ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មែរ​អាមេរិកាំង៖​ ការ​ស្រុះស្រួល​នយោបាយ​​នៅ​កម្ពុជា​ប៉ះពាល់​ប្រជាធិបតេយ្យ

  • ពិន ស៊ីសុវណ្ណ

ខ្មែរ​អាមេរិកាំង​ដែល​ជា​សកម្មជន​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​បាន​ជួបជុំ​គ្នា​ពិភាក្សាអំពី​ដំណើរការ​ប្រជា​ធិបតេយ្យនិង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​គឺ​មួយ​ថ្ងៃ​មុន​ទិវាប្រជាធិបតេយ្យ​អន្តរជាតិ​ដែល​មហាសន្និបាត​អ.ស.ប.​បាន​អនុម័ត​កាលពី​ឆ្នាំ​២០០៧។​

ក្នុង​កិច្ច​ពិភាក្សា​ក្នុង​អគារ​នៃ​មជ្ឈមណ្ឌល​រដ្ឋាភិបាល​ Mason Government Center​ ក្រុង Annandale​ រដ្ឋ ​Virginia ​នេះ សកម្មជន​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ស.រ.អា.​មកពី​រដ្ឋនានា​មាន​ទស្សនៈ​ខុស​គ្នា​អំពី​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​ភាគច្រើន​ចាត់​ទុក​ថា គណបក្ស​ប្រឆាំង​សម្រេច​ខុស​ពី​ឆន្ទៈ​របស់​អ្នក​គាំទ្រ​ និង​ការ​សន្យា​របស់​ខ្លួន។​

លោក​ យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ប្រកាស​ថា​ កម្មវិធី​ដែល​មាន​សកម្ម​ជនសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ចូលរួម​ជិត​៥០​នាក់​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​ស្ទួយ​ប្រជា​ធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ផង ​និង​អបអរ​សារទរ​ទិវា​ប្រជា​ធិបតេយ្យ​អន្តរជាតិ​ថ្ងៃ​១៥​កញ្ញា​ផង។​

លោក ​វ៉ាន់ សរ ​ទីប្រឹក្សា​របស់សមាគម​ខ្មែរ​អាមេរិកាំង​នេះ ​និង​ជា​ប្រធាន​អង្គការ​គ្រឹះសម្ព័ន្ធ​ខែ្មរ​មកពី​រដ្ឋវ៉ាស៊ីនតោន ​សម្តែង​ក្តី​បារម្ភ​ ដែល​អ្នក​ចូលរួម​មាន​ទស្សនៈ​ខុសគ្នា​អំពី​ស្ថានភាព​នយោបាយ​និង​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន។​

«ខ្ញុំ​បារម្ភ ​ខ្ញុំ​បារម្ភ​មែន​ទែន​ ព្រោះ​ដោយសារ​យើង​មាន​មតិខ្វែង​គ្នា​នឹង​ណា៎។ ប៉ុន្តែ​ក្នុង​ចិត្ត​រៀងខ្លួន​ហ្នឹង​ម្នាក់ៗ​តែង​មាន​ឧត្តមគតិ​ផ្សេងៗ​គ្នា​ ខ្លះ​ក៏​ខ្លាំងក្លា​ទៅ ​ខ្លះ​ក៏​មិន​សូវ​ខ្លាំង​ក្លា​ទៅ»។​

លោក​បន្ថែម​ថា ​អ្នក​ខ្លះ​យល់​ថា ​គណបក្ស​ត្រូវ​តែ​ចូល​សភា​ដើម្បី​មាន​ក្តីសង្ឃឹម​ខ្លះ​ក្នុង​ការ​តស៊ូ ​និង​ចៀងវាង​អំពើ​ហិង្សា ​ដែល​មាន​មនុស្ស​ស្លាប់​៨​នាក់​មក​ហើយ​នោះ។ ​តែ​អ្នក​ខ្លះ​មាន​កង្វល់​ដែល​ថា​ គណបក្ស​សង្គ្រោះជាតិ​ចូល​សភា​ធ្វើ​ឲ្យ​រដ្ឋាភិបាលលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ស្រប​ច្បាប់​តទៅ​ទៀត។​

ប៉ុន្តែ​អ្នកស្រី​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា ​ដែល​មក​ទស្សនកិច្ច​ស.រ.អា.​យល់​ថា ​ការ​ខ្វែង​គំនិត​គ្នា​នេះ​ជារឿងធម្មតា​ក្នុង​ការ​ពិភាក្សា​តាម​បែប​ប្រជា​ធិបតេយ្យ។ ​ការ​បញ្ចេញ​យោបល់​ខុស​គ្នា​ច្រើន​នោះ ​មាន​ប្រយោជន៍​ក្នុង​ការ​ចងក្រង​ជា​អនុសាសន៍​រក​ដំណោះស្រាយ។

«ខ្ញុំ​គិត​ថា ​អត់មាន​អ្វី​គួរ​បារម្ភ​ទេ ​ព្រោះនេះ​ជា​មតិ​របស់​ពលដ្ឋ​ ជា​អ្វី​ដែល​គាត់​មើល​ឃើញ​សង្គម​បច្ចុប្បន្ន។ ​ ការ​ពិភាក្សា​ស្វែង​យល់​គំនិត​ចម្រុះ​នេះ​នឹងធ្វើ​ឲ្យយើង​ស្វែង​យល់​អំពី​គ្នា ហើយ​ឈាន​ទៅ​រក​ដំណោះស្រាយ​ពិត​ប្រាកដ»។​

លោក​ វ៉ាន់ សរ ​និយាយ​ថា ​លោក​មាន​សង្ឃឹម​អំពីប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​អានាគត​ប្រទេស​កម្ពុជា​ ពេល​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ។​

«មុន​នោះ​ណា៎ ​សង្ឃឹម​ថា ​មាន​ការ​ដោះស្រាយ​បាន ​ពេល​ដែល​អ្នក​ស្រុក​ងើប​ ក្នុង​ពេល​ប៉ុន្មាន​ខែ​មុន​នោះ។ ​ហើយ​ពេល​ដែល​ថា​ គេ​ចូល​ធ្វើ​ការ​ជាមួយ​គ្នា​ទៅ​ វា​ធ្វើ​ឲ្យ​កង្វល់​ឡើង​វិញ ​រិត​តែ​ខ្លាំង​ឡើង​ទៀត​ថា ​បញ្ហា​ហ្នឹង​មិន​អាច​ដោះស្រាយ​បាន»។​

អ្នកស្រី​ សយ រ៉ាស៊ី​ សមាជិក​គណបក្ស​សង្គ្រោះជាតិ ​ដែល​ចូលរួម​កិច្ច​ពិភាក្សា​នេះ​ក្នុង​នាំ​បុគ្គល​បាន​ថ្លែង​ការពារ​ការ​សម្រច​ចិត្ត​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ។

«គណបក្ស​សង្គ្រោះជាតិ​ចូល​ទៅ​នេះ​មិន​មែន​ចូល​នឹង​គេទេ​ ​គឺ​ចូល​ទៅ​ចម្បាំង»។​

អ្នកស្រី​ពន្យល់​ថា ​ក្នុង​លទ្ធផល​នៃ​ការ​ចរចា​នោះ ​គណបក្ស​សង្គ្រោះជាតិ​ដោះស្រាយ​បញ្ហា​ចម្បង​មុន​គេ​គឺ​គណៈកម្មធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​គណបក្សត្រូវចូល​យក​អំណាច​ក្នុង​សភា​ដែល​ប្រជារាស្ត្រ​ប្រគល់​ឲ្យ។​

លោក ​នាថ បណ្ឌិត​ឫទ្ធិពល ​ដែល​ធ្លាប់​ជាព្រះ​សង្ឃ​សកម្ម​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​ពន្យល់ថា ដំណោះស្រាយ​មានតែ​មហាជន ​និស្សិត ​មហា​សង្ឃ​បន្ត​ទាមទារ​ឲ្យមាន​រដ្ឋាភិបាល​តំណាង​ឲ្យ​ម្ចាស់​ឆ្នោត​ពិត​ប្រាកដ។​

«ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ព្រមព្រៀង​ចុះ​ហត្ថលេខា​ថ្ងៃទី​២២​កក្កដា​២០១៤ ​ព្រម​ព្រៀង​ធ្វើការ​នៅ​ក្នុង​សភា​ជាមួយ​គណបក្ស​ប្រជាជន​នេះ​ ជា​គ្រោះថ្នាក់​ប្រទេស​ជាតិ​ជា​ទីបំផុត»។​

លោក​ពន្យល់​ថា ​កិច្ច​ព្រមព្រៀង​នេះ​ក្បត់ឆន្ទៈ​ប្រជាជន​ខ្មែរ ដែលបោះឆ្នោត​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ​ហើយ​លោក​បន្តថា ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន​ សែន​បម្រើ​បរទេស។

លោក​នាថ បណ្ឌិតឫទ្ធិពល​បាន​សូម​ឲ្យ​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​បញ្ជាក់​ពី​ជំហរ​ឯករាជ្យ​ពី​គណបក្ស​នយោបាយ​ និង​បុគ្គល​នយោបាយ​ ​ដោយ​លោក​លើក​ឡើង​ថា ​មាន​ព័ត៌មាន​ដែល​ថា ​សមាគម​នេះ​ស្និទ្ធ​នឹង​លោក​កឹម​ សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ដែល​បាន​សម្រប​សម្រួល​កិច្ច​ពិភាក្សា​នេះ​ ថ្លែង​ថា ​សមាគម​នេះ​មិន​មែន​ជា​សម្ព័ន្ធ​ភាព​របស់​គណបក្ស​ណា​ទេ ​ ហើយ​ការ​ដែល​ជួនកាល​កម្ម​វិធី​របស់​សមាគ​នេះ​មាន​អ្នក​នយោបាយ​ចូល​រួម​គឺ​ដោយសារ​ជំហរ​អ្នក​នយោបាយ​នោះ​ស្រប​នឹង​កម្មវិធី​ដែល​សមាគម​រៀបចំ​គឺ​បម្រើ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ។ ​

លោក​និយាយ​ថា ​កិច្ច​ព្រមព្រៀង​របស់​គណបក្ស​ទាំងពីរ​ ដែល​បាន​បញ្ចប់​ភាពទាល់​ច្រក​ផ្នែក​នយោបាយ​ក្រោយការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​នោះ ​បាន​នាំឲ្យ​មាន​ចម្ងល់​ជា​ច្រើន​ ជាពិសេស​ក្រោយ​ពេល​លោក​ហ៊ុន សែន​គំរាម​ដក​តំណែង​លោក​កឹម សុខា ពី​អនុ​ប្រធាន​ទីមួយ​សភាជាតិ​ ​ដោយ​សារ​ការ​បញ្ចេញ​ទស្សនៈ​ដែល​ចង់​រក​សំឡេង​សភា​ដក​តំណែង​រដ្ឋមន្ត្រី​ពុករលួយ៕​

XS
SM
MD
LG