ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ជើងទឹក​ចិន​អម​នាំ​នាវា​ដឹកទំនិញ​ចេញ​ពីច្រក​សមុទ្រ​ក្រហម


ផែនទី​សមុទ្រ​ក្រហ​ម
ផែនទី​សមុទ្រ​ក្រហ​ម

យោធា​ជើង​ទឹក​ចិន​បាន​ចាប់ផ្តើម​អម​នាំ​នាវាដឹកទំនិញ​ចិន​ឆ្លងកាត់​តំបន់​សមុទ្រ​ក្រហម។ នេះ​បើ​យោង​ទៅ​តាម​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​មួយ និង​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន។ ការណ៍​នេះ​បាន​កើតឡើង​ស្របពេល​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​មួយ​ចំនួន​បាន​សម្រេច​បញ្ចៀស​ពី​ការ​ធ្វើ​ដំណើរ​លើ​ច្រក​ផ្លូវ​ទឹកដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​មួយ​នេះ​នៅ​លើ​ពិភពលោក ដោយសារ​តែ​ការ​វាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ហ៊ូទី (Houthi)។

ចាប់តាំង​ពី​ខែ​វិច្ឆិកា ក្រុម​ឧទ្ទាម​ហ៊ូទី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ធ្វើការ​វាយប្រហារ​ដោយ​យន្តហោះដ្រូន​ និងគ្រាប់​មីស៊ីល​មក​លើ​នាវា​ ដែល​ឆ្លង​កាត់​តាមច្រក​សមុទ្រ​ក្រហម ជា​សកម្មភាព​ដែល​ក្រុម​ឧទ្ទាម​នេះ​និយាយ​ថា​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់ក្រុមសកម្មប្រយុទ្ធ​ហាម៉ាស់​នៅ​ប៉ាឡេស្ទីន​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​អ៊ីស្រាអែល។

ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ឆ្លើយតប​ ដោយបាញ់គ្រាប់​មីស៊ីល​មក​លើ​ទីតាំង​របស់​ក្រុមឧទ្ទាម​ហ៊ូទី។ ប្រតិបត្តិការ​នេះត្រូវ​បាន​គាំទ្រ​ដោយ​កងកម្លាំង​រួម​ពី​បារ៉ែន អង់គ្លេស កាណាដា បារាំង ហូឡង់ អ៊ីតាលី ន័រវែស សីស្ហែល និង​អេស្ប៉ាញ។

ប៉ុន្តែ​មក​ទល់​ពេល​នេះ ​ប្រតិបត្តិការ​មិនបាន​បញ្ឈប់​ការ​ចាត់គោលដៅ​វាយប្រហារ​មក​លើ​នាវា​ដឹក​ទំនិញ​នោះទេ។

ស្រប​ពេល​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ភាគច្រើន​បាន​ផ្លាស់ប្តូរ​ផ្លូវ​ធ្វើ​ដំណើរ​តាម​ច្រក​ផ្សេង​ទៀត​នៅ​អាហ្រ្វិក​ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង​មុន ​ធ្វើ​ឱ្យ​តម្លៃ​ និង​ពេលវេលា​កើនឡើង​ទ្វេ​ដង ក្រុមហ៊ុន Sea Legend Shipping ដែល​ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ខេត្ត Qingdao ប្រទេស​ចិន និង​ចុះបញ្ជី​នៅ​សិង្ហបុរី​ កំពុងផ្សព្វផ្សាយ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​របស់​ខ្លួន​តាមច្រកសមុទ្រ​ក្រហម។

ក្រុមហ៊ុន​នេះថា ចាប់តាំង​ពី​ខែ​មករា​មក​ យោធា​ចិន​បាន​ជួយ​អមនាំ​នាវា​ដឹកជញ្ជូន​ទំនិញរបស់​ខ្លួនចេញ​ពី​តំបន់​សមុទ្រ​ក្រហម ដោយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ Sea Legend Shipping ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​ដែល​នៅ​តែ​បន្ត​ប្រតិបត្តិការក្នុង​តំបន់​នេះ។ នេះ​បើ​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​របស់​ចិន។

នៅ​ក្នុងសារអ៊ីម៉ែលឆ្លើយតប​ចំពោះ​សំណើ​សុំ​ការ​បញ្ជាក់​និង​អធិប្បាយ​ពាក់ព័ន្ធ​នឹង​ទំហំ​នៃ​ការ​ផ្តល់​ការ​ការពារ​សន្តិសុខ​ចំពោះ​នាវាដឹកទំនិញ លោក Yuan Mu អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន បាន​បង្វែរ​សំណួរ​របស់​វីអូអេ​ទៅកាន់​អង្គភាព​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ជុំវិញ​បញ្ហា​នេះ។

អ្នកនាំពាក្យ​រូប​នេះ​បាន​លើកឡើង​នៅ​ក្នុង​សារ​អ៊ីម៉ែលថា៖ «ជា​រួម ចិន​ប្រកាន់​ជំហរ​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​គ្រប់ភាគី​ ដើម្បី​ការពារ​សុវត្ថិភាព​នៃ​ច្រក​ដឹកជញ្ជូន​អន្តរជាតិ»។

បើ​ទោះ​បី​ជា ក្រុម​ហ៊ូទី​និយាយ​ថា ការ​ដឹកជញ្ជូន​ពី​ប្រទេស​ខ្លះ​រួម​មាន ចិន​ និង​រុស្ស៊ី អាច​ធ្វើការ​ឆ្លង​កាត់​ដោយ​សុវត្ថិភាព​ នាវាដឹកប្រេង​អង់គ្លេស​ដែល​ដឹក​ប្រេង​របស់​រុស្ស៊ី​បាន​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​ក្រុម​ហ៊ូទី​និង​បាន​ឆាបឆេះ​កាល​ពី​ពេល​ថ្មីៗនេះ។

គេហទំព័រ​ព័ត៌មាន​ស្តីពី​ការ​ដឹកជញ្ជូន​ oilprice.com រាយការណ៍​ថា សូម្បី​តែ​នាវា​ដឹកប្រេង​រុស្ស៊ី​ក៏​បញ្ចៀស​ពី​តំបន់​សមុទ្រ​ក្រហម​ផង​ដែរ។

ប្រហែល​ ៤០​ភាគរយ​នៃ​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប​និង​អាស៊ីឆ្លង​កាត់​តាម​តំបន់​សមុទ្រ​ក្រហម និង​ព្រែកជីក​ស៊ុយអេ (Suez) និង​រាប់រ៉ង​ប្រហែល​ ១២​ភាគរយ​នៃ​ការ​ដឹកជញ្ជូន​ប្រេង​តាម​សមុទ្រ​នៅ​លើ​សាកលលោក។

អ្នកស្រី Jennifer Kavanagh អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​កម្មវិធី​ American Statecraft ប្រចាំ​អង្គការ Carnegie Endowment for International Peace និយាយ​ថា នាវា​ចិន​គួរ​តែ​អាច​ឆ្លង​កាត់​តាម​តំបន់​សមុទ្រ​ក្រហម​ដោយ​មិន​ត្រូវ​រង​ការ​វាយប្រហារ ប៉ុន្តែ​ការ​វាយប្រហារ​បាន​បង្ក​ឱ្យ​មាន​ការ​ចំណាយពេលវេលា​ច្រើន​ជាង​មុនសម្រាប់​ការ​ដឹកជញ្ជូនរវាង​ចិន​និង​អឺរ៉ុប និង​ធ្វើ​ឱ្យ​តម្លៃ​ថាមពល​ ការ​ដឹកជញ្ជូន និង​ធានារ៉ាប់រង​ខ្ពស់​ជាង​មុន។

អ្នកស្រី​ថ្លែង​ថា៖ «ការ​មាន​ការ​សម្រេបសម្រួល​ក្បួន​នាវា​រវាង​សហរដ្ឋអាមេរិក​និង​យោធា​ចិន គឺជា​រឿង​អស្ចារ្យ​មួយ ប៉ុន្តែ​ពិត​ណាស់​មាន​មធ្យោបាយ​ផ្សេងៗ​ដែល​យោធា​ចិន​នៅ​ក្នុង​តំបន់​អាច​រួម​ចំណែកក្នុង​ផ្នែក​សន្តិសុខ​ផ្លូវ​ទឹក»។

លោក​ John Kirby អ្នក​សម្របសម្រួល​ផ្នែក​ទំនាក់ទំនង​យុទ្ធសាស្រ្ត​ប្រចាំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​លើកឡើង​កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ថា លោក​មិន​អាច​បញ្ជាក់​របាយការណ៍​ដែល​ថា យោធា​ចិន​កំពុង​អមនាំ​នាវា​ឆ្លង​កាត់​តំបន់​សមុទ្រ​ក្រហម​នោះ​ទេ និង​ថា លោក​ដឹង​ថា មិនមាន​ការ​សម្របសម្រួល​រវាង​យោធា​ជើង​ទឹក​ចិន​និង​សហរដ្ឋអាមេរិក ឬ​កងកម្លាំង​ចម្រុះនោះ​ទេ។

​លោក Kirby ថ្លែងថា៖«យើង​បាន​និយាយជា​ច្រើន​លើក​មក​ហើយ​ថា ប្រសិន​បើ​ចិនចង់​ជួយ​កិច្ចប្រឹងប្រែង​ការពារ​ការ​ដឹកជញ្ជូន​នៅ​តំបន់​សមុទ្រ​ នោះ​យើង​ច្បាស់​នឹង​ស្វាគមន៍»។

រដ្ឋាភិបាល​ប្រទេស​លោក​ខាង​លិចបាន​ជំរុញ​ឱ្យ​ចិន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលអ៊ីរ៉ង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ឱ្យ​ប្រាប់​ឱ្យ​ក្រុម​ហ៊ូទី​ដកថយ។

លោក Chong Ja-Ian អ្នក​ស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​ Carnegie China និង​សាស្រ្តាចារ្យ​ជំនួយ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ បាន​ប្រាប់​វីអូអេ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​ស្នើ​ឱ្យ​អ៊ីរ៉ង់​ជំរុញ​ឱ្យ​ក្រុមហ៊ូទីឈប់​ធ្វើ​ការ​វាយប្រហារ​លើ​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​ក្រហម ស្រប​ពេល​សហរដ្ឋអាមេរិក​ព្យាយាម​កម្ចាត់​ការ​គំរាមកំហែង​ជា​បន្ទាន់។

លោក Chong ថ្លែង​ថា៖ «ភាគី​ទាំង​ពីរអាច​ធ្វើការ​ជាមួយ​គ្នា មិនមែន​ដោយសារ​តែ​ពួកគេ​ចូលចិត្ត​គ្នា​នោះទេ ប៉ុន្តែ​ពីព្រោះ​បញ្ហា​ផ្សេងៗ​ដូចជា ខ្សែសង្វាក់​ផ្គត់ផ្គង់​ និង​វត្តមាន​ថាមពល​មាន​តម្លៃ​ទាំង​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន»។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្រមាន​នៅ​ក្នុង​របាយការណ៍កាល​ពី​ថ្ងៃ​ទី៣០ ខែ​មករា​ថា ការ​បន្ត​វាយប្រហារ​នៅ​តំបន់​សមុទ្រ​ក្រហម​កំពុង​បង្ក​ហានិភ័យមក​លើ​ទស្សនៈវិស័យ​ប្រសើរ​ជាង​មុន​សម្រាប់​កំណើន​សេដ្ឋកិច្ច​សាកលលោក​តាមរយៈ​ការ​គំរាមកំហែង​បង្កើន​តម្លៃ​ទំនិញ។

លោក Ralph Ossa សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា​ថា អង្គការ​ប្រហែល​បន្ទាប​ការ​ព្យាករណ៍កំណើន​ពាណិជ្ជកម្ម​ ដោយសារ​តែ​ផលប៉ះពាល់​ពី​ការ​បង្អាក់​នៅព្រែកជីក​ស៊ុយអេ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

ពាក្យក្នុងសារព័ត៌មាន៖ Venture
សូម​រង់ចាំ

No media source currently available

0:00 0:01:33 0:00
XS
SM
MD
LG