ខណៈនិស្សិត និងយុវជនមួយចំនួនចាប់អារម្មណ៍ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានបណ្តុះបណ្តាលនៅតាមសកលវិទ្យាល័យមិនច្រើនទេនៅកម្ពុជា និស្សិតដែលបញ្ចប់ការសិក្សាផ្នែកនេះ ហើយចាប់យកអាជីពជាអ្នកសារព័ត៌មាននៅមានតិចតួចនៅឡើយ។ ទីផ្សារការងារសម្រាប់និស្សិតដែលចង់ក្លាយជាអ្នកសារព័ត៌មានឯករាជ្យនៅមានចំនួនតិច ស្របពេលដែលការរឹតត្បិតសារព័ត៌មានឯករាជ្យនៅតែជាបញ្ហាប្រឈមមួយ។ នេះបើតាមអ្នកជំនាញ។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CamboJA ប្រាប់វីអូអេថាបរិយាកាសសម្រាប់អ្នកដែលចង់សរសេរព័ត៌មានពិតមិនទាន់អំណោយផលនៅឡើយ ស្របពេលដែលទីផ្សារការងារសម្រាប់អ្នកដែលចង់រាយការណ៍ព័ត៌មានពិតនៅមានកម្រិត។
លោកថ្លែងថា៖ «កត្តាមួយសំខាន់ដែលយើងឃើញថាមិនសូវមានអ្នកសារព័ត៌មាន ជាពិសេសគឺយុវជនដែលចាប់អារម្មណ៍នៅក្នុងវិស័យសារព័ត៌មានគឺកត្តាសំខាន់មួយហ្នឹងគឺដោយសារតែរឿងទីផ្សារសម្រាប់អ្នកសារព័ត៌មាននៅមានតិចតួចណាស់នៅកម្ពុជាយើងទី១។ ទី២ស្ថានភាពបរិយាកាសការងារក៏មិនសូវអំណោយផលដែរដល់អ្នកសារព័ត៌មានវិជ្ជាជីវៈ អ្នកសារព័ត៌មានដែលគាត់ចង់ចូលរួមចំណែកនៅក្នុងការសរសេរព័ត៌មានពីរឿងរ៉ាវផ្សេងៗនៅក្នុងសង្គមគឺថាមិនសូវមានទេ មិនសូវមានបរិយាកាសល្អទេសម្រាប់ពួកគាត់»។
លោក ណុប វី បន្ថែមថាប្រសិនបើសេរីភាពសារព័ត៌មានមានភាពល្អប្រសើរសម្រាប់អ្នកសារព័ត៌មានឯករាជ្យ លោកគិតថានឹងមានអ្នកចាប់អារម្មណ៍អាជីពជាអ្នកសារព័ត៌មានច្រើន។
សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តសិ្ថតក្នុងស្ថានភាពអាក្រក់ នៅឆ្នាំ២០២៣ នេះ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមសន្ទស្សន៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) ដែលចេញផ្សាយជាសាធារណៈ កាលពីខែឧសភា។ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៤៧ក្នុងចំណោម១៨០ប្រទេសនៅឆ្នាំ២០២៣ ដែលថយពីលេខរៀងទី១៤២ កាលពីឆ្នាំមុន។
កាលពីខែកុម្ភៈ ក្រសួងព័ត៌មានបានលុបចោលអាជ្ញាបណ្ណរបស់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ(វីអូឌី) ដែលបណ្តាលឲ្យអ្នកសារព័ត៌មានមួយចំនួនបាត់បង់ការងារ។
លោក អ៊ុង ប៊ុនអ៊ី នាយកនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សាយ និងសារគមនាគមន៍ ហៅកាត់ថាDMCនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេថាចំនួនសិស្សដែលបានបញ្ចប់ការសិក្សានៅDMC ប្រមាណតែ១៥%ប៉ុណ្ណោះដែលចាប់យកអាជីពជាអ្នកសារព័ត៌មាន ហើយក្រៅពីនោះ ចាប់យកអាជីពជាអ្នកទំនាក់ទំនងសាធារណៈ និងផលិតករផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
លោកបន្ថែមថានិស្សិតដែលឆ្លងកាត់ការបណ្តុះបណ្តាលនៅDMCបានបំពេញការងារជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈនិងគោរពក្រមសីលធម៌ត្រឹមត្រូវ។
លោកថ្លែងថា៖ «យើងឃើញថានិស្សិតរបស់យើងដែលគាត់បញ្ចប់ការសិក្សាទៅហើយបច្ចុប្បន្នកំពុងតែប្រកបអាជីពជាអ្នកសារព័ត៌មាននៅតាមស្ថាប័នព័ត៌មានផ្សេងៗ យើងសង្កេតឃើញថាគាត់ទៅប្រកបការងារបានជាធម្មតាមិនមានអីប៉ះពាល់ទេ ដោយសារនៅទីនេះគាត់ទទួលបានការបណ្តុះបណ្តាល ដើម្បីក្លាយខ្លួនជាអ្នកសារព័ត៌មាន ឬក៏ជាអ្នកអនុវត្តផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ និងមានក្រមសីលធម៌ត្រឹមត្រូវ»។
ក្រៅពី DMC សកលវិទ្យាល័យមួយទៀតគឺសកលវិទ្យាល័យកម្ពុជា (UC) ក៏មានមុខជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះផងដែរ។
លោក ប៊ុន សុផល ប្រធានមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍នៃសកលវិទ្យាល័យ UC ប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិចតេឡេក្រាមថាសិស្សដែលបានបញ្ចប់ការសិក្សាជំនាញសារព័ត៌មាននេះ មានចំនួនចាប់ពី១៥ទៅ៣០នាក់ ក្នុងមួយឆ្នាំៗ ហើយក្នុងនោះមានតែ៣០%ប៉ុណ្ណោះដែលចាប់យកអាជីពជាអ្នកសារព័ត៌មាន។ លោកយល់ថាសិស្សដែលសិក្សាជំនាញព័ត៌មាននៅមានចំនួនតិច ក្រោមហេតុផលថាសិស្សមួយចំនួនមិនទាន់យល់ពីសារៈសំខាន់នៃជំនាញនេះ និងមិនហ៊ានសិក្សា ព្រោះខ្លាចមានគ្រោះថ្នាក់នៅពេលចាប់អាជីពជាអ្នកសារព័ត៌មាន។
លោកថ្លែងថា៖ «ភាពមានគ្រោះថ្នាក់ហ្នឹងគឺថាតាំងពីគាត់ចូលរៀនមកហ្នឹង concept (ការគិត) របស់ឪពុកម្តាយតែងយល់ថាកូនទៅរៀនផ្នែកកាសែតអីចឹងទៅស្ពាយកាមេរ៉ា ចុះទៅថតយកព័ត៌មានបាតុកម្មស្អីៗផ្សេងៗ។ អញ្ចឹងវាធ្វើឱ្យមានគ្រោះថ្នាក់ អញ្ចឹងសិស្សដែលពេលចូលរៀនហ្នឹងជួនកាលគាត់ស្រឡាញ់ ប៉ុន្តែការដែលយល់ពីឪពុកម្តាយដែលគាត់ប្រាប់មកហ្នឹងគឺវាអញ្ចឹង»។
បើតាមលោក ប៊ុន សុផល សិស្សមួយចំនួនដែលចាប់យកអាជីពជាអ្នកសារព័ត៌មាន ប៉ុន្តែពួកគេសរសេរអត្ថបទទាក់ទងនឹងផ្នែកកម្សាន្ត វប្បធម៌ ឬទេសចរណ៍ ហើយវាមិនពាក់ព័ន្ធនឹងព័ត៌មានបែបស៊ើបអង្កេត និងបែបបាតុកម្មជាដើម។
លោកបញ្ជាក់បន្ថែមថា៖ «ដោយឡែកយើងជាស្ត្រីក៏ទៅធ្វើការផ្នែកសារព័ត៌មានភាគច្រើនស្ត្រីគាត់ផ្តោតទៅលើការសរសេរអញ្ចឹងហើយបានភាគច្រើនទៅលើព័ត៌មាន អញ្ចឹងពេលខ្លះវាមានហានិភ័យដែរសម្រាប់ស្ត្រីក្នុងការចុះយកព័ត៌មាននៅតាមតំបន់ឆ្ងាយៗទៅអីផ្សេងៗ»។
កញ្ញា ឈឹម ពេជ្របរមី និស្សិតឆ្នាំទី៣នៅ DMC ថ្លែងថាកញ្ញាចង់ចាប់អាជីពជាអ្នកសារព័ត៌មានទៅថ្ងៃអនាគត។ នាងគិតថាបញ្ហាដែលនាងអាចប្រឈម មានដូចជាការចុះទៅសម្ភាស ការធ្វើដំណើរ និងសុវត្ថិភាពនៅពេលត្រូវចុះទៅបំពេញការងារ។
កញ្ញាថ្លែងថា៖ «សម្រាប់សេរីភាពសារព័ត៌មានof course (ពិតណាស់) វាពិបាកក្នុងការធ្វើរឿង។ ប៉ុន្តែសម្រាប់ខ្ញុំបើសិនជាខ្ញុំអត់ធ្វើរឿងទាក់ទងមួយ sensitive(រឿងរសើប) នៅក្នុងស្រុកទេចឹងរឿងហ្នឹងអត់មានភាពលំបាកជាមួយខ្ញុំទេ ប៉ុន្តែលំបាកសម្រាប់ខ្ញុំមួយទៀតហ្នឹងគឺទាក់ទងអ្នកនាំពាក្យមានការពិបាកក្នុងការសួរនាំ ក្នុងការចាំការrespond(ឆ្លើយតប)ពីគាត់មកវិញអាហ្នឹងគឺជាអ្វីតែមួយគត់ដែលពិបាកសម្រាប់ខ្ញុំរាល់ថ្ងៃហ្នឹង»។
ចំណែកលោក លី សាណូ និស្សិតឆ្នាំទី៣ម្នាក់ទៀតដែលសិក្សានៅDMC និយាយថាលោកមិនចង់ចាប់អាជីពជាអ្នកសារព័ត៌មាននោះទេ ព្រោះលោកគិតថាការងារជាអ្នកកាសែតមិនមានសុវត្ថិភាពនិងមិនទទួលបានការគាំទ្រពីគ្រួសារ។
លោកថ្លែងថា៖«reason(មូលហេតុ) ដែលយើងអត់ចាប់អាជីពជាអ្នកកាសែតហ្នឹង គឺដោយសារយើងដឹងហើយថាកាសែត វាធ្វើការរត់ទៅវិញរត់ទៅមកច្រើនទាំងការគិត ហើយវាត្រូវការសរសេរបែបcritical thinking (ការត្រិះរិះពិចារណា) ក្នុងការសរសេរ។ ចំពោះខ្ញុំ ខ្ញុំចូលចិត្តsomething entertainment (អ្វីមួយដែលកម្សាន្ត) ហើយណាមួយអារឿងការរឹតត្បឹត ការត្បិតត្បៀតសេរីភាពសារព័ត៌មាននៅក្នុងនេះ ចំពោះខ្ញុំ ខ្ញុំអត់សូវដឹងលើរឿងហ្នឹងច្បាស់ប៉ុន្មានគ្រាន់ដឹងថាខ្លួនឯងធ្វើអាហ្នឹង វាអត់សុវត្ថិភាព។ យើងចង់ធ្វើការងារអីមួយដែលអាចមើលទៅវាអាចមានសុវត្ថិភាពដល់យើង ហើយណាមួយអ្នកផ្ទះក៏អត់ support (គាំទ្រ)ដែរ ព្រោះដោយសារអីការងារហ្នឹងវាហត់ខ្លាំង»។
ក្រៅពីការបណ្តុះបណ្តាលនៅតាមសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញអំពីជំនាញសរសេរព័ត៌មាន ក៏មានការបណ្តុះបណ្តាលរយៈពេលខ្លីពីបណ្តាអង្គការមួយចំនួនទៅលើផ្នែកនេះ ដូចជាការបណ្តុះបណ្តាលរបស់Newsroom Cambodia ដែលសម្របសម្រួលដោយមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។ សិក្ខាកាមមួយចំនួនដែលចូលរួមវគ្គបណ្តុះបណ្តាលខ្លីនេះ បានក្លាយជាអ្នកសារព័ត៌មាននៅតាមស្ថាប័នផ្សេងៗ។
កញ្ញា ប៉ូញ សោភ័ណ និស្សិតឆ្នាំទី៤សិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជា ប្រាប់វីអូអេថាកញ្ញាក៏ជាសិក្ខាកាមម្នាក់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកសារព័ត៌មាននៅNewsroom Cambodia។ កញ្ញាយល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈត្បិតត្បៀតខ្លាំង។
កញ្ញាថ្លែងថា៖ «វិស័យសេរីភាពសារព័ត៌មាននៅកម្ពុជាយើង សព្វថ្ងៃនេះគឺមានលក្ខណៈត្បិតត្បៀតខ្លាំងមែនទែន ជាពិសេសគឺរវាងខាងរដ្ឋាភិបាលជាមួយនឹងខាងស្ថាប័នដែលគាត់ឯករាជ្យ ជាពិសេសទាក់ទងជាមួយវីអូឌី ឬក៏វីអូអេ ហើយភាគច្រើនតាមបងមើលឃើញយុវជនមួយចំនួនគាត់តែងតែមើលឃើញថាអ្នកដែលគាត់ធ្វើការខាងវិស័យសារព័ត៌មានបែបខាងឯករាជ្យឬមួយក៏មិននៅខាងរដ្ឋាភិបាលតែងតែនិយាយថាពួកគាត់ជាអ្នកបះបោរ ជាអ្នកប្រឆាំងចឹងទៅ ប៉ុន្តែគាត់អត់មានបានយល់ពីចំណុចសំខាន់មួយទៀតដែលគាត់miss (ខកខាន)ចំណុចសំខាន់អ្នកដែលគាត់ធ្វើការខាងឯករាជ្យ គឺគាត់បង្ហាញពី another side of the government (មួយជ្រុងទៀតរបស់រដ្ឋាភិបាល) ប៉ុន្តែគាត់អត់បានមើលឃើញពីចំណុចហ្នឹងទេ»។
ចំណែកលោក គីម ជីលីន សិក្ខាកាមម្នាក់ទៀតដែលបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកសារព័ត៌មាននៅ Newsroom Cambodia សព្វថ្ងៃកំពុងបម្រើការនៅអង្គការសង្គមស៊ីវិលមួយកន្លែង ប្រាប់វីអូអេថាលោកស្រឡាញ់ផ្នែកសារព័ត៌មាន ប៉ុន្តែដោយសារតែលំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈរឹតត្បឹត ទើបលោកមិនបានចាប់យកអាជីពមួយនេះ។
លោកថ្លែងថា៖ «ពេលកំពុងតែរៀងហ្នឹងកំពុងតែគិតមើលថាតើការងារសារព័ត៌មាននេះវាជាអ្វីដែលខ្ញុំពេញចិត្តថាធ្វើបានឬអត់ ប៉ុន្តែបរិយាកាសការងារជាអ្នកសរសេរអត្តបទ ប្រកបអាជីពជាអ្នកសរសេរអត្តបទសារព័ត៌មានអី ខ្ញុំមើលឃើញថាវាក៏មានបញ្ហាប្រឈមដែរមិនខុសពីការងារផ្សេងៗទេគ្រាន់តែថាធម្មជាតិការងារហ្នឹងអត់ដូចគ្នានឹងអីដែលខ្ញុំស្រឡាញ់ចឹងទៅខ្ញុំគិតថាយ៉ាងហោចណាស់អាចរៀនថាត្រឹមជាជំនាញដដែល មិនទាន់អាចប្រកបអាជីពជាអ្នកសារព័ត៌មានទេ»។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់វីអូអេថាកម្ពុជាត្រូវការជាចាំបាច់នូវធនធានអ្នកសារព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានដែលមានគុណភាព និងមានវិជ្ជាជីវៈទៅដល់សាធារណជន។
លោកថ្លែងថា៖ «ក្រសួងព័ត៌មានសូមលើកទឹកចិត្តដល់ប្អូនៗនិស្សិតទាំងអស់ដែលកំពុង ឬបានបញ្ចប់ការសិក្សាជំនាញសារព័ត៌មានឱ្យប្រើប្រាស់នូវចំណេះ និងជំនាញដែលខ្លួនបានក្រេបជញ្ជក់ពីមហាវិទ្យាល័យឬនៅតាមសាលានានាទៀត ដើម្បីចូលរួមប្រឡូកអាជីពជាសារព័ត៌មានប្រកបដោយស្មារតីប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវសំដៅរួមចំណែក លើកកម្ពស់ និងការពារសារព័ត៌មានដែលជាអំណាចទី៤នៅក្នុងសង្គមយើង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យសារព័ត៌មាននេះក្លាយជាវិស័យមួយស្នូលសម្រាប់ចូលរួមដល់ការអភិវឌ្ឍសង្គមទាំងមូលដោយបរិយាប័ន្ន និងនិរន្តភាព»។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបញ្ជាក់ថាអ្នកសារព័ត៌មានបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន«បានយ៉ាងពេញលេញ» «ដោយសេរី គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព»៕