គណៈកម្មការសុខាភិបាលនិងសង្គមកិច្ចរបស់រដ្ឋសភាបានកោះអញ្ជើញលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមកធ្វើការសាកសួរពាក់ព័ន្ធនឹងគ្រូពេទ្យម្នាក់ដែលបានចាក់ថ្នាំខុសបច្ចេកទេសបណ្តាលឱ្យចម្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋ។
អ្នកស្រី កែ សុវណ្ណារតន៍ ប្រធានគណៈកម្មការសុខាភិបាលនិង សង្គមកិច្ចនៃរដ្ឋសភា នៅថ្ងៃអង្គារនេះបានទទូចដល់ក្រសួងសុខាភិបាលធ្វើការកែទម្រង់វិស័យសុខាភិបាលឡើងវិញប្រយោជន៍ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតដល់ប្រជាពលរដ្ឋ។
អ្នកស្រីបាននិយាយថា៖«គឺស្នើសុំឱ្យឯកឧត្តមកែទម្រង់ប្រព័ន្ធសុខាភិបាលឡើងវិញ។ រៀបចំត្រួតពិនិត្យនិងគ្រូពេទ្យត្រូវតែមាន វិជ្ជាជីវៈ ត្រូវតែគោរព ក្រមសីលធម៌ដើម្បីសង្គ្រោះអ្នកជំងឺ ហើយត្រួតពិនិត្យគ្លីនិកឯកជនមួយចំនួនដែលមិនមានច្បាប់»។
ការទាមទាររបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានកើតមានឡើងបន្ទាប់ពីមានប្រជាពលរដ្ឋប្រមាណ២២៦នាក់ត្រូវបានធ្វើតេស្តឈាមរកឃើញថាមានផ្ទុកមេរោគអេដស៍នៅក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
គ្រូពេទ្យជនបទម្នាក់ដែលសង្ស័យថាបានចាក់ថ្នាំបណ្តាលឱ្យឆ្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនហើយក្រោយមកត្រូវបានតុលាការសម្រេចឃុំឃាំងជាបណ្តោះអាសន្នដើម្បីរងចាំជំនុំជម្រះទោសពីបទ៖«មនុស្សឃាតដោយចេតនា»។
អ្នកស្រី កែ សុវណ្ណារតន៍មានប្រសាសន៍ថាក្រសួងសុខាភិបាលត្រូវតែត្រួតពិនិត្យមន្ទីរពេទ្យ និង មណ្ឌល សុខភាព នៅគ្រប់ទីកន្លែងទាំងអស់ដើម្បីចៀសវាងការថ្លោះ ធ្លោយបន្តទៅទៀត។
អ្នកស្រីមានប្រសាសន៍ថាយើងក៏បានស្នើសុំដាក់ទណ្ឌកម្មចំពោះអ្នកដែលបានធ្វើខុស។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថាក្រសួងសុខាភិបាលមានវិធានការរួមគឺការត្រួតពិនិត្យសេវាឯកជន និង អ្នករកដែលគ្មានសញ្ញាបត្រ ខុសច្បាប់ ហើយពង្រឹងប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត។
លោកបានបញ្ជាក់ថាសម្រាប់អ្នកឆ្លងមេរោគអេដស៍នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ក្រសួងសុខាភិបាលមានកញ្ចប់ថវិកានិងបានចែកថ្នាំសម្រាប់ពន្យាអាយុជីវិតដោយឥតគិតថ្លៃដល់ពួកគេ។
លោកនិយាយថា៖«ពង្រីកមណ្ឌលសុខភាពរបស់យើង ការផ្តល់ប្រឹក្សា ការផ្តល់់ឱសថប្រឆាំងមេរោគអេដស៍និងឱសថ សម្រាប់ថែទាំព្យាបាល មេរោគបន្ទាប់បន្សំ ហើយយើងបញ្ជូនរថយន្តសង្គ្រោះមួយ»។
គិតមកដល់ដើមឆ្នាំ២០១៥ ក្រសួងសុខាភិបាលមានបុគ្គលិកចំនួន២ម៉ឺននាក់ និង មណ្ឌលសុខភាពចំនួន១.០៨៨ ដែលគ្របដណ្តប់នៅទូទាំងរាជធានីខេត្ត ក្រុង។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថានៅឆ្នាំ២០១៥នេះក្រសួងនិងស្នើសុំធនធានមនុស្សប្រមាណ១.៥០០នាក់បន្ថែមទៀតក៏ប៉ុន្តែទៅតាមលទ្ធភាពរបស់រដ្ឋាភិបាល។
លោកបានបញ្ជាក់ថាបុគ្គលិកសុខាភិបាលចំនួន២ម៉ឺននាក់នេះមិនគ្រប់គ្រាន់ទៅនឹងកំណើនប្រជាពលរដ្ឋទេ។
សូមបញ្ជាក់ថា ដើមហេតុនៃរបកគំហើញអ្នកឆ្លងជំងឺអេដស៍ដ៏ច្រើននៅក្នុងភូមិរកា ខេត្តបាត់ដំបងបានកើតមានក្រោយពីបុរសវ័យ៧៤ឆ្នាំម្នាក់ ចៅស្រីរបស់គាត់ និងកូនប្រសារប្រុសរបស់គាត់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍កាលពីចុងខែវិច្ឆិកាឆ្នាំ២០១៤។ បុរសចំណាស់នេះបានប្រាប់ទៅអ្នកភូមិថា គាត់បានទទួលការព្យាបាលពីគ្រូពេទ្យឯកជនម្នាក់នៅក្នុងភូមិ ហើយគាត់ក៏បានផ្តល់យោបល់ឲ្យអ្នកភូមិដទៃៗផ្សេងទៀតដែលធ្លាប់ទទួលការព្យាបាលជាមួយគ្រូពេទ្យដដែលនេះ ទៅពិនិត្យឈាមដូចក្រុមគ្រួសាររបស់គាត់ដែរ៕