ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល៖ ការ​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន​នៅ​ភ្នំតាម៉ៅ​ជា​«ការ​ប្រើ​ប្រាស់​អំណាច​ដោយ​​ខុស​ច្បាប់»


សកម្មជនបរិស្ថានបួនរូបនៃក្រុមយុវជនខ្មែរថាវរៈ និងអ្នកសារព័ត៌មាន ៥ នាក់មកពីវិទ្យុវីអូឌី ត្រូវបានមន្ត្រីនគរបាលស្រុកបាទីឃាត់ខ្លួននិងសាកសួរ នៅតំបន់ដីព្រៃភ្នំតាម៉ៅ ខេត្តតាកែវ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២។ (រូបថតផ្តល់ឲ្យដោយខ្មែរថាវរៈ)
សកម្មជនបរិស្ថានបួនរូបនៃក្រុមយុវជនខ្មែរថាវរៈ និងអ្នកសារព័ត៌មាន ៥ នាក់មកពីវិទ្យុវីអូឌី ត្រូវបានមន្ត្រីនគរបាលស្រុកបាទីឃាត់ខ្លួននិងសាកសួរ នៅតំបន់ដីព្រៃភ្នំតាម៉ៅ ខេត្តតាកែវ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២។ (រូបថតផ្តល់ឲ្យដោយខ្មែរថាវរៈ)

សមាគម​សារ​ព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៤០ ​ស្ថាប័ន​ បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​របស់​កង​អង្គរក្ស ដោយ​ទះ​កំផ្លៀង​អ្នក​សារព័ត៌មាន យុវជន​បរិស្ថាន និង​ការ​ឃាត់​ខ្លួន​អ្នក​សារ​ព័ត៌មាន និង​យុវជន​នៅ​ភ្នំតាម៉ៅ ជា​ «ការ​ប្រើប្រាស់​អំណាច​ដោយ​ខុស​ច្បាប់»។

កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​សីហា ឆ្នាំ​ ២០២២ អ្នក​សារព័ត៌មាន​វីអូឌី​ ៥ ​នាក់ និង​យុវជន​មួយ​ក្រុម​ទៀត​ ដែល​មាន​គ្នា​ ៤ ​នាក់ បាន​ចុះ​ទៅ​រាយការណ៍​ព័ត៌មាន និង​ពិនិត្យ​មើល​ស្ថានភាព​ដាំដើម​ឈើ​នៅតំបន់​ភ្នំតាម៉ៅ ​ដែល​រង​ការ​ឈូស​ឆាយ​ព្រៃ។ ពួកគេ​បាន​ប្រឈម​នឹង​កម្លាំង​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​មាន​វត្តមាន​នៅ​ទីនោះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍រួម​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៤០​ ស្ថាប័ន រួម​មាន​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (ខេម​បូចា) សមាគម​អាដហុក សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ជាដើម បាន​ចាត់​ទុក​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​ទះ​កំផ្លៀង​លើ​អ្នក​សារ​ព័ត៌មាន​ម្នាក់ និង​យុវជន​ម្នាក់ និង​ថែម​ទាំង​ឃាត់​ខ្លួន​ពួក​គេ​ចំនួន​ ៩ នាក់ ជា «ការ​ប្រើ​ប្រាស់​អំណាច​ ដោយខុស​ច្បាប់» និង​ជា​ «រឿង​អយុត្តិ​ធម៌»។ ពួកគេ​ទាមទារ​ឱ្យមាន​ការ​ស៊ើប​អង្កេត ​និង​ផ្តន្ទាទោស​ចំពោះ​ទង្វើ​បែប​នេះ។

សង្គម​ស៊ីវិល​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «យើង​ខ្ញុំ​សម្តែង​ការ​សោក​ស្តាយ​ផង​ដែរ​ ចំពោះ​ការ​ប្រើ​ប្រាស់​អំណាច​ដោយ​ខុស​ច្បាប់​របស់​អាជ្ញាធរ និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​រូប​រាង​កាយ​លើ​អ្នកសារ​ព័ត៌​មាន ​និង​សកម្មជន​ ហើយ​យើង​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឥត​លម្អៀង​លើ​ហេតុការណ៍​នេះ​ ក៏ដូចជា​ផ្តន្ទាទោស​ចំពោះ​អាជ្ញាធរ​ណា​ ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​និងផ្តល់​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ»។


បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​សំឡេង​ប្រជាធិប​តេយ្យ​វីអូឌី អ្នក​សារព័ត៌មាន​វីអូឌី​ចំនួន​ ៥ ​នាក់ និង​ក្រុម​យុវជនខ្មែរថាវរៈ ៤ ​នាក់​បាន​ចូល​ទៅ​កាន់​តំបន់​ភ្នំតាម៉ៅ។ ក្នុង​ពេល​កំពុង​ដើរ​យក​ព័ត៌​មាន​ និង​ថតរូប ពួកគេ​ត្រូវ​បាន​កង​អង្គ​រក្ស​លោក ហ៊ុន សែន ចោម​រោម​សួរនាំ និង​ហាម​ឃាត់​មិន​ឱ្យ​ថត រហូត​ឈាន​ដល់​ប្រើ​ហិង្សា​វាយ​អ្នក​កាសែត និង​ក្រុម​យុវជន មុន​នឹង​ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ទាំង​ ៩ ​នាក់​ទៅ​សួរ​ចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី អស់​រយៈពេល​ជាង​ ៧ ​ម៉ោង។

លោក ហ៊ី ឆាយ ​អ្នកថត​វីដេអូ​របស់​វីអូឌី​ដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​នោះ ​និង​ត្រូវ​បាន​គេ​ទះ​មួយ​កំផ្លៀង ចាត់​ទុក​ទង្វើ​នេះ​ជា​ «រឿង​ព្រៃផ្សៃ​បំផុត» ដែល​អាជ្ញាធរ​ប្រើប្រាស់​ហិង្សា​លើ​រូប​លោក។ លោក​ស្នើ​ឱ្យ​មាន​ការ​វែក​មុខ​ជន​បង្ក​ហិង្សា​មក​ផ្តន្ទាទោស​ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​រូប​លោក និង​ក្រុម​ការងារ។

លោក​ប្រាប់​វីអូអេ​ថា៖ «កូន​នេន​ម្នាក់ គាត់​ដើរ​មក​ពី​កន្លែង​បង្ហោះ​ដ្រូន​ហ្នឹង​ ហើយ​គាត់​ប្រាប់​ថា​ មាន​គេ​ចាប់​អ្នកសារព័ត៌មា​នរបស់​វីអូឌី​ហើយ​ ហើយ​ខ្ញុំ​ក៏​រត់​មក រត់​មក​ជិត​ដល់​ខ្ញុំ​រៀបថត ដល់​ពេល​ហើយ​អាជ្ញាធរ​ គាត់​ថា​ហ្ហែង​កុំ​ថត ហ្ហែង​កុំ​ថត។ ដល់​ពេល​អ៊ីចឹង​ ខ្ញុំ​ប្រាប់​គាត់ថា ខ្ញុំ​អត់​បាន​ថត​ទេៗ។ ពេល​ហើយ​គាត់​ក៏​ចង់​បាន​ទូរស័ព្ទ​របស់​យើង ហើយ​ខ្ញុំ​ក៏​ព្យាយាម​អត់​ឱ្យ។ អត់​ឱ្យ​នៅ​និយាយ​ចុះ​ឡើង​រៀង​ច្រើន​ដែរ​ គាត់​ក៏​ទះ​កំផ្លៀង​មួយ​ដៃ​ហើយ​ ដើម្បី​គាត់​ឆក់​យក​ទូរស័ព្ទ​ខ្ញុំ​ទៅ​បាត់​ទៅ»។

លោក​បន្ថែម​ថា៖ «ទង្វើ ឬ​សកម្មភាព​នេះ គឺជា​កត្តា​ព្រៃ​ផ្សៃ​បំផុត​ ដែល​គាត់​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌​មាន​ដែល​មាន​វិជ្ជា​ជីវៈ ដូ​ច​ពួកខ្ញុំ​អ៊ីចឹង​ ដោយ​សារ​តំបន់​ហ្នឹង​ ជា​តំបន់​សាធារណៈ​ទេ។

ហើយ​រាជ​រដ្ឋាភិបាល​ក៏​បាន​លុប​ចោល​ឱ្យ​ក្រុមហ៊ុន​ពីរដើម្បី​យក​អភិវឌ្ឍ​អ៊ីចឹង។ ហើយ​ខ្ញុំ​គ្រាន់​តែ​ផ្តិត​យក​រូបភាព​នៅ​ការ​វិវឌ្ឍ​បច្ចុប្បន្នភាព​នៃ​ការ​ដាំ​ដើមឈើ​តែ​ប៉ុណ្ណោះ។ ហេតុ​អ្វីក៏​មាន​កង​អង្គរក្ស​យ៉ាង​សន្ធឹក​សន្ធាប់​យ៉ាង​បែប​នេះ មក​ការ​ពារ​ដី​សាធារណៈ​អ៊ីចឹង។ ខ្ញុំ​ក៏​អត់​យល់​ដែរ»។

អ្នក​សារ​ព័ត៌​មាន​ម្នាក់​ទៀត​របស់​សំឡេង​ប្រជាធិប​តេយ្យ​វីអូឌី ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែលស្ថិត​ក្នុង​ហេតុ​ការណ៍​នៅ​តំបន់​ភ្នំតាម៉ៅ​នោះ​ ​បានចាត់​ទុក​ការ​ឃាត់​ខ្លួន​ ​និង​ប្រើ​ប្រាស់​ហិង្សា​នេះ​ជា​ការបិទ​សិទ្ធិ និង​រឹត​ត្បិត​សេរីភាព​សារ​ព័ត៌មាន​ ដែល​មិន​គួរ​កើត​មាន​ឡើយ។ លោក​រៀបរាប់​បន្ថែមថា​ ទីតាំង​នោះ​លោក​មិន​បា​ន​ដឹង​ថា​ជា​តំបន់​ហាម​ឃាត់​ទេ ព្រោះ​មិន​មានដាក់​ផ្លាក​សញ្ញា​ណា​មួយ​ឡើយ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«គេ​ថា​ចាប់​ពួកខ្ញុំ​ ដោយ​សារ​ពួកខ្ញុំ​បង្ហោះ​ដ្រូន​ក្នុង​តំបន់​ហាម​ឃាត់​ ប៉ុន្តែ​នៅ​ក្នុង​តំបន់​ហ្នឹង​ វា​អត់​មាន​ឃើញ​ដាក់​ផ្លាក​ហាម​ប្រាម​មិន​ឱ្យ​បង្ហោះ​ដ្រូន បង្ហោះ​អី​អ៊ីចឹង។ ហើយ​ក៏​អត់​មាន​ចេញ​សេចក្តី​ប្រកាស​ណា​ដែល​ថា ​ហាម​អ្នក​សារព័ត៌មាន​ទៅ​តំបន់​ហ្នឹង​ដែរ»។

លោក ហ៊ីង ប៊ុនហៀង មេ​អង្គរក្ស​លោក​នាយករដ្ឋមន្រ្តី ទទួល​ស្គាល់​ថា ​ពិត​ជា​មាន​ហេតុការណ៍​នេះ​កើត​ឡើង ប៉ុន្តែ​លោក​ថា​ ដើម​ហេតុ​ឈាន​ដល់​ការ​ប្រើ​ហិង្សា គឺ​បណ្ដាល​មក​ពី​អ្នក​ទាំង​ ៩​ នាក់​នោះ​មិន​បន្ទន់​ឥរិយាបថ​ជាមួយ​អាជ្ញាធរ ខណៈ​អាជ្ញាធរ​គ្រាន់​តែ​សួរ​នាំ​ធម្មតា​ប៉ុណ្ណោះ។ នេះ​បើ​តាម​សារ​ព័ត៌មាន​វីអូឌី​ដដែល​នោះ។

លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​ខេមបូចា មើល​ឃើញ​ថា​ ការ​ឆ្លើយ​តប​របស់​មេ​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី គឺ​លោក ហ៊ីង ប៊ុនហៀង​ គ្រាន់តែ​ជា​សម្តី​ការពារកំហុស​របស់​ថ្នាក់​ក្រោម​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក​ប្រាប់​វីអូអេ​ថា៖ «ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​មន្ត្រី ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​គាត់​អត់​មាន​អ្វី​សោះ​នេះ គឺជា​សញ្ញា​មួយ​នៃ​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ណាស់ [នេះ]​ ទីមួយ។ ទីពីរ វា​បង្ហាញ​ភាព​មិន​ចាស់​ទុំ​ ហើយ​ការ​នៅ​តែ​ប្រកាន់​យក​នូវ​ឥរិយាបទ​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ ជាពិសេស​ដូច​កង​កម្លាំង​អង្គរក្ស​អ៊ីចឹង ​គឺ​ជា​កង​កម្លាំង​មួយ​ដែល​ជានិច្ចកាល កាល​ណា​គាត់​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ វា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ ដល់​កង​កម្លាំង​ទេ ក៏​ប៉ុន្តែ​វា​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​របស់​សម្តេច​ដែល​ជា​ថ្នាក់​ដឹកនាំ​ ទៅ​ទៀត»។

លោក​ក៏​ទទូច​ឱ្យ​មាន​ការ​អប់រំ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ពាក់​ព័ន្ធ ដើម្បីឱ្យមាន​ការ​គោរព​ប្រជាពលរដ្ឋ និង​យល់​ដឹង​ពី​សិទ្ធិ​របស់​អ្នក​សារ​ព័ត៌មាន។

អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​លោក​ មាស សុភ័ណ្ឌ​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ ក្រសួង​ពិបាក​ក្នុង​ការ​វាយ​តម្លៃ និង​សន្និដ្ឋាន ដោយ​សារ​តែ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ។

លោក​បាន​បកស្រាយ​បន្ថែម​ថា​ ប្រសិន​ភាគី​ណា​មួយ​យល់​ថា​ សិទ្ធិ និង​តួនាទីរបស់​ខ្លួន​ត្រូវ​បាន​រំលោភ​បំពាន ភាគី​នោះ​អាចប្រើ​យន្តការ​ច្បាប់​ទៅ​តាម​នីតិវិធី​ជា​ធរមាន ​ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន។ លោក​ក៏​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​គោរព​សិទ្ធិ ​និង​តួនាទី ភារកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​បញ្ជាក់​ជា​សារ​សរសេរ​ជា​អក្សរ​តាម​បណ្តាញ​តេឡេក្រាម​ថា៖ «កន្លង​មក ក្រសួង​ព័ត៌មាន​តែង​តែ​អំពាវនាវ ​និង​លើ​ក​ទឹកចិត្ត​ដល់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ភាគី​ពាក់ព័ន្ធ​និង​អ្នក​សារព័ត៌មាន ​ពង្រឹង​នូវ​កិច្ចសហការ​ល្អ​ជាមួយគ្នា ​និង​គោរព​នូវ​សិទ្ធិ​ព្រម​ទាំង តួនាទី​ភារកិច្ច​គ្នា​ទៅវិញ​ទៅ​មក ដោយ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG