ក្រុមសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលចំនួន ៥៥ ស្ថាប័ន បានដាក់ញត្តិរួមគ្នា ដោយស្នើរដ្ឋាភិបាលសាងសង់ស្តូប «បញ្ឈប់វប្បធម៌និទណ្ឌភាព» នៅរាជធានីភ្នំពេញ ដើម្បីជាការបង្ហាញយុត្តិធម៌សង្គម និងរក្សានូវសន្តិភាពផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋ។
ការស្នើនេះធ្វើឡើងស្របពេលមានការប្រារព្ធខួប ២០ឆ្នាំនៃករណីឃាតកម្មទៅលើ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារក្បែរស្តុបវត្តលង្កា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា និងមានការចូលរួមពីតំណាងអង្គការសមាគម សហជីព និងគណបក្សក្រៅរដ្ឋាភិបាលប្រហែល១០០នាក់។
យោងតាមញត្តិរបស់អង្គការសមាគមចំនួន ៥៥ ដាក់ជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ខែមករានេះ និទណ្ឌភាពគឺជាបញ្ហាដ៏រសើបមួយដែលកំពុងតែញាំញីនៅក្នុងសង្គម និងថា «ការបញ្ចប់និទណ្ឌភាពនៅកម្ពុជា» គឺជាកាតព្វកិច្ចដ៏សំខាន់មួយរបស់រដ្ឋក្នុងការលើកកម្ពស់នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។ ញត្តិបញ្ជាក់ទៀតថា បើសិននៅតែបន្តឱ្យមាននូវបញ្ហានិទណ្ឌភាពនោះ វាគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សាធារណជន បំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ ជាពិសេសសកម្មជនសិទ្ធិមនុស្សនានា ក្នុងសកម្មភាពតស៊ូមតិ និងស្វែងរកការគាំទ្រ ដើម្បីផលប្រយោជន៍សង្គមជាតិ និងធ្វើឱ្យមានការកើនឡើងនូវការរំលោភអំណាច និងអំពើពុករលួយ ហើយជាលទ្ធផល ភាពអយុត្តិធម៌សង្គមបន្តកើតមានកាន់តែធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋកាន់តែបន្តរងគ្រោះជាបន្តបន្ទាប់។
វត្តមាននៃស្តូបមួយនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីជាការដាស់តឿន និងរំឭកដល់ភាគីដែលពាក់ព័ន្ធឱ្យរួមគ្នាលុបបំបាត់វប្បធម៌និទណ្ឌភាព លើកកម្ពស់ យុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ដើម្បីសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍដ៏ពិតប្រាកដ។ នេះបើយោងតាមញត្តិ។
ញត្តិដដែលបន្តថា គិតចាប់ពីឆ្នាំ ១៩៩៤ មក យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន១៥នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា ដោយពុំទទួលបានយុត្តិធម៌នៅឡើយ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានជនណាម្នាក់ត្រូវបាននាំយកមកកាត់ទោសតាមច្បាប់នៅឡើយ។
ករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ក៏ការស៊ើបអង្កេតមិនបានបង្ហាញមុខជនល្មើសផ្សេងទៀត ក្រៅពីឃាតកម្នាក់ដែលត្រូវបានផ្តន្ទាទោស និងត្រូវបានសាធារណជនជឿជាក់ថា មិនមែនជាឃាតកពិតប្រាកដឡើយ។ នេះបើតាមញត្តិ។
អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ក៏ត្រូវបានឃាតកបាញ់សម្លាប់នៅកណ្តាលថ្ងៃ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ នៅតូបលក់កាសែតមួយកន្លែងនៅខាងក្រៅវត្តលង្កា។ អស់រយៈពេល២០ឆ្នាំមកហើយ ដែលឃាតកពិតប្រាកដមិនទាន់ត្រូវបានយកមកផ្ដន្ទាទោសនៅឡើយទេ។ នេះបើតាមញត្តិ។
ក្នុងពិធីប្រារព្ធខួប ២០ឆ្នាំនៃការស្លាប់របស់លោក ជា វិជ្ជា លោក ជា មុនី ដែលជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា លើកឡើងថា លោកនៅតែមានអារម្មណ៍តក់ស្លុតដដែល ដោយសារកាលពី ២០ឆ្នាំមុន ទីតាំងនេះ មានគេបាញ់លោក ជា វិជ្ជា បងប្រុសរបស់លោក ដែលលោកថា ការបាញ់នេះគឺជាការរៀបចំដើម្បីធ្វើឃាតតែម្តង។ លោកនៅតែបន្តជំរុញឱ្យភាគីខាងរដ្ឋាភិបាលជួយស្វែងរកជនបង្ក និងរកយុត្តិធម៌ចំពោះជនរងគ្រោះ។
លោក ជា មុនី ថ្លែងថា៖ «ថ្ងៃនេះគឺជាឱកាសមួយដែលខ្ញុំជម្រាបទៅរដ្ឋាភិបាលកម្ពុជាឱ្យមានការស្វែងរកឃាតកដែលអស់លោកគិតថា គាត់នៅមានសេរីភាពនៅឡើយ។ អ៊ីចឹងទៀត យើងសុំថ្លែងទៅរដ្ឋាភិបាលទៀតថា គ្រប់ករណីឃាតកម្មទាំងអស់ មិនមែនតែលោកជា វិជ្ជាទេ សូម្បីឃាតកម្មបង្ហូរឈាមនៅផ្លូវវេងស្រេងក៏ដោយបាទ ក៏សុំឱ្យមានការវែកមុខរកយុត្តិធម៌ឱ្យពួកគាត់ផង»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា ជុំវិញករណីនៃការបាញ់សម្លាប់លោក ជា វិជ្ជា ក្រសួងមហាផ្ទៃមិនទាន់បិទការស៊ើបអង្កេតនៅឡើយទេ។ លោកក៏អំពាវនាវដល់អ្នកដែលបានដឹងរឿងជុំវិញនៃការបាញ់សម្លាប់លោក ជា វិជ្ជា ឱ្យមកសហការគ្នាដើម្បីងាយស្រួលក្នុងការស្វែងរកជនល្មើស។
លោកលើកឡើងថា៖ «ករណីនេះមិនទាន់ត្រូវបានក្រសួងមហាផ្ទៃបិទបញ្ជីស៊ើបអង្កេតទេ។ បញ្ជីនៅតែចំហដដែលទេ ប៉ុន្តែសុំអំពាវនាវឱ្យអ្នកដែលបានព័ត៌មានហ្នឹង ចូលខ្លួនមកបញ្ជាក់ឱ្យច្បាស់លាស់បន្ថែមទៀត។ អ្នកដែលបានឃើញ សាក្សីដែលបានឃើញ ដើម្បីឱ្យយើងមានមូលដ្ឋានធ្វើការវិនិច្ឆ័យ»។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់សង់ត្រាល់ ដែលចូលរួមក្នុងការដាក់ញត្តិស្នើសុំនេះ ប្រាប់វីអូអេថា គោលបំណងនៃការដាក់ញត្តិនេះឡើងគឺដើម្បីស្នើសុំឱ្យមានការកសាងស្តូបរំឭកដល់វីរភាពរបស់សកម្មជន អ្នកការពារសិទ្ធិមនុស្ស អ្នកប្រជាធិបតេយ្យ និងអ្នកស្រឡាញ់នូវយុត្តិធម៌ ដើម្បីឱ្យមានការគោរពសិទ្ធិមនុស្សមួយពិតប្រាកដ។
ក្នុងឱកាសខួប២០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ក្រុមសង្គមស៊ីវិល និងសមាគមពាក់ព័ន្ធទាំងអស់ចង់ឃើញឱ្យមានការបិទបញ្ចប់នូវវប្បធម៌និទណ្ឌភាព ដើម្បីលើកកម្ពស់នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ឃុន ថារ៉ូ។
លោកថ្លែងថា៖ «ការកសាងស្តូបនេះវាមានសារៈសំខាន់ណាស់។ វាអាចជាការដាស់តឿនក្រើនរំឭកទៅដល់អ្នកនយោបាយ អ្នកដែលមានឥទ្ធិពល មានអំណាចទាំងអស់ហ្នឹង គឺត្រូវចូលរួមទាំងអស់គ្នាដើម្បីលុបបំបាត់ ពីព្រោះថា អំពើអយុត្តិធម៌ដែលកើតមានឡើងនៅក្នុងសង្គម អំពើឃាតកម្ម ទាំងអ្នកសារព័ត៌មាន ទាំងអ្នកសកម្មជនសិទ្ធិមនុស្ស សិទ្ធិការងារ សិទ្ធិដីធ្លី បរិស្ថានទាំងអស់ហ្នឹង គឺវាកើតចេញមកពីទំនាស់នៃអំណាច ឬក៏អ្នកដែលមានឥទ្ធិពលហ្នឹងនៅក្នុងការដែលបង្កើនឡើងនិទណ្ឌភាពសង្គម»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការសង់ស្តូបមិនមែនជាការរួមចំណែកលើកកម្ពស់វិស័យយុត្តិធម៌ ឬនិទណ្ឌភាពនៅកម្ពុជាឡើយ។
លោកបញ្ជាក់ថា៖ «ថ្មីៗនេះឃើញហើយ ក្រសួងយុត្តិធម៌បានប្រកាសធ្វើសន្និសីទកាសែតមួយកងរំពង សុំឱ្យពួកគាត់មើលថា តើគេធ្វើអ្វី? រដ្ឋាភិបាលបានកំពុងតែធ្វើអ្វីនៅក្នុងការលើកកម្ពស់វិស័យយុត្តិធម៌ជូនប្រជាពលរដ្ឋយើង ខិតខំគ្រប់បែបយ៉ាងទាំងអស់ ដើម្បីធ្វើម៉េចឱ្យប្រជាពលរដ្ឋយើងមានយុត្តិធម៌ ទទួលបានយុត្តិធម៌ ភាគីទាំងសងខាងនៃគូក្តីទទួលបានយុត្តិធម៌។ នេះគឺការងារពិតប្រាកដវិស័យយុត្តិធម៌នៅកម្ពុជា មិនមែនទៅធ្វើស្តូបហើយអាចកែលម្អវិស័យយុត្តិធម៌ ឬក៏បំបាត់និទណ្ឌភាពបានទេ! ទាល់តែសកម្មភាពជាក់ស្តែង»។
លោកឱ្យដឹងទៀតថា សព្វថ្ងៃនេះរដ្ឋាភិបាលកំពុងតែខិតខំលើកកម្ពស់វិស័យយុត្តិធម៌ និងប្រព័ន្ធច្បាប់ជូនប្រជាពលរដ្ឋ៕
វេទិកាបញ្ចេញមតិ