ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ UNESCO និង​ក្រុម​អ្នក​សារ​ព័ត៌មាន​ចាប់​ផ្តើម​ពិភាក្សា​ពី​ការ​បង្កើត​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​ជាតិ​នៅ​កម្ពុជា


ក្រុមអ្នកសារព័ត៌មានកំពុងពិភាក្សានៅក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ស្តីពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា នៅភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុមអ្នកសារព័ត៌មានកំពុងពិភាក្សានៅក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ស្តីពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា នៅភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អង្គការ ​UNESCO ​ប្រចាំ​នៅ​កម្ពុជា និង​ក្រុម​អ្នក​សារ​ព័ត៌មាន បាន​ជួប​ប្រជុំ​ប្រឹក្សា​យោបល់​នៅ​ទីក្រុង​ភ្នំពេញ​ ស្តី​ពី​ការ​បង្កើត​ «ក្រុម​ប្រឹក្សា​សារព័ត៌មាន​នៅ​កម្ពុជា» ដើម្បី​ពង្រឹង​ទៅ​លើ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ ​និង​រៀបចំជា​យន្តការ​ក្នុង​ការ​ការពារ​ដល់​អ្នក​សារ​ព័ត៌មាន ការ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ប្បញ្ញត្តិកម្ម​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

ថ្លែង​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​ប្រឹក្សា​យោបល់​ស្តី​ពី​ការ​បង្កើត​ក្រុម​ប្រឹក្សា​សារព័ត៌មាន​នៅ​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃសុក្រ តំណាង​អង្គការ ​UNESCO ​ប្រចាំ​នៅ​កម្ពុជា​ លោក Sardar Umar Alam ប្រាប់​ក្រុម​មន្ត្រី​ និង​អ្នកជំនាញ​សារព័ត៌មានថា​ ការ​បង្កើត​ឱ្យ​មាន​ក្រុម​ប្រឹក្សា​សារព័ត៌មាន​ជាតិ​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ក៏​ដូច​ជា​ការ​កសាង​សមត្ថភាព​បន្ថែម​ដល់​អ្នក​សារ​ព័ត៌មាន​ផង​ដែរ។

​បើតាម​ លោក Sardar Umar Alam ​ច្បាប់​ស្តី​ពីរបប​សារព័ត៌មាន​ក៏ត្រូវ​មាន​ការ​កែ​សម្រួល​ក្រោយ​ជំនួប​មួយ​ជាមួយ​ លោក​ នេត្រ ភក្ត្រា​ រដ្ឋ​មន្ត្រីថ្មី​របស់​ក្រសួងព័ត៌មាន។

លោក​ថ្លែង​ជា​ភាសា​អង់​គ្លេស​ដែល​ត្រូវ​បាន​ប្រែ​សម្រួល​ជាខេមរភាសា​ថា៖ «ផ្អែក​លើ​ការ​ពិភាក្សា​របស់​ខ្ញុំ​ជាមួយ​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួង​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ជួប ខ្ញុំ​គិត​ថា​ពីរ​ដង​ក្នុង​រយៈពេល​បួន​ថ្ងៃ​មុន​នេះ រឿង​មួយ​គឺ​ការ​ពង្រឹង​សមត្ថភាព​អ្នក​សារព័ត៌មាន។ ទីពីរ របៀប​បង្កើត​ប្រព័ន្ធ​បទ​ប្បញ្ញត្តិ ដោយ​ចាប់​ផ្តើម​ពី​ក្រម​សីលធម៌ និង​ការ​បើក​ដំណើរ​ការ និង​ដៃ​គូ​អភិវឌ្ឍន៍​ជា​ច្រើន ហើយ​ពួក​គេ​ចង់​កំណត់​ឱ្យ​ច្បាប់​សារ​ព័ត៌មាន​ត្រូវ​បាន​កែ​សម្រួល»។

អគ្គ​ទី​ប្រឹក្សា​និង​ប្រធាន​ស្ថាន​ទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា អ្នក​ស្រី Camilla Ottosson ក៏​បាន​ថ្លែង​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​ប្រឹក្សា​យោបល់​ស្តី​ពី​ការ​បង្កើត ក្រុម​ប្រឹក្សា​សារព័ត៌មាន​នៅ​កម្ពុជា​ថា ​រដ្ឋាភិបាល​ប្រទេស​ស៊ុយអ៊ែត​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ ហើយ​ធានា​ថា​ ប្រជា​ពលរដ្ឋ​នឹង​អាច​ចូល​រួម​បាន​ក្នុង​សកម្ម​ភាព​សង្គម។

អ្នក​ស្រី​ថ្លែង​ជា​ភាសា​អង់​គ្លេស​និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​ «រដ្ឋាភិបាល​ស៊ុយអែត និង​ប្រទេស​ស៊ុយអែត​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេរីភាព​សារ​ព័ត៌មាន។ យើង​អាច​មើល​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​ឯករាជ្យ និង​ចម្រុះ​កំពុង​ក្លាយ​ជា​ស្ថាប័ន​មួយ​ដ៏​រឹង​មាំ និង​មាន​តម្លាភាព និង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ និង​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋ​ និង​ចូលរួម​ក្នុង​សង្គម»។

ក្រុម​ប្រឹក្សា​សារព័ត៌មាន​នៅ​កម្ពុជា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​នេះ​ ក៏នឹង​មាន​តួនាទី​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ ដែល​អ្នក​សារព័ត៌មាន​ជួប​ប្រទះ​ និង​ពង្រឹង​ការ​ប្រើ​ប្រាស់​ច្បាប់ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​វិស័យ​សារព័ត៌មាន ក៏ដូច​ជា​កសាង​សមត្ថភាព​អ្នកសារព័ត៌មានឱ្យ​ដើរ​ទាន់​បចេ្ចកវិទ្យា​ថ្មីៗ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា​ខេមបូចា​ លោក ណុប វី លើក​ឡើង​ថា ការបង្កើត​ក្រុម​ប្រឹក្សា​សារព័ត៌មាន​ជាតិ​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​តួនាទី​របស់​អ្នក​សារព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​តាម​ក្រម​សីលធម៌​ ដែល​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ដែល​មិនមាន​ការ​ជ្រៀត​ជ្រែក​ និង​មិន​ស្ថិត​ក្រោម​ការ​គាប​សង្កត់​ឬ​ការ​រឹត​ត្បិត​ពី​សំណាក់​រដ្ឋាភិបាល​និង​ភាគី​ណា​មួយ​ឡើយ។

លោក​ថ្លែងថា៖ «ទាក់ទង​ជា​មួយ​និង​ក្រុម​បឹក្សា​សារព័ត៌មាន​ជាតិ​នេះ គឺ​ជា​យន្តការ​មួយ​សំខាន់​ណាស់​ ដើម្បី​ធានា​នូវ​ការអនុវត្ត​តួនាទី​របស់​អ្នក​សារព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ មាន​ការបំពេញ​តួនាទី​បាន​ត្រឹម​ត្រូវ​ប្រកប​ដោយ​ក្រម​សីលធម៌​និង ធានា​បាន​សិទ្ធិ​និង​សេរីភាព​របស់​អ្នក​សារព័ត៌មាន»។

រូបឯកសារ៖ អ្នកគាំទ្រ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD) កាន់​បដា​នៅ​មុខ​ការិយាល័យ VOD នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ អ្នកគាំទ្រ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD) កាន់​បដា​នៅ​មុខ​ការិយាល័យ VOD នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។

លោក​បន្ថែម​ទៀត​ថា​ ការ​ផ្តួច​ផ្តើម​បង្កើត​ក្រុម​ប្រឹក្សា​សារព័ត៌មាន​ជាតិ​នេះ​ក៏​ជា​ផ្នែក​មួយក្នុង​បង្កើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​អ្នក​អនុវត្ត​កិច្ចការសារព័ត៌មាន ព្រោះ​វា​ជា​ស្ថាប័នឯករាជ្យ​មួយ​ដែល​ត្រូវ​ឱ្យ​មាន​សមាសភាព​អ្នក​ចូល​រួម​សំខាន់ៗ​ក្នុង​ជំនាញ​នេះ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «សមាស​ភាពដែល​គួរ​ចូល​រួម​ក្នុង​ការបង្កើត​ក្រុម​ប្រឹក្សា​សារព័ត៌មាន​ជាតិ​នេះ ខ្ញុំ​គិត​ថា ​គួរតែ​មាន​សមាសភាព​ពី​អ្នក​សារព័ត៌មាន​ ដែល​គាត់ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​ ពី​អ្នក​ដែល​ធ្វើ​កិច្ច​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​ ពី​អ្នក​សារព័ត៌មាន​ខ្លួន​ឯង​ ហើយ​ក្រៅ​ពីនោះ​ក៏​គួរតែ​មាន​អ្នក​សិក្សា​ស្រាវជ្រាវ​ អ្នក​ដែល​មាន​ឯកទេស​ជំនាញ​ពាក់ព័ន្ធ​ផង​ដែរ។ ឧទាហរណ៍​ដូច​អ្នក​ដែល​មាន​ជំនាញ​យេនឌ័រ​ជាដើម»។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក ទេព អស្នារិទ្ធ ប្រាប់​វីអូអេ​ថា កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃសុក្រ ​គឺ​ជា​ការ​ប្រជុំ​ក្នុង​ការ​ប្រមូល​ធាតុ​ចូល​សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​សារ​ព័ត៌មាន ដើម្បី​ពិភាក្សា​ក្នុង​ការ​បង្កើត​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​ជាតិ​មួយ។ លោក​ថា ការ​បង្កើត​ឡើង​នូវ​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​ជាតិ​នៅ​កម្ពុជា​ជា​កត្តា​ដ៏​ល្អ​មួយ ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​អ្នក​សារ​ព័ត៌មាន​បាន​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​បំពេញ​ការងារ។​

លោក​ថ្លែង​ថា៖ «ដូចេ្នះ​ខ្ញុំ​គិត​ថា​ វា​ជា​កត្តា​ល្អ​ដែល​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ខិត​ខំ​របស់​រាជ​រដ្ឋា​ភិបាល​ ក៏​ដូចជា​ភាគី​ពាក់​ព័ន្ធ​ដទៃ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ ក្នុង​ការ​ជួយ​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន​យើង​ ដើម្បី​ដោះ​ស្រាយ​រាល់​កត្តា​ប្រឈម​ដែល​ពួក​គាត់​ជួប​ប្រទះ ហើយ​សម្រួល​នូវ​ការងារ​ធ្វើ​ម៉េច​ឱ្យ​អ្នក​សារ​ព័ត៌មាន​អាច​បំពេញ​ភារកិច្ច​បាន​រលូន»។

លោក​បន្ថែមថា ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​ដែល​នឹង​បង្កើត​ឡើង​នា​ពេល​ខាង​មុខ​នេះ ត្រូវ​យក​ចិត្ត​ដាក់​ទៅ​លើ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ និង​ការ​ផលិត​ព័ត៌មាន​ដែល​មាន​គុណ​ភាព​ដល់​សាធារ​ណជន​ ដើម្បី​ជា​ចំណេះ​ដឹង​ និង​ប្រយោជន៍​សង្គម។

សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់​ នៅ​ឆ្នាំ ២០២៣​ នេះ​ ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើ​តាម​សន្ទស្សន៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Border) ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០២៣។ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧​ ក្នុង​ចំណោម ១៨០ ​ប្រទេស​នៅឆ្នាំ ២០២៣​ ដែល​ថយ​ពី​លេខ​រៀង​ទី​ ១៤២ កាល​ពីឆ្នាំ​មុន។

កាល​ពី​ខែ​កុម្ភៈ ក្រសួង​ព័ត៌មាន​បាន​លុប​ចោល​អាជ្ញា​បណ្ណ​របស់​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​ (វីអូឌី) ​តាម​បញ្ជា​របស់​អតីត​នាយករដ្ឋមន្រ្តី​ លោក ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​ថា​ លោក ហ៊ុន ម៉ាណែត ចុះ​ហត្ថលេខា​ជំនួស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ក្នុង​ការ​ផ្តល់​ជំនួយ​ ១០០.០០០​ ដុល្លារ​ដល់​ប្រទេស​តួកគី ​សម្រាប់​គ្រោះ​រញ្ជួយ​ដី។ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន»។

គួរ​បញ្ជាក់​ថា​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​មួយ​ចំនួន​ផងដែរ​ ក្នុង​នោះ​មាន​សារព័ត៌មាន​អាស៊ីសេរី​ (RFA) The Cambodia Daily និង​គេហទំព័រ​កំណត់ត្រា ដែល​ជា​បណ្តុំ​ព័ត៌មាន​របស់​អង្គភាព​ផ្សព្វផ្សាយវីអូឌី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ដំណើរការ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG