ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន​ប៉ាស្ទ័រ​រក​ឃើញ​ជា​បឋម​ថា​មនុស្ស​៩០​នាក់​ផ្ទុក​មេរោគ​អេដស៍


អាជ្ញាធរ​មាន​ សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ចុះ​ទៅ​ឆែកឆេ​លំនៅដ្ឋាន​គ្រូពេទ្យ​ម្នាក់​ដែល​សង្ស័យ​ថា​បាន​ព្យាបាល​ពលរដ្ឋ​ឃុំរកា​ស្រុកសង្កែ​ខេត្តបាត់ដំបង​ហើយ​បាន​នាំឱ្យ​មាន​ការចម្លង​មេរោគ​អេដស៍​ដល់​មនុស្ស​ជាង​១០០​នាក់ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤។ រូបថត​ផ្តល់​ឲ្យ​ដោយ ជា ជីវ)
អាជ្ញាធរ​មាន​ សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ចុះ​ទៅ​ឆែកឆេ​លំនៅដ្ឋាន​គ្រូពេទ្យ​ម្នាក់​ដែល​សង្ស័យ​ថា​បាន​ព្យាបាល​ពលរដ្ឋ​ឃុំរកា​ស្រុកសង្កែ​ខេត្តបាត់ដំបង​ហើយ​បាន​នាំឱ្យ​មាន​ការចម្លង​មេរោគ​អេដស៍​ដល់​មនុស្ស​ជាង​១០០​នាក់ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤។ រូបថត​ផ្តល់​ឲ្យ​ដោយ ជា ជីវ)

ការ​ផ្ទៀង​ផ្ទាត់​លើ​ការ​ឆ្លង​ជំងឺ​អេដស៍​នៅ​ក្នុង​ភូមិ​រកា​ជំហាន​ដំបូងដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​និង​ដោយ​ក្រសួង​សុខា​ភិបាល​បង្ហាញ​ថា មាន​មនុស្ស​ចំនួន​៩០​នាក់មាន​ផ្ទុក​មេរោគ​នេះ។ ប៉ុន្តែ​ការ​ធ្វើ​តេស្ត​ឈាម​នៅ​ធ្វើ​បន្ត​ទៀត​នៅ​ឡើយ​ដើម្បី​ផ្ទៀង​ផ្ទាត់​លទ្ធផល​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វិទ្យាស្ថាន​ប៉ាស្ទ័របានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ មាន​ប្រជាពលរដ្ឋ​ភូមិ​រកា ខេត្តបាត់ដំបងប្រមាណ​៩០​នាក់ត្រូវ​បាន​បញ្ជាក់​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍(HIV)។ នេះ​ជា​លទ្ធផល​នៃ​ការ​វិភាគ​ផ្ទៀងផ្ទាត់​បន្ថែម​លើ​ការ​រក​ឃើញ​ដោយ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង។

លោក​វេជ្ជបណ្ឌិត ​ឌីឌីយេ ហ្វុងតឺនីល (Didier Fontenile) នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាមាន​ប្រសាសន៍​ថា លទ្ធផល​នេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ពិនិត្យ​សំណាក​ឈាម​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​លទ្ធផល​នេះបាន​បញ្ជាក់​ដូច​គ្នា​ដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍របស់​ក្រសួង​សុខា​ភិបាល។

«ក្នុង​ពេល​នេះ​មាន​ករណី​ប្រមាណ​៩០​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ផ្ទុក​មេរោគ​អេដស៍។​ ប៉ុន្តែ​សំណាក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​វិជ្ជមាន​ដោយ​ក្រសួង​សុខា​ភិបាល ​ត្រូវ​បញ្ជាក់​ថា​វិជ្ជមាន​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ និង​មាន​សំណាក​ថ្មីៗ​បន្ថែម​ទៀត​ដែល​នឹង​ត្រូវ​បញ្ជូន​ពី​ខេត្ត​បាត់ដំបង​មក​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះដើម្បី​បញ្ជាក់​បន្ថែម​អំពី​សញ្ញានៃ​មេរោគ​ស៊ីដា​របស់​ក្រុម​អ្នក​ភូមិ​ក្នុង​ថ្ងៃ​នេះ​និង​ក្នុង​អំឡុង​ពេល​ចុងសប្តាហ៍»។

លោក​វេជ្ជបណ្ឌិត ​ឌីឌីយេ​ ហ្វុងតឺនីល​ បន្ថែម​ថា​សំណាក​ឈាម​រាប់​រយ​ត្រូវ​បាន​បញ្ជូន​ពី​ខេត្ត​បាត់ដំបង​ដើម្បី​យក​មក​ធ្វើ​តេស្ត​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​អេដស៍​របស់​រដ្ឋា​ភិបាល​ ​ហើយ​សំណាក​ឈាម​ដែល​បញ្ជាក់​ថា ​មាន​ផ្ទុក​មេរោគ​អេដស៍​ត្រូវ​បញ្ជូន​ទៅ​កាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ដើម្បី​ធ្វើ​ការ​បញ្ជាក់​លើ​មេរោគ​បន្ថែម​ទៀត។

​យ៉ាង​ហោច​ណាស់​ អ្នក​ភូមិ​ចំនួន​១០៦​នាក់​ក្នុ​ងចំណោម​អ្នកភូមិ​រកា ​ឃុំរកា ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ជាង​៧០០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​សប្តាហ៍​នេះ​ មុន​ពេល​រដ្ឋា​ភិបាល​បិទមិន​ឲ្យ​បង្ហាញ​តួលេខ​បែប​នេះ​តទៅទៀត ​ក្រោយ​ពេល​ចំនួន​អ្នក​ភូមិមក​ធ្វើ​តេស្ត​ឈាម​បាន​កើន​ឡើង​ហើយ​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ត្រូវ​បាន​រក​ឃើញ​ច្រើន​ជាង​នេះ។

មន្ត្រី​សុខាភិបាល​មក​ពី​ស្ថាប័ន​ផ្សេងៗ​រួមមាន​អង្គការ​សុខភាព​ពិភព​លោក (WHO) របស់​អង្គការ​សហ​ប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​កម្ពុជា មូល​និធិ​អង្គការ​សហ​ប្រជាជាតិដើម្បី​កុមារ​និង​មជ្ឈ​មណ្ឌល​បង្ការ​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​បាត់ដំបងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ដើម្បី«កំណត់​រក​ប្រភព​ ទំហំ​ និង​ខ្សែ​សង្វាក់​នៃ​ការ​ចម្លង» ​មេរោគ​អេដស៍​នេះ។

ស្ថាប័ន​ទាំង​៦បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​រួមថា ​ខ្លួន​កំពុង​ «ស្រាវជ្រាវ​លើ​ចំនួន​ករណី​អ្នក​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាពលរដ្ឋ» ​នៅ​ក្នុង​ភូមិ​រកា ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​នេះ។

​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​បន្ថែម​ថា ​ករណី​ឆ្លង​នៅ​ក្នុង​ភូមិ​ត្រូវ​បាន​រក​ឃើញ​ចន្លោះ​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១៦​ខែ​ធ្នូ ​ហើយ​សំណាក​ឈាម​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​នេះ។

​លោក​វេជ្ជបណ្ឌិត​ម៉ាសាមិ ហ៊្វូជីតា (Masami Fujita) មន្ត្រី​វេជ្ជសាស្ដ្រ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំនួន​តួលេខ​អ្នក​ឆ្លង​មេរោគ​អេដស៍​ក្នុង​ភូមិ​រកា​ដែល​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ។

លោក​ពន្យល់​ថា៖ «ចំនួន​នោះ​កំពុង​ផ្ទៀងផ្ទាត់។ ​ដូច្នេះ​យើងកំពុង​រង់ចាំ​លទ្ធផល»។

​លោក​វេជ្ជ​បណ្ឌិត​ មាន ឈីវុន ​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ សើស្បែក​និង​កាមរោគ​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​ឈាម​ត្រូវ​ធ្វើ​ការ​វិភាគ​លើ​ច្រើន​ផ្នែក​មុន​នឹង​អាច​បញ្ជាក់​នូវ​លទ្ធផល​ចុង​ក្រោយ។

«គេ​ត្រូវ​ធ្វើ​(ការ​វិភាគ)​ច្រើន​មុខ​ទៀត។​ មិន​មែន​ធ្វើ​តែ​មួយ​មុខ​នោះ​ទេ។​ ដូច្នេះ ​មន្ទីរ​ពិសោធន៍​នឹង​ជម្រាប​នៅ​ពេល​ដែល​គេ​បាន​លទ្ធផល​ជាក់លាក់»។

សូម​បញ្ជាក់​ថា ​ដើម​ហេតុ​នៃ​របក​គំហើញ​អ្នក​ឆ្លង​ជំងឺ​អេដស៍​ដ៏​ច្រើន​នៅ​ក្នុង​ភូមិ​រកា​តែ​មួយ​នេះ​ កើត​មាន​ក្រោយ​ពី​បុរស​វ័យ​៧៤​ឆ្នាំ​ម្នាក់​ ចៅ​ស្រី​របស់​គាត់​ និង​កូន​ប្រសារ​ប្រុស​របស់​គាត់ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​វិច្ឆិកា។​ ​បុរស​ចំណាស់​នេះ​បាន​ប្រាប់​ទៅ​អ្នក​ភូមិ​ថា​ គាត់​បាន​ទទួល​ការ​ព្យាបាល​ពី​គ្រួ​ពេទ្យ​ឯកជន​ម្នាក់​នៅ​ក្នុ​ងភូមិ​ ហើយ​គាត់​ក៏​បាន​ផ្តល់​យោបល់​ឲ្យ​អ្នក​ភូមិ​ដទៃ​ទៀត​ដែល​ធ្លាប់​ទទួល​ការ​ព្យាបាល​ជាមួយ​គ្រូ​ពេទ្យ​ដដែល​នេះ​ ទៅ​ពិនិត្យ​ឈាម​ដូច​ក្រុម​គ្រួសារ​របស់​គាត់​ដែរ។

​គ្រូ​ពេទ្យ​ឯកជន​នៅ​ក្នុង​ភូមិ​រកានោះត្រូវ​បាន​កោះ​ហៅទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ​ហើយ​ផ្ទះ​របស់​លោកក៏​បាន​ត្រូវ​ចុះ​ឆែក​ឆេរ​ផង​ដែរ។ ​ប៉ុន្តែ​មិន​មាន​ព័ត៌មាន​លម្អិត​ពី​ក្រុម​អាជ្ញាធរ​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​បង្ហាញ​ការ​មន្ទិលលើ​ការ​ឆ្លង​រីក​រាល​ដាល​នៃមេរោគអេដស៍​ដ៏​ចម្លែក​នេះ ហើយ​ក៏​បាន​ដាក់​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ច្បាស់​លាស់៕

XS
SM
MD
LG