ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិបង្ហាញថា ការឆ្លងមេរោគអេដស៍ភាគច្រើននៅក្នុងឃុំរកា ជាពិសេសក្នុងភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលមកពីការចាក់ថ្នាំ និងការចាក់សេរ៉ូម។
មានអ្នកភូមិចំនួន១៩៤០នាក់បានស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍នៅក្នុងខែធ្នូកន្លងទៅ។ ក្នុងចំណោមអ្នកទាំងនោះមានមនុស្សចំនួន២១២នាក់មានផ្ទុកមេរោគអេដស៍។ ហើយមនុស្សចំនួន១៧៤នាក់ ឬស្មើនឹង៨២ភាគរយក្នុងចំណោមអ្នកផ្ទុកមេរោគទាំងនេះមកពីភូមិរកា។ នេះបើយោងតាមសេចក្តីប្រកាសរួមរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក(WHO) និងកម្មវិធីអង្គការសហប្រជាជាតិប្រឆាំងនឹងមេរោគ HIV/ជំងឺអេដស៍ ដែលហៅកាត់ថា UNAIDS។ របាយការណ៍នេះបានធ្លាក់ដល់ដៃអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍។
លោកវេជ្ជបណ្ឌិតលី ពេញស៊ុន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបញ្ជាក់បន្ថែមថា ការចាក់ថ្នាំនិងការចាក់បញ្ចូលសេរ៉ូមគឺជាមូលហេតុតែពីរគត់ ដែលបង្ហាញពីការឆ្លងមេរោគអេដស៍ដ៏រីករាលដាលនៅក្នុងខេត្តបាត់ដំបងនេះ។
«ការសិក្សានេះផ្តោតទាំងការរួមភេទ ការចាក់ថ្នាំញៀន ការចាក់ថ្នាំ ការចាក់សេរ៉ូម ការចាក់បញ្ចូលឈាម ការផ្តល់ឈាម។ គេដាក់ក្នុងបញ្ជីទាំងអស់។ហើយការសិក្សាស្រាវជ្រាវនេះកត្តាសំខាន់មានតែពីរទេ គឺការចាក់ថ្នាំនិងការចាក់សេរ៉ូម»។
ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ទាំង២១២នាក់ ដែលភាគច្រើននៅក្នុងភូមិរកា មានកុមារអាយុក្រោម១៤ឆ្នាំចំនួន៣៩នាក់ ប្រជាពលរដ្ឋចន្លោះពី១៥ទៅ៥៩ឆ្នាំមានច្រើនជាងគេ ពោលគឺមានរហូតដល់ចំនួន១២៧នាក់។ដោយឡែកមនុស្សវ័យចំណាស់ អាយុចាប់ពី៦០ឆ្នាំឡើងទៅមានចំនួន៤៦នាក់។
នេះជារបាយការណ៍ជាសាធារណៈលើកដំបូង បន្ទាប់ពីការផ្ទុះនៃការឆ្លងមេរោគអេដស៍ត្រូវបានរកឃើញនៅក្នុងឃុំរកា ខេត្តបាត់ដំបង។របាយការណ៍ដដែលនេះអះអាងថា មិនមានការបញ្ជាក់អំពីការឆ្លងមេរោគអេដស៍ក្នុងចំណោមអ្នកភូមិ តាមរយៈការចាក់ថ្នាំញៀន ការរួមភេទដែលមិនមានសុវត្ថិភាព ហើយក៏មិនមានភស្តុតាងស្តីពីការឆ្លងមេរោគអេដស៍ពីម្តាយទៅកូននោះដែរ។
លោកវេជ្ជបណ្ឌិតដុង អ៊ិលអាញ់ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានរួមថា អ្វីដែលសំខាន់នោះគឺថា «ក្រសួងសុខាភិបាលបានទប់ស្កាត់»ការរីករាលដាលជាបន្តទៀតនៃមេរោគ។
ជាមួយគ្នានោះ លោកក៏បានសង្កត់ធ្ងន់ថា វាជាការចាំបាច់ដែលកម្ពុជាពង្រឹងការអនុវត្តច្បាប់ចំពោះសេវាសុខាភិបាលឯកជន និងអ្នកដែលមិនមានវិជ្ជាជីវៈពេទ្យត្រឹមត្រូវ» ដើម្បីធានាដល់ការថែទាំង និងការព្យាបាលប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់»។
អ្នកជំងឺចំនួន៧៨នាក់កំពុងទទួលការព្យាបាលដោយថ្នាំប្រឆាំងនឹងជំងឺអេដស៍។
គ្រូពេទ្យប្រចាំភូមិដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ ម្នាក់ឈ្មោះយ៉ែម ជ្រិនត្រូវចាប់ខ្លួននិងចោទប្រកាន់ពីបទប្រព្រឹត្តក្នុងចេតនាចម្លងជំងឺអេដស៍ទៅអ្នកដទៃ បទឃាតកម្មដ៏ឃោរឃៅ និងបទបើកកន្លែងពិគ្រោះជំងឺដោយគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។ តាមបទចោទនេះ គ្រូពេទ្យរូបនេះអាចប្រឈមនឹងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត។
ការចោទប្រកាន់នេះធ្វើឡើងក្រោយពីគ្រូពេទ្យរូបនេះបានសារភាពប្រាប់សមត្ថកិច្ចនគរបាលខេត្តថា លោកបានប្រើប្រាស់ស៊ីរ៉ាំងរួម និងម្ជុលចាក់ថ្នាំរួមក្នុងការព្យាបាលអ្នកជំងឺនាពេលកន្លងមក។ ការអនុវត្តរបៀបនេះត្រូវបានហាមឃាត់ដោយសារការព្រួយបារម្ភពីការចម្លងមេរោគអេដស៍តាមម្ជុលចាក់ថ្នាំរួម។
ប្រទេសកម្ពុជាបានដាក់ផែនការថា នឹងកម្ចាត់ការឆ្លងមេរោគអេដស៍ឲ្យអស់នៅឆ្នាំ២០២០។ អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យអាយុពី១៥ទៅ៤៩ឆ្នាំមាន០,៦ភាគរយ ឬស្មើនឹងប្រមាណ៧១០០០នាក់៕