ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​សន្យា​ថា ​នឹង​សហការ​ដោយ «ស្មោះត្រង់» ជាមួយ​គណបក្ស​ជំទាស់​ក្នុង​សភា


លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ក្នុង​រដ្ឋសភា។
លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ក្នុង​រដ្ឋសភា។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ មន្ត្រី​គណបក្ស​កាន់អំណាច​បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​សហការ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ធ្វើ​កិច្ចការ​រួមគ្នា​ «ដោយ​ស្មោះត្រង់»​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំៗ ​និង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។​ នេះ​ជាការ​អះអាង​របស់​លោក​ឈាង វ៉ុន ​ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស​សភា​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ពិសេស​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​២៥​ខែ​កក្កដា​ឆ្នាំ​២០១៤។​

«គណបក្ស​ប្រជាជន​ត្រូវការ​ចាំបាច់​គណបក្ស​ដៃ​គូ។​ បើសិន​ជា​គ្មាន​គណបក្ស​ដៃគូ​ទេ ​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ។ ​អញ្ចឹង​ហើយ​លទ្ធិ​ប្រជាធិបតេយ្យ​តម្រូវឲ្យ​មាន​គូ​ប្រជែង។​ តែ​សួរ​ថា ​តើ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ទេ?​ ចង់​កាន់​អំណាច​ទេ?​ ថា​ចង់។ ​យើង​នឹង​ខំប្រឹង​ធ្វើការ ​ធ្វើម៉េច​កុំឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តួល​យើង​បាន។​ យើង​នឹង​ខំប្រឹង​ធ្វើការ។ ​ហើយ​យើង​នឹង​ស្មោះត្រង់​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិការ​ហ្នឹង ​ព្រោះ​យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នារួច​ហើយ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រុមមន្ត្រី​សង្គម​ស៊ីវិល​នៅព្រួយ​បារម្ភ​ខ្លាច​ថា ​គណបក្ស​កាន់​អំណាច​នឹង​នៅតែ​នៅ​ក្តោប​អំណាច​ មិន​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​មាន​ភាព​ឯករាជ្យ ​ពលរដ្ឋ​មិន​អាច​បញ្ចេញ​មតិ​បាន ​ហើយ​ព្យាយាម​បង្ក​ឧបសគ្គ​ដល់​ក្រុម​ជំទាស់។

តែលោក​ឈាង វ៉ុនបាន​អះអាង​ថា​ គណបក្ស​ទាំង​ពីរ​បាន​សម្រេចក្នុង​កិច្ច​ព្រមព្រៀងរួច​ហើយ​ថា​ នឹង​បម្រើពលរដ្ឋ​ និង​រួមគ្នាដោះស្រាយ​បញ្ហា​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទុកពេល​វេលា​ឲ្យ​គណបក្ស​ទាំងពីរ​ធ្វើ​កិច្ចការ​សិន ​និង​កុំឲ្យ​មាន​វប្បធម៌​ភ័យ​ខ្លាច​ឡើយ។​

លោក​បាន​បន្ថែម​ថា ​គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ធ្វើ​កំណែ​ទម្រង់ជាច្រើន​ រួមគ្នា​ដើម្បី​អាច​ឲ្យ​គណបក្ស​ទាំងពីរ​ធ្វើការ​ជាមួយ​គ្នា​បាន​ រាប់ទាំង​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ផង​ដែរ។​ ហើយ​លោក​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​ចំហ​រឿង​ធ្វើ​កិច្ចការ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​តាម​កិច្ច​ព្រមព្រៀង៕

XS
SM
MD
LG