ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃពុធបានអះអាងថា លោកមិនបានដកតំណែងនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លោក James Comey ទេកាលពីឆ្នាំទៅ ដោយសារពេលនោះលោកបានដឹកនាំការស៊ើបអង្កេតពីការជាប់ពាក់ព័ន្ធរបស់រុស្ស៊ីទៅនឹងយុទ្ធនាការបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ ដែលការណ៍នេះផ្ទុយស្រឡះពីអ្វីដែលលោក Trump បាននិយាយនៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានបណ្តេញលោកComey ចេញពីតំណែង។
លោក Trump បានបង្ហោះសារនៅក្នុង Twitter ថា «បុរសអស់តំណែង James Cpmey គឺជានាយក FBI ដែលអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ មិនត្រូវបានដកតំណែងចេញដោយសារមានកំហុសនៅក្នុងករណីស៊ើបអង្កេតពីការជាប់ពាក់ព័ន្ធរបស់រុស្ស៊ីទេ។ យ៉ាងណាក៏ដោយគ្មានការសន្និដ្ឋានទេ»។
លោក Trump បានបណ្តេញលោក Comey កាលពីថ្ងៃទី៩ខែឧសភា។ ពីរថ្ងៃក្រោយមកលោកបានប្រាប់លោក Lester Holt ពិធីករព័ត៌មានរបស់សារព័ត៌មាន NBC ថាទោះជាយ៉ាងណាក៏ដោយ លោកនៅតែត្រូវដកតំណែងលោក Comey ដដែល «គ្រាន់តែរងចាំដល់ពេលសមរម្យតែប៉ុណ្ណោះ» ប៉ុន្តែអំឡុងពេលស៊ើបអង្កេតការពាក់ព័ន្ធរបស់រុស្ស៊ី គឺជាពេលដែលលោកសម្រេចដកតំណែងលោក Comey តែម្តង។
លោក Trump បានជួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov និងឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Sergey Kislyak នៅឯសេតវិមានកាលពីថ្ងៃទី១០ខែឧសភា បន្ទាប់ពីបានដកតំណែងលោក Comey បានមួយថ្ងៃ ដោយលោក Trump បានប្រាប់ពួកគេថា «ខ្ញុំទើបតែបណ្តេញនាយក FBI ពីតំណែង។ លោកជាមនុស្សឆ្កួតបំពេញការងារមិនបានល្អ។ ខ្ញុំប្រឈមនឹងសម្ពាធយ៉ាងខ្លាំងដោយសារបញ្ហារុស្ស៊ី។ រឿងនេះវាឥឡូវបានបញ្ចប់ហើយ»៕