ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់​ញាតិ​ទាមទារ​តុលាការ​ដោះ​លែង​​សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះកុង


រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ានៅខាងមុខសាលាដំបូងខេត្តកោះកុង ខណៈពលរដ្ឋ៥នាក់ ត្រូវបានតុលាការហៅសាកសួរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតដោយអាដហុក)
រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ានៅខាងមុខសាលាដំបូងខេត្តកោះកុង ខណៈពលរដ្ឋ៥នាក់ ត្រូវបានតុលាការហៅសាកសួរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតដោយអាដហុក)

ក្រុម​គ្រួសារ​របស់​សកម្ម​ជន​ដីធ្លី​ខេត្ត​កោះកុង​បាន​ទាម​ទារ​ឱ្យ​តុលាការ​ដោះ​លែងសាច់​ញាតិរបស់​ពួក​គេចំនួន​៩​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរចាប់​ខ្លួន និងចោទ​ប្រកាន់​ពី​បទ​«ញុះញង់» កាល​ពី​សប្តាហ៍​មុន។

ការ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​សកម្មជនក្នុង​ពន្ធនាគារ កើត​ឡើង​បន្ទាប់​ពី​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ ឱ្យទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួកគេ ក្នុង​រឿង​ទំនាស់​ដី​ធ្លី កាល​ពី​កន្លង​ទៅ។

លោក ហង់ វាសនា ​អាយុ​២៣​ឆ្នាំ ជា​កូន​ប្រុស​របស់​អ្នក​ស្រី ​ផាវ ញើង ​ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​៨​នាក់ ​និង​ជា​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

លោកប្រាប់​វីអូអេ​ថា​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា តំណាង​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង​ចំនួន​១២​នាក់ ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​កោះ​កុង ​ឡើង​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សុំ​កិច្ច​អន្ត​រាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​ឱ្យទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​ដីធ្លីចំនួន៣០នាក់ ​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្សេងៗ​កាល​ពី​កន្លង​ទៅ។

ពេល​ប្រជា​សហគមន៍​ធ្វើ​ដំណើរ​ដល់​ត្រង់​ចំណុច​បុស្តិ៍​អូរជ្រៅ ភូមិ​អូរជ្រៅ ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង អាជ្ញាធរ​បានឃាត់​រថយន្តមិន​ឱ្យ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​បន្ត​ទៀត ​រួច​ក៏​មាន​ការ​ឃាត់​ខ្លួនបញ្ជូនទៅស្នង​ការ​នគរបាល​ខេត្តកោះ​កុង និង​បញ្ជូន​ទៅតុលាការ ​រហូត​ដល់​ចោទ​ប្រកាន់​មនុស្ស​ចំនួន៩​នាក់​ពី​បទ​«ញុះ​ញង់​ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។ នេះ​បើ​តាម​លោក ហង់ វាសនា ដែល​ជា​កូន​ប្រុស​របស់​សកម្មជន​ម្នាក់។

លោក​បន្ថែម​ថា ប្អូន​ប្រុស​របស់​លោក​អាយុ​ជាង​១​ឆ្នាំ ក៏​កំពុង​ជាប់​ឃុំជាមួយ​ម្តាយ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «៩​នាក់​មនុស្ស​ធំ ​ម្នាក់​ទៀត​គឺ​ក្មេង​តូច ដែល​ជា​ប្អូន​របស់​ខ្ញុំ​ហ្នឹង​ឯង។ ប្អូន​ខ្ញុំ គឺ​អាយុ​១​ខួប​៣ខែ​ គឺ​នៅ​លើ​ដៃ​របស់​ម៉ាក់​គេ​ហ្នឹង។ ឥឡូវ គឺ​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង​តែ​ម្តង»។

​បើ​តាមលោក ហង់ វាសនា ​បើ​សិន​ប្រជា​សហ​គមន៍​ដឹង​ថា ការ​ឡើង​មក​សុំ​អន្ត​រាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ ​បែរ​ជាត្រូវ​បានចោទ​ប្រកាន់​បែប​នេះ គឺប្រជា​សហ​គមន៍​ទំនង​មិនធ្វើ​នោះ​ទេ។ លោក​បន្ថែម​ថា​ប្រជា​សហគមន៍​យល់​ថា​រដ្ឋាភិបាល​អាច​ដោះ​ស្រាយ​បាន ទើប​ចង់​សុំ​អន្តរាគមន៍។

​លោក​ស្នើ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ដោះ​លែង​ម្តាយ​របស់​លោក​ និង​សកម្ម​ជន​ដីធ្លី​ផ្សេង​ទៀត ព្រោះ​ប្រជា​សហគមន៍​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។

លោក​ថ្លែង​ថា៖ ​«ម៉ាក់​ខ្ញុំ​ឈ្មោះ ផាវ ញើង ហ្នឹង​ ​ក៏​ដូច​ជា​សហគមន៍​ផ្សេងៗ​ទៀត ​ព្រោះ​យើង​អត់​មាន​ខុស​អី​ទេ។ យើង​គ្រាន់​តែ​ទៅ​ដាក់​ញត្តិ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល...​ដោយ​យើង​ជឿ​ជាក់​លើ​រដ្ឋា​ភិបាល ដែល​យើង​ទៅ​សុំ​ឱ្យ​គាត់​ហ្នឹង​ដាក់​ញត្តិ​ឱ្យ​សុំ​លើ​ក​លែង​អី​អស់​ហ្នឹង។ បើ​យើង​អត់​មាន​ជំនឿ ក៏​យើង​អត់​ទៅ​ដែរ។ ហើយ​យើង​ក៏​អត់​ដឹង​ដែរ​ថា​គេ​នឹង​ចាប់​អ៊ីចឹង បើ​យើង​ដឹង​ ក៏​យើ​ង​អត់​ហ៊ាន​ទៅដែរ យើង​ខ្លាច​ណាស់»។

អ្នកស្រី គិន ចាន់ កូន​របស់​អ្នកស្រី សេង លីន ដែល​ជា​សកម្មជន​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ប្រាប់​វីអូអេ​ថា​ការ​ឃុំខ្លួន​និង​ចោទ​ប្រកាន់ប្រជា​សហ​គមន៍​បែប​នេះ គឺ​ជា​រឿង​អយុត្តិធម៌។

អ្នកស្រី​ថ្លែង​ថា៖ «ចង់​និយាយ​ថា​គាត់​ជាប់​[ពន្ធនាគារ​បែប​ហ្នឹង]​ អយុត្តិ​ធម៌។ គាត់​គ្រាន់​តែ​ចង់​ឡើង​ទៅ​ ឱ្យ​គេ​ទម្លាក់​បទ​ចោទ​ប្រកាន់​អ៊ីចឹង»។

​អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ​ដោះ​លែង​គាត់​ទាំង​៩​នាក់​ហ្នឹង ព្រោះ​អី​គាត់សុទ្ធ​តែ​ជា​អ្នកឈឺ»។

លោក ស សារ៉ាត អ្នក​នាំ​ពាក្យ​ស្នងការ​នគរ​បាល​ខេត្ត​កោះកុង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ប្រជា​សហគមន៍​ទាំង​នោះ​នៅ​តែ​បន្ត​ទាមទារ​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ បើ​ទោះ​ជា​មាន​ការ​ហាម​ឃាត់​ក៏​ដោយ។

លោក​ថ្លែង​ថា៖ «តាម​ពិត ការងារ​ហ្នឹង​ គាត់​មាន​បំណង​ឡើងទៅ​ភ្នំពេញ ​ហើយ​អាជ្ញាធរ​បានធ្វើការ​ហាម​ឃាត់​មិន​ឱ្យ​គាត់​ទៅ​។ ហើយ​គាត់​នៅ​តែ​ទាម​ទារ​ថា​ទៅ​ដល់​ទាម​ទារ​ថាទៅ។ អ៊ីចឹង​អាជ្ញាធរ​ក៏​សម្រេច​អញ្ជើញ​គាត់​មក​ខេត្ត ដើម្បី​ធ្វើ​ការ​សាកសួរ​អំពី​បញ្ហា​ហ្នឹង។ ដល់​សួរ​រឿង​ហេតុ​ចប់​ទៅ​ ក៏យើង​បញ្ជូន​ទៅ​តុលាការ​ទៅ​ផុត​ដៃ​សមត្ថកិច្ច​តាំង​ពី​ថ្ងៃ​ហ្នឹង ខ្ញុំ​ដឹង​ត្រឹម​ប៉ុន​នេះ សូម​អរគុណ»។

លោក ស សារ៉ាត មិន​បានបញ្ជាក់​មូល​ហេតុ​ច្បាស់​អំពីការ​ឃា​ត់​រថ​យន្ត​ប្រជា​សហ​គមន៍ រហូត​ដល់​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ញុះញង់ ដែល​ជា​បទ​ចោទ​មួយ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ប្រើប្រាស់ ដើម្បី​បំបិទ​សំឡេង​ក្រុម​ជំទាស់។

​លោក​ថ្លែង​ថា៖ «​ដូច​ខ្ញុំ​ជម្រាប​ជូន​លោក​ខាង​លើ​អ៊ីចឹង​ ​មិន​មែន​ជា​សមត្ថ​កិច្ច​ នឹក​ឃើញ​តែ​ឃាត់​គាត់​ទេ​ គឺ​គណៈ​កម្មការ​ចម្រុះ​របស់​ខេត្ត​ ដែល​មាន​ការ​ដឹកនាំ​ ដោយ​គណៈ​កម្មការ​ចម្រុះ​សួរ​នាំ​ហ្នឹង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពីអ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង​ លោក ​វ៉ៃ ​ភីរម្យ បាន​នៅ​ឡើយ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត យល់​ថា​ការ​ឃាត់​រថយន្ត​ពាក់​កណ្តាល​ផ្លូវ រហូត​ដល់​មាន​ការ​នាំ​ខ្លួន​និង​ចោទប្រកាន់​លើ​សហគមន៍​ដីធ្លី​បែប​នេះ គឺ​ជា​រឿង​មិន​ទំនង និង​ជា​រឿង​អយុត្តិធម៌ ព្រោះ​ប្រជា​ពល​រដ្ឋ​មាន​សិទ្ធិ​សេរី​ភាព​ក្នុ​ង​ការដាក់​ញត្តិ​សុំ​កិច្ចអន្តរាគមន៍​ពី​រដ្ឋា​ភិបាល។

​លោក​ថ្លែង​ថា៖ «បញ្ហា​ដើរ​ហើយ បញ្ហា​ដាក់​ញត្តិ​វា​មិន​មែន​ជា​បទ​ល្មើស​ទេ។ អ៊ីចឹង​កា​រឃាត់​ខ្លួន​នេះ​ខ្ញុំ​យល់​ថា​ដូច​ជា​មិន​សម​ហេតុ​ផល​ទេ ប៉ុន្តែ​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ គឺ​ដោ​យសារ​តែ​គាត់​មាន​បំណង​ដាក់​ញត្តិ​ វា​ជិត​ដល់​ពេល​ដែល​ឃោសនា​បោះឆ្នោត។ អ៊ីចឹង​ខ្ញុំ​គិត​ថា​ចំណុច​នេះ ប្រហែល​ជា​មិន​ចង់​ឱ្យ​ពួក​គាត់​ហ្នឹង​ ឡើង​មក​ធ្វើ​ការ​ជួបជុំ​គ្នា ឬធ្វើ​ការ​ទាមទារ​ ឬ​ដាក់​ញត្តិ​អ្វី​ផ្សេងៗ»។

លោក អំ សំអាត បញ្ជាក់​ថា​តុលាការ​បាន​ចោទ​ប្រកាន់​ប្រជា​សហគមន៍​ដីធ្លី​ចំនួន​១០​នាក់ ពី​បទ​«ញុះញង់» ប៉ុន្តែ​ស្ត្រី​ម្នាក់​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន និង​បន្ត​ឃុំ​ឃាំង​ចំនួន​៩​នាក់ ​ដោយ​មាន​ស្ត្រី៦​នាក់ បុរស​៣​នាក់៕

XS
SM
MD
LG