ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Charlie Dent សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លាលែង​ពី​តំណែង​នៅ​ខែ​ក្រោយ


លោក Charlie Dent អ្នក​សម្របសម្រួល​ដ៏​សំខាន់​នៅ​ក្នុង​ជជែក​ដេញ​ដោល​លើ​ច្បាប់​សុខភាព ពន្យល់​ហេតុអ្វី​បាន​ជា​លោក​បាន​បោះឆ្នោត​បដិសេធ​លើ​ការ​ជំនួស​ច្បាប់ Obamacare កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅ​វិមាន​សភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន។
លោក Charlie Dent អ្នក​សម្របសម្រួល​ដ៏​សំខាន់​នៅ​ក្នុង​ជជែក​ដេញ​ដោល​លើ​ច្បាប់​សុខភាព ពន្យល់​ហេតុអ្វី​បាន​ជា​លោក​បាន​បោះឆ្នោត​បដិសេធ​លើ​ការ​ជំនួស​ច្បាប់ Obamacare កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅ​វិមាន​សភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន។

សមាជិក​សភា​សហរដ្ឋអាមេរិក​លោក Charlie Dent មេ​ដឹកនាំ​ពួក​សាធារណរដ្ឋ​ប្រកាន់​ផ្លូវ​កណ្តាល​ និង​ជា​អ្នក​ដែល​តែងតែ​រិះគន់​លោក​ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃអង្គារ​បាន​និយាយ​ថា​លោក​នឹង​លាលែង​ចេញ​ពី​តំណែង​ជា​សមាជិកសភា​នៅ​ខែ​ក្រោយ។

លោក Dent បាន​ថ្លែង​ថា «បន្ទាប់​ពី​ពិភាក្សា​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ និង​បាន​ពិចារណា​យ៉ាង​ល្អិតល្អន់​រួច​មក​ ខ្ញុំ​បាន​សម្រេចចិត្ត​ថា​នឹង​ចាកចេញ​ពី​តំណែង​សមាជិក​សភា​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ។ ខ្ញុំ​មាន​ឆន្ទៈ​ធ្វើ​ការ​តស៊ូមតិ​យ៉ាង​ខ្លាំងក្លា​ដើម្បី​ឲ្យ​មាន​អភិបាលកិច្ច​ដែល​មាន​ការ​ទទួស​ខុសត្រូវ​មួយ​ និង​ដំណោះស្រាយ​ជាក់​ស្តែង​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ»។

លោក Dent ពី​មុន​ធ្លាប់​បាន​ប្រកាស​ថា​លោក​នឹង​ចូល​និវត្តន៍​នៅក្នុង​ខែកញ្ញា​ ដោយ​សារ​មូលហេតុ​ផ្ទាល់​ខ្លួន​ ខណៈ​បាន​រិះគន់​គណបក្ស​សាធារណរដ្ឋ​ដែល​គ្រប់គ្រង​សភា​ទាំងពីរ​ និង​សេតវិមាន​ផង​ដែរ​នោះ​ ថា​បាន​ងាក​ទៅ​ស្តាំ​ជ្រុល​ហួសហេតុ។ ការ​ប្រកាស​លាលែង​ចេញ​ពី​តំណែង​របស់​លោក Dent បាន​ធ្វើ​ឡើង​នៅស្រប​ពេល​ដែល​អ្នក​គាំទ្រ​របស់​លោក Trump គំរាម​រក​អ្នក​ជំនួស​តំណែង​លោក។

លោក Dent គឺ​ជា​ប្រធាន​ក្រុមសម្ព័ន្ធ​សាធារណរដ្ឋ​ប្រកាន់​ផ្លូវ​កណ្តាល​មិន​ផ្លូវការ​មួយ។ លោក ​និង​លោកTrump បាន​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ឆ្នាំ២០១៧ ជុំវិញ​ភាព​ចម្រូងចម្រាសជំនួស​ច្បាប់​ថែ​ទាំ​សុខភាព​ ដែល​ត្រូវ​គេ​ស្គាល់​ថា Obamacare។

កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​ លោក​ក៏​បាន​ស្នើ​ច្បាប់​ ដែល​ជួយ​ការពារ​លោក Robert ​Mueller រដ្ឋអាជ្ញា​ពិសេស​ដែល​ជា​អ្នក​ដឹកនាំ​ការស៊ើបអង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១៦៕

XS
SM
MD
LG