អាជ្ញាធរ និងមន្រ្តីសុខាភិបាលខេត្តបាត់ដំបងកំពុងធ្វើការសាកសួរវេជ្ជបណ្ឌិតចិន និងខ្មែរបួននាក់ដែលបានបើកក្លីនិកបីកន្លែងដាច់ផ្សេងពីគ្នាជាច្រើនឆ្នាំ ដោយគ្មានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរ និងមន្រ្តីតុលាការខេត្តបាត់ដំបង។
ការបន្តសាកសួរវេជ្ជបណ្ឌិតទាំងបួនរូបនេះត្រូវបានធ្វើឡើង ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចចម្រុះខេត្តបាត់ដំបងបានចុះទៅបង្រ្កាបបិទក្លីនិកទាំងបីនេះ កាលពីថ្ងៃអង្គារកន្លងទៅនៅស្រុកចំនួនពីរនៃខេត្តបាត់ដំបង។
លោក ជេត វណ្ណី ស្នងការរងប៉ូលិសខេត្តបាត់ដំបង បានឲ្យដឹងថា វេជ្ជបណ្ឌិតទាំងបួនរូប ដែលត្រូវបានសាកសួរនោះ កំពុងស្ថិតនៅឯមន្ទីរសុខាភិបាលខេត្ត ដើម្បីឲ្យឆ្លើយបំភ្លឺទាក់ទងនឹងការបើកគ្លីនិករបស់ពួកគេនៅក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក្ស។
លោកមានប្រសាសន៍ថា៖ «និយាយរួម គាត់សួរនៅមន្ទីរសុខាភិបាល។ យើងកំណត់ថា មិនទាន់យ៉ាងម៉េចនៅឡើយ»។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ដែលត្រូវបានធ្វើឡើងជាយូរមកហើយនោះ បានឲ្យដឹងថា វេជ្ជបណ្ឌិតមួយរូបក្នុងចំណោមបួនរូបនេះ បានបើកគ្លីនិករបស់ខ្លួនអស់រយៈពេល១០ឆ្នាំមកហើយ ដោយពុំមានអាជ្ញាបណ្ណ។
លោក ជេត វណ្ណី ស្នងការរងប៉ូលិសខេត្ត ពុំអាចបញ្ជាក់អំពីមូលហេតុដែលអាជ្ញាធរ និងមន្រ្តីសុខាភិបាលក្នុងខេត្តបាត់ដំបង ដែលបណ្តោយឲ្យក្រុមគ្រូពេទ្យទាំងនេះបើកគ្លីនិកដោយគ្មានអជ្ញាបណ្ណនោះទេ ដោយលោកគ្រាន់តែនិយាយយ៉ាងដូច្នេះថា៖ «យើងមិនទាន់អាចនិយាយបានទេ ទាល់តែបងសួរទៅព្រះរាជអាជ្ញា ហើយនិងខាងសុខាភិបាល»។
ដោយឡែក លោក នួន សាន ព្រះរាជអាជ្ញា បានប្រាប់វីអូអេខេមរភាសាថា គ្រូពេទ្យទាំងបួនរូបនេះកំពុងស្ថិតនៅឯស្នងការបូលិស និងបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដើម្បីធ្វើការសាកសួរអំពីសកម្មភាពនៃការបើកគ្លីនិកទាំងបីនេះ។
គ្រូពេទ្យ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ គឺមានគ្រូពេទ្យម្នាក់ជាជនជាតិចិនដើមកំណើតខ្មែរ ឈ្មោះ កែវ សុវណ្ណ សុខយ៉ាន អាយុ៦៣ និង វ៉ាន់ថា ស៊ាងហេង អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ ហើយគ្រូពេទ្យទាំងពីរនាក់នេះជាអ្នកបើកគ្លីនិកមួយឈ្មោះថា សមាគមគ្រូពេទ្យគុណធម៌កម្ពុជា ដែលស្ថិតក្នុងស្រុកភ្នំព្រឹក្ស រីឯពីររូបផ្សេងទៀតកាន់លិខិតឆ្លងដែនសញ្ជាតិចិនគឺឈ្មោះ ម៉ា ភី អាយុ៤៨ឆ្នាំ ជាម្ចាស់គ្លីនិកចិន-កូរ៉េបើកទ្វារ២៤ម៉ោង ហើយនិងឈ្មោះ គ័រ លីអាន អាយុ៥២ ជាមា្ចស់គ្លីនិកមិត្តភាពខ្មែ-ចិន។ គ្លីនិករបស់គ្រូពេទ្យពីររូបនេះស្ថិតក្នុងស្រុកសំពៅលូន។ នេះបើតាមការបញ្ជាក់ពីលោកព្រះរាជអាជ្ញានួន សាន។
លោកព្រះរាជអាជ្ញារូបនេះបដិសេធមិនព្រមធ្វើអធិប្បាយបន្ថែមអំពីប្រភេទជំងឺដែលគ្រូពេទ្យទាំងបួនរូបនេះធ្វើការព្យាបាលទេ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តការអង្កេតលើករណីនេះនៅឡើយ។
គួរបញ្ជាក់ផងដែរថា មានករណីចម្លងមេរាគអេដស៍ដ៏ច្រើននៅក្នុងភូមិរការ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០១៤ ហើយមកដល់ពេលនេះ ក្នុងចំណោមអ្នកភូមិភូមិរការ សរុប២០០០នោះ មានអ្នកភូមិចំនួន២៥០នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគនេះ។ ការចម្លងនេះគឺបណ្តាលមកពីការចាក់ថ្នាំ និងការចាក់សេរ៉ូមដោយប្រើម្ជុលស៊ីរ៉ាំងរួមគ្នា។
ក្រោយពីការផ្ទុះនៃការចម្លងមេរោគអេដស៍នោះមក រដ្ឋាភិបាលកម្ពុជាប្រកាសបង្រ្កាបសកម្មភាពព្យាបាលសុខភាពដែលគ្មានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល។
នៅក្នុងករណី ដែលកើតឡើងនៅភូមិរការនេះ គ្រូពេទ្យប្រចាំភូមិម្នាក់ឈ្មោះ យ៉ែម ជ្រិន ដែលមិនមានលិខិតអនុញ្ញាត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមានចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃ បទឃាតកម្មដ៏ឃោរឃៅ និងការបើកកន្លែងពិគ្រោះជំងឺដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។ តាមបទចោទនេះ គ្រូពេទ្យរូបនេះអាចប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត៕