាន។​ លោក​ជឿ​ថា ​អាច​មាន​កិច្ច​ពិភាក្សា ​ឬ​ការ​ជជែក​ក្នុង​កម្រិត​ទាក់​ទង​បញ្ហា​នយោបាយ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ លោក​រំពឹង​ថា​ កម្ពុជា​នឹង​ផ្តល់​អំណោយ​ទៅ​សហ​រដ្ឋ​អាមេរិក ​ពាក់​ព័ន្ធ​ផ្នែក​តាន​តឹង​នយោបាយ​នៅ​កម្ពុជា ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​នយោបាយ​ ​ក្តីក្តាំង​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​លោក ​កឹម សុខា ​នៅ​តុលាការ​ និង​បញ្ហា​ជា​ច្រើន​ទៀត ​ដែល​កម្ពុជា​អាច​ដោះស្រាយ​បាន​ដោយ​ខ្លួន​ឯង​ ដើម្បី​ឈាន​ទៅ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​និង​បង្កើត​ទំនាក់ទំនង​ការបរទេស​ល្អ​ជា​មួយ​អាមេរិក។​

លោក​បន្ត​ថា​ កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នេះ ​ក៏​ជា​«ឱកាស​មាស»​ សម្រាប់​កម្ពុជា​ក្នុង​ការ​ទាញ​យក​ប្រយោជន៍ ​ការ​ស្តារ​ផ្នែក​ជំនួញ​ឡើង​វិញ​ និង​បង្កើន​ការ​ពង្រឹង​ទំនាក់ទំនង​ការ​បរទេស ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ដែរ ប៉ុន្តែ​លោក​ថា​ ​កម្ពុជា​ត្រូវ​តែ​រក្សា​អព្យាក្រឹត​ និង​គិត​គូរ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ ដែល​ជា​គោលការណ៍​គ្រឹះ​ដែល​សហ​រដ្ឋ​អាមេរិក​ចង់​ឃើញ​កម្ពុជា​អនុវត្ត។​

លោក​ថ្លែង​ថា៖ ​«កិច្ច​ប្រជុំ​អាមេរិក អាស៊ាន​នៅ​ពេល​ខាង​មុខ​នេះ​ដែល​កម្ពុជា​ ជា​ម្ចាស់​ផ្ទះ​ ហើយ​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​នៅ​អាមេរិក​វិញ​ ខ្ញុំ​កំពុង​តែចង់​តាម​ដាន​ ហើយ​ចាំ​មើល​ដែរ​ ថា​ តើ​កម្ពុជា​នឹង​មាន​អ្វី​ជា​ កាដូរ​ ជា​របស់​កំដរ​ដៃ​ទៅ​សហ​រដ្ឋ​អាមេរិក ជាពិសេស ​គឺ​របស់​កំដរ​ដៃ​ជា​អំណោយ​ ទាក់ទង​រឿង​បញ្ហា​នយោបាយ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ។​ ខ្ញុំ​ជឿ​ថា​ ប្រហែល​ជា​អាច​មាន​កិច្ច​ពិភាក្សា ​ឬ​ការ​ជជែក​ណា​ក្នុង​កម្រិត​ណាមួយ​ទាក់ទង​រឿង​អស់​ទាំង​នេះ។​ ហើយ​ខ្ញុំ​ក៏​មាន​សង្ឃឹម​វិជ្ជមាន​ដែរ​ ថា ​កម្ពុជា​អាច​នឹង​មាន​ជា​អំណោយ​ផ្នែក​នយោបាយ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​កម្ពុជា»។​

លោក​បន្ត​ថា៖ ​«ការ​បន្ធូរ​បន្ថយ​ ឬ​ការ​បើក​ឱ្យ​មាន​លម្ហ​សេរីភាព​ផ្នែក​ពលរដ្ឋ​ សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ​ ក៏​ដូច​ជា​ការ​បង្កើត​នូវ​បរិយាកាស​ នយោបាយ​ដែល​មាន​ភាព​សុខដុម​រមនា​ និង​មិន​មាន​ការ​ធ្វើ​ទុក្ខ​មុកម្នេញ​ទៅលើ​ប្រជា​ពលរដ្ឋ សកម្មជន​នយោបាយ​ ក៏ដូច​ជា​អ្នក​នយោបាយ​ហ្នឹង​ ខ្ញុំ​ជឿ​ថា​ នឹង​ធ្វើ​ឱ្យ​លទ្ធផល​នៃ​ជំនួប​រវាង​កម្ពុជា ​និង​អាមេរិក​នៅ ពេល​ខាង​មុខ​នេះ​មាន​ផ្លែផ្កា​ជា​ដុំ​កំភួន»។​

ប៉ុន្តែ​លោក​ថា​ ប្រសិន​បើ​ស្ថានភាព​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា ​មិន​កែ​ប្រែ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ឬ​នៅ​តែ មាន​ភាព​អាប់អួរ​ នោះ​ទំនាក់​ទំនង​កម្ពុជា​អាមេរិក ​នឹង​នៅតែ​មាន​ភាព​ប្រេះ​ឆា ​មិន​ស៊ី​សង្វាក់​គ្នា​ និង​មិន​ស្អិត​ល្មួត​ដែល​ធ្វើ​ឱ្យ​ល្អក់​កករ​ដល់​ទំនាក់ទំនង​ ក៏​ដូច​ជា​ដំណើរ​ការ​ជួញ​ដូរ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរផង​ដែរ។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថាកិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​នឹង​ពិភាក្សា​អំពី​កិច្ច​ការ​រួម​របស់​អាស៊ាន ​ដើម្បី​ផល​ប្រយោជន៍​រួម មាន​ទាំង​កិច្ច​ការ​ប្រតិបត្តិការ​ និង​ការ​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាដើម។​ លោក​បន្ត​ថា​ ជំនួប​ទ្វេភាគី​រវាង​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក​ គឺ​មិន​ទាន់​កំណត់​ពេល​វេលា​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ។​

លោក​ថ្លែង​ថា៖ ​«អគ្គ​លេខាធិការដ្ឋាន​របស់​អាស៊ាន ​ឬ​ក្រសួង​ការ​បរទេស​គេ​មាន​ការ​ឆ្លង​ឆ្លើយ​គ្នា​រវាង​ទូត​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ជាមួយ​ប្រមុខ​ការទូត​របស់​កម្ពុជា​ ថាតើ​មាន​ការ​សុំ​ជួប​ Sideline ទេ ​[ជួប​ទ្វេភាគី​ក្រៅពី​កិច្ច​ប្រជុំ​ពិសេស] ​ជា​ឯកជន​រវាង​ប្រទេស​នីមួយៗ​ហ្នឹង​ដែរ​ឬ​ទេ? ​ជា​ធម្មតា​គេមាន​ ប៉ុន្តែ​ឥឡូវ​នេះ​អត់​ទាន់​បាន​ទទួល​នូវ​ព័ត៌មាន​ ពី​កាល​វិភាគ​នៃ​ការ​ជួប​ជុំ ​[ទ្វេ​ភាគី] ទេ»។​

ចំណែក​លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រាប់​វីអូអេ​ថា​ក្រៅពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​អាមេរិក​ គឺ​នឹង​អាច​មាន​ជំនួប​ទ្វេភាគី​រវាង​រដ្ឋាភិបាល​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក ​ដោយ​លោក​ថា​ ​រដ្ឋាភិបាល​បាន​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​ប្រជុំ​នៅ​សហ​រដ្ឋ​អាមេរិក ​និង​ដឹង​ពី​ឱកាស​ជួប​ទ្វេភាគី​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ថ្លែង​ការពារ​គោល​នយោបាយ​របស់​កម្ពុជា ​ដោយ​ផ្ទាល់។ លោក​ការពារ​ថា ​រដ្ឋា​ភិបាល​តែងតែ​បើក​លម្ហ​សេរីភាព​ដល់​ប្រជា​ពលរដ្ឋ​ជានិច្ច។​

លោក​បញ្ជាក់​ថា៖ ​«បង្ហាញ​អំពី​ជំហរ​ផ្លូវ​ការ​របស់​ប្រទេស​[កម្ពុជា]​ជូន​ទៅ​ភាគី​មហា​អំណាច​ឱ្យ​លោក​យល់ កុំ​ឱ្យ​មាន​ភាព​ស្រពេច​ស្រពិល»។​

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ អាមេរិក​នេះ ​ត្រូវ​បាន​លើក​ពេល​ម្តង​រួច​មក​ហើយ​ កាល​ពី​ចុង​ខែ​មីនា​ ដោយ​សារតែ​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​មិន​អាច​ចូល​រួម​តាម​ពេលវេលា​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​បាន៕​

XS
SM
MD
LG