ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គមស៊ីវិល​រងការវាយប្រហារ​កាន់តែ​ខ្លាំង​ពី​រដ្ឋាភិបាល​ផ្តាច់​ការ

  • ម៉ែន គឹមសេង

នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ​អ៊ូ វីរៈក្នុង​កិច្ចសម្ភាសន៍​តាន​skype។​
រដ្ឋាភិបាល​ផ្តាច់ការ​នៅ​ជុំ​វិញ​ពិភពលោក​កំពុង​បង្កើន​ការវាយ​ប្រហារ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​និង​ក្រុម​អង្គការ​សង្គមស៊ីវិល​ ហើយ​ការ​គាប​សង្កត់​នេះ​មាន​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ។

លោក​ដេវីដ ក្រាមមឺ ​ប្រធាន​អង្គការ​Freedom House ​បាន​ថ្លែងនៅ​ក្នុង​កម្មវិធី​ពិភាក្សា​មួយនៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា៖ «ចាប់​ផ្តើម​តាំងពី​មួយ​ទសវត្សរ៍​មក​ហើយ​ របប​ផ្តាច់​ការ​បាន​ចាត់​វិធានការ​ដើម្បី​រឹតត្បិត​ ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ ឬ​ក៏​បិទ​អង្គការ​សង្គម​ស៊ីវិល​ដែល​ពួកគេ​យល់​ថា​ជា​ការ​គំរាម​កំហែង​ដល់​អំណាចផ្តាច់​មុខ​របស់​ពួកគេ»។

ក្នុង​កម្មវិធី​ពិភាក្សា​ដែល​បង្ហាញ​ពី​ការ​វាយប្រហារ​មក​លើ​ក្រុម​សង្គមស៊ីវិល​និង​ការឆ្លើយ​តប​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​រៀបចំ​កាលពី​ដើម​ខែ​កញ្ញា​បាន​បង្ហាញ​ថាអ្នក​ធ្វើ​ការ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ឬ​បណ្តាញ​ព័ត៌មានត្រូវ​បាន​គេ​យក​មក​កាត់​ទោស​នៅ ​តុលាការ​ ឬ​ក៏​រងការប្តឹង​ផ្តល់​ឱ្យ​សងសំណង​ជាប្រាក់​រាប់​លាន​ដុល្លារ​ជាដើម។

នៅ​ប្រទេស​រុស្ស៊ី​វិញ ​លោក​ Pavel Chikov ​ប្រធាន​នៃ​អង្គការ​សិទ្ធិមនុស្ស​AGORA ​បាន​បញ្ជាក់​ថា​មាន​ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បង្កើត​នូវ​បរិយាកាស​ភ័យ​ខ្លាច​ចំពោះ​សកម្មជន​សិទ្ធិ​មនុស្ស​បើ​ទោះ​បី​ជា​ការ​អនុវត្ត​ដាក់​ទោសទណ្ឌ​ពិតប្រាកដ​នៅ​មិន​ទាន់​មាន​ច្រើន​ក៏ដោយ។ ក្នុង​ចំណោម​នោះ​គឺ​មាន​ច្បាប់​ដែល​ប្រឆាំង​នឹង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ ច្បាប់​គ្រប់​គ្រង​បណ្តាញ​អ៊ីនធឺណិត ​និង​ការ​តម្រូវ​ឱ្យ​អង្គការ​ចុះឈ្មោះ​ជា​ទីភ្នាក់ងារ​បរទេស​ជាដើម​ចំពោះ​អង្គការ​ណា​ដែល​ទទួល​ជំនួយ​ពី​បរទេស។

«រដ្ឋាភិបាល​រុស្ស៊ី​ព្យាយាម​ដាក់​សម្ពាធ​នេះ​ដើម្បី​ព្យាយាម​គ្រប់​គ្រងអ្នក​ធ្វើ​ការ​សំខាន់ៗ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ប៉ុន្តែ​សម្រាប់​ពួកយើង​យល់​ថា​នេះ​ពិត​ជា​ការ​គំរាម​កំហែង​មួយ»។

សម្រាប់​ប្រទេស​ភូមា​ចាប់​តាំងពីឆ្នាំ​២០១១​មក​មាន​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​សកម្មភាព​របស់​ពលរដ្ឋ​ហើយ​ឃើញ​មាន​ការ​លេច​ឡើង​នូវ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ប្រឈម​នឹង​ការគំរាម​កំហែង​ ការ​បំភិតបំភ័យ​និង​បង្ក​ឧបសគ្គ​ផ្លូវ​ច្បាប់​ដដែល​ហើយ​ក្រុម​យោធា​ខ្លះ​បាន​ព្យាយាម​បញ្ចូល​ឥទ្ធិពល​របស់​ពួកគេ​ទៅ​ក្នុង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

លោក​ Aung Maw Zin ​មន្ត្រី​គម្រោង​នៃ​មូលនិធិ​ទ័យទាន​ជាតិ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី​បាន​បញ្ជាក់​ថា៖ «ពួកយោធា​ខ្លះ​បាន​បង្កើត​នូវ​មូលនិធិ​សប្បុរស​ធម៌​ថ្មីៗ​ កាន់​កាប់​សារព័ត៌មាន​ឬ​ក៏​បរិច្ចាគ​ទឹកប្រាក់​ជាច្រើន​ទៅ​ឱ្យ​មូលនិធិ​មនុស្ស​ធម៌​របស់​គណបក្ស​ប្រឆាំង​ឬ​អង្គការ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីៗ​មួយ​ចំនួនក្នុ​ងគោល​ដៅ​ដើម្បី​បញ្ចូល​ឥទ្ធិពល​របស់​ពួកគេ​លើ​ការងារ​របស់​អង្គការ​ទាំងនោះ»។​

ការជួយ​ទាំង​នេះ​ក៏​ដើម្បី​ជា​ការលាង​សម្អាត​កេរ្តិ៍​ឈ្មោះ​របស់​ពួកគេ​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ខ្មៅ។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​វិញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រាយការណ៍​ឱ្យ​ដឹង​ពី សកម្មភាព​ស្រដៀង​គ្នា​នេះ​ដែរ​ដោយ​ពួកគេបន្តរង​ការរិះគន់​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​កាន់​អំណាច។​

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា​នៅពេល​ឥឡូវ​នេះ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​បាន​បង្កើត​រួច​ទៅហើយ​គឺ​រដ្ឋាភិបាល​កម្ពុជា​បានឈាន​ទៅ​ក្រោយ​ទម្លាប់​ចាស់​ដដែល​ក្នុ​ងការ​វាយ​ប្រហារ​មក​លើ​តួរនាទី​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

«ក្នុង​នោះ​មាន​ការ​ចោទ​ប្រកាន់​ពី​ភាព​លម្អៀង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដោយ​សារ​ខ្លួន​រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​បញ្ហា​បោះឆ្នោត។ អញ្ចឹង​មាន​ការ​ចោទ​ប្រកាន់​លើ​រដ្ឋាភិបាល​ប៉ុន្តែ​យើង​មាន​ការ​ព្រួ​យ​បារម្ភ​ដែរ​ព្រោះពី​ដើម​មក​យើង​ព្រួយ​បារម្ភ​ពី​ការ​អនុម័ត​ច្បាប់​មួយ​ដើម្បី​រឹតបន្តឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាពិសេស​បើ​សិន​ជាច្បាប់​ហ្នឹង​រឹតបន្តឹង​ទៅ​លើ​ការ​ចូលរួម​ការតវ៉ា​នយោបាយ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​នឹង​ បញ្ហា​សិទ្ធិ​មនុស្ស​ហើយ​មួយ​ទៀត​គឺ​អាច​ទាក់​ទង​នឹង​ការព្រួយ​បារម្ភ​នៃ​ការ​រឹតបន្តឹង​នោះ​គឺ​រឿង​ហិរញ្ញវត្ថុ​ដែល​គាំទ្រ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ»។​

សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ពី​ការ​លំបាក​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួល​រង​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួនហើយ​បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​ផ្តល់​ការ​ការពារ​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​នោះ។​

លោក​ស្រី​សារ៉ា ម៉េលដេលសុន ​ឧបការីរង​រដ្ឋបាល​នៃ​ការិយាល័យ​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ​ ជម្លោះ ​និង​ជំនួយ​មនុស្ស​ធម៌​របស់​ទីភ្នាក់​ងារ​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ដែល​ជា​វាគ្មិន​ក្នុ​ងកិច្ច​ពិភាក្សា​នោះ​បញ្ជាក់​ថា៖ ​«គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ច្បាស់​លាស់​ណាស់​បើ​ទោះបី​ជា​បរិយាកាស​មាន​ការប្រឈម​មុខ​និង​គាប​សង្កត់​នៅ​កន្លែង​ខ្លះៗ​ ក៏​គោល​នយោបាយ​របស់​យើង​គឺ​ធ្វើ​ការ​ជាមួយ​និង​ឈរ​យ៉ាង​មុតមាំ​ដើម្បី​គាំទ្រ​អង្គការ​សង្គម​ស៊ីវិល​នៅជុំ​វិញ​ពិភពលោក»។​

សហរដ្ឋ​អាមេរិក​ក៏​បាន​លើក​ទឹកចិត្ត​ឱ្យ​ស្ថាន​ទូត​របស់​ខ្លួន​ជួប​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ជា​ប្រចាំ​ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​និង​ធានា​ថា​ពួកគេ​ទទួល​បាន​នូវ​មូលនិធិ​ដែល​ចាំបាច់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី​សារ៉ា ម៉េលដេលសុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG