ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ប្តេជ្ញា​ការពារ​សេរីភាព​បញ្ចេញ​មតិ


Cambodia Boengkak protesters freedom of speech, SM video pkg
Cambodia Boengkak protesters freedom of speech, SM video pkg
គណបក្ស​នយោបាយ​សំខាន់ៗ​ដែល​កំពុង​ត្រៀមខ្លួន​ចូល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​នៅ​ខែ​ក្រោយ​បាន​សម្តែង​ឆន្ទៈ​លើក​តម្កើង​សេរីភាព​បញ្ចេញ​មតិ​ ប្រសិនបើ​ខ្លួន​នឹង​ទទួល​បាន​ជ័យជម្នះ។

សេចក្តី​ប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុង​វេទិកា​ពិភាក្សា​លើ​គោលនយោបាយ​របស់​គណបក្ស​ស្តីពី​ការលើក​កម្ពស់​សិទិ្ធ​សេរីភាព​បញ្ចេញ​មតិ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ។ វេទិកា​នេះ​ចូលរួម​ដោយ​គណបក្ស​ចំនួន​ប្រាំពីរ​ក្នុង​ចំណោម​គណបក្ស​ចំនួន​ប្រាំបី​ដែល​ត្រូវ​ចូល​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨​ខែកក្កដា ​ឆ្នាំ២០១៣​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​ទទួលរង​ការស្តីបន្ទោស​ពី​ការដឹកនាំ​អំណាច​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​បញ្ចេញមតិ​នេះ​មិនបាន​បញ្ជូន​តំណាង​របស់ខ្លួន​ឲ្យ​ចូលរួម​ក្នុង​វេទិកា​នេះ​ទេ។

លោក ក្រវ៉ា​ញ ដារ៉ន ​ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​គូសបញ្ជាក់​ថា​ប្រជាពលរដ្ឋ​ត្រូវតែមាន​សិទ្ធិ​ប្រមូលផ្តុំ​ធ្វើបាតុកម្ម ​កូដកម្ម ​និង​សិទ្ធិ​ធ្វើ​ញត្តិ​ទាមទារ​ដល់​រដ្ឋាភិបាល។

លោក​និយាយថា៖ «ថែម​អំណាច​មួយទៀត​គឺ​អំណាច​ទី៤។ អំណាច​សារព័ត៌មាន​និង​អំណាច​សិទ្ធិ​ទទួល​ព័ត៌មាន។ មានន័យថា​ប្រជាពលរដ្ឋ​ត្រូវមាន​សិទ្ធិ​សុំ​ទទួល​ព័ត៌មាន​ពី​រដ្ឋាភិបាល។ រដ្ឋាភិបាល​ត្រូវមាន​តួនាទី​មួយ​ផ្តល់​ព័ត៌មាន​នៅពេល​ដែល​ប្រជាពលរដ្ឋ​ចង់បាន។ ដូច្នេះ​សារព័ត៌មាន ​មាន​សិទ្ធិ​សរសេ​រឿង​និង​បកអាក្រាត​ដើម្បី​រក​តម្លាភាព​ឲ្យ​ប្រជា​ពលរដ្ឋ»។

ជាមួយគ្នា​នេះ លោក អ៊ូ ច័ន្ទរិទ្ធ ​តំណាងរាស្ដ្រ​ដែល​ត្រូវ​ដកហូត​ពី​តួនាទី​និង​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​រៀបរាប់​ពី​ការគាបសង្កត់ ​ចាប់ខ្លួន ​គំរាមកំហែង​ដល់​អ្នកតស៊ូ​មតិ ​មន្ត្រី​សង្គម​ស៊ីវិល​និង​គណបក្ស​ជំទាស់​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​ក្នុង​អណត្តិ​នៃ​រដ្ឋាភិបាល​នេះ។

លោក អ៊ូ ច័ន្ទរិទ្ធ ​លើកឡើង​ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ឡើង​វិញ​បើសិនជា​គណបក្ស​លោក​ឈ្នះឆ្នោត។

លោក​និយាយ​ថា៖ «យើង​សិក្សា​ឡើងវិញ​លើ​ច្បាប់ក្រម​ព្រហ្មទណ្ឌ​ត្រង់ចំណុច​ណា​ដែល​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ។ យើង​នឹង​សើរើ​ឡើងវិញ​ចំពោះ​ច្បាប់​ដែល​ទាក់ទង​នឹង​របប​សារព័ត៌មាន ​និង​មួយ​ទៀត​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​អហិង្សា»។

លោក អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាងថា​ការបញ្ចេញមតិ​តាម​បណ្តាញ​សារព័ត៌មាន​មានការ​ប្រឈម​នឹង​ការប្រមូលផ្តុំ​និង​ការធ្វើ​បាតុកម្ម​មានការ​រឹតត្បិត​មួយ​ចំនួន។

លោកថ្លែងថា៖ «យើង​ចង់​ឲ្យ​គណបក្ស​នយោបាយ​និមួយៗ​ធ្វើការ​ប្តេជ្ញាចិត្ត​នូវ​គោល​នយោបាយ​របស់​ខ្លួន​មុន​ការបោះឆ្នោត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​សម្រេចចិត្ត»។

មាន​មន្ត្រី​សង្គម​ស៊ីវិល​និង​ក្រុមនិស្សិត​បាន​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​គោលនយោបាយ​របស់​គណបក្ស​ស្តីពី​ការលើក​កម្ពស់​សិទិ្ធ​សេរីភាព​បញ្ចេញមតិ​នេះ។ ក្រុមនិស្សិត​បាន​ចោទសួរ​នូវ​សំណួរ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​សេរីភាព​បញ្ចេញ​មតិ​នេះ​និង​សំណួរ​ដែល​ទាក់ទង​នឹង​ស្ថានភាព​បច្ចុប្បន្ន​នេះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​អំពើ​ហិង្សា​ដើម្បី​បង្ក្រាប​លើ​ការបញ្ចេញ​មតិ​មាន​ការថយ​ចុះ​ប៉ុន្តែ​ស្ថានភាព​នៃ​សេរីភាព​បញ្ចេញ​មតិ​មិនបាន​ប្រសើរ​ពេក​នោះទេ។

ដោយឡែក​តំណាង​គណបក្ស​ដទៃទៀត​ដូចជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជំរុញ​ការគោរព​សិទ្ធិមនុស្ស​ដែល​ជា​មូលដ្ឋាន​ទាក់ទង​នឹង​សិទ្ធិ​បញ្ចេញ​មតិ​និង​សិទ្ធិ​ទទួល​ព័ត៌មាន​ហើយ​ជាមួយគ្នា​នេះ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ក៏​បាន​ចាត់ទុក​ការពង្រឹង​សិទ្ធិ​ទទួល​និង​ផ្តល់​ព័ត៌មាន​«ជា​អាទិភាព»​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG