ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និ​ទណ្ឌ​ភាព​​​លើ​អ្នក​សារ​ព័ត៌​មាន​នៅ​តែ​ជា​កង្វល់​សម្រាប់​អ្នកការពារ​សិទ្ធិ និង​អ្នកសារ​ព័ត៌មាន


រូបឯកសារ៖ រូបភាព​នៃ​សារព័ត៌មាន​បោះពុម្ព​ក្នុង​ប្រទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ​២០១៦។​
រូបឯកសារ៖ រូបភាព​នៃ​សារព័ត៌មាន​បោះពុម្ព​ក្នុង​ប្រទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ​២០១៦។​

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នកសារ​ព័ត៌មាន​លើក​ឡើង​ថា ក្តី​សង្ឃឹម​នៃ​ការ​បញ្ចប់​និទណ្ឌ​ភាព​លើ​អ្នកសារ​ព័ត៌មាន​ហាក់​នៅ​ឆ្ងាយ ដែល​ជា​ហេតុ​បន្តធ្វើ​ឱ្យ​ប៉ះ​ពាល់​ និង​គំរាម​កំហែង​ខ្លាំងដល់​អាជីព​អ្នក​សារព័ត៌​មាន​ឯក​រាជ្យ​។

ការ​លើកឡើង​របស់​ក្រុម​អ្នកជំនាញ និង​អ្នកសារព័ត៌មាន​នេះ ធ្វើ​ឡើងមុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធទិវា​អន្ត​រជាតិ​ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌​មាន ​នៅ​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​។

លោក ​ណុប ​វី ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ ​ហៅ​កាត់​ថា​ខេមបូចា ​ប្រាប់​វី​អូ​អេ​ថា ​ការ​ប្រារព្ធ​ទិវា​អន្ត​រជាតិ​ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌​មាន​គឺ​ជា​ការ​បញ្ជាក់​ថា ​និទណ្ឌ​ភាព​ទៅ​លើ​អ្នក​សារព័ត៌​មាន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​សកល​ បើទោះ​បី​ជា​នៅកម្ពុជា​ ការ​ចាប់​ខ្លួនអ្នក​ប្រព្រឹត្ត​បទ​ល្មើស​មាន​ចំនួន​តិច​តួច​ក្តី​។

​លោក​បន្ថែម​ថា៖ «និទណ្ឌ​ភាព​ហ្នឹង​គឺ​ជា​រឿង​មួយ​ដែល​ជា​កង្វល់​សំខាន់​ណាស់​ ពី​ព្រោះ​វា​មាន​ឥទ្ធិ​ពល​ច្រើន​ វា​ជះ​ឥទ្ធិ​ពលអវិជ្ជ​មាន​ទៅ​ដល់​សង្គម​យើង​ច្រើន​ចឹង​វា​នៅ​តែ​ជា​កង្វល់​មួយ​ដែល​យើង​ត្រូវ​ធ្វើ​កិច្ច​ការ​ច្រើន​ទៀត​ដើម្បី​ធានា​ថា​សង្គម​យើង​មាន​យុត្តិធម៌ ​ហើយ​និទណ្ឌ​ភាព​នេះ​ត្រូវ​បាន​បញ្ចប់​»។

នៅ​មុនប៉ុន្មាន​ថ្ងៃនៃ​ទិវា​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌​មាន​ គេ​ឃើញ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ​បាន​ប្រារព្ធ​ទិវា​នេះ ដោយ​ប្រកាស​ធ្វើ​យុទ្ធនាការ​ ដែលមាន​ជា​ការ​ផ្សព្វផ្សាយ​សារ និង​វីដេអូអំពី​និទណ្ឌភាព​លើ​អ្នកសារ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​។​

​លោក ​ហួន​ ផាន ​ជា​អ្នក​សម្រប​សម្រួល​គម្រោង​គាំ​ពារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយឯក​រាជ្យ​ និង​សេរីភាព​មូល​ដ្ឋាន​នៅ​កម្ពុជា​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ប្រាប់​វី​អូ​អេ​ដែរ​ថា​ ការមិន​មាន​វិធានការ​លើ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​លើ​អ្នកសារ​ព័ត៌​មា​ន ​គឺ​ជា​ការ​គំរាម​គំហែងទៅ​លើ​អ្នក​សារ​ព័ត៌​មាន​ក្នុង​ការ​បំពេញ​វិជ្ជា​ជីវៈ ​និង​ធ្វើ​ឱ្យ​លំហ​សេរី​ភាព​នៃ​សារព័ត៌​មាន​កាន់​តែ​រូម​តូច​។

លោក​និយាយ​ថា៖ «​បើ​សិន​ករណី​ហ្នឹង​បាន​កើត​ឡើង​ហើយ​ ហើយ​មិន​មាន​យន្ត​ការ​ណា​មួយ​ដែល​វា​អនុវត្ត​ឱ្យ​បាន​ឆាប់​រហ័ស​ ឬ​ទាន់​ពេល​វេលា​ និង​ឯក​រាជ្យ​ភាព​ទេ​ វា​ជា​សារ​មួយ​ដែល​គំរាម​គំហែង​ទៅ​ដល់​អ្នក​សារព័ត៌​មាន។ អ៊ីចឹង​ការ​ចូល​រួម​ពី​ស្ថាប័ន​តុលា​ការ​គឺ​សំខាន់​ណាស់​ នេះ​គឺ​ជា​ផ្នែក​សំខាន់​ទី​១​ គឺ​តួ​អង្គ​តុលា​ការ​។ ទី​២ ប្រជា​ពល​រដ្ឋ​ទូ​ទៅ ​ហើយ​ទី​៣​ក៏​រដ្ឋា​ភិបាល​ផង​ដែរ​ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​វិស័យ​នេះ ​និង​អាច​ដំណើរ​ការ​ទៅ​មុខ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ ​ហើយ​ផ្តល់​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​ដល់​សាធារណៈ​ជន​»។

ទិវា​អន្ត​ជាតិ​ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌​មាន ត្រូវ​បាន​កំណត់​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិកាល​ពី​ឆ្នាំ​២០១៣ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋសមា​ជិកអនុវត្ត​វិធាន​ការ​ជាក់​លាក់​មួយ​ចំនួន​ដើម្បី​ប្រឆាំង​នឹង​វប្បធម៌​និទណ្ឌ​ភាព​ដែល​កំពុង​កើតមាន​ជុំ​វិញ​ពិភព​លោក​។ ចំណែក​នៅ​កម្ពុជា​ ​អង្គការ​សិទ្ធិ​មនុស្ស​ និង​អង្គការ​ផ្នែក​សារ​ព័ត៌​មាន​មួយ​ចំនួនតែង​ធ្វើសកម្មភាព​ផ្សេង​ៗ​ និង​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម​គ្នា​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាលបង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើនិទណ្ឌ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌​មាន​ផង​ដែរ​។

លោក​ អ៊ូច ​សូនី​ អ្នក​សារ​ព័ត៌​មាន​សេរី ​ដែល​ប្រឡូក​ក្នុង​វិស័យ​នេះអស់​រយៈ​ពេលជិត​១០​ឆ្នាំមក​ហើយ​ ប្រាប់​វី​អូ​អេ​ថា​ និទណ្ឌ​ភាព​មក​លើ​អ្នក​សារព័ត៌មានបាន​ជះ​ឥទ្ធិ​ពល​ខ្លាំង​លើ​អ្នក​សារ​ព័ត៌​មាននៅ​ពេល​ចុះ​យក​ព័ត៌​មាន​ដោយ​ផ្ទាល់។ លោក​ថា និទណ្ឌភាព​នេះ​នឹង​ធ្វើ​ឲ្យ​បាត់​បង់ព័ត៌​មាន​ពិត​ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គម​ ដែល​ជា​សេចក្តី​ត្រូវ​របស់​ពល​រដ្ឋ​ទូ​ទៅ​ផង​ដែរ​។

លោកបន្ថែម​ថា​ ប្រសិន​បើ​និទណ្ឌភាព​មក​លើ​អ្នក​សារ​ព័ត៌​មាន​នៅ​តែ​បន្ត​កើត​មាន​ក្នុង​សង្គម​មួយ​ នោះ​វា​នឹង​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទន់​ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​ក្នុង​សង្គម​នោះ​។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា ​ការ​ខក​ខាន​មិន​បាន​ស្វែង​រក​ជន​ដៃ​ដល់​មក​ទទួល​ទោស​តាម​ច្បាប់ ​គឺ​ដោយ​សារ​ការ​ខ្វះ​ឆន្ទៈ ​និង​កង្វះ​នៃ​ការ​ផ្តល់​តម្លៃ​ទៅ​លើ​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ ហើយ​ករណី​ខ្លះ​ខ្ញុំ​គិត​ថា ​វា​អាច​មាន​ការ​ពាក់​ព័ន្ធ​អ្នក​ដែល​មាន​ឥទ្ធិ​ពល​ណា​ម្នាក់​ ដែល​ធ្វើ​ឲ្យ​សមត្ថ​កិច្ច​ពិបាក​ក្នុង​ការ​ស្រាវ​ជ្រាវ​ ឬ​អន្តរាគមន៍លើ​ករណី​នោះ​»។

បើ​ទោះ​បី​ជា​មាន​ការ​អំពាវ​នាវ​ពី​សំណាក់​ក្រុម​អ្នក​ប្រកប​វិជ្ជា​ជីវៈសារ​ព័ត៌​មាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​អស់​រយៈពេលជា​ច្រើន​ឆ្នាំ​យ៉ាង​ណា​ក្តី​ ​ក៏​គេ​សង្កេត​ឃើញ​ថា និទណ្ឌ​ភាព​លើអ្នក​សារ​ព័ត៌​មាន​នៅ​មិន​ទាន់​ឃើញ​មាន​ដំណោះ​ស្រាយ​អ្វី​នៅ​ឡើយ​។

ជុំវិញ​បញ្ហា​និទណ្ឌភាពលើ​អ្នកសារ​ព័ត៌មាន រដ្ឋមន្រ្តី​ក្រសួង​ព័ត៌​មាន​ លោក នេត្រ ភក្រ្តា គ្រាន់តែ​ប្រាប់​វីអូអេ​តាម​សារ​តេលេក្រាម​ថា អ្នកសារ​ព័ត៌មាន​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ និង​ថា ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ និង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្បូណ៌​បែប​សម្រាប់​ពលរដ្ឋ។

លោក​បន្ថែមថា ​កម្ពុជា​បាន​និង​កំពុង​ការពារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន លើក​តម្កើង​សេរីភាព​បញ្ចេញ​មតិ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​តាមរយៈ​ការពង្រឹង​ក្រមសីល​ធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ពង្រឹង​គុណភាព​សារព័ត៌មាន ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពិត ត្រឹមត្រូវ និង​ជឿ​ទុកចិត្ត។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​នៅ​ថ្ងៃ​ទី​២៧​ ខែ​តុលា​ បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ យ៉ាង​ហោច​ណាស់​មាន​អ្នក​សារព័ត៌​មាន​ចំនួន​១៥​នាក់​ត្រូវ​បាន​គេ​សម្លាប់​នៅ​កម្ពុជា​។ ករណី​ស្ទើរ​តែ​ទាំង​អស់ ​ជន​រង​គ្រោះ​ត្រូវ​បាន​សម្លាប់​ដោយ​សារការ​ងារ​របស់​ពួក​គេ។ ជាក់​ស្តែង​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ចំនួន​១២​នាក់​ក្នុង​ចំណោម​១៥​នាក់កើត​ឡើង​ខណៈ​ពួក​គេ​ធ្វើ​សកម្ម​ភាព​រាយ​ការណ៍​ព័ត៌​មានដែល​បង្ក​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា​។​

ក្រៅ​ពី​អ្នក​សារ​ព័ត៌​មានទាំង​១៥​នាក់ដែលត្រូវ​បាន​សម្លាប់ ក៏​នៅ​មាន​អ្នក​សារ​ព័ត៌​មាន​មួយ​ចំនួន​

ទៀត​បាន​ទទួល​រង​អំពើ​ហិង្សា​លើរាង​កាយ ​និ​ង​ស្មារតី​ ​ដូច​ការ​សំឡុត​គំរាម​គំហែង ​ការ​ចាប់​ខ្លួ​ន ការ​រង​ពាក្យ​បណ្តឹង​ជា​ដើម​។

​បើ​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មក​ដល់​ពេលបច្ចុប្បន្ន​ មិន​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​ឯក​រាជ្យ​ភាព ​និង ​តម្លា​ភាព​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​នាំ​ជន​ល្មើស​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​កម្ម​មក​ផ្តន្ទា​ទោស​ បណ្តាល​ឱ្យ​ករណី​ទាំងនេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ ​ហើយ​ជន​រង​គ្រោះ​មិន​ទាន់​ទទួល​បានយុតិ្តធម៌​ ខណៈ​ដែល​ជន​ល្មើស​នៅ​តែ​បន្ត​រួច​ផុត​ពី​ការ​ដាក់​ទោស​ទណ្ឌ​ដោយ​សារ​វប្បធម៌​និទណ្ឌ​ភាព៕

XS
SM
MD
LG