ក្នុងរយៈពេល ៤ ថ្ងៃកាលពីខែមេសា ឆ្នាំ ១៩៩៤ ពិភពលោកបានសម្លឹងមើលនៅពេលដែលជនជាតិអាហ្វ្រិកខាងត្បូងរាប់លាននាក់ឈរបន្តគ្នាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍មួយជាប្រវត្តិសាស្ត្រ។ នៅពេលនោះ ពួកគេត្រៀមលក្ខណៈបោះឆ្នោតនៅក្នុងការបោះឆ្នោតលើកដំបូងបង្អស់ដែលជាតិសាសន៍ទាំងអស់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងត្រូវបានអនុញ្ញាតឱ្យចូលរួម។
នៅមុនពេលនោះ នៅក្រោមប្រព័ន្ធ apartheid ដែលជាប្រព័ន្ធប្រកាន់ពូជសាសន៍ គេឃើញមានតែជាតិសាសន៍ស្បែកសភាគតិចប៉ុណ្ណោះដែលអាចបោះឆ្នោតបាន ដោយក្រុមជនស្បែកខ្មៅភាគច្រើននិងជាតិសាសន៍មិនមែនស្បែកសទាំងអស់ ដែលរួមមានទាំងជនអំបូរចិនមួយចំនួនតូចផងដែរ មិនមានសិទ្ធិបោះឆ្នោតទេ។
កាលពីថ្ងៃទី ២៧ ខែមេសាកន្លងទៅនេះ ពលរដ្ឋអាហ្វ្រិកខាងត្បូងគ្រប់ជាតិសាសន៍បានប្រារព្ធខួបទី ២៩ ឆ្នាំនៃទិវាសេរីភាព ដែលជាថ្ងៃឈប់សម្រាកសាធារណៈរំឭកដល់ការបោះឆ្នោតបែបប្រជាធិបតេយ្យលើកដំបូងបង្អស់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនេះ។
លោក Francis Lai Hong អាយុ ៦៤ ឆ្នាំ ដែលជាអនុប្រធានសមាគមចិននៅក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង បានប្រាប់វីអូអេថា នៅពេលនោះលោកបានឈររាប់ម៉ោងនៅក្នុងសាលរបស់សាលារៀនមួយកន្លែងដើម្បីបោះឆ្នោត។
លោក Hong ថ្លែងដូច្នេះថា៖ «ខ្ញុំអាចនៅចាំបានដូចវាបានកើតឡើងកាលពីម្សិលមិញអ៊ីចឹង នៅពេលដែលយើងត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតជាលើកដំបូងបង្អស់នៅអាហ្វ្រិកខាងត្បូង។ ជនជាតិចិនបានរស់នៅទីនេះអស់រយៈពេល ៣០០ ឬ ៤០០ ឆ្នាំមកហើយ ហើយពេលនោះគឺជាលើកដំបូងបង្អស់ដែលយើងអាចបោះឆ្នោតនៅក្នុងប្រទេសរបស់យើងផ្ទាល់»។
ជនជាតិចិនដំបូងបង្អស់បានមកដល់ប្រទេសអាហ្វ្រិកខាងត្បូងក្នុងនាមជាក្រុមអ្នកទោសក្នុងសតវត្សទី ១៧ ហើយបន្ទាប់មកក៏មានក្រុមពលករធ្វើការតាមកុងត្រាក្នុងសតវត្សទី ១៩។ នៅចុងទសវត្សរ៍ ១៨៨០ ជនជាតិចិនបានចាប់ផ្តើមធ្វើចំណាកស្រុកទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងនៅក្នុងផ្នែកមួយនៃ «ការប្រញាប់ប្រញាល់ទៅរករ៉ែមាស» ប៉ុន្តែត្រូវបានរារាំងមិនឱ្យរករ៉ែមាសទាំងនោះទៅវិញ។ ពូជសាសន៍របស់ពួកគេក៏ជាឧបសគ្គមួយទៀតផងដែរដែលប៉ះពាល់ដល់លទ្ធភាពរបស់ពួកគេក្នុងការធ្វើការជួញដូរ។
នៅក្រោមប្រព័ន្ធ apartheid ដែលបានចាប់ផ្តើមក្នុងឆ្នាំ ១៩៤៨ ជនជាតិចិនត្រូវបានចាត់ទុកថាជាអនុក្រុមមួយនៃ «ក្រុមជនដែលមានស្បែកក្រៅពីសនិងខ្មៅ» ដែលជាការកំណត់ខាងពូជសាសន៍ដែលចាត់បញ្ចូលជាតិសាសន៍ណាដែលមិនមែនជាជាតិសាសន៍ស្បែកខ្មៅឬជាតិសាសន៍ស្បែកស។
បរិយាកាសរំភើបនៅថ្ងៃដែលលោកអាចបោះឆ្នោតបានកាលពី ២៩ ឆ្នាំមុននោះនៅដក់ជាប់ក្នុងចិត្តរបស់លោក Hong ជានិច្ច។
លោក Hong ថ្លែងដូច្នេះថា៖ «ខ្ញុំអាចនៅនឹកឃើញភាពជាមិត្តភក្តិ ភាពមានអធ្យាស្រ័យល្អរបស់ជាតិសាសន៍ផ្សេងៗដែលមិនអាចបោះឆ្នោតបានពីមុន ដែលបានឈរបន្តគ្នាជាជួរ ហើយគ្រប់គ្នាសប្បាយរីករាយនិងមានក្ដីសង្ឃឹមអំពីប្រទេសអាហ្វ្រិកខាងត្បូងថ្មីមួយ អំពីប្រទេសប្រជាធិបតេយ្យថ្មីមួយ និងអំពីអនាគតដ៏ត្រចះត្រចង់ថ្មីមួយសម្រាប់យើងទាំងអស់គ្នា»។
លោក Vernon Hong ដែលជាអ្នកចូលនិវត្តន៍ ដែលគ្មានជាប់សាច់ឈាមជាមួយលោក Hong គឺជាកូនរបស់ជនអន្តោប្រវេសន៍មកពីខេត្ត Guangdong នៃប្រទេសចិន។ ឪពុករបស់លោកគឺជាអ្នកលួចជិះកប៉ាល់មកប្រទេសអាហ្វ្រិកខាងត្បូងក្នុងទសវត្សរ៍ ១៩៥០ ហើយម្តាយរបស់លោកបានមកដល់អាហ្វ្រិកខាងត្បូងតាមទីក្រុងម៉ាកាវនៃប្រទេសចិនដោយឆ្លងកាត់ប្រទេសម៉ូសំប៊ិកហើយបន្តដំណើរទៅកាន់ទីក្រុង Johannesburg។ លោកមានអាយុ ២៧ ឆ្នាំនៅពេលលោកទៅបោះឆ្នោតជាលើកដំបូង។
លោកថ្លែងដូច្នេះថា៖ «នេះជាក្ដីរំភើបមួយសម្រាប់ខ្ញុំដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីបាន»។
នេះជាអារម្មណ៍របស់លោក Vernon នៅពេលនោះ បើទោះបីជាតាំងពីពេលនោះមកលោកខកចិត្តចំពោះអ្វីដែលបានកើតមាននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដូចជាអំពើពុករលួយក្នុងជួររដ្ឋាភិបាលនិងអត្រាអត់ការងារធ្វើខ្ពស់ក៏ដោយ។
អ្នកស្រី Jackie Lai ដែលមានជីដូនជាជនអន្តោប្រវេសន៍មកប្រទេសអាហ្វ្រិកខាងត្បូង បានធំដឹងក្ដីនៅក្នុងខេត្ត Eastern Cape ក្នុងក្រុងមួយដែលមានជនជាតិចិនតែ ៥ គ្រួសារប៉ុណ្ណោះ។ ពេលនេះអ្នកស្រីធ្វើការខាងផ្នែកធនធានមនុស្ស។
អ្នកស្រីមានអាយុជាង ២០ ឆ្នាំហើយធ្វើដំណើរទៅអឺរ៉ុប នៅពេលការបោះឆ្នោតលើកដំបូងធ្វើឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង ប៉ុន្តែអ្នកស្រីបានបោះឆ្នោតដោយមិនមានវត្តមាននៅថ្ងៃបោះឆ្នោត។
អ្នកស្រីថ្លែងដូច្នេះថា៖ «ខ្ញុំបានធ្វើដំណើរតាមរថភ្លើងទៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងបានដើរទៅកាន់ទីលាន Trafalgar Square ហើយបានឈរបន្តគ្នាជាជួរ ហើយខ្ញុំមានអារម្មណ៍ចម្លែកដែលឈរនៅក្នុងទីក្រុងឡុងដ៍ដោយដឹងថានេះជាលើកដំបូងបង្អស់ដែលខ្ញុំអាចបោះឆ្នោតបាន»។
អ្នកស្រី Lai បានលើកឡើងថា អ្នកស្រីតែងតែនឹកឃើញជានិច្ចអំពីព្រឹត្តិការណ៍នេះនៅពេលអ្នកស្រីបោះឆ្នោតនិងដឹងគុណចំពោះបុព្វសិទ្ធិនេះ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «ខ្ញុំយល់ថាការបោះឆ្នោតនេះជាផ្នែកមួយនៃការទទួលស្គាល់ថាយើងជាផ្នែកមួយនៃប្រទេសនេះ ហើយយើងអាចរួមចំណែកស្មើគ្នាដល់ប្រទេសនេះទោះជាយើងរស់នៅកន្លែងណាក៏ដោយ»។
អ្វីៗបានផ្លាស់ប្តូរច្រើនសម្រាប់ក្រុមជនអំបូរចិននៅអាហ្វ្រិកខាងត្បូងតាំងពីសម័យ apartheid ដ៏ខ្មៅងងឹតមក។ នៅពេលនេះ ដោយមានសិទ្ធិបោះឆ្នោត ពលរដ្ឋអាហ្វ្រិកខាងត្បូងដើមកំណើតចិនមួយចំនួនតូចបានឈរឈ្មោះសម្រាប់តំណែងសាធារណៈនៅក្នុង «ប្រទេសចម្រុះជាតិសាសន៍» ប្រជាធិបតេយ្យមួយនេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ពលរដ្ឋអាហ្វ្រិកខាងត្បូងដើមកំណើតចិនរំឭកថ្ងៃដែលពួកគេត្រូវបានអនុញ្ញាតឱ្យបោះឆ្នោត
ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង —