ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន​សាទរ​ចំណាត់ការ​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នៅ​ភ្នំ​តា​ម៉ៅ


ទិដ្ឋភាពថតតាមឌ្រូនដោយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បង្ហាញតំបន់ព្រៃភ្នំតាម៉ៅដែលត្រូវបានក្រុមហ៊ុនឈ្មួញធំៗឈូសឆាយ នៅស្រុកបាទី ខេត្តតាកែវ។ (រូបថតដោយ VOD/ហ្វេសប៊ុក)
ទិដ្ឋភាពថតតាមឌ្រូនដោយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បង្ហាញតំបន់ព្រៃភ្នំតាម៉ៅដែលត្រូវបានក្រុមហ៊ុនឈ្មួញធំៗឈូសឆាយ នៅស្រុកបាទី ខេត្តតាកែវ។ (រូបថតដោយ VOD/ហ្វេសប៊ុក)

ក្រុម​អ្នក​ការពារ​បរិស្ថាន​ សាទរចំណាត់​ការ​បន្ទាន់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ដែល​បញ្ជា​ឱ្យ​ក្រុម​ហ៊ុន​របស់​ឧកញ៉ាធំៗ​ បញ្ឈប់ការ​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​តាម៉ៅថា​ជា​«ជ័យ​ជម្នះ»មួយ​សម្រាប់​កិច្ច​ការ​ពារ​សម្បត្តិ​ព្រៃ​ឈើ​ដែល​សេស​សល់​ក្នុង​តំបន់​ភ្នំ​តាម៉ៅ​ ជាទីតាំង​សួន​សត្វ​ព្រៃ​មួយ​នៅក្នុង​ខេត្ត​តាកែវ។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ ហ៊ុន​ សែន​ បាន​ចេញ​សារ​ប្រញាប់​មួយ​ប្រាប់​សាធារណជន​ថា​ គម្រោង​ការ​អភិវឌ្ឍ​នានា​នៅ​តំបន់​ភ្នំតាម៉ៅ​ ត្រូវ​តែ​បញ្ឈប់​ ហើយ​ក្រុម​ហ៊ុន​ឯកជន​ដែល​បាន​ឈូស​ឆាយ​ដីព្រៃ​ត្រូវ​ដាំ​ដើម​ឈើ​ឡើង​វិញ។

ដំណាល​គ្នា​នឹង​សេចក្តី​ត្រេកអរ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ សម្តែង​ការ​ខកចិត្ត​នៃ​ការ​បាត់​បង់ព្រៃ​ឈើ និង​បាន​ទាមទារឱ្យ​រដ្ឋ​និង​ក្រុម​ហ៊ុន​ដែល​ឈូស​ឆាយ​ដី​ព្រៃ​ទាំង​នោះបង្ហាញ​ទំនួល​ខុសត្រូវ​ដោយ​ត្រូវធ្វើ​យ៉ាង​ណា​ធានា​ថាតំបន់​ដែល​បាន​រង​ការកាប់​បំផ្លាញ​ព្រៃឈើ​ត្រូវ​មានដើម​ឈើ​ដុះ​ពេញ​ឡើង​វិញ​។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN)​លោក ​ហេង គឹម​ហុងនិយាយ​ថា​ ​ការ​រួម​សាមគ្គីរបស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ បាន​ធ្វើ​ឱ្យលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ធ្វើ​ការ​សម្រេច​ចិត្តមួយ​ត្រឹម​ត្រូវ​ ឈាន​ដល់​បញ្ឈប់​រាល់គម្រោង​អភិវឌ្ឍន៍​ទាំង​អស់នៅ​តំបន់​ភ្នំ​តាម៉ៅ។

​ប៉ុន្តែលោក​ទទូច​សុំឱ្យ​លោក​ ឡេង​ ​ណា​វ៉ាត្រា​ ម្ចាស់​ក្រុមហ៊ុន​ ឡេង ណាវ៉ាត្រា ​ដែល​ល្បី​ខាង​ជំនួញ​អចលនទ្រព្យ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​ដាំ​ដើម​ឈើ​ឡើង​វិញ និង​ត្រូវ​មើលថែ​ទាំ​ដើម​ឈើ​នោះរហូត​ដល់​ធំ។

​លោក​ប្រាប់​វីអូអេ​ថា​៖ «​ជា​រួម​ខ្ញុំ​សាទរ ហើយ​ចង់​ឱ្យ​រដ្ឋាភិបាល​មេត្តា​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​តម្លាភាព ការ​ពិ​គ្រោះ​ជាមុន​រវាង​ពលរដ្ឋ​នៅ​គ្រប់​ទិសទី​ និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ប្រឈម​នេះ»។

បន្ថែម​ពី​នេះ ​លោក​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ​ពិនិត្យ​មើល និង​ដោះស្រាយបញ្ហា​ព្រៃឈើ​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ផ្សេង​ទៀត​ផង​ដែរ។

លោក​និយាយ​ថា​៖ «​យើង​សង្ឃឹម​ថា អន្តរាគមន៍​ឆ្លើយ​តប​ជាមួយ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​នេះ​នឹង​កើត​មាន​ឡើង​ ហើ​យ​ជា​ពិសេស​ស្ថានភាព​ព្រៃឈើ​ដែល​កំពុង​ប្រឈម ដូច​ជា​តំបន់​ព្រៃឡង់ ព្រៃ​ព្រះរការ​ និង​តំបន់​ការ​ពារ​ផ្សេង​ទៀត​ហ្នឹង ក៏​គួរ​តែ​មាន​ការ​សិក្សា​ឡើង​វិញ​ដែរ»។

លោក​បន្ថែម​ថា៖ «ហើយ​ជាពិសេស​ក៏​សំណូម​ពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់​ស្ពឺ និង​លោក​នាយក​រដ្ឋមន្ត្រី​ដែរ​ សូម​មេត្តា​ពិនិត្យ​មើលក្នុង​ព្រៃ​មេត្តា​ធម្មជាតិ​ក្នុង​ស្រុក​ឱរ៉ាល់​ផង។ ​យើង​ឃើញ​ថា​ក្រុម​ទាហាន​ដែល​ទទួល​បាន​អនុ​ប្រយោគ​នៅ​ទី​នោះ គឺ​តែងតែ​គំរាមកំហែង​ ដោយ​ប្រើ​អាវុធ ប្រើ​កាំភ្លើង​ទៅ​លើ​សហគមន៍ និង​ប្រជាពលរដ្ឋ​ រហូត​ដល់​មាន​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ជា​ដើម»។ ​

​សកម្មជន​ក្រុម​ខ្មែរ​ថាវរៈ​ អ្នកស្រី​ ឈឿន ដារ៉ាវី​ យល់​ថា ​ការ​អភិវឌ្ឍ​លើ​ទី​តាំង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ​ដោយ​មិន​បាន​ធ្វើ​ប្រជា​មតិ​ជាមុន​ និង​មិន​បង្ហាញ​ផែន​ការ​មេ​នៃដំណើរ​ការ​អភិវឌ្ឍ​នោះ​ ឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​ពី​កង្វះ​តម្លាភាព​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រយោជន៍​សាធារ​ណៈ​ និង​ទទួល​រង​ការ​រិះគន់។

អ្នកស្រី​និយាយថា៖ «ភ្នំ​តាម៉ៅ​នេះ ​ជា​ឧទាហរណ៍​សម្រាប់​រឿង​ផ្សេង​ៗ ​[ដែល​]មុន​រដ្ឋាភិបាល​សម្រេច​ចិត្ត​ក្នុង​ការ​កាប់​ ឬ​អភិវឌ្ឍ​តំបន់​ណា​មួយ​ ដែ​លជាសម្បត្តិ​រដ្ឋត្រូវ​តែ​សិ​ក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ​ពី​បញ្ហា​ប្រឈម​ និង​ជុំវិញ​នៃ​រាល់​បញ្ហា​ដែល​មាន​នៅ​ម្តុំ​ហ្នឹង»។

កាល​ពី​សប្តាហ៍​មុន​ គេ​ឃើញ​មានការឈូស​ឆាយ​យ៉ាង​សកម្ម និង​ខ្លាំង​ក្លា​ ​នៅ​ក្នុង​តំបន់​ព្រៃ​ឈើភ្នំ​តាម៉ៅ​ ​បន្ទាប់​ពី​រដ្ឋ​ប្រគល់​ដី​ព្រៃ​ភ្នំ​នោះ​ ឱ្យ​ទៅក្រុម​ហ៊ុន​របស់​ឧកញ៉ា​ធំៗ​មួយ​ចំនួន​ដូច​ជា​ឧកញ៉ា ​ឡេង ណា​វ៉ាត្រា​ និង​ឧកញ៉ា ឃុន ​សៀ ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​អភិវឌ្ឍ។ ការណ៍​នេះ​នាំ​ឱ្យប្រជា​ពល​រដ្ឋ​ និង​អ្នក​ការពារបរិស្ថាន ​បញ្ចេញ​ប្រតិកម្ម​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ជា​បន្តបន្ទាប់ ហើយ​បានធ្វើ​យុទ្ធនាការ​ផ្សេងៗ​ សុំឱ្យ​រដ្ឋ​ និ​ង​ក្រុមហ៊ុន​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​នោះ​បន្ត​ទៀត។

​ក្រោយ​មាន​ប្រតិកម្ម​បែប​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ និងបញ្ជា​ឱ្យ​បញ្ឈប់​ជា​បន្ទាន់សកម្មភាព​ឈូស​ឆាយ​ព្រៃ​បន្ត​ទៀត និង​សម្រេច​លុប​ចោល​ទាំង​ស្រុង​នូវ​ការ​ដោះ​ដូរ​ និង​អភិវឌ្ឍ​តំបន់​ភ្នំ​តាម៉ៅ​នោះ។

លោក ហ៊ុន សែន បាន​ប្រកាសតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៧ ខែ​សីហាថា​៖ «១.​លុប​ចោល​ទាំង​អស់​នូវ​រាល់​ការ​អនុញ្ញាត​ ឱ្យ​ធ្វើ​ការ​ដោះដូរ​និង​អភិវឌ្ឍ។ ២.​រក្សា​ទុក​ដី​និង​ព្រៃ​នៅ​ជុំវិញ​សួន​សត្វ​ ភ្នំ​តា​ម៉ៅ​ជា​ដី​ដែល​ត្រូវ​ការពារ​ និង​អភិរក្ស​ ដោយ​ក្រសួង​កសិកម្ម។ ​៣.ក្រុមហ៊ុន​ដែល​បាន​ឈូស​ឆាយ​ត្រូវ​ បញ្ឈប់​សកម្ម​ភាព​និង​ត្រូវ​ដាំ​ដើម​ឈើ​ឡើង​វិញ​លើ​ដី​ដែល​បា​ន​ឈូស​ឆាយ»។

​ទាក់​ទិន​តំបន់​ដី​ព្រៃ​នៅ​ភ្នំ​តាម៉ៅ​នេះ សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី កាល​ពី​សប្តាហ៍​មុន​ បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​មួយ​បង្ហាញ​ថា​ ​ក្រុម​ហ៊ុន ​ឡេង ​ណាវ៉ា​ត្រា ​ទទួល​បាន​ដី​ធំ​ជាងគេ ​ដែល​គ្រោង​ឈូស​ព្រៃ​តំបន់​ភ្នំ​តា​ម៉ៅ ក្នុង​ទំហំ​ប្រមាណ​១.៥០០​ហិកតា ​ហើយ​ផ្ទៃ​ដី​ទំហំ​៥០០​ហិកតា​នៅ​តំបន់​ភ្នំ​តាម៉ៅ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​បាល​ព្រៃឈើ​ នឹង​ត្រូវ​ផ្ទេរ​ទៅ​ជា​កម្ម​សិទ្ធិ​ឯកជន​ដោយ​មិន​បាន​បញ្ជាក់​ពី​ទី​តាំង​ឬ​ម្ចាស់​កម្មសិទ្ធិ​ឡើយ។ ចំណែក​ផ្ទៃ​ដី​៧០០​ហិកតា​ផ្សេង​ទៀត​ ត្រូវ​បាន​ស្នើ​សុំ​ដោយ​ក្រុមហ៊ុន TP Moral Group របស់​ឧកញ៉ា ឃុន សៀ។

វីអូអេ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពីលោក ឡេង ​ណាវ៉ា​ត្រា​ និង​លោក​ ឃុន​ សៀ​ បាន​ទេ តាម​រយៈ​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ចន្ទនេះ។ ​

​ប៉ុន្តែ​លោក ​ឡេង ​ណាវ៉ាត្រា បាន​បង្ហោះ​សារ​នៅ​លើ​គណនីយ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​៧ ខែ​សីហា ​ដោយ​គាំទ្របទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ​និង​បានអំពាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើម​ឈើ​នៅ​កន្លែង​ដែល​បាន​ឈូស​ឆាយ។​ លោក​លើក​ឡើងថា៖«ខ្ញុំ​គាំទ្រ​រាជ​រដ្ឋាភិបាល​លុប​ស.ជ.ណ​[សេចក្តី​ជូន​ដំណឹង​] ​តំបន់​ភ្នំ​តាម៉ៅ​ទាំង​អស់ ​ហើយ​បងប្អូន​ដែល​ស្រលាញ់​កូន​ឈើ​អាច​មក​ដាំ​កូន​ឈើ​ជា​មួយ​ខ្ញុំ»។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គ​នាយក​រដ្ឋបាល​ព្រៃ​ឈើ​លោក ​កែវ​ អូម៉ាលីស និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក​ ​វេង សាខុន បាន​នៅ​ឡើយ​ទេ​ តាម​ប្រព័ន្ធ​ទូរស័ព្ទ។

សកម្មជន​បរិស្ថានលោក ថុន រដ្ឋា ​ចង់​ឃើញ​តម្លាភាព​នៅ​ពេល​មាន​ការអភិវឌ្ឍ​ណា​មួ​យ​ដោយ​ត្រូវផ្តល់​ព័ត៌មាន​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ប្រជា​ពល​រដ្ឋ​បាន​ដឹង​ឮ ដោយ​គ្មានការ​លាក់​បាំង។ លោក​អំពាវនាវ​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ ​ត្រូវ​ហ៊ាន​បញ្ចេញ​មតិ​យោបល់ និង​ធ្វើ​សកម្មភាពចូល​រួម​ការ​ងារ​សង្គម​នានា​ ដូច​បញ្ហា​ព្រៃឈើ​ភ្នំ​តាម៉ៅ​នេះ។​

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នក​នយោបាយ​នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ថ្លែង​រិះគន់​ ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​តាម៉ៅ។

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណបក្ស​កម្ពុជា​និយម លើកឡើងលើ​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​៖​«​យើងនៅ​តែ​ឆ្ងល់​ថា​នៅ​កម្ពុជា​មាន​សត្វ​ ព្រៃភ្នំ​ ព្រៃឈើ​សមុទ្រ ​ទន្លេ​ បឹងបួ ទេស​ភាព​ធម្មជាតិ​ជា​ច្រើន ម្ដេច​ក៏​គេ​មិន​គិតគូរ​អភិរក្ស​ អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដល់​កូន​ចៅ​យើង​ជំនាន់​ក្រោយ​? ហេតុអ្វី​គេ​នាំ​គ្នា​បំផ្លាញ​? ហើយ​អស់លោក​ ឧកញ៉ា​ គហិ​បតី​ អ្នក​បំផ្លាញ​ខ្លះ​នោះ​ មាន​លុយ​ឡាន​សម្បត្តិ​ហូរហៀរ​ ចង់​មាន​បាន​មិន​ចេះឆ្ឣែត​ គេ​បំផ្លាញ​នៅ​ស្រុកខ្មែរ​ រួច​ហើយ​គេនាំគ្នា​ បក្ខ​ពួក​គ្រួសារ​ ទៅ​កម្សាន្ត​នៅ​បរទេស​ រក​តំបន់​ធម្មជាតិ​ បរិស្ថាន​ ព្រៃ​ឈើ​ បឹង​បួ​ ផ្សារ​ទំនើបទៅវិញ»។​

​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានលោក ​យ៉ង សាំងកុមារ​ ប្រាប់​វីអូអេតាម​ប្រព័ន្ធ​តេឡេក្រាមថា៖ ​«រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការដាំ​និង​ថែរក្សា​ព្រៃឈើ​ទាំង​នេះ​ឡើ​ង​វិញ​។ ​ការ​សម្រេច​ចិត្ត​គម្រោង​របៀប​នេះត្រូវ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដូច​ជា​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន អាជ្ញាធរ​មូល​ដ្ឋាន អង្គការ​សង្គម​ស៊ី​វិល​ដោយ​ផ្សា​ភ្ជាប់​ជាមួយ​ផែន​ការ​មេ»។

​យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​លោក ​ផៃ ស៊ីផាន ថ្លែង​ថា ​ការ​សម្រេច​កន្លង​មកឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​អភិវឌ្ឍ​នៅ​តំបន់​ភ្នំ​តាម៉ៅ គឺ​មិន​ខុស​នីតិវិធីច្បាប់ និង​មិន​ចាំ​បាច់​ធ្វើ​ប្រជាមតិ​នោះ​ទេ ដោយក្រសួង​ពាក់​ព័ន្ធ​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ចរួច​រាល់​ហើយ មុន​នឹង​ផ្តល់​ភ្លើង​ខៀវ​ឱ្យ​មាន​សកម្មភាព​អភិវឌ្ឍ។

លោក​បន្ថែម​ថា​៖ «ដូច្នេះ ជួន​កាល​យើង​អនុវត្ត​ច្បាប់​ ក៏​ប៉ុន្តែ​វា​ទើប​[មាន​]ការចង់​បាន​របស់​ប្រជាពលរដ្ឋ​ ដូច្នេះ​មាន​ការ​សម្របសម្រួល​ទៅវិញ តាម​រយៈ​នយោបាយ ​អាស្រ័យ​ហេតុ​ដូច​នេះ​ហើយ​បាន​សម្តេច​នាយ​ករដ្ឋមន្ត្រី លោក​សម្រួល​ទៅ​តាម​កម្រិត​នយោបាយ​ទៅ​វិញ។ បើ​តាម​នីតិ​វិធី​គឺ​អត់​មាន​ខុស​ទេ»។

មក​ដល់​ពេល​នេះ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា ​ដី​ព្រៃ​ឈើ​ដែល​បាន​ឈូសឆាយ​នោះ ​មាន​ទំហំប៉ុណ្ណា​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​៤ ខែ​សីហា​ឆ្នាំ​២០២២​នេះ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយដោយ​អះអាង​ថា ​ការ​កាត់​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅ​ឱ្យ​ក្រុម​ឈ្មួញ​ដែល​គេ​ដឹង​ថា​ជា​អ្នក​វិនិយោគ​ក្នុង​ជំនួញ​អចលនទ្រព្យ​នោះ​ គឺ​ដោយ​សារ​តែ​ដី​នោះ​ជា​ប្រភេទ​ដី​ខ្សាច់ ដើម​ឈើ​ដុះ​លូត​លាស់​មិន​សូវ​ល្អ ហើយ​សត្វ​ជ្រូក​ព្រៃ​ជា​ញឹក​ញាប់​ចេញ​មក​បំផ្លាញ​ដំណាំ​ប្រជា​ពលរដ្ឋ៕

XS
SM
MD
LG