សកម្មជនមួយចំនួននៅរំឭកដល់ការស្លាប់មេដឹកនាំសហជីពលេចធ្លោមួយរូបគឺលោក ជា វិជ្ជា ដែលត្រូវបានខ្មាន់កំាភ្លើងបាញ់ស្លាប់នៅកណ្តាលទីក្រុងភ្នំពេញកាលពី១៩ឆ្នាំមុន។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេបាញ់ចំសៀតផ្កា និងដើមទ្រូង ដេកស្លាប់ក្នុងថ្លុកឈាម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ខណៈលោកកំពុងឈរនៅក្នុងតូបកាសែតមួយ ខាងលិចវត្តលង្កា ក្នុងទីក្រុងភ្នំពេញ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា មិនទាន់ឃើញពន្លឺយុត្តិធម៌នៅឡើយចំពោះឃាតកម្មលើលោក ជា វិជ្ជា ដែលមិនខុសពីឃាតកម្មលើអ្នកអត្ថាធិប្បាយនយោបាយលោក កែម ឡី និងសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី។ អ្នកស្រី បន្ថែមថា ការណ៍នេះបានបង្កឲ្យមានវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅប្រទេសកម្ពុជា។
អ្នកស្រីថ្លែងថា៖ «យើងឃើញថា យុត្តិធម៌សម្រាប់ដូចជាលោក ជា វិជ្ជា ករណី លោក បណ្ឌិត កែម ឡី និងលោក ឈុត វុទ្ធី ដូចជានៅឆ្ងាយ ដែលនេះជាការបន្តនូវវប្បធម៌និទណ្ឌភាពនៅក្នុងសង្គមខ្មែរយើងហ្នឹង»។
បើតាមនាយិការូបនេះ វប្បធម៌និទណ្ឌភាព អាចបង្កការគំរាមកំហែងដល់សាធារណជន និងបំបាក់ស្មារតីប្រជាជពលរដ្ឋក្នុងសកម្មភាពតស៊ូមតិ។
អ្នកស្រីបញ្ជាក់ថា៖ «អ៊ីចឹងក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋាភិបាលហ្នឹងគួរតែធ្វើកិច្ចការងារចាំបាច់ដើម្បីលុបបំបាត់នូវវប្បធម៌និទណ្ឌភាពនេះដើម្បីបញ្ជាក់ថា ប្រទេសកម្ពុជាយើងពិតជាមានប្រព័ន្ធនីតិរដ្ឋមួយដែលរឹងមាំ ហើយផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយមិនមានការរើសអើង»។
អ្នកស្រីបន្ថែមថា អាជ្ញាធរគួរប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនក្នុងការស្វែងរកជនបង្កមកផ្តន្ទាទោស ដើម្បីជាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ម្យ៉ាងវិញទៀត អាជ្ញាធរត្រូវធានាសិទ្ធិក្នុងការដឹងឮរឿងរ៉ាវពិត កិច្ចគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ និងត្រូវធានាអំពីគោលការណ៍នីតិរដ្ឋ ដើម្បីកុំឱ្យប្រជាពលរដ្ឋបាត់បង់សេចក្តីទុកចិត្តលើរដ្ឋាភិបាល។
ថ្លែងនៅក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅទីតម្កល់រូបសំណាកលោក ជា វិជ្ជា ខាងមុខវត្តលង្កា កាលពីថ្ងៃអាទិត្យ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអំពាវនាវឲ្យរដ្ឋាភិបាល ត្រូវតែបន្តនូវសកម្មភាពដើម្បីទាមទាររកយុត្តិធម៌សម្រាប់សកម្មជនសហជីព ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារប្រយោជន៍កម្មករ និងសង្គមជាតិ។
លោកថ្លែងថា៖ «ខ្ញុំសូមយកឱកាសនេះអំពាវនាវម្តងទៀតទៅដល់រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធសូមរកឃាតករពិតដើម្បីផ្តល់យុត្តិធម៌សម្រាប់យើងទាំងអស់គ្នា ដែលជាសិស្សរបស់លោក ជា វិជ្ជា ផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់គាត់ ឲ្យយើងទុកចិត្តថា ឃាតករពិតជានរណា។ យើងមិនទាន់អស់ចិត្តនៅឡើយទេ»។
គួររំឭកថា ការបាញ់សម្លាប់លោក ជា វិជ្ជា កើតមានឡើង បន្ទាប់ពីលោកបានទទួលរងការព្រមានសម្លាប់ និងការគំរាមកំហែងពីជនមិនស្គាល់មុខជាបន្តបន្ទាប់ ចំពោះសកម្មភាពសហជីពដ៏សកម្មរបស់លោក ដើម្បីទាមទារអត្ថប្រយោជន៍ដល់កម្មកររួមមានទាំងការទាមទារដំឡើងប្រាក់ឈ្នួលផងដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃចន្ទនេះថា សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេត និងស្រាវជ្រាវទៅលើករណីការស្លាប់របស់លោក ជា វិជ្ជា ហើយថា អាជ្ញាធរអាចត្រូវការពេលវេលាច្រើនក្នុងការបំបែកសំណុំរឿងស្មុគស្មាញ។
លោកថ្លែងថា៖ «ប្រព័ន្ធយុត្តិធម៌ឬមួយក៏សមត្ថភាពរបស់សមត្ថកិច្ចយើង បើប្រៀបធៀបជាមួយបណ្តាប្រទេសគេផ្សេងទៀតក៏វាមិនជាអន់អីជាងគេប៉ុន្មានដែរក្នុងការស្រាវជ្រាវបំបែកសំណុំរឿង ព្រោះអីសំណុំរឿងស្មុគស្មាញនៅប្រទេសគេក៏គេចំណាយពេលច្រើនឆ្នាំរាប់ឆ្នាំ។ សំណុំរឿងខ្លះបំបែកបាន សំណុំរឿងខ្លះក៏បំបែកមិនបានដូចតែគ្នាអ៊ីចឹងដែរ ប៉ុន្តែគ្រាន់តែថាក្នុងដំណើរការស្វែងរកយុត្តិធម៌គឺសមត្ថកិច្ចនៅតែបន្តធ្វើការងារហ្នឹង»។
ករណីលោក ជា វិជ្ជា ត្រូវបានក្រុមឃ្លាំមើលសិទ្ធិមនុស្សមើលឃើញថា ស្ថិតក្នុងចំណោមសំណុំរឿងដែលមិនទាន់ដោះស្រាយបានចប់សព្វគ្រប់ផ្សេងទៀត ដូចយ៉ាងករណីឃាតកម្មលើនាដការី ពិសិដ្ឋ ពិលិការ នៅឆ្នាំ១៩៩៩ និងព្រះតេជព្រះគុណ សំ ប៊ុនធឿន នៅឆ្នាំ២០០៣ជាដើម៕