ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

របាយការណ៍៖ ព័ត៌មាន​នានា​ឱ្យ​ដឹង​ថា​នាយក​ CIA​ បាន​ជួប​ជាមួយ​លោក គីម ជុងអ៊ុន


លោក Mike Pompeo (ឆ្វេង) នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ (CIA) និង​រូប​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង។

នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​ CIA របស់​សហរដ្ឋ​អាមេរិក​គឺ​លោក ​Mike Pompeo ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង ​ដើម្បី​ជួប​ជា​សម្ងាត់​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​គឺ​លោក​ គីម​ ជុងអ៊ុន។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន។

ជំនួប​ដើម្បី​រៀបចំ​កិច្ចចរចា​ដោយ​ផ្ទាល់​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ និង​លោក​ គីម ជុន​អ៊ុន​ បាន​ធ្វើ​ឡើង​នៅពី​ចុង​សប្តាហ៍​ដើម​ខែ​មេសា​នេះ។ នេះ​បើ​ផ្អែក​តាម​ប្រភព​មន្ត្រី​មួយ​ចំនួន​ដែល​មិន​បង្ហាញ​ឈ្មោះ ​ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​ព័ត៌មាន​ជា​ច្រើន។

លោក ​ត្រាំ បាន​ទទួលស្គាល់​កាល​ពី​ថ្ងៃ​អង្គារ​ថា ​សហរដ្ឋ​អាមេរិក​ពិត​ជា​បាន​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាង​ជើង​ក្នុង​កម្រិត​ជាន់​ខ្ពស់​មែន។

នៅ​ពេល​ដើរ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe និង​ភរិយា​របស់​ពួកលោក​ទាំង​ពីរ​នៅ​ឯ​កន្លែង​លំហែ​កាយMar-a-Lago ​របស់​លោក​ត្រាំ លោក​ប្រធានាធិបតី​ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​ម្នាក់​សួរ​ថា​ តើ​លោក​ពិត​ជា​បាន​និយាយ​ជាមួយ​លោក​ គីម ជុនអ៊ុន មែន​ដែរ​ឬទេ។

លោក​ ត្រាំ បាន​ងាក​ទៅ​រក​ក្រុម​អ្នក​កាសែត​ ហើយ​ញញឹម​ដោយ​និយាយ​ថា ​«‍បាទ»។

ពីរបី​នាទី​ក្រោយ​មក នៅ​ពេល​ចាប់ផ្តើម​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គូរ​ស្វាមី​ភរិយា​ជប៉ុន​នោះ លោក​ប្រធានាធិបតី​ត្រូវ​បាន​ចោទសួរ​សំណួរ​ដដែល​នេះ។

លោក​ត្រាំ ​បាន​ឆ្លើយតប​ថា «‍តោះ! កុំ​និយាយ​ឱ្យ​វែង​ឆ្ងាយ​អី​ គឺ​យើង​បាន​និយាយ​គ្នា​ក្នុង​កម្រិត​ខ្ពស់​បំផុត ហើយ​ការ​ជជែក​គ្នា​នោះ​ដំណើរការ​ទៅ​យ៉ាង​ល្អ។ ចាំ​មើល​ថា​តើ​មាន​អ្វី​កើតឡើង»។

ប៉ុន្តែ ប៉ុន្មាន​ក្រោយ​មក អ្នក​នាំ​ពាក្យ​សេតវិមាន​គឺ​អ្នកស្រី ​Sarah Huckabee Sanders បាន​ច្រាន​ចោល​ការ​អះ​អាង​បញ្ជាក់​ណា​មួយ​អំពី​ទំនាក់​ទំនង​ដោយ​ផ្ទាល់​រវាង​លោក​ប្រធានាធិបតី​ឬ​មន្ត្រី​កំពូល​របស់​លោក ជាមួយ​នឹង​លោក គីម​ ជុងអ៊ុន៕

XS
SM
MD
LG