ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​មាន​យន្តការ​ត្រួត​ពិនិត្យ​ក្នុង​ការ​ដឹកនាំ​រដ្ឋ

  • ហេង រស្មី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។

នៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រារព្ធ​ទិវា​អន្តរជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន​ បាន​ទទូច​ទាមទារ​ឱ្យមាន​យន្តការ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ស្ថាប័នរដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​ធានា​ស្ថិរភាព​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ ការ​ផ្សះ​ផ្សារ​ជាតិ​នៅ​កម្ពុជា។

លោក​ គុល បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត​មួយ​ឈ្មោះ​Comfrel ​ មាន​ប្រសាសន៍​ថា​ដើម្បី​ធានា​ឱ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យទូលំ​ទូលាយ​និង​ ការ​ផ្សះផ្សារ​ជាតិ​គឺ​ត្រូវ​រក​មធ្យោបាយ​មួយ​គឺ​រាល់​ដំណើរការណ៍​នៃ​កិច្ចការ​នយោបាយ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ មិន​ត្រូវ​ឱ្យមាន​ការ​ប៉ះ​ពាល់​ដល់​ក្រុម​ណា​ផ្សេងៗ​ និង​ខិតខំ​ធ្វើ​យ៉ាង​ណា​ទាញ​ឱ្យបាន​រវាង​ក្រុម​ដែល​មាន​មតិ​ភាគ​តិច​និង​មតិ​ភាគ​ច្រើន​យក​មក​ឱ្យចូល​រួម​ក្នុង​ការ​សម្រេច​ចិត្ត។​

លោក​និយាយ​ថា៖ «​ប្រព័ន្ធ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​មិន​មែន​មាន​ន័យ​ថា​ធ្វើ​ឱ្យមាន​ជម្លោះ​នៅ​ក្នុង​សភា​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ទេ។ ប៉ុន្តែ​វា​អាច​បង្កើត​នូវ​ការ​ដេញ​ដោល​គ្នា​មួយ​ឱ្យបាន​ត្រឹម​ត្រូវ​ឱ្យមាន​ពេល​វេលា​មួយ​ឱ្យបាន​សមរម្យ»។​

លោក​ យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​វា​ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​តែ​មាន​ការ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​សព្វ​ថ្ងៃ​នេះ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ដែល​មិន​ឱ្យមាន​ការ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ដែល​អ្នក​មាន​អំណាច​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​និង​មិន​មាន​ការ​គោរព​ច្បាប់។​

លោក​និយាយ​ថា៖​ «សង្គម​ប្រជាធិបតេយ្យ​មិន​មែន​មាន​ន័យ​ថា​អំណាច​ស្ថិត​នៅ​លើ​កណ្តាប់​ដៃ​អ្នក​ណា​ម្នាក់​ទេ។ ​អំណាច​ជា​របស់​ប្រជាពលរដ្ឋ​ អំណាច​ជា​របស់​ស្ថាប័ន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ហើយ​សូម្បី​តែ​សមាសភាព​ដឹក​នាំ​ស្ថាប័ន​សំខាន់ៗ​ប្រជាធិបតេយ្យ​ក៏​ត្រូវ​តែ​ជាសមាសភាព​ដែល​តំណាង​ឱ្យប្រជាពលរដ្ឋ​ដែរ»។​

លោក​ ឈាង វ៉ុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​និង​ជាអ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​មិន​អាច​ស្នើ​សុំ​ដើម្បី​សេច​ក្តី​អត្ថាធិប្បាយ​បាន​ទេ​រីឯ​លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​អ្នក​លើក​ទូរស័ព្ទ​និយាយ​ថា​លោក​ជាប់​រវល់។​

នេះ​ជា​លើក​ទី​៧​ហើយ​ដែល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មកម្ល៉េះ។ ​ទិវា​នេះ​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​សម្រេច​ធ្វើ​ជារៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃទី​១៥​ខែកញ្ញា​ទៅ​លើ​ដំណោះ​ស្រាយ​ជារួម​មួយ​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ។​

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​នេះ​បាន​លើក​យក​ប្រធាន​បទ​ចំនួន​បី​ គឺ​ការ​ផ្សះ​ផ្សារ​ជាតិ​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ សមភាព​រវាង​ស្រ្តី​ និង​ បុរស​ និង​ សេរីភាព​បញ្ចេញ​មតិ។​

លោក​ សុខ ទូច​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​មាន​ប្រសាសន៍​ថា​បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យនិង​ការ​ផ្សះ​ផ្សារ​ជាតិ​វា​ជាការ​ពិបាក​ក្នុង​ការ​និយាយ​ពីព្រោះ​ថា​អំណាច​នៅ​កម្ពុជា​បាន​កើត​ចេញ​ពី​បួន​ចំណុច​ទី​មួយ​គឺ​អំណាច​ត​ពូជ​ ទី​ពីរ​អំណាច​កើត​ចេញ​ពី​ការ​បន្តុប​ ទី​បី​អំណាច​កើត​ចេញ​ពី​បដិវត្តន៍​ និង​ អំណាច​កើត​ចេញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​បាន​បញ្ជាក់​ថា​ ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន​នេះ​ប្រជាជន​គាត់​គូស​វាស​ឱ្យអ្នក​នយោបាយ​ដើរ​ដើម្បី​រើស​មេដឹក​នាំ​មួយ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ។​

លោក​និយាយ​ថា៖ «ដើម្បី​រើស​មេដឹក​នាំ​គាត់​ឱ្យមេដឹកនាំ​មួយ​ប្រកប​ទៅ​ដោយ​ភាព​ត្រឹម​ត្រូវ​ ភាព​ម្ចាស់​អំណាច​ហើយ​ក្លាយ​ទៅ​ជា​មគ្គុទេសក៏​ដ៏​រឹង​មាំ​សម្រាប់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត។ កុំ​អ្នក​កាន់​អំណាច​យល់​ថា​គាត់​ជា​ម្ចាស់​របស់​យើង​ជា​ឪ​របស់​យើង​ជាម៉ែ​របស់​យើង។​ តាម​ពិត​គាត់​ជា​អ្នក​បម្រើ​របស់​ប្រជាជន​ទេ»។​

លោក​ នី ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​អ្នក​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​មាន​កក្តា​ពីរ​គឺ​ជា​អ្នក​បង្កើត​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ជា​អ្នក​ថែរក្សា​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យគង់​វង្ស៕

XS
SM
MD
LG