ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​កាត់​ជំនួយ​និង​ព្យួរ​ជំនួយខ្លះ

  • សុខ ខេមរា

នាយក​រដ្ឋមន្ដ្រី​កម្ពុជា លោក​ហ៊ុន ​សែន និងភរិយា​​​ចុះពីយន្តហោះ។​
នៅពេល​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​សម្រេចចិត្ត​បង្កើត​រដ្ឋសភា​និង​រដ្ឋាភិបាល​ថ្មី​ដើម្បី​ទប់ស្កាត់​ការ​ជាប់គាំង​ដំណើរ​ ក្រោយការ​បោះឆ្នោត​ ហើយ​មិន​ខ្វល់​ទៅ​នឹង​ការ​រិះគន់​អំពី​ភាព​ស្របច្បាប់​ឬ​មិន​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នោះ ​ក្រុមអ្នក​សង្កេតការណ៍មួយ​ចំនួនដែល​មាន​មូលដ្ឋា​នៅស.រ.អា.​ ហើយដែល​ឃ្លាំ​មើល​នយោបាយ​កម្ពុជា​ បាន​ទទូច​ថា ​ប្រទេស​ផ្តល់​ជំនួយ​និង​ស្ថាប័ន​ផ្តល់​ជំនួយ​ធំៗ​ត្រូវតែ​ព្យួរ​ជំនួយ​ និង​កម្ចីមួយ​ចំនួន​សម្រាប់​ប្រទេស​កម្ពុជា។​

ស.រ.អា. ​សហភាព​អឺរ៉ុប​ និង​អ.ស.ប.​នៅតែ​មិន​ទាន់​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ​ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​តម្លាភាព​អំពីវិវាទ​នៃ​ការ​បោះឆ្នោត​ ដែល​គេចាត់​ទុក​ថា​ មាន​ការ​គៃ​បន្លំ​នោះ។​ គណបក្ស​ជំទាស់​បាន​ចោទ​ប្រកាន់អំពីភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ក្នុងការបោះឆ្នោត​ ​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ មិន​ចូល​ក្នុងរដ្ឋាភិបាល​ហើយ​មិន​ផ្តល់​ភាព​ស្របច្បាប់​ដល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​នេះទេ។​ ក្រៅពី​ទទូច​ឲ្យមាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​ និង​មាន​ការ​ពិភាក្សា​គ្នា​រវាង​ដៃគូ​ប្រជែង​នយោបាយ​គឺគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ បណ្តាប្រទេស​ទាំង​នេះ​បាន​ថ្លែង​ថា សភា​កម្ពុជា​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ គួរ​ត្រូវ​មាន​គណបក្ស​ចម្រុះយ៉ាងតិច​ពីរ​តាម​គោលការណ៍​ប្រជា​ធិបតេយ្យ​សេរីនិយម ​ពហុបក្ស។​

លោក​ចន ស៊ីហ្វតុន ​(John Sifton) ​នាយក​កម្មវិធី​តស៊ូមតិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ យូមែនរ៉ៃ វច​ (Human​ Rights​ Watch) ​បាន​ថ្លែង​ថា៖​ «ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ចង់​ឲ្យ​ស.រ.អា.​ជំរុញ​ឲ្យ​មាន​ការ​ជំទាស់​ទៅ​នឹង​កម្ចី​ផ្នែក​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់រដ្ឋាភិបាល​កម្ពុជា​រហូត​ទាល់តែ​ធានាគារ​ពិភព​លោក​និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​មាន​ប្រព័ន្ធ​ការពារ​ប្រសើរ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស ​ហើយនឹង​មាន​ការ​ធានា​ចំពោះ​ក្តី​បារម្ភ​របស់​គេ។​ ពេលនេះ​កម្ចីផ្នែក​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ផ្តល់​ឲ្យ​ដោយ​ធនាគារ​ពិភព​លោក​ និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ​អាច​ចូល​ទៅ​ក្នុង​ដៃ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​អ្នក​មាន​ទាំង​នោះ ​តែ​ពលរដ្ឋ​វិញ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន ​ពីដី​របស់គេ​ ដូចជា​ភូមិបឹង​កក់ ​គម្រោងថ្នល់​រថភ្លើង​ គម្រោងការ​កសាង​ថ្នល់​នានា​ជាដើម។​ ហើយ​មេដឹក​នាំ​នយោបាយ​កម្ពុជា ​ដែល​មាន​បាន ​កាន់តែ​មាន​បាន​ តែ​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ ដែល​ជា​ម្ចាស់ដី​ កាន់តែ​ក្រីក្រ​ដោយ​គ្មាន​ទទួល​បាន​ផល​ប្រយោជន៍​អ្វីក្នុង​រយៈ​ពេល​វែង​ទៅ​មុខ»។​

លោក​ថ្លែង​ថា ​មេដឹកនាំ​កម្ពុជា​និង​មន្ត្រី​អាច​និយាយ​ចម្អកពី​ជំនួយ​ស.រ.អា.​ចំពោះ​ ប្រទេស​កម្ពុជា​ថា​ តិចតួច​មែន​ក្នុង​មួយ​ឆ្នាំៗ​ ដែល​អាច​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​មិនអើ​ពើ តែ​ឥទ្ធិពលស.រ.អា.​ចំពោះ​ប្រទេស​សម្ព័ន្ធ​មិត្ត​នោះ​ជាក្តី​បារម្ភ​សម្រាប់កម្ពុជា។​

«ប្រសិន​បើស.រ.អា.​នឹងចាត់​វិធាន​ការ​ក្នុង​ជំហរ​ជាអ្នក​ដឹកនាំ​ ហើយ​កៀងគរ​ សហភាព​អឺរ៉ុប ​និង​ជប៉ុន​ដើម្បី​ឲ្យ​កាត់​បន្ថយ​ជំនួយ​របស់​ពួកគេ​ ហើយ​ជំរុញ​ឲ្យ​ធនាគារ​ពិភពលោក​ និង​ធនាគារ​អភិវឌ្ឍអាស៊ី​ ​ដាក់​កំហិត​លើ​កម្ចី​សម្រាប់​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នុះ​ នោះ​ហើយ​ដែល​ត្រូវ​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ដល់​ប្រទេស​កម្ពុជា»។​

សមាជិក​សភា​និង​ព្រឹទ្ធ​សភា​ស.រ.អា.​មួយ​ចំនួន​បាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា​សម្រាប់កាត់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ បើ​រដ្ឋាភិបាល​ស.រ.អា.​មិន​ទទួល​ស្គាល់​ថា​ ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជាមាន​ភាព​សេរី​យុត្តិធម៌​ មិនអាច​ទទួល​យក​បាន ​ហើយ​ការ​គោរព​សិទ្ធិ​មនុស្ស​មិន​បាន​ប្រសើរ​ឡើង។​

លោក​គុជ ច័ន្ទលី​ អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា​ម្នាក់​ក្នុង​រដ្ឋម៉ារីឡែន​ស.រ.អា.​បាន​អះអាង​ថា ​រដ្ឋាភិបាល​ឯកបក្ស​អាច​ប្រឈម​មុខ​នឹង​គំនាប​សេដ្ឋកិច្ច​ពី​ប្រទេស​ផ្តល់​ជំនួយ​ ដោយសារ​រឿង​នេះ​ផ្ទុយពី​កិច្ច​ព្រម​ព្រៀង​ក្រុង​បារីស​ ​ច្បាប់​ជាតិ ​និង​ អន្តរជាតិ។​

«ដូច្នេះ​ហើយ​ប្រទេស​អ្នក​ដែល​ផ្តល់​ជំនួយ​ហ្នឹង​គេ​នឹង​ថ្លឹងថ្លែង​មើល​ ថា​តើ​ជំនួយ​ ដែល​គេ​ផ្តល់​ទៅ​ឲ្យហ្នឹង​ វា​ជា​ការ​គាំទ្រ​ទៅ​ដល់​រដ្ឋាភិបាល​ឯកបក្ស​ផ្តាច់ការ​និយម​ ឬ​មួយ​ជា​ជំនួយ​ដែលគេ​ផ្តល់​ដើម្បី​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ ប្រទេស​ខ្មែរ​យើង»។​

លោក​ថ្លែង​ថា ​ការព្យួរ​ជំនួយ​ឬ​ផ្តាច់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិន​ប៉ះពាល់​ដល់​អ្នក​ដឹកនាំ​ទេ ​តែ​ប៉ះពាល់​ដល់​ ប្រជា​ពល​រដ្ឋ​ទូទៅ។​

«គឺ​ថា​ នឹង​ប៉ះពាល់​ខ្លាំង​ទៅលើ​ប្រជា​ពលរដ្ឋខ្មែរ។​ ចំណែក​ខាង​រដ្ឋាភិបាល​យើង ដឹង​ហើយ​ថា​ រដ្ឋាភិបាល​កុំម្មុយនីស្ត គេមិន​ដែល​ក្រ​ទេ​គឺ​ថា​ ក្រុមគេ​អ្នក​មាន។​ហើយ​អត់​មាន​ប៉ះទង្គិច​អី​ទេ។​ ប៉ុន្តែ​ធ្វើ​បាប​ ធ្វើទុក្ខ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។​ បើ​សិន​ជា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​យល់​ថា ​ខ្លួន​ជា​អ្នក​បម្រើប្រជា​រាស្ត្រ​ នោះ​ការ​ឈឺចាប់​របស់​ប្រជា​រាស្ត្រ​ដោយសារ​គំនាប​នេះ​ត្រូវតែ​ជា​ការ​ឈឺ​ចាប់​របស់​រដ្ឋាភិបាល​ដែរ»។​

ក្រោយ​ពីការ​ខកខាន​ក្នុង​ការ​រក​ដំណោះ​ស្រាយ​នយោបាយ​ជា​ច្រើន​លើក​មក​ គណ​បក្ស​ទាំងពីរ​គឺ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​បាន​ជួប​ចរចា​គ្នា​ជា​ថ្មី​ទេ​ ជា​ពិសេស​នៅ​ពេល​ដែល​សភា​ថ្មី​និង​ រដ្ឋាភិបាល​ថ្មី​កើត​ឡើង​ហើយ​នោះ។

​គណបក្ស​កាន់​អំណាច​នៅ​តែ​អះអាង​ថា ​ខ្លួន​នៅ​តែ​បើក​ទ្វារ​ចំហ​ជានិច្ច​ដើម្បី​ធ្វើ​ការ​ចរចា។ ​តែ​គណបក្ស​ជំទាស់​ ដែល​អះអាង​ ថា​ ការ​ចរចា​មិន​មាន​សមធម៌​និង​មិន​ទទួល​បាន​ការរីកចម្រើននោះ ​គ្រោង​នឹង​ធ្វើ​មហា​បាតុ​កម្ម​មួយ​ថ្ងៃ​នៅ​ចុង​សប្តាហ៍​នេះ។​

តែ​លោក​បណ្ឌិត ​ចន ស៊ៀអ័រស៊ៀរី​ (John D. Ciorciari ) ​សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ ​Michigan ​បាន​ថ្លែង​ថា៖​ «ភាព​ទល់​ច្រកកាន់​តែអូស​បន្លាយ​មិនមែន​ជា​ប្រផ្នូល​ល្អ​សម្រាប់កំណែ​ទម្រង់ប្រជា​ ធិបតេយ្យ​ទេ។ ​បាតុកម្ម​តវ៉ា​វិល​ ទៅ​វិលមក ​និង​ការ​បង្ក្រាប​នោះ​នឹង​ធ្វើឲ្យ​គ្មាន​ ស្ថិរភាព ​ហើយ​បំផ្លាញ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ទន់ខ្សោយ។​ គ្មាន​គណបក្ស​ណាមួយ​នឹង​ទទួល​ផល​ប្រយោជន៍​ពីលទ្ធផល​ចរចា​រក​ដំណោះ ស្រាយ​ដែល​បរាជ័យ​នោះ​ទេ។​ រឿង​នេះ​គឺ​មាន​ន័យ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខាង​ក្រៅ​ មិន​ចូលរួម​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ជាមួយ​នឹង​ភាព​ស្របច្បាប់​តិចតួច​ដោយ​រង​ការ​គំរាម​ដោយ​ភាព​រំជើប​រំជួល​ភ្លាមៗ​ ហើយ នឹង​ការ​ថ្កោលទោស​ពី​បរទេស»។​

លោក​ថ្លែង​ថា​ កិច្ច​ព្រម​ព្រៀង​ណាមួយ​រវាង​ភាគី​ទាំង​ពីរ​ក៏​ជារឿង​ស្មុគស្មាញ​ សម្រាប់ភាគី​ទាំងពីរ​ដែរ ​តែ​វា​ជា​ក្តីសង្ឃឹម​សម្រាប់ប្រទេស​កម្ពុជា។​ លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អាច​ចំណេញ​ផ្នែក​ភាព​ស្របច្បាប់​លើ​ឆាក​អន្តរជាតិ​ និង​ផ្ទៃក្នុង​ជាតិ​ ហើយ​គណបក្ស​ ជំទាស់​អាច​មាន​កម្លាំង​ខ្លាំង​ក្នុង​សភា​ និង​មាន​ឱកាស​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ក្នុង​ការ​កែ​ទម្រង់ជាច្រើន​ ដូចជា​បញ្ហា​ប្រព័ន្ធ​តុលាការ​ជាដើម។​

តែ​លោក ​John Sifton ​នៃ​អង្គការ​ Human​ Rights ​Watch​ វិញ​ បាន​និយាយ​ថា ​វា​ជា​រឿងស្រេច​ទៅ​លើ​គណបក្ស​ជំទាស់​ ថា​តើ​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា​ចំពោះ​រឿង​ចូល​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​នៅ​ខាងក្រៅ។​ តែ​លោក​បាន​ ព្រមាន​ថា ​រយៈ​ពេល​២០​ឆ្នាំ​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​គោរព​សន្យា​ជាមួយ​នឹង​ដៃ​គូ។​

«ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត ​ហើយនឹង​ការ​តស៊ូ​នយោបាយ ​ក្រោយ​ការ​បោះឆ្នោត​ នៅ​ទីបំផុត​បាននាំ​ឲ្យ​មាន​ការ​សន្យា​ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា​ដើម្បី​អនុវត្ត​កំណែទម្រង់​ឬ​ផ្តល់​កៅអី​ ឬ​តំណែង​ដល់​គណបក្ស ជំទាស់​ក្នុង​ក្រសួង​រដ្ឋាភិបាល ​តែ​បន្ទាប់​មក​ការ​ពិត​អ្វី​ដែល​កើត​ឡើង​នោះ​គឺ​កំណែ ​ទម្រង់​នានា​មិនត្រូវ​បានធ្វើ​ ហើយ​តំណែង​ដែល​ផ្តល់​ឲ្យពី​គណបក្ស​ប្រជាជន​ដល់​ គណបក្ស​ជំទាស់នោះ​ មាន​អំណាច​តិចតួច។​ ជាចុង​បញ្ចប់​ គណបក្ស​ប្រជាជន​ គ្រប់គ្រង​អំណាច​ទាំងអស់​គឺកាន់​កាប់​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល​ សន្តិសុខ ​យោធា​ ប៉ូលិស ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ​កាន់កាប់​តុលាការ ​ប្រព័ន្ធ​ យុត្តិធម៌។ ​នៅ​ទីបំផុត​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​ប្រទេស»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​គុជ ច័ន្ទលី​បានអះអាង​ថា​ លោក​មាន​ជំនឿ​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែលកំពុង​តស៊ូ​ រកសេរីភាព​របស់គេ​ ហើយ​មាន​ការ​គាំទ្រ​ពី​ អន្តរជាតិ​រួចទៅ​ហើយ​នោះ។​

«ខ្ញុំ​មាន​ជំនឿ​ទៅលើ​កម្លាំង​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ​ដែល​នឹង​អាច​ងើប​ឡើង​ ទាមទារ​យក​សិទ្ធិ​សេរីភាព​របស់ខ្លួន​ដើម្បី​រៀបចំ​ប្រទេស​របស់​ខ្លួន​ទៅតាម​សេចក្តី ​ប្រាថ្នា​របស់​ខ្លួន​ឡើងវិញ។​ អន្តរជាតិ​ គេ​បាន​បង្ហាញ​ជំហរ​របស់​គេរួច​មក​ហើយ​ ថា​ គេ​នឹងនៅ​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ។​ គេគាំទ្រ​ប្រជា​ពលរដ្ឋខ្មែរ​ ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋខ្មែរ​ត្រូវតែ​ចាប់ផ្តើម​សម្តែងការ​ចង់​បាន​របស់​ខ្លួន​ តាម​រយៈ​សកម្ម​ភាព​ឲ្យ​ បាន​ម៉ឺងម៉ាត់ ​ទើប​គេ​អាច​ជួយ​កើត»។​

មេ​ដឹកនាំ​គណបក្ស​ជំទាស់​អះអាង​ថា ​ខ្លួនជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៨​ខែ​ កក្កដា​ឆ្នាំ​២០១៣ ​ដែល​ផ្ទុយ​ពី​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​របស់​គ.ជ.ប.​ដែល​ប្រកាស​ថា ​គណបក្សប្រជាជន​កម្ពុជា​ឈ្នះ​៦៨​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​ ជាតិ​ឈ្នះ​បាន​៥៥​អាសនៈ។​

គណបក្ស​ជំទាស់​បាន​គំរាម​ថា ​នឹង​កៀង​គរ​ការ​ គាំទ្រ​នៅលើ​ឆាក​អន្តរជាតិ ​មិន​ឲ្យ​មាន​ការ​ទទួលស្គាល់​រដ្ឋាភិបាលថ្មី​ មិន​ធ្វើការ​ ជាមួយ ​មិន​ចុះហត្ថ​លេខា​ជាមួយ ​ហើយនឹង​មិន​ធ្វើពាណិជ្ជកម្ម​ជាមួយ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG