ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

១៨ឆ្នាំ​ក្រោយ​ឃាតកម្ម​លោក ជា វិជ្ជា គ្រួសារ​អស់​ជំនឿ​ថា រដ្ឋ​អាច​វែក​មុខ​ឧក្រិដ្ឋជន


រូបឯកសារ៖ កម្មករកាត់ដេរដាក់រូបថតលោក ជា វិជ្ជា ដែលជាអតីតប្រធានសហជីពសេរីកម្មករ នៅក្បែររូបសំណាករបស់លោក ក្នុងអំឡុងពិធីគម្រប់ខួប ១១ ឆ្នាំនៃការសម្លាប់លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៥។
រូបឯកសារ៖ កម្មករកាត់ដេរដាក់រូបថតលោក ជា វិជ្ជា ដែលជាអតីតប្រធានសហជីពសេរីកម្មករ នៅក្បែររូបសំណាករបស់លោក ក្នុងអំឡុងពិធីគម្រប់ខួប ១១ ឆ្នាំនៃការសម្លាប់លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៥។

គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ វា​មាន​រយៈ​ពេល​១៨ឆ្នាំ​ហើយ ដែល​ការ​ស្វែង​រក​ឃាត​ករ​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​តែ​មិន​ទាន់​មាន​តម្រុយ​ និង​ពន្លឺ​យុត្តិ​ធម៌​នៅឡើយ។

នៅ​អំឡុង​ខួប​មរណភាព​លើក​ទី១៨​នៃ​មរណភាព​អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បាញ​ល្បី​រូប​នេះ ​ក្រុម​គ្រួសារ​ គឺ​គ្មាន​សង្ឃឹម និ​ង​លែង​មានជំនឿចិត្ត​លើចេតនារបស់​សមត្ថ​កិច្ច​ក្នុង​ការស្វែង​រក​ឃាតករ​ពិត​ប្រាកដ​។ ហើយ​ពួក​គេ​ថា ប្រសិនបើ​សមត្ថកិច្ច​មាន​ចេតនា​ពិត​ប្រាកដ គឺ​មិន​ពិបាក​ស្វែង​រក​ជន​ដៃ​ដល់​នោះ​ទេ​។

លោក ​ជា វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​ចំ​សៀត​ផ្កា និងដើមទ្រូង ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០០៤ ​ខណៈ​លោក​កំពុង​ឈរ​នៅ​ក្នុង​តូប​កាសែត​មួយ ​ខាងលិច​វត្ត​លង្កា​ ក្នុង​ទីក្រុង​ភ្នំពេញ។

​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​បាន​ទទួល​រង​ការ​ព្រមាន​សម្លាប់ ​និង​ការ​គំរាម​កំហែង​ពី​ជន​មិន​ស្គាល់​មុខ​ជា​បន្ត​បន្ទាប់ ​ចំពោះ​សកម្មភាព​សហជីព​ដ៏​សកម្ម​របស់​លោក ​ដើម្បី​ទាម​ទារ​អត្ថប្រយោជន៍ដល់​កម្មករ​រួមមាន​ទាំង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ផង​ដែរ​នោះ។

​លោក​ ជា មុន្នី ប្អូន​ប្រុស​បង្កើត​របស់​លោក​ ជា វិជ្ជា បាន​ប្រាប់​វីអូអេ​ថា ​លោក​គ្មាន​ជំនឿ​លើ​សមត្ថ​កិច្ច​ក្នុង​ការ​ស្វែង​រក​មុខ​ឃាតករ​ដែលសម្លាប់​បងប្រុស​របស់ខ្លួន​នោះ​ទេ ខណៈលោកថា ​ប្រសិន​បើ​សមត្ថ​កិច្ច​មាន​ចេតនា​ពិត​ប្រាកដ​ គឺ​មិន​ពិបាក​ស្វែង​រក​ជន​បង្ក​នោះ​ទេ​។

លោកថ្លែង​ថា៖ «ប្រសិន​បើ​មាន​ចេតនា​រក​វិញ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ វា​មិន​លើស​ពី​២៤​ម៉ោង​ទេ។ តែរឿង​នេះ​ ទុករហូត​ដល់​១៨​ឆ្នាំ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន អ្នក​ខ្លះ​ចាស់​ជរា អ្នក​ខ្លះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អ្នក​ខ្លះ​ទៀត​បាត់​បង់​ការ​ចងចាំ​អស់​ហើយ​។ អ៊ីចឹង​ករណី​ឃាតកម្ម​រយៈពេល​១៨​ឆ្នាំ​ហ្នឹង​ មក​ដល់​ពេល​នេះ ខ្ញុំ​ឆ្លើយ​សំណួរយ៉ាងខ្លី​ថា ពុំ​ទាន់​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ»​។

លោក​បន្ត​ថា​ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ប្រទេស​ ​ដែល​គិត​គូរ​ពីលទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ទើប​លោក​មាន​សង្ឃឹម​ថា​ អាច​ទទួល​បាន​ពន្លឺ​យុត្តិធម៌​សម្រាប់​បង​ប្រុស​របស់​ខ្លួន​លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ​។

លោក​បញ្ជាក់ថា៖ «នៅ​ក្នុង​សម័យ​នេះ​ រដ្ឋាភិបាល​នេះ ខ្ញុំ​អត់​មាន​សង្ឃឹម​ទេ​។ ប៉ុន្តែ​បើ​មាន​ការ​ផ្លាស់​ប្តូរសង្គម​ ដែល​មាន​អ្នកដឹក​នាំ​ណាមួយ​ដែល​គិត​ពីសិទ្ធិ​សេរីភាព គិត​ពីប្រជាធិបតេយ្យ គិត​ពី​យុត្តិធម៌​ទូទៅ​របស់​មនុស្ស​ជាតិ​ អាហ្នឹង​ គឺ​អាច​រក​ឃើញ​ហើយ​។ ហើយ​បច្ចុប្បន្ននេះ​ វាមាន​អ្វី​ត្រូវ​ពិបាក​ហ្នឹង​ឆ្លើយ​ ពីព្រោះ១៨​ឆ្នាំ​ហើយ​អត់​រក​ អ៊ីចឹង​មាន​ន័យ​ថា​ គ្មាន​ចេតនា​ចង់​រក​យុត្តិ​ធម៍ទេ»។

រូបឯកសារ៖ សហជីពម្នាក់កាន់ធូបនៅពីលើរូបថតរបស់លោក ជា វិជ្ជា ដែលជាអតីតប្រធានសហជីពសេរីកម្មករ ក្នុងអំឡុងពិធីគម្រប់ខួប ៦ ឆ្នាំនៃការសម្លាប់លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១០។
រូបឯកសារ៖ សហជីពម្នាក់កាន់ធូបនៅពីលើរូបថតរបស់លោក ជា វិជ្ជា ដែលជាអតីតប្រធានសហជីពសេរីកម្មករ ក្នុងអំឡុងពិធីគម្រប់ខួប ៦ ឆ្នាំនៃការសម្លាប់លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១០។

វី​អូអេ​ មិន​ទាន់​អាច​សុំ​ការអត្ថា​ធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ​ និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន បាន​នៅ​ឡើយ​ទេ។

ក្រោយ​ឃាតកម្ម​លោក ជា វិជ្ជា សមត្ថកិច្ច​ បាន​ចាប់​ជន​សង្ស័យ​ពីរ​រូប ឈ្មោះ​ ប៊ន សំណាង​ និង​ សុក សំអឿន ​យក​ទៅ​កាត់​ទោស​ជាប់​ពន្ធនាគារ​២០ឆ្នាំ​ តែ​ត្រូវ​បាន​តុលាការ​កំពូលដោះ​លែង​វិញ​កាល​ពី​ឆ្នាំ​២០១៣ ​ក្រោយ​ពី​បាន​ចំណាយ​ពេល​អស់​ ២០​៧២ ​ថ្ងៃ​ក្នុង​ពន្ធនាគារ។​

កំណត់​ហេតុ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អ.ស.ប. បង្ហាញ​ថា ការ​កាត់​ទោស​អ្នក​ទាំង​ពីរ​ខ្វះ​ភស្ដុតាង​រឹង​មាំ ដោយ​សំណុំ​អង្គហេតុ​ផ្ដេកផ្ដួល​លើ​ចម្លើយ​សារភាព​ដោយ​បង្ខំ​ និង​មិន​អើ​ពើ​លើ​សក្ខី​កម្ម​របស់​សាក្សី​ជា​ម្ចាស់​តូប​កាសែត​ដែល​អះអាង​ថា​ ជន​ទាំង​ពីរ​មិន​មាន​វត្តមាន​នៅ​ ឬ​ក្បែរ​កន្លែង​កើត​ហេតុ​ឡើយ​។

ដោយ​ឡែក​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្កើត​គណៈ​កម្មការ​អន្តរ​ក្រសួង​ស៊ើប​អង្កេត​ពិសេស​លើ​ករណី​ឃាត​កម្ម​លើ​មេដឹក​នាំ​សហជីព លោក ជា វិជ្ជា ​លោក​ ហ៊ី វុទ្ធី​ និង​លោក​ រស់ សុវណ្ណារ៉េត​។

យ៉ាងណា​ក្ដី​គណៈ​កម្មការ​អន្តរ​ក្រសួង​នេះ​ មាន​អាយុ​រស់​រាន​បាន​តែ​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ ​ហើយ​មិន​ទាន់​បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ជា​សាធារណៈ​ណាមួយ​នៅឡើយ​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន ក៏​ត្រូវ​បាន​លោក​ ហ៊ុន សែន​ ចេញ​សេចក្ដី​សម្រេច​និរាករណ៍​ចោល​វិញ​ ដែល​ជំនួស​ដោយ​គណៈ​កម្មការ​ជាតិ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​អនុ​សញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​។

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នក​ស្រី ​ចក់ សុភាព ​បាន​មើល​ឃើញ​ថា ​ទង្វើ​របស់​សមត្ថ​កិច្ច​ គឺ​មាន​ភាពសកម្ម​ផ្ទុយគ្នា​រវាង​ការ​ចាប់​ខ្លួនសកម្មជន​សង្គម​ដាក់​ទោស​តាម​ផ្លូវ​តុលាការ​ និង​ការស្វែង​រក​យុត្តិ​ធម៌​ដល់​សកម្ម​ជន​ ដែល​បញ្ហាទាំង​នេះ​នៅ​តែ​ជាវប្ប​ធម៍​និទណ្ឌ​ភាព​ក្នុង​សង្គម​។

អ្នក​ស្រី​បញ្ជាក់​ថា៖ «វប្ប​ធម៌​និទណ្ឌភាព​នេះ បាន​បន្ត​រីក​រាល​ដាល​ ហើយ​ពិសេស​ចំពោះ[ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​លើ]​សកម្ម​ជន ចំពោះ​តួ​អង្គ​ដែល​គាត់​សកម្ម​ក្នុង​សង្គម ក្នុង​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព ឬ​ក៏​សិទ្ធិ​ការ​ងារ​អី​ហ្នឹង​។ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​ករណីប្រឆាំង​ចំពោះ​សកម្មជន​សិទ្ធិមនុស្ស​ ឬសកម្មជន​នយោបាយ​វិញ​នោះ​ យើង​ឃើញ​តុលាការ​ ឬ​ក៏​អាជ្ញាធរ​អីហ្នឹង​ គឺមានការ​ដុត​ដៃ ដុត​ជើង​មែនទែន​ យើង​ឃើញ​មាន​ការ​សហការ​គ្នា​បាន​ល្អ​ក្នុង​ការ​ ធ្វើ​យ៉ាង​ណា​ដៅ​មុខ​សញ្ញា​សកម្ម​ជន​ទាំង​ឡាយ​រហូត​ដល់​មាន​ការ​ផ្តន្ទា​ទោស ឬ​ក៏ការឃ្លាំ​មើល ​តាម​ដាន​សកម្មភាព​របស់​សកម្ម​ជន​គ្រប់​បែបយ៉ាង​»​។

អ្នក​ស្រី​បន្ត​ថា ​អាជ្ញាធរ​គួរប្រឹង​ប្រែងបំពេ​ញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​ជន​បង្ក​មក​ផ្តន្ទា​ទោស​ ដើម្បី​ជា​ការ​ផ្តល់​ភាព​យុត្តិ​ធម៍​ដល់​ជនរង​គ្រោះ និង​ក្រុមគ្រួសារ​។ ម្យ៉ាង​វិញ​ទៀត អាជ្ញាធរ ត្រូវ​ធានា​សិទ្ធិ​ក្នុង​ការ​ដឹង​លឺ​រឿង​រ៉ាវ​ពិត​ ​កិច្ច​គាំ​ពារ​សង្គមសម្រាប់​ប្រជា​ពល​រដ្ឋឲ្យ​បាន​គ្រប់​គ្រាន់ និ​ងត្រូវ​ធានា​អំពីគោល​ការណ៍​នីតិ​រដ្ឋ ​ដើម្បី​កុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​បាត់​បង់​សេចក្តី​ទុក​ចិត្ត​។

អ្នកស្រីថ្លែង​ថា៖ «នៅ​ពេល​ណា​មាន​ឧក្រិដ្ឋ​កម្ម​នេះ ​កើត​ឡើងដូច​ករណី​លោក ជា វិជ្ជា អ៊ីចឹង​ យើង​ឃើញ​ហើយ​១៨​ឆ្នាំ មិន​មាន​ចំណាត់​ការ​ណាមួយ​ដែល​យើង​ឃើញ​ថា​ ពន្លឺ​យុត្តិ​ធម៌​សម្រាប់​ក្រុម​គ្រួសារ​ ហើយ​ព​ល​រដ្ឋ​ទូទៅ​អាច​ដឹង​រឿង​ពិត​ជុំវិញ​ឃាតកម្ម​នោះ​ទេ។ អ៊ីចឹង​នេះ​វា​នឹង​បង្ហាញអំពី​ការ​អាក់​ខាន​របស់​អាជ្ញាធរ​ក្នុង​ការ​បំពេញ​កាត្វ​កិច្ច​ខ្លួន​ផង​ ហើយ​នឹង​ធ្វើ​ឲ្យពលរដ្ឋ​ដកនូវ​សេចក្តី​ទុក​ចិត្ត​ចំពោះ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ​និង​យុត្តិធម៍​សង្គម​ ដូច​ថា​ មិន​ត្រូវ​បាន​ធានា​នោះ​ទេ»។

ករណី​លោក​ ជា វិជ្ជា ត្រូវ​បាន​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា ស្ថិត​ក្នុង​ចំណោមនៃ​សំណុំ​ដែល​មិន​ទាន់​ដោះ​ស្រាយ​បាន​ចប់​សព្វ​គ្រប់​នៃ​ឃាតកម្ម​ទៅ​លើ​បុគ្គល​នយោបាយ ​និង​លេច​ធ្លោ​ រួម​មាន​ឃាតកម្ម​លើ​នាដ​ការី ពិសិដ្ឋ ពិលិការ នៅឆ្នាំ១៩៩៩ ព្រះ​តេជគុណ សំ ប៊ុនធឿន នៅ​ឆ្នាំ​២០០៣ លោក ឈុត វុទ្ធី នៅឆ្នាំ២០១២ និង​លោកបណ្ឌិត កែម ឡី នៅឆ្នាំ២០១៦ ជាដើម៕

XS
SM
MD
LG