ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម រង្ស៊ី​គ្រោង​សុំឲ្យ​អ.ស.ប​.ព្យួរ​អាសនៈ​កម្ពុជា

  • សុខ ខេមរា

លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​​ក្នុងសន្និសីទ​សារព័ត៌មាន ថ្ងៃ​២៥ កញ្ញា ២០១៣។​
មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិគឺ​លោក​សម រង្ស៉ីព្រមាន​ថា​ លោកនឹង​ធ្វើចលនា​ជា​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ដើម្បី​កុំឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ជាពិសេស​គឺ​ស្នើ​សុំ ​ដល់​អ.ស.ប.​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​ឯ​អ.ស.ប.នៅ​ទំនេរ​ជា​បណ្តោះ​អាសន្ន។​

គណបក្ស​ជំទាស់​ធ្វើ​របៀបនេះ​ដោយ​ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាល​ថ្មី​និង​រដ្ឋសភា​ថ្មី ​របស់​កម្ពុជា​ជារដ្ឋាភិបាល​និង​រដ្ឋ​សភា​មិន​ស្របច្បាប់​ និង​មិន​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំងមូល​ទេ។ ​នេះបើ​តាម​ការ​អះអាង​របស់​លោក​សម រង្ស៉ី ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ប៉ុន្មាន​នាទីមុន​នេះ។​

«ហើយ​យើងនឹង​ទំនាក់​ទំនង​ជាមួយ​អ.ស.ប.​ផង​ដែរ​ សុំឲ្យ​ព្យួរ​សមាជិក​ភាព​នៃ​ប្រទេស​កម្ពុជា​នៅ​អ.ស.ប.»។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​មួយ​រូប​របស់​រដ្ឋាភិបាល​ បាន​អះអាង​ថា​ អ្វីដែល​គណបក្ស​ជំទាស់​ធ្វើ​នោះ​គឺជា​សកម្មភាព​ដែល​មិនអាច​ទៅរួច​ដោយ​សារ​ថា​ គ្មាន​នរណា​ដែល​គេនឹង​ធ្វើការ​ជាមួយ​គណបក្ស​សំឡេង​ភាគ​តិច​ទេ។​

«មិន​អាច​ទៅ​រួច​ទេ​ដោយ​សារ​អ.ស.ប.​គឺជា​សហ​រដ្ឋាភិបាល​របស់​ប្រជាជាតិ​នីមួយៗ​ មិនមែន​ជា​អង្គការ​នយោបាយ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​ដែល​ចាញ់​ឆ្នោត​ឬគណបក្ស​ភាគតិច​នោះ​ទេ»។​

ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ជំទាស់​គឺ​ស្រប​ជាមួយ​នឹង​ជំហរ​ របស់​បណ្តា​ប្រទេស​មួយ​ចំនួនដូច​ជា​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ដែល​នៅតែ​ទាមទារ​ឲ្យមាន​ការ​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​រឿង​បោះឆ្នោត​ដែល​គេចោទ​ថា​ មានការ​គៃ​បន្លំ​យ៉ាង​ធ្ងន់ធ្ងរ។​

គណបក្សជំទាស់​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ទេ ​ដោយ​អះ អាង​ថា​ ខ្លួន​ទេ​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​គឺ​ទទួល​បាន​៦៣​អាសនៈ​លើ​១២៣​ អាសនៈ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន។​ គណបក្ស​នេះ​ទាមទារ​ឲ្យ​ មាន​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ត្រឹមត្រូវ​មួយ​ដើម្បី​ស៊ើប​អង្កេត​ដោយ​តម្លាភាព​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ថ្ងៃ​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣។​

គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​គណៈ​កម្មាធិការ​ជាតិ​រៀបចំបង្ហាញ​ថា​ ជា​អ្នក​ឈ្នះ ​ ហើយ​ទទួល​បាន​៦៨​អាសនៈ​ក្នុង​សភា​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន។​ គណបក្ស​នេះ​បាន​បញ្ជាក់​ថា ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​បាន​បញ្ចប់​ឬ​ប្រកាស​ដោយ​គ.ជ.ប.​ទៅ​ហើយ ​ដោយ​បដិសេធ​ ការ​សើរើ​លទ្ធផល​បោះឆ្នោត​នេះ។​

ការចរចា​មិនត្រូវ​គ្នា​នេះ​ធ្វើឲ្យ​សមាជិក​សភា​គណបក្ស​ជំទាស់​ចំនួន​៥៥​រូប​មិន​ ចូល​រួម​ប្រជុំ​សភា​ដើម្បី​ផ្តល់​សុពលភាព​ឲ្យ​ក្លាយ​ជា​សភា​ពហុបក្ស​និង​ស្រប​ ច្បាប់​ពេញ​លេញ​មួយ​ដែល​ទទួល​ស្គាល់​ដ៏​ទូលំទូលាយ​ទេ។​

ក្រៅពី​គំរាម​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​ លោក​សម រង្ស៉ី​បង្ហាញ​ក្តីសង្ឃឹម​ថា​ ចលនា​របស់​លោក​លើ​ឆាក​អន្តរជាតិ​នឹង​បាន​សម្រេច​ដោយ​សារ​មាន​ភស្តុតាង​ អំពី​ភាព​មិន​ស្រប​ច្បាប់​ជាតិ​ និង​អន្តរជាតិ ​ដែល​លោក​អះអាង​ថា​ រដ្ឋាភិបាល​ថ្មី​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​រដ្ឋាភិបាល​ខុស​ច្បាប់។ ​លោក​ថ្លែង​ ថា​ សកម្មភាព​របស់​លោក​លើ​ឆាក​អន្តរជាតិ​ដូច្នេះ​គឺ​ជា​ការ​ការពារ​ផល ​ប្រយោជន៍​ជាតិ​ខ្មែរ​ទាំងមូល​និង​ជួយ​សង្គ្រោះជាតិ​កម្ពុជា។ ​

លោក​បាន​ព្រមាន​ថា៖ ​«អញ្ចឹង​បើ​នរណា​ដែល​នៅតែ​ទាក់ទង​ជា​ធម្មតា​ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ​តទៅ​ទៀត​គឺ​មាន​ន័យ​ថា​ ចូលដៃ​ជាមួយ​ពួក​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​ រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ ហើយ​កំពុងតែ​ធ្វើ​បាប​ប្រជារាស្ត្រ​ខ្មែរ»។​

លោក​ផៃ ស៊ីផាន​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ពេល​នេះ​មាន​ប្រទេស​មហា​ អំណាច​មួយ​ចំនួន​និង​ប្រទេស​អាស៊ាន​ជាច្រើន​បាន​សរសេរ​លិខិត​មក​អបអរ​សារទរ​ និង​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​រួច​ហើយ។​

ប្រទេស​កម្ពុជា ​ដែល​ត្រូវ​បញ្ជូន​តំណាង​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ឯកិច្ច​ប្រជុំ​មហា​សន្និបាត​អ.ស.ប.​ក្នុង​ទីក្រុង​ញូយ៉ក​ក្នុង​ខែ​កញ្ញា​នេះ​ជា​រៀងរាល់ឆ្នាំ​នោះ​ ធ្លាប់​ត្រូវ​អ.ស.ប.​ព្យួរ​អាសនៈ​ឲ្យ​នៅ​ទំនេរ​ម្តង​ក្រោយពី​មាន​រដ្ឋប្រហារ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ខែកក្កដា​ឆ្នាំ១៩៩៧​ដែល​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​ត្រូវ​បណ្តេញ​ចេញ​ពីមុខ​តំណែងជានាយក​រដ្ឋមន្ត្រី​ទី១៕
XS
SM
MD
LG