ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំពិសេសមួយជាមួយមេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន (ASEAN) នៅរដ្ឋធានីវ៉ាស៊ីនតោនពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភាខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ស្របពេលដែលសហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់។
សេចក្ដីប្រកាសរបស់សេតវិមានដែលបានចេញផ្សាយកាលពីថ្ងៃទី ១៦ ខែមេសា បានបញ្ជាក់ថា កិច្ចប្រជុំពិសេសរវាងសហរដ្ឋអាមេរិកនិងអាស៊ាននេះមានបំណងបង្ហាញអំពី «ការតាំងចិត្តមិនប្រែប្រួល» របស់សហរដ្ឋអាមេរិកនៅក្នុងការធ្វើជាដៃគូរបស់អាស៊ាន និងដើម្បី «ប្រារព្ធខួប ៤៥ ឆ្នាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន»។
ដំបូង កិច្ចប្រជុំពិសេសនេះត្រូវបានគ្រោងធ្វើកាលពីចុងខែមីនាកន្លងទៅ ប៉ុន្តែត្រូវបានលើកពេល ដោយសារតែមេដឹកនាំអាស៊ានមួយចំនួនមិនអាចចូលរួមតាមពេលវេលាស្នើឡើងរបស់សហរដ្ឋអាមេរិកបាន។
កិច្ចប្រជុំនេះនឹងធ្វើឡើងដើម្បីពង្រឹងបន្ថែមនូវការចូលរួមរបស់លោក Biden នៅក្នុងកិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងអាស៊ានកាលពីខែតុលា ឆ្នាំមុន ដែលនៅពេលនោះលោកបានប្រកាសនូវថវិកាចំនួន ១០២ លានដុល្លារ ក្នុងគម្រោងផ្ដួចផ្ដើមថ្មី ដើម្បីពង្រីកការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអាស៊ានលើ «ការស្ដារឡើងវិញនូវផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ និងសន្តិសុខសុខាភិបាល ការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ការជំរុញកំណើនសេដ្ឋកិច្ចជាទូទៅ ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងឱ្យបានជ្រាលជ្រៅនូវទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ»។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់សេតវិមាននោះថា៖ «វាគឺជាអាទិភាពកំពូលសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Biden និងអ្នកស្រីអនុប្រធានាធិបតី Harris នៅក្នុងការធ្វើជាដៃគូដ៏រឹងមាំនិងជាទីទុកចិត្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សេចក្ដីប្រាថ្នារួមរបស់យើងសម្រាប់តំបន់នេះនឹងបន្តទ្រទ្រង់ការតាំងចិត្តរួមរបស់យើងនៅក្នុងការធ្វើឱ្យប្រសើរឡើងនូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរីនិងបើកចំហ មានសន្តិសុខ មានទំនាក់ទំនង និងមានភាពធន់»។
ក្រុមប្រឹក្សាអាជីវកម្មសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (US Chamber of Commerce) បានសម្ដែង «ការគាំទ្រខ្លាំងក្លា» ចំពោះកិច្ចប្រជុំពិសេសរវាងសហរដ្ឋអាមេរិកនិងអាស៊ាននេះ។
លោកឯកអគ្គរដ្ឋទូត Ted Osius ដែលជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សានេះ បាននិយាយថា៖ «រដ្ឋបាលរបស់លោកប្រធានាធិបតី Biden និងអ្នកស្រីអនុប្រធានាធិបតី [Kamala] Harris បន្តបង្ហាញការតាំងចិត្តចំពោះមិត្តភក្តិនិងដៃគូអាស៊ានរបស់យើង សូម្បីតែនៅពេលដែលកំពុងគ្រប់គ្រងវិបត្តិនៅក្នុងតំបន់អឺរ៉ុបខាងកើតក៏ដោយ»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអាជីវកម្មសហរដ្ឋអាមេរិក-អាស៊ាន ដែលចេញផ្សាយកាលពីថ្ងៃទី ១៦ ខែមេសា។
លោក Osius បានបន្ថែមថា៖ «នៅក្នុងឆ្នាំដំបូងរបស់ខ្លួន រដ្ឋបាលនេះបានបង្ហាញនិងបានធ្វើកិច្ចការដ៏មានតម្លៃបំផុតនៅក្នុងការចាប់ផ្ដើមពង្រឹងឡើងវិញនូវទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍។ សហគមន៍អាជីវកម្មអាមេរិកទន្ទឹងរង់ចាំកិច្ចប្រជុំនេះក្នុងក្ដីរំពឹងថាវាជាឱកាសដ៏សំខាន់មួយនៅក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអាជីវកម្មសហរដ្ឋអាមេរិក-អាស៊ាននេះក៏បានដកស្រង់ផងដែរនូវសម្ដីរបស់លោក Myron Brilliant ដែលជានាយករងប្រតិបត្តិនិងជាប្រធានផ្នែកកិច្ចការអន្តរជាតិនៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបាននិយាយថា៖ «យើងគាំទ្រខ្លាំងក្លាចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតី Biden និងអ្នកស្រីអនុប្រធានាធិបតី Harris នៅក្នុងការចូលរួមនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងមានកម្លាំងចិត្តនៅពេលបានឮការប្រកាសអំពីកិច្ចប្រជុំដែលនឹងចូលមកដល់នេះ»។
លោក Brilliant បានបន្ថែមថា៖ «យើងខ្ញុំសូមសរសើរជាពិសេសដល់រដ្ឋបាលនេះសម្រាប់ការរៀបចំកិច្ចប្រជុំនេះឡើង បើទោះបីជានៅចំពេលដែលមានសង្គ្រាមនិងវិបត្តិជាបន្តនៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។ ជាការពិត ការធ្វើដូច្នេះនៅពេលនេះបង្ហាញឱ្យឃើញអំពីភាពម៉ឺងម៉ាត់នៃការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍។ ការប្រឡូកជាមួយប្រទេសទាំងនេះគឺសំខាន់សម្រាប់ការពង្រឹងឡើងវិញនិងការពង្រីកទំនាក់ទំនងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាស្នូលនៃផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក»៕