ការវាយប្រហារគ្នាទៅវិញទៅមករវាងមេដឹកនាំគណបក្ស ដែលធ្លាប់មានជម្លោះដ៏រ៉ាំរ៉ៃក្នុងពេលថ្មីៗ បានបង្កឲ្យក្រុមអ្នកឃ្លាំមើលស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាប្រមើលឃើញថា កិច្ចព្រមព្រៀងរួមគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិអាចនឹងមានភាពផុយស្រួយកាន់តែខ្លាំង ហើយនៅចុងបញ្ចប់គណបក្សប្រឆាំងនឹងសម្រេចចិត្តដើរចេញពីរដ្ឋសភា ដោយសារតែការមិនឲ្យរិះគន់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអង្គារបានព្រមានថា សមាជិកសភាជាប់ឆ្នោតខាងគណបក្សគ្រប់គ្រងអំណាចនឹងបោះឆ្នោតទម្លាក់លោកកឹម សុខាចេញពីមុខតំណែងអនុប្រធានទីមួយនៃរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកកឹម សុខាប្រកាសថា នឹងបោះឆ្នោតដកសេចក្តីទុកចិត្តមន្ត្រីរដ្ឋាភិបាលណាដែលអសកម្មការងារ និងជាប់ពាក់ព័ន្ធអំពើពុករលួយ។
ការវាយប្រហាររិះគន់គ្នាទៅវិញទៅមកនេះបានធ្វើឡើងមិនដល់មួយខែផង បន្ទាប់ពីមេដឹកនាំគណបក្សទាំងពីរបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ខែកក្កដា និងការសន្យាផ្ទាល់មាត់រវាងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនខាងគណបក្សប្រជាជនកម្ពុជាដែលថា ឈប់ធ្វើការបរិហាររិះគន់គ្នានិងងាកមកកសាងមាតុប្រទេសម្តងវិញ។
លោកកែម ឡី អ្នកស្រាវជ្រាវសង្គម មានប្រសាសន៍ថា ការព្រមានពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះលោកកឹម សុខាអាចនឹងធ្វើឲ្យកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរកាលពីខែកក្កដា និងមានភាពផុយស្រួយកាន់តែខ្លាំង ហើយនៅទីចុងបញ្ចប់ គណបក្សសង្គ្រោះជាតិអាចនឹងដើរចេញពីតួនាទីក្នុងរដ្ឋសភា។
លោកបានបញ្ជាក់ថា តាមបទពិសោធន៍កន្លងមក ទាំងកិច្ចព្រមព្រៀងទីក្រុងបារីស កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច គឺត្រូវបានគណបក្សកាន់អំណាចរំលោភ និងបានក្លាយទៅជាវប្បធម៌ ហើយដែលអ្នកកាន់អំណាចមានកម្លាំងខ្លាំងគំរាមទៅលើអ្នកទុនខ្សោយ។
លោកមានប្រសាសន៍ថា៖ «អាចជំរុញឲ្យបែកបាក់គ្នា ឲ្យភាគីនីមួយៗមិនគោរព ដោយសារតែយើងអត់មានសូចនាករណ៍វាស់វែងច្បាស់លាស់ ហើយនឹងអត់មានឯកសាររួមគ្នាអនុវត្តលើកិច្ចព្រមព្រៀងហ្នឹងថា ស្តង់ដារនៃការបោះឆ្នោតយ៉ាងម៉េច បទបញ្ជាផ្ទៃក្នុង រដ្ឋសភាអីយ៉ាងម៉េច មុននឹងចុះកិច្ចព្រមព្រៀងហ្នឹង»។
កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ខែកក្កដា មិនមានចំណុចណាមួយហាមមិនឲ្យគណបក្សសង្គ្រោះជាតិនិយាយបរិហាររិះគន់ទៅលើភាពអសកម្មរបស់មន្ត្រីរដ្ឋាភិបាលទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញ កិច្ចព្រមព្រៀងនេះបានលើកកម្ពស់តួនាទី និងអំណាចរបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភាទៅវិញ។
លោកកឹម សុខា អនុប្រធានរដ្ឋសភា និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ការព្រមានពីលោកហ៊ុន សែនមិនអាចទប់ស្កាត់ការនិយាយរិះគន់របស់គណបក្សប្រឆាំងបានទេ។
លោកមានប្រសាសន៍ថា បើមេដឹកនាំចង់ឲ្យប្រទេសរីកចម្រើន និងដំណើរការទៅរលូន មេដឹកនាំមិនត្រូវចេញមុខការពារជនខិលខូចទេ។
លោកនិយាយថា៖ «អ្នកដឹកនាំរដ្ឋាភិបាល លោកហ៊ុន សែន គាត់ចង់បានអ្វី? គាត់ចង់បានអ្នកពុករលួយដឹកនាំប្រទេស ឬគាត់ចង់បានឲ្យរដ្ឋាភិបាលគាត់ល្អឡើង? បើគាត់ចង់បានរដ្ឋាភិបាលល្អឡើង ទាល់ឲ្យមានតួនាទីបក្សប្រឆាំងជួយ ដូចគាត់ធ្លាប់និយាយហើយថា គាត់ចង់ឲ្យជួយដុសក្អែល!»
លោកឈាង វ៉ុន អ្នកនាំពាក្យរដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស មានប្រសាសន៍ថា លោកកឹម សុខាបាននិយាយប្រាសចាកចេញពីកិច្ចព្រមព្រៀង និងប្រសាសន៍របស់ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរកាលពីខែមុន។
លោកមានប្រសាសន៍ថា៖ «គាត់ទៅនិយាយស្អី ដែលប្រធានរបស់គាត់ទៅនិយាយក្នុងរដ្ឋសភា កន្លងទៅក្នុងវិសាមញ្ញ។ ទៅបីកន្លែងខុសគ្នាទៅហើយ។ លើកឡើងពីរឿងទម្លាក់រដ្ឋមន្ត្រី ទម្លាក់នាយករដ្ឋមន្ត្រី ឲ្យគាត់ធ្វើទៅ! ចាំបាច់ទៅនិយាយធ្វើអ្វី គាត់ធ្វើទៅ! ក៏ប៉ុន្តែកុំឲ្យគាត់ទូងស្គរ ហើយវាអត់មានអ្វីសោះខាងក្នុង ហើយខុសនឹងស្អីដែលគាត់និយាយ»។
គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានចូលដៃគូរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សប្រជាជនកម្ពុជានោះ បានធ្លាក់ចុះសម្លេងពី៥៨អាសនៈមកនៅត្រឹមគ្មានអាសនៈសោះក្នុងឆ្នាំ២០១៣ ដោយសារតែគណបក្សនេះមិនហ៊ាននិយាយរិះគន់ទង្វើរបស់រដ្ឋាភិបាល៕