ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ថ្លែង​បែប​ចំអក​ថា​ បើ​ចង់​កាត់​ទោស​អ្នក​បំផ្លាញ​ព្រៃ​ភ្នំ​តាម៉ៅ​គឺ​ត្រូវ​កាត់​ទោស​រូប​លោក


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងសទី ៤ ខែសីហា ឆ្នាំ ២០២២។ (Photo by HANDOUT / RUSSIAN FOREIGN MINISTRY / AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងសទី ៤ ខែសីហា ឆ្នាំ ២០២២។ (Photo by HANDOUT / RUSSIAN FOREIGN MINISTRY / AFP)

ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​ឱ្យដាក់​ទោស​ទណ្ឌ​លើ​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​តាម៉ៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ថ្លែង​បែប​ចំអក​ទៅ​អ្នក​រិះគន់​ថា​ បើ​ចង់​ឱ្យមាន​ការ​កាត់​ទោសគឺ​កាត់​ទោស​រូប​លោក។

ភ្ជាប់​ជាមួយ​ការ​ថ្លែង​បែប​នេះ​ លោក ​ហ៊ុន សែន​ ក៏​បាន​បញ្ជា​ឱ្យ​ដាក់​ភ្នំ​តាម៉ៅ​ដែល​រង​ការ​កាប់​បំផ្លាញ​ព្រៃ ឈើ​ជា​តំបន់​អភិរក្ស​ដើម្បី​កុំ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​ទាំង​នោះ​នា​ថ្ងៃ​អនាគត។​

ក្នុង​ពិធីប្រគល់​សញ្ញាបត្រ​ដល់និស្សិត​ក្នុង​រាជធានី​ភ្នំពេញ ​ លោក ​ហ៊ុន សែន ​បាន​អាន​សារ​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដែល​ចង់​ឱ្យកាត់​ទោស​អ្នក​កាប់​ព្រៃ​ឈើ ​និង​អ្នកចុះ​ហត្ថលេខាអភិវឌ្ឍ​តំបន់​ភ្នំ​តាម៉ៅ​ទៅ​ក្រុមហ៊ុន​ឯកជន​ ដោយ​រូប​លោក​អះអាង​ថា​ បើ​ចង់​កាត់​ទោស​គឺ​ត្រូវ​កា​ត់​ទោស​រូប​លោក។​

លោក ​ហ៊ុន សែន ​ថ្លែង​បែប​ចំអក​ថា៖​«ត្រូវ​កាត់​ទោស​អ្នក​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​តាម៉ៅ ​និង​អ្នក​ស៊ីញ៉េ​ផ្តល់​សិទ្ធិ។ ​នាង​អើយ ​ទៅ​កាត់​ទោស ​កាត់​ទោស​អញ​មក»។​

បើ​តាម​លោក​ ហ៊ុន សែន ​កង​អង្គរក្ស​ជាង​១​ពាន់​នាក់​បាន​កំពុង​ប្រើ​ប្រាស់​គ្រឿងចក្រ​ជាង​១០០​ដើម្បី​ឈូស​ឆាយ​ដី​ឱ្យ​ល្អ​ឡើង​វិញ​សម្រាប់​ដើម​ឈើ​ល្អៗ ​ដូច​ជា​ធ្នង់ ​នាងនួន ​និង​បេង​ជា​ដើម។

ទិដ្ឋភាពថតតាមឌ្រូនដោយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បង្ហាញតំបន់ព្រៃភ្នំតាម៉ៅដែលត្រូវបានក្រុមហ៊ុនឈ្មួញធំៗឈូសឆាយ នៅស្រុកបាទី ខេត្តតាកែវ។ (រូបថតដោយ VOD/ហ្វេសប៊ុក)
ទិដ្ឋភាពថតតាមឌ្រូនដោយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បង្ហាញតំបន់ព្រៃភ្នំតាម៉ៅដែលត្រូវបានក្រុមហ៊ុនឈ្មួញធំៗឈូសឆាយ នៅស្រុកបាទី ខេត្តតាកែវ។ (រូបថតដោយ VOD/ហ្វេសប៊ុក)

​លោក ​ហ៊ុន សែន ​បន្ថែម​ថា ​ភ្នំតាម៉ៅ​នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​តំបន់​អភិរក្ស​ក្រោម​ក្រសួង​កសិកម្ម​ដើម្បី​កុំ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ទៅថ្ងៃ​ខាង​មុខ។​

លោក ​ហ៊ុន សែន ​បញ្ជាក់​ថា៖​«ប៉ុន្តែ​ឥឡូវ​យើ​ង​សម្រេច​ចិត្ត​ថា ​ទុក​ព្រៃ​ហ្នឹង​ទាំង​មូល​ និង​ដើម្បី​ធានា​អះអាង​ជាមួយ​នឹង​ការ​មិន​បាត់​បង់​នៅ​ពេល​ក្រោយ ​ត្រូវ​ដាក់​តំបន់​ទាំង​មូល​នេះ ​ទាំង​សួន​សត្វ​តាម៉ៅ ​ទាំង​ព្រៃ​ព័ទ្ធជុំ​វិញ​នេះ​ ដែល​ដក​ហូត​ពី​ឯក​ជន​ ឱ្យ​ទៅ​ជា​តំបន់​អភិរក្ស»។​

ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក្នុង​ការ​ដាក់​បញ្ចូលសួន​ភ្នំ​តាម៉ៅ​ជា​តំបន់​អភិរក្ស​នេះ​ធ្វើ​ឡើង​ក្រោយ​កម្លាំង​សមត្ថកិច្ច​ខេត្ត​តាកែវ​បានឃាត់​ខ្លួន​មនុស្ស​៩​នាក់ ​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ក្នុង​នោះ​មាន​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​៤​នាក់ ​ដែល​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​នោះ ​និង​អ្នក​សារ​ព័ត៌មាន​៥​នាក់ ​ដែល​ចុះ​ទៅ​រាយ​ការណ៍​នៅ​ទីកន្លែង​នោះ។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នក​ស្រី​ ចក់ សុភាព ​ប្រាប់​វីអូអេ​ថា​ វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹម​ត្រូវ​ដែល​រដ្ឋាភិបាល​សម្រេច​ទុក​តំបន់​នេះ​ទាំង​ស្រុង​ដើម្បី​អភិរក្ស​ ដោយ​ហេតុថា ​ប្រទេស​កម្ពុជា​មិន​មាន​សួន​ច្រើន​ឡើយ។​ អ្នក​ស្រី​បន្តថា ​ការ​អភិវឌ្ឍ​ត្រូវ​តែ​ដើរ​ស្រប​តាម​គោល​ការណ៍​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ផ្សេងៗ​កើត​មាន​ឡើង​នា​ពេល​ក្រោយ។​

ពាក់​ព័ន្ធ​ជា​មួយ​ការ​ឃាត់​ខ្លួន​អ្នក​សារព័ត៌មាន​ និង​សកម្មជន​បរិស្ថាន នាយិកា​រូប​នេះ​លើក​ឡើង​ថា ​វា​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​មាន​កម្រិត។​

អ្នក​ស្រី​ថ្លែង​ថា៖​«ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​នៅ​ពេល​ដែល​អ្នក​សារ​ព័ត៌មាន​បំពេញ​ភារកិច្ច​ បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ យើង​ឃើញ​ថា​ តែង​តែ​ប្រឈម​នូវ​ការ​រឹតត្បិត​ ឬក៏​ការ​គំរាម​កំហែង​តាម​រូប​ភាព​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ​ ពី​សំណាក់​មន្ត្រី​មាន​សមត្ថកិច្ច»។​

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​លោក​ ហ៊ុន វណ្ណៈ ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ លើក​ឡើង​ថា​លោក​សាទរ​ចំពោះ​ការ​សម្រេច​របស់​លោក ​ហ៊ុន សែន ​ដែល​ដាក់​ភ្នំ​តាម៉ៅ​ជា​តំបន់​អភិរក្ស។​ ទោះ​ជា​យ៉ាង​ណា ​លោក​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​ការ​ដែល​អាជ្ញាធរ​ឃាត់​ខ្លួន​រូប​លោក ​ក៏​ដូច​ជា​អ្នក​ផ្សេង​ទៀត ​ហើយ​ក៏​មាន​ការ​ប្រើ​អំពើ​ហិង្សា​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«តាម​ពិត​ បើ​សិន​ជា​គ្រាន់​តែ​ជា​ការ​ឈូស​ឆាយ​ ហើយ​ដើម្បី​សម្អាត​កន្លែង​ហ្នឹង​ ខ្ញុំ​គិត​ថា ​វា​មិន​មាន​អី​រហូត​ដល់​ការ​ឃាត់​ខ្លួន​ពួក​យើង​ ប្រើ​ហិង្សា​មក​លើ​ពួក​យើង​ហ្នឹង ​ហើយ​រហូត​ដល់​វាយ​ដំ​ច្រំធាក់​អ៊ីចឹង។ ​យើង​អត់​យល់!​ ងឿង​ឆ្ងល់​ថា​ ហេតុ​អ្វី​ក៏​ដល់​ថ្នាក់​ហ្នឹង?»​

លោក ​ហេង គឹមហុង​ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN)​ប្រាប់​វីអូអេ​ថា​ ជា​ការ​ល្អ​ដែល​រដ្ឋាភិបាល​ចេញ​មក​បក​ស្រាយ​ជាមួយ​ភាព​វិជ្ជមាន​អំពីបញ្ហា​ចម្រូង​ចម្រាស​ក្នុង​តំបន់​ភ្នំ​តាម៉ៅ​នេះ។ ​លោក​ជំរុញ​ឱ្យ​រដ្ឋា​ភិបាលមាន​តម្លា​ភាព​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ទៅ​កាន់​សាធារណ​ជន​មុន​ពេល​ធ្វើ​អ្វី​មួយ​ដើម្បី​ចៀស​វាង​ការ​យល់​ច្រឡំ។​

លោកថ្លែង​ថា៖​ «ដើម្បី​ធានា​បាន​នូវ​តម្លាភាព ​និង​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អី​ច្រើន​ ជាពិសេស​ការ​ព្រួយ​បារម្ភ​ជុំ​វិញ​ករណី​នេះ ​យើ​ងឃើញ​ថា​ អាច​នឹង​អនុវត្ត​នូវ​គោល​ការណ៍​តម្លាភាព ​និង​គណនេយ្យ​ភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​ គឺ​រាល់​ការ​អភិវឌ្ឍ​ ការ​សម្រេច​របស់​រដ្ឋាភិបាល​ទៅ​លើ​បញ្ហា​ភ្នំតាម៉ៅ​ ឬ​បញ្ហា​អភិវឌ្ឍន៍​ណា​មួយ​ ឬក៏​បញ្ហា​ការពារ​ណា​មួយ​ហ្នឹង​ គួរ​តែ​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជាមុន​ដោយ​តម្លា​ភាព»។​

គួរ​បញ្ជាក់​ថា ​ព្រៃឈើ​នៅ​ភ្នំ​តាម៉ៅ​រង​ការ​ឈូស​ឆាយ ​បន្ទាប់​ពី​រដ្ឋ​ប្រគល់​ដី​ព្រៃ​ភ្នំ​នោះឱ្យ​ទៅ​ក្រុម​ហ៊ុន​របស់​ឧកញ៉ា​ធំៗ​មួយ​ចំនួន​ ដូច​ជា​ឧកញ៉ា ​ឡេង ណាវ៉ាត្រា​ និង​ឧកញ៉ា ​ឃុន សៀ ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​អភិវឌ្ឍ។ ​ការណ៍​នេះ​នាំ​ឱ្យមាន​ការ​រិះគន់​ខ្លាំងៗ​ពី​សាធារណ​ជន។ ​ក្រោយ​មាន​ការ​រិះគន់​ច្រើន​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​សីហា ​បាន​បញ្ជា​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​បន្ត​ទៀត ​និង​សម្រេច​លុប​ចោល​ទាំង​ស្រុង​នូវ​ការ​ដោះ​ដូរ ​និង​ការអភិវឌ្ឍ​តំបន់​ភ្នំ​តាម៉ៅ​នោះ៕

XS
SM
MD
LG