មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីកម្ពុជាបានជួបប្រជុំគ្នានៅថ្ងៃនេះដើម្បីស្រាវជ្រាវនិងស្វែងរកដំណោះស្រាយលើករណីឆ្លងជំងឺអេដស៍ដ៏ច្រើននៅក្នុងភូមិមួយក្នុងខេត្តបាត់ដំបង។ ដំណាលគ្នានេះ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឲ្យមានការស៊ើបអង្កេតបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការមន្ទិលលើការឆ្លងរាលដាលនៃមេរោគអេដស៍នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបានដាក់បញ្ជានៅថ្ងៃព្រហស្បតិ៍នេះឲ្យមានការស៊ើបអង្កេតមួយច្បាស់លាស់។
ក្រុមគ្រូពេទ្យកម្ពុជាបានរកឃើញថា អ្នកភូមិច្រើនជាង១០០នាក់នៅក្នុងឃុំរកា ជាពិសេសនៅក្នុងភូមិរកា មានផ្ទុកមេរោគដែលបញ្ជាក់សញ្ញាណជាមេរោគ HIV ដែលជាមេរោគនៃជំងឺអេដស៍។ តួលេខនេះត្រូវរកឃើញក្នុងចំណោមប្រជាពលរដ្ឋជាង៧០០នាក់ដែលបានស្ម័គ្រចិត្តពិនិត្យឈាមកាលពីថ្ងៃពុធ។
លោកប្រមុខរដ្ឋាភិបាលបានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងទីក្រុងភ្នំពេញដោយបញ្ជាក់ថា អត្រាអ្នកឆ្លងមេរោគអេដស៍ដែលបានរកឃើញធ្វើឲ្យលោកពិបាកជឿ។
«សូមមេត្តាកុំតក់ស្លុតពេកព្រោះរឿងនេះសម្រាប់រូបខ្ញុំ ខ្ញុំនៅតែមិនមានជំនឿថានេះជារឿងអេដស៍។ រឿងអីការកើតអេដស៍ (បើ)មនុស្សមិនដល់១.០០០នាក់ផង កើតជាង១០០នាក់។ គឺធ្ងន់ពេក។ ហើយរឿងនេះតក់ស្លុតណាស់»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមានការត្រួតពិនិត្យច្បាស់លាស់បន្ថែមទៀតលើការឆ្លងរោគនេះ។
«វាអាចមានវីរុស ប៉ុន្តែមិនមែនជំងឺអេដស៍។ អេដស៍ឯណានៅអាយុ៨០ឆ្នាំ។ ហើយក្មេងមិនទាន់ចេះដឹងអីកើតអេដស៍ដែរ។ ដូច្នេះយើងកុំអាលសន្និដ្ឋានរហ័សពេក។ ត្រូវប្រើឲ្យអស់លទ្ធភាពខាងបច្ចេកវិទ្យា។ នេះជាចំណុចដែលខ្ញុំសូមអំពាវនាវឲ្យមានភាពហ្មត់ចត់ទៅលើការពិនិត្យបន្ត»។
មន្ត្រីសុខាភិបាលរបស់ប្រទេសកម្ពុជាមកពីអង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ មកពីវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារនិងមជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅខេត្តបាត់ដំបងនៅថ្ងៃនេះដើម្បី«កំណត់រកប្រភព ទំហំ និងខ្សែសង្វាក់នៃការចម្លង» មេរោគអេដស៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅល្ងាចថ្ងៃព្រហស្បតិ៍នេះស្ថាប័នទាំងប្រាំមួយ បានបញ្ជាក់ថាខ្លួនកំពុង «ស្រាវជ្រាវលើចំនួនករណីអ្នកឆ្លងមេរោគអេដស៍ក្នុងចំណោមប្រជាពលរដ្ឋ»នៅក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងនេះ។
សេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែមថា ករណីឆ្លងនៅក្នុងភូមិត្រូវបានរកឃើញចន្លោះពីថ្ងៃទី៩ដល់ថ្ងៃទី១៦ខែធ្នូ។ ហើយសំណាកឈាមត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី១៨ខែធ្នូនេះ។
ដើមហេតុនៃរបកគំហើញអ្នកឆ្លងជំងឺអេដស៍ដ៏ច្រើននៅក្នុងភូមិរកា តែមួយនេះក្រោយពីបុរសវ័យ៧៤ឆ្នាំម្នាក់ ចៅស្រីរបស់គាត់និងកូនប្រសារប្រុសរបស់គាត់ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍កាលពីចុងខែវិច្ឆិកា។ បុរសចំណាស់នេះបានប្រាប់ទៅអ្នកភូមិថា គាត់បានទទួលការព្យាបាលពីគ្រួពេទ្យឯកជនម្នាក់នៅក្នុងភូមិហើយគាត់ក៏បានផ្តល់យោបល់ឲ្យអ្នកភូមិដទៃទៀតដែលធ្លាប់ទទួលការព្យាបាលជាមួយគ្រូពេទ្យដដែលនេះទៅពិនិត្យឈាមដូចក្រុមគ្រួសាររបស់លោកដែរ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា «ការស្រាវជ្រាវយ៉ាងហ្មត់ចត់មួយលើការរាតត្បាតនេះនឹងត្រូវរៀបចំឡើង»។
លោកវេជ្ជបណ្ឌិត មាន ឈីវុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគមានប្រសាសន៍ថា ការសិក្សាលើការឆ្លងមេរោគខាងលើបានចាប់ផ្តើមដំណើរការ។
«ការសិក្សាកំពុងធ្វើ។ ការជូនដំណឹងច្បាស់លាស់មិនទាន់មានទេ។ ពេលណាយើងមានព័ត៌មានគ្រប់និងមានព័ត៌មានជាក់លាក់យើងនឹងជម្រាបជូនហើយ»។
សូមបញ្ជាក់ថា នៅថ្ងៃនេះគ្រូពេទ្យឯកជននៅក្នុងភូមិរកា ដែលស្ថិតក្រោមការសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការចម្លងមេរោគអេដសន៍នេះត្រូវបានកោះហៅទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។ ហើយក្រុមមន្ត្រីជំនាញក៏បានចុះឆែកឆេរផ្ទះរបស់លោកផងដែរ។ ប៉ុន្តែមិនមានព័ត៌មានលម្អិតពីក្រុមអាជ្ញាធរចំពោះបញ្ហានេះនៅឡើយទេ៕