ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​សញ្ជឹង​គិត​ដល់​កេរដំណែល​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter នៅ​ទ្វីប​អាហ្វ្រិក


រូបឯកសារ៖ អតីតប្រធានាធិបតីអាហ្រ្វិក​ខាងត្បូង លោក Nelson Mandela (កណ្តាល) អម​ដោយ​ភរិយា​របស់​លោក គឺ​អ្នកស្រី Graca Machel (ឆ្វេង) និង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter (ស្តាំ) ក្នុង​ពិធី​ខួបកំណើត​៨៩ ឆ្នាំ​របស់​លោក​នៅ​ទីក្រុង Johannesburg កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០៧។
រូបឯកសារ៖ អតីតប្រធានាធិបតីអាហ្រ្វិក​ខាងត្បូង លោក Nelson Mandela (កណ្តាល) អម​ដោយ​ភរិយា​របស់​លោក គឺ​អ្នកស្រី Graca Machel (ឆ្វេង) និង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter (ស្តាំ) ក្នុង​ពិធី​ខួបកំណើត​៨៩ ឆ្នាំ​របស់​លោក​នៅ​ទីក្រុង Johannesburg កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០៧។

នៅ​ពេល​ដែល​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Jimmy Carter ដែល​មាន​វ័យ ៩៨ ឆ្នាំ កំពុង​ទទួល​ការ​ព្យាបាល​ថែទាំ​នៅ​ផ្ទះ មនុស្ស​នៅ​ជុំវិញ​ពិភពលោក​សញ្ជឹង​គិត​អំពី​សមិទ្ធផល​និង​ការ​បរាជ័យ​របស់​លោក។

នៅ​ក្រៅ​សហរដ្ឋ​អាមេរិក ប្រវត្តិវិទូ​នានា​បាន​និយាយ​ថា កន្លែង​មួយ​ដែល​លោក Carter បាន​ផ្ដោត​ការ​យក​ចិត្តទុកដាក់​ខ្លាំង​គឺ​ទ្វីប​អាហ្វ្រិក។

លោក Carter មាន​ទំនាក់ទំនង​ជា​យូរ​អង្វែង​មក​ហើយ​ជាមួយ​នឹង​ទ្វីប​អាហ្វ្រិក ទាំង​ក្នុង​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ ១៩៧៧ ដល់​ឆ្នាំ ១៩៨១ និង​ទាំង​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍​ក្រោយៗ​មក​ទៀត។

លោក John Stremlau ដែល​ជា​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Witwatersrand ក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​ជា​អតីត​អនុ​ប្រធាន​កម្មវិធី​សន្តិភាព​នៃ​មជ្ឈមណ្ឌល Carter បាន​រំឭក​អំពី​ការ​ជាប់ចិត្ត​ខ្លាំង​របស់​លោក Carter ជាមួយ​នឹង​ទ្វីប​អាហ្វ្រិក។

លោក Stremlau ថ្លែង​ដូច្នេះ​ថា៖ «លោក Jimmy Carter បាន​ប្រាប់​ខ្ញុំ​ច្រើន​ដង​ថា ​លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​ត្បូង​ក្នុង​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ព្យាយាម​រំដោះ​ប្រជាជន​នៅ​ទីនោះ​ជាង​អ្វី​ដែល​លោក​បាន​ធ្វើ​អំពី​សន្តិភាព​នៅ​តំបន់​មជ្ឈិម​បូព៌ា​ទៅ​ទៀត»។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ចំណាប់​អារម្មណ៍​របស់​លោក Carter លើ​ទ្វីប​អាហ្វ្រិក​បាន​រង​ឥទ្ធិពល​ពី​ការ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ដែល​ផ្ដល់​ឱ្យ​លោក​នៅ​តំបន់​ជនបទ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឱ្យ​លោក​យល់​ដឹង​ដំបូង​អំពី​អំពើ​អាក្រក់​នៃ​ការ​រើសអើង​ពូជសាសន៍។

រូបឯកសារ៖ ប្រធានាធិបតីស៊ូដង់លោក Omar al-Bashir (ឆ្វេង) និង​ប្រធានាធិបតី​អ៊ូហ្គង់ដា​លោក Yoweri Museveni (ស្តាំ) ចាប់រលាក់ដៃគ្នា​នៅ​ថ្ងៃ​ទី៨ ខែធ្នូ ១៩៩៩ បន្ទាប់ពី​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​គោលបំណង​កែលម្អ​ទំនាក់ទំនង ខណៈ​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter (កណ្តាល) សម្លឹង​មើល។
រូបឯកសារ៖ ប្រធានាធិបតីស៊ូដង់លោក Omar al-Bashir (ឆ្វេង) និង​ប្រធានាធិបតី​អ៊ូហ្គង់ដា​លោក Yoweri Museveni (ស្តាំ) ចាប់រលាក់ដៃគ្នា​នៅ​ថ្ងៃ​ទី៨ ខែធ្នូ ១៩៩៩ បន្ទាប់ពី​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​គោលបំណង​កែលម្អ​ទំនាក់ទំនង ខណៈ​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក Jimmy Carter (កណ្តាល) សម្លឹង​មើល។

លោក Carter បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ចំ​ពេល​ដែល​សង្គ្រាម​ត្រជាក់​មាន​ភាព​តានតឹង​ខ្លាំង ប៉ុន្តែ​ការ​ចាត់ចែង​របស់​លោក​លើ​គោល​នយោបាយ​ការបរទេស​គឺ​ខុស​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាណត្តិ​មុនៗ​តាម​វិធី​ជា​ច្រើន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Nancy Mitchell ដែល​ជា​ប្រវត្តិវិទូ​និង​ជា​អ្នក​និពន្ធ​សៀវភៅ «លោក Jimmy Carter និង​ទ្វីប​អាហ្វ្រិក៖ ជាតិ​សាសន៍​និង​សង្គ្រាម​ត្រជាក់ (Jimmy Carter and Africa: Race and the Cold War)»។

ជា​ឧទាហរណ៍ លោក Carter បាន​តែងតាំង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Andrew Young ដែល​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក និង​ដែល​មាន​ភាព​សកម្ម​ក្នុង​ចលនា​សិទ្ធិ​ពលរដ្ឋ​ក្នុង​សហរដ្ឋ​អាមេរិក ឱ្យ​ធ្វើ​ជា​មនុស្ស​សំខាន់​របស់​លោក​អំពី​ការ​តស៊ូ​រំដោះ​ជាតិ​នៅ​ក្នុង​អតីត​ដែនដី Rhodesia ដែល​ជា​ប្រទេស​ស៊ីមបាវ៉េ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

អ្នកស្រី Mitchell បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ​បាន​និយាយ​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក Robert Mugabe និង​លោក Joshua Nkomo ដែល​ជា​អ្នក​ដឹកនាំ​សង្គ្រាម​ទ័ព​ព្រៃ​ប្រឆាំង​ការ​ដឹកនាំ​របស់​ជាតិ​សាសន៍​ស្បែក​ស​ភាគ​តិច។

អ្នកស្រី Mitchell ថ្លែង​ដូច្នេះ​ថា៖ «តាម​ដែល​ខ្ញុំ​ដឹង វា​ជា​ឧទាហរណ៍​ជាក់លាក់​តែ​មួយ​គត់​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ដែល​សហរដ្ឋ​អាមេរិក​ទាក់ទង​ដោយ​មាន​ការ​គោរព​ជាមួយ​ពួក​ឧទ្ទាម​ឆ្វេង​និយម​ដែល​ជា​ពួក​កុម្មុយនីស្ត ​ឬ​ក៏​ត្រូវ​បាន​ចាត់ទុក​ថា​មាន​និន្នាការ​ឆ្វេង​និយម​ជ្រុល​និង​គាំទ្រ​ដោយ​ប្រទេស​កុម្មុយនីស្ត ចាប់តាំងពី​ដំបូង​រហូត​ដល់​ពេល​មាន​ការ​ចរចា​គ្នា»។

ប្រទេស​ស៊ីមបាវ៉េ​ទទួល​បាន​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ១៩៨០។

អ្នក​វិភាគ​ថា កន្លែង​ដែល​លោក Carter មិន​សូវ​ទទួល​បាន​ជោគជ័យ​គឺ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​នៅ​ទីនោះ​លោក​ប្រហែលជា​បាន​ប្រកាន់​យក​គោល​នយោបាយ​តឹងតែង​លើ​របប apartheid ដែល​លោក​បាន​ប្រឆាំង​តាម​ផ្លូវ​សីលធម៌ ប៉ុន្តែ​លោក​ត្រូវការ​ឱ្យ​ស្ថិត​នៅ​ខាង​លោក​នៅ​ក្នុង​ការ​ពិចារណា​រឿង​សង្គ្រាម​ត្រជាក់។

ទោះជា​យ៉ាង​ណា​ក៏ដោយ លោក David Monyae សាស្ត្រាចារ្យ​រង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Johannesburg បាន​និយាយ​ថា លោក Carter ជា​ទូទៅ​ត្រូវ​បាន​គេ​កោត​សរសើរ​នៅ​ទ្វីប​អាហ្វ្រិក​ថា​ជា​អ្នក​វិវឌ្ឍ​និយម​ដែល​មាន​គោល​នយោបាយ​ការបរទេស​ផ្ដោត​លើ​សិទ្ធិ​មនុស្ស​និង​ផ្ដោត​ខ្លាំង​លើ​បញ្ហា​ទ្វីប​អាហ្វ្រិក​ជាង​មេដឹកនាំ​ជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក។

លោក Monyae ថ្លែង​ដូច្នេះ​ថា៖ «គ្មាន​នរណា​ម្នាក់​ប្រៀបធៀប​លោក​ជាមួយ​នឹង​លោក [Nelson] Mandela ទេ ប៉ុន្តែ​ខ្ញុំ​ចង់​មាន​ន័យ​ថា ​លោក​ទាំង​ពីរ​ជា​មិត្តភក្ដិ​នឹង​គ្នា ហើយ​លោក​ទាំង​ពីរ​បាន​ក្លាយជា​សមាជិក​នៃ​ក្រុម Elders អំពី​បញ្ហា​អាហ្វ្រិក​និង​បញ្ហា​សាកលលោក»។

ដូច​លោក Mandela ដែរ លោក Carter បាន​ចំណាយ​ពេល​របស់​លោក​ក្រោយ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​ផ្ដោត​លើ​បញ្ហា​សុខភាព​នៅ​ទ្វីប​អាហ្វ្រិក ដោយ​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​អស្ចារ្យ​ក្នុង​កិច្ច​ប្រឹងប្រែង​ឈាន​ឆ្ពោះ​ទៅ​ការ​លុប​បំបាត់​ជំងឺ​ដង្កូវ​ហ្គីណេ។ មជ្ឈមណ្ឌល Carter របស់​លោក​ក៏​ជា​កន្លែង​សម្រាប់​តាមដាន​ការ​បោះឆ្នោត ​និង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​ផង​ដែរ។

លោក Carter បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០០២ ដោយសារ​កិច្ចការ​ទាំង​នេះ​របស់​លោក៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG