ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេសនិងអាមេរិកដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ក្រុមហ៊ូធីដោយសារការវាយប្រហារនាវាចរណ៍ក្នុងសមុទ្រក្រហម


ក្រុម​ប្រដាប់អាវុធដែលគាំទ្រ​ក្រុម​ហ៊ូធី​ធ្វើដំណើរ​តាម​រថយន្ត​ដែល​មាន​បំពាក់​កាំភ្លើង​ នៅ​ក្បែរ​ក្រុង Sanaa ប្រទេសយេម៉ែន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។
ក្រុម​ប្រដាប់អាវុធដែលគាំទ្រ​ក្រុម​ហ៊ូធី​ធ្វើដំណើរ​តាម​រថយន្ត​ដែល​មាន​បំពាក់​កាំភ្លើង​ នៅ​ក្បែរ​ក្រុង Sanaa ប្រទេសយេម៉ែន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

កាលពី​ថ្ងៃព្រហស្បតិ៍ ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាមេរិក​បាន​និយាយថា ​ពួកគេ​បាន​ដាក់ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់​ក្រុម​ហ៊ូធី​ ចំនួន​បួននាក់ដោយសារ​តួនាទី​របស់​ជន​ទាំងនេះ​ នៅ​ក្នុង​ការគាំទ្រ​ឬ​ណែនាំ​ការវាយប្រហារ​លើ​នាវាចរណ៍​ពាណិជ្ជកម្មក្នុងសមុទ្រ​ក្រហម។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters។

ការវាយប្រហារ​របស់​ពួកហ៊ូធី បាន​បង្អាក់​សកម្មភាព​នាវាចរណ៍​សាកល​និង​នាំឱ្យ​មាន​ការបារម្ភ​អំពីអតិផរណាសាកល​ផងដែរ។ ការវាយ​ប្រហារ​ទាំង​នេះក៏​បាន​បង្កើនកង្វល់​ថា​សង្គ្រាមរវាងអ៊ីស្រាអែល​និងក្រុមហាម៉ាស់អាច​ធ្វើឱ្យតំបន់មជ្ឈិមបូព៌ា​គ្មាន​ស្ថិរភាព។

​ជនរង​ទណ្ឌកម្ម​ទាំងនេះគឺរដ្ឋមន្ត្រី​ការពារ​ជាតិរបស់​ក្រុមហ៊ូធី ​ឈ្មោះ​ Mohamed ​Nasser al-Atifi ​មេបញ្ជាការកងកម្លាំងទ័ព​ជើងទឹក​ហ៊ូធី ​ឈ្មោះ Muhammad Fadl Abd Al-Nabi ​មេបញ្ជាការកង​កម្លាំង​ឆ្នេរ​សមុទ្រឈ្មោះ Muhammad Ali al-Qadiri ​និងឈ្មោះ Muhammed Ahmad al-Talibi ​ដែល​រដ្ឋាភិបាល​អាមេរិក​និង​អង់គ្លេសកំណត់​ថា​ ជា​នាយក​ផ្នែកលទ្ធកម្ម​របស់​កងកម្លាំង​ហ៊ូធី។

អង់គ្លេសបាន​និយាយ​ថា បុរសទាំង​បួន​នាក់​នេះ​មាន​ទាក់ទិននឹង​សកម្មភាព​ដែល​«គំរាម​កំហែងសន្តិភាព ​សន្តិសុខ​និង​ស្ថិរភាព​នៃ​ប្រទេសយេម៉ែន»។​

សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​បង្កក​ធនធាននៅ​សហរដ្ឋ​អាមេរិករបស់ជនដែល​ត្រូវបានដាក់​ទណ្ឌកម្មនិង​រារាំងពលរដ្ឋ​អាមេរិកាំង​មិនឱ្យ​ទាក់ទង​ធ្វើធុរកិច្ច​ជា​មួយជន​ទាំង​បួន​នាក់​នេះ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG