ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ- ម្តាយបង្កើតនិងសាច់ញាតិលោក កែម ឡី មានក្តីរីករាយដែលសំណង់ចេតិយរបស់អ្នកវិភាគរូបនោះ ត្រូវបានបញ្ចប់ ប៉ុន្តែពួកគេនៅបន្តបង្ហាញការស្រងាកចិត្តចំពោះការរកយុត្តិធម៌ ដែលពួកគេថានៅមិនទាន់ទទួលបាននៅឡើយ ព្រោះសមត្ថកិច្ចមិនទាន់រកឃើញអ្នកនៅពីក្រោយឃាតកម្មកាលពី៧ឆ្នាំមុន។
ក្នុងវ័យ៨៣ឆ្នាំ អ្នកស្រី ភោគ សេ បានថ្លែងថាការបញ្ចប់ការសាងសង់ចេតិយរបស់កូនប្រុសរបស់អ្នកស្រី គឺលោក កែម ឡី នេះកើតចេញពីការខិតខំរបស់ក្រុមគ្រួសារ និងសប្បុរសជន។
អ្នកស្រីថ្លែងថា៖ «មានទឹកចិត្តរីករាយ ហើយខំ ខ្លួនឯងហ្នឹង ខំធ្វើ ខំសន្សំលុយ ខំអីទាំងអស់ ខំសន្សំលុយ ផ្គត់ផ្គង់ធ្វើ មិនមែនថា ជួលគេប៉ុណ្ណឹងហើយគ្រប់ទេ នៅថែមថយច្រើនបានហើយអាហ្នឹង»។
គិតចាប់តាំងពីការស្លាប់លោកកែម ឡី អ្នកស្រី ភោគ សេ បានមើលថែទាំបរិវេណនៃសំណង់ចេតិយលោក កែម ឡី ដែលបានប្រើពេលប្រហែល៦ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់។
ប្អូនប្រុសបង្កើតលោក កែម ឡី គឺលោក កែម រិទ្ធិសិត ប្រាប់វីអូអេកាលពីថ្ងៃអាទិត្យថាក្រោយ៧ឆ្នាំនៃឃាតកម្មលើបងប្រុសរបស់គាត់ ក្រុមគ្រួសារមានការពិបាកក្នុងការរកប្រាក់ ដើម្បីបង្ហើយសំណង់ចេតិយ។ ប៉ុន្តែការណ៍នេះមិនពិបាកដូចការស្វែងរកយុត្តិធម៌ពិតប្រាកដជូនបងប្រុសគាត់នោះឡើយ ព្រោះថាការចោទប្រកាន់ដែលថាបងប្រុសរបស់គាត់ត្រូវបានគេបាញ់សម្លាប់ ដោយសាររឿងជំពាក់លុយ៣.០០០ដុល្លារនោះ គឺមិនពិតទេ។
លោកថ្លែងថា៖ «ចំពោះអឿត អាង ដែលអះអាងថា ជំពាក់លុយនេះ គឺខ្ញុំគិតថា មិនទេ មិន មិនបានជំពាក់លុយ ពីព្រោះខ្ញុំ ដូចខ្ញុំបាននិយាយខាងដើមអ៊ីចឹង គឺខ្ញុំបាន ធ្វើកិច្ចការងារសិក្សាស្រាវជា្រវជាមួយគាត់ហ្នឹងគឺវារយៈពេលជា៥ឆ្នាំ។ ៥ឆ្នាំរហូតដល់គាត់ស្លាប់។ ខ្ញុំធ្វើការជាមួយគាត់២០១២ រហូតទៅដល់គាត់ស្លាប់។ ២០១៦នេះ គឺខ្ញុំបានដើរជាមួយគាត់រហូតហើយ។ លុយបីពាន់ បួនពាន់អីវា តិចសម្រាប់គាត់ទេ ព្រោះៗគាត់ទទួលគម្រោងធំៗណាស់។ ទទួលគម្រោងមួយអាចពីរម៉ឺនដុល្លារ យ៉ាងតិចក៏បាន៥ពាន់ដុល្លារដែរក្នុងការធ្វើគម្រោង»។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញតូចមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ នាទីក្រុងភ្នំពេញ។
ក្រោយឃាតកម្មទាំងកណ្តាលថ្ងៃនោះ បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចក្រុងភ្នំពេញហើយត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះអឿត អាង ហៅក្រៅថាជួប សម្លាប់។ ជួប សម្លាប់ ដែលអះអាងថាលោក កែម ឡី ជំពាក់លុយខ្លួនចំនួន៣០០០ដុល្លារនោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។
ប៉ុន្តែតុលាការក្រោយមកបានបំបែកសំណុំរឿងនេះជាពីរ គឺការដាក់ទោសលោក ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារមួយជីវិត និងសំណុំរឿងពាក់ព័ន្ធបុគ្គលដទៃទៀតចំពោះឃាតកម្មលើលោក កែម ឡី ហើយសំណុំរឿងពាក់ព័ន្ធបុគ្គលដទៃនេះ មិនទាន់មានតម្រុយអ្វីនៅឡើយទេ។ នេះបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្ស។
ការបាញ់សម្លាប់លោកកែម ឡី កើតឡើងក្រោយពីលោកបានធ្វើសេចក្តីអត្ថាអធិប្បាយក្នុងការចេញផ្សាយរបាយការណ៍មួយរបស់អង្គការការពារបរិស្ថានឈ្មោះ Global Witness ដែលរិះគន់អំពើពុករលួយទាក់ទងនឹងសមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លើសពីនេះ លោក កែម ឡី បានចូលរួមធ្វើបទវិភាគលើបញ្ហាជាច្រើននៅក្នុងសង្គមតាមវេទិកាអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានផ្សេងៗ។ លោកបានវិភាគបញ្ហារសើបៗ ដែលមានដូចជាបញ្ហាព្រំដែន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បរិស្ថាន បក្ខពួកនិយម និងអំពើពុករលួយក្នុងសង្គមខ្មែរ។
ភ្លាមៗក្រោយការបាញ់សម្លាប់លោក កែម ឡី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចាត់ទុកថាការធ្វើឃាតលោក កែម ឡី បានធ្វើឲ្យ«ប៉ះពាល់មុខមាត់រដ្ឋាភិបាលនិងជាការផ្ចាញ់ផ្ចាល់រដ្ឋាភិបាល»។ លោកអំពាវនាវកុំឲ្យយកការបាញ់សម្លាប់នេះ«ធ្វើជារឿងនយោបាយ»។
ការធ្វើពិធីខួបរំឭកការស្លាប់លោកកែម ឡី ត្រូវបានធ្វើឡើងនៅទីតាំងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសផងដែរ។
នៅទីក្រុងភ្នំពេញ អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន និងអ្នកគាំទ្រលោកកែម ឡី ផ្សេងទៀត បាននាំផ្កាទៅដាក់នៅមុខហាងលក់ទំនិញរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច កាលពីព្រឹកថ្ងៃចន្ទនេះ ដើម្បីរំឭកដល់ការបាញ់សម្លាប់លោកកែម ឡី កាលពី៧ឆ្នាំមុន។
លោក រ៉ុង ឈុន ប្រាប់អ្នកចូលរួមការរំឭកខួបឃាតកម្មលោកកែម ឡីថា អ្នកនៅពីក្រោយគម្រោងធ្វើឃាតលោកកែម ឡី គួរត្រូវបាននាំខ្លួនមកផ្តន្ទាទោស ព្រោះលោកយល់ថាឃាតកដែលសមត្ថកិច្ចចាប់បាននោះ ជាឃាតកប្រតិដ្ឋ។
លោកលើកឡើងថា៖«ស្មារតីខួប៧ឆ្នាំនេះដែរ ក្នុងនាមខ្ញុំរ៉ុង ឈុន សូមជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញ ត្រូវតែបន្តវែកមុខរកឃាតក និងអ្នកនៅក្រោយខ្នងឃាតកយកមកផ្តន្ទាទោសតាមច្បាប់»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថាអាជ្ញាធរសមត្ថកិច្ចបានបើកការស៊ើបអង្កេត និងចាប់បានឃាតករួចទៅហើយ ហើយមហាជនទៀតសោតក៏មិនបានប្រតិកម្មខ្លាំងនឹងឃាតកម្មលើអ្នកវិភាគរូបនោះ។
លោកថ្លែងថា៖ «ពីព្រោះករណីលោកបណ្ឌិតកែម ឡី ត្រូវបានបិទបញ្ចប់ដោយតុលាការកម្ពុជារួចហើយ។ រកឃើញឃាតកចាប់ឃាតកចាប់ឃាតកដាក់ពន្ធនាគាររួចហើយ កាត់សេចក្តីត្រឹមត្រូវហើយ។ ដូច្នេះហើយការធ្វើខួបមរណភាពរបស់លោកបណ្ឌិតកែម ឡី ពីខាងក្រៅប្រទេស វាគ្រាន់តែជាទិដ្ឋភាពនយោបាយតែប៉ុណ្ណោះទេ»។
ដោយឡែកអ្នកគាំទ្រ កែម ឡី និងអ្នកការពារសិទ្ធិមនុស្សបានផ្តល់មតិចម្រុះថា ភាពអយុត្តិធម៌ និងការរឹតត្បិតសិទ្ធិមួយចំនួនកំពុងញាំញីសង្គមកម្ពុជា។
លោក ជា មុនី អតីតប្រធានសហព័ន្ធសហជីពសេរីកម្មករ (FTUWKC) និងជាប្អូន ប្រុសលោកជា វិជ្ជា អតីតមេដឹកនាំសហជីពដ៏ល្បីល្បាញម្នាក់ថ្លែងថា៖ «ថ្ងៃនេះផងដែរ ក៏សុំផ្ញើសារទៅដល់ក្រុមគ្រួសារ លោកបណ្ឌិតកែម ឡីថា អ្នកនៅក្នុងស្រុកក្នុងប្រទេសកម្ពុជា អ្នកដែលបានចូលរួមហែសពរបស់គាត់ មកដល់ថ្ងៃនេះគឺនៅតែមានអារម្មណ៍ក្តុកក្តួលដដែល មានការចងចាំដដែល។ អ៊ីចឹងបានជាយើងមកដាក់កម្រងផ្កា ដើម្បីបង្ហាញថាយើងចង់ឱ្យរដ្ឋាភិបាលស្វែងរកឃាតកពិតប្រាកដទាំងអស់ ទាំងលោកជា វិជ្ជាក្តី ទាំងលោកឈុត វុទ្ធីក្តី ទាំងលោកកែម ឡីក្តី។ ហើយរឿងរ៉ាវទាំងអស់នេះ វាមិនអាចបិទបាំងបានទេ។ ពេលវេលា វាជាអ្នកបង្ហាញឃាតកពិត ហើយនិងអ្នកនៅពីក្រោយខ្នងត្រូវតែបង្ហាញនៅថ្ងៃអនាគតមួយ»។
រីឯអ្នកនាំពាក្យសមាមគមការពារសិទ្ធិមនុស្សអាដហុក លោកស៊ឹង សែនករុណា សង្កេតឃើញថា អ្នកនៅពីក្រោយខ្នងឃាតកម្មលោក កែម ឡីកំពុងរស់នៅជាមួយនិទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ខណៈមានភាពចម្រូងចម្រាសជុំវិញឃាតកដែលត្រូវសមត្ថកិច្ចចាប់បាន។
លោកថ្លែងថា៖ «ក្នុងករណីនេះ ខាងយើង ខាងសង្គមស៊ីវិល ឬក៏ប្រជាពលរដ្ឋខ្មែរគ្រប់រូបហ្នឹង នៅតែទទូចចង់ឃើញអំពីយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ដ៏ពិតប្រាកដ ដើម្បីឱ្យមានការជឿជាក់ទៅលើប្រព័ន្ធអនុវត្តន៍ច្បាប់នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងឡើងវិញ»។
អតីតសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅក្នុងទីក្រុងភ្នំពេញលោក ពូ សុវចនា យល់ថាពលរដ្ឋមួយចំនួននៅពេលបច្ចុប្បន្ននេះ កំពុងកំហិតសិទ្ធិសេរីភាពនិយាយស្តីរបស់ខ្លួន ដែលខុសពីលោក កែម ឡី ដែលហ៊ាននិយាយការពិត ដើម្បីប្រយោជន៍សាធារណជនទូទៅ។
លោកប្រាប់វីអូអេថា៖ «បណ្ឌិតកែម ឡី បានដាំពូជ អ្នកស្នេហាជាតិពិតប្រាកដ អ្នកនិយាយការពិត និងអ្នកហ៊ានបញ្ចេញមតិដើម្បីយើងដោះស្រាយសង្គមមួយដែល មានភាពស្មុគស្មាញតាំងពីជំនាន់ខ្មែរក្រហម មកដល់ឥឡូវ ហើយបច្ចុប្បន្នយើងមានភាពរីកចម្រើនមួយចំនួនដែលយើងឃើញជុំវិញខ្លួនយើងហើយ ប៉ុន្តែការរីកចម្រើននេះ វាអត់គ្រប់ជ្រុងជ្រោយ វានៅមានការខ្វះខាតមួយចំនួន។ ដូចយើងដឹងស្រាប់ហើយស្រុកខ្មែរអ្នកមាន កាន់តែមាន ប៉ុន្តែអ្នកក្រមួយចំនួនធំ ដែលថាយើងអរគុណអភិវឌ្ឍន៍ គួរអរគុណអភិវឌ្ឍន៍ដែលមានពីក្រោមឡើងលើ មិនមែនពីលើចុះក្រោមទេ»។
យុវជនមួយក្រុមដែលជាអ្នកតស៊ូមតិខាងបរិស្ថាន ក៏នៅបន្តចងចាំពីការលះបង់របស់លោក កែម ឡី។
លោក ថុន រដ្ឋា សកម្មជនការពារបរិស្ថានថ្លែងថា៖ «ពួកយើងនឹងបន្តនិយាយការពិតអំពីបញ្ហាសង្គមទោះជាមានការគំរាមកំហែងយ៉ាងណាក៏ដោយ។ អរគុណលោកបណ្ឌិតដែលបានលះបង់ ដ៏មហិមាសម្រាប់ពួកយើង។ យើងនឹងចងចាំវីរភាពរបស់បណ្ឌិតកែម ឡី»។
ត្រឡប់ទៅខេត្តតាកែវ លោក កែម រិទ្ធិសិត លើកឡើងថាយុត្តិធម៌សម្រាប់បងប្រុសរបស់គាត់នឹងត្រូវបានរកឃើញពិតប្រាកដឬយ៉ាងណានោះគឺស្ថិតនៅលើដៃអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាល។
ចំណែកលោក វិន វិចិត្រ អាយុ២៩ឆ្នាំ ដែលពិការភ្នែកទាំងសងខាង យល់ថាទោះជាលោក កែម ឡី ស្លាប់ទៅហើយក្តី ក៏លោកនៅមើលឃើញពីគុណធម៌របស់គាត់ដែលប្រឹងរួមចំណែកកសាងសង្គមតាមការវិភាគពីភាពអសកម្មនានានៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ការណ៍ដែលឃើញមុខគាត់ អាហ្នឹងខ្ញុំចង់ឃើញហើយ។ ប៉ុន្តែជាចំណែកមួយ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញច្បាស់ទៀត គឺមើលឃើញពីបេះដូងរបស់គាត់។ អាហ្នឹងវាសំខាន់ជាងការមើលឃើញមុខគាត់ ព្រោះបេះដូងរបស់គាត់យើងមើលឃើញថាឆន្ទៈ និងទឹកចិត្តរបស់គាត់ គឺគាត់មានសម្រាប់ជាតិខ្មែរទាំងមូលធំ។ អ៊ីចឹង ខ្ញុំមើលឃើញបេះដូង ជាជាងមើលឃើញមុខមាត់គាត់»៕