ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​កូរ៉េខាងជើង​ជួប​ជាមួយ​អ្នកការទូត​ចិន​ក្នុង​ទីក្រុង​ព្យុងយ៉ាង


លោក Kim Jong Un ជួប​ជាមួយ​នឹង​លោក Song Tao ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​បាន​ដឹកនាំ​ក្រុមសិល្បៈ​ទៅ​ចូលរួម​ពិធីបុណ្យ​ទិវា​សិល្បៈ​នៅ​ប្រទេស​កូរ៉េ​ខាងជើង​សម្រាប់​ពិធីបុណ្យ April Spring Friendship Art Festival កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ស្វាគមន៍​អ្នក​ការទូត​កំពូល​របស់​ចិន​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃសៅរ៍​ ប្រហែល​ជា​ពីរ​សប្តាហ៍​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក Kim នៅក្នុង​ទីក្រុង​ប៉េកាំង។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​ផ្សព្វផ្សាយ។

លោក Song Tao ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ដឹកនាំ​ក្រុមសិល្បៈ​ទៅ​ចូលរួម​ពិធីបុណ្យ​ទិវា​សិល្បៈ​នៅ​ប្រទេស​កូរ៉េ​ខាងជើង។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួរ​របស់​រដ្ឋ​ចិន​បាន​រាយការណ៍​ថា​ លោក Kim បាន​និយាយ​ថា «មេដឹក​នាំ​ទាំងពីរ​បាន​ឈាន​ដល់​ការ​ឯកភាពគ្នា ​ហើយ​កិច្ចប្រជុំ​បាន​ទទួល​លទ្ធផល​ជា​ផ្លែ​ផ្កា»។

កិច្ចប្រជុំ​នេះ​គឺ​ជា​ជំនួប​ការទូត​ដ៏​រីករាយ​រវាង​ប្រទេស​ទាំងនេះ​នា​ពេល​ថ្មីៗ​នេះ​ ចាប់តាំង​ពី​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​លោក Kim ទៅ​ប្រទេស​ចិន​កាលពី​ខែមុន។

នៅ​អំឡុង​ពេល​កិច្ចប្រជុំ​ លោក Kim និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង បាន​លើកឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​ពី​សារៈសំខាន់​នៃ​ការ​រក្សា​មិត្តភាព​ដ៏​ជិតស្និត​រវាង​ចិន និង​កូរ៉េខាងជើង​ដែល​ធ្លាប់​មាន​ភាពតានតឹង​ជុំវិញ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ និង​កាំជ្រួញ​ម៉ីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​របស់​ទីក្រុង​ព្យុងយ៉ាង។ លោក ស៊ី បាន​គាំទ្រ​ការ​បង្កើន​ទណ្ឌកម្ម​ធ្ងន់ៗ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​ដាក់​សម្ពាធ​លើ​មេ​ដឹកនាំ Kim Jong Un ឲ្យ​ចូល​រួម​ក្នុង​តុចរចា​និង​ដើម្បី​បញ្ចប់​ការ​គំរាមកំហែង​កម្មវិធី​នុយក្លេអ៊ែរ​របស់​លោក​ Kimជា​ថ្នូរ​នឹង​ការ​ដក​ចេញ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ធានា​លើ​ការ​បង្កើន​ជំនួយ​ និង​សន្តិសុខ​ដល់​ប្រទេស​កូរ៉េខាងជើង។

លោក Kim ត្រូវ​បាន​កំណត់​ពេល​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae Inនៅ​ថ្ងៃ​ទី២៧​ ខែមេសា​ និង​ជួប​ជាមួយ​នឹង​លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump នៅ​ខែឧសភា​ ឬខែមិថុនា​ខាង​មុខ​នេះ៕

XS
SM
MD
LG