ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បះបោរ​ហ៊ូធី (Houthi) វាយ​ប្រហារ​នាវា​ចម្បាំង​អាមេរិក​និង​នាវា​ពាណិជ្ជកម្ម​​នៅ​សមុទ្រ​ក្រហម


រូបឯកសារ៖ ក្នុង​រូបភាព​ដែល​ផ្តល់​ឱ្យ​ដោយ​កងទ័ព​ជើងទឹក​អាមេរិក​បង្ហាញ​នាវាពិឃាដ USS Carney នៅ​សមុទ្រ​មេឌីទែរ៉ាណេ​នៅ កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ ក្នុង​រូបភាព​ដែល​ផ្តល់​ឱ្យ​ដោយ​កងទ័ព​ជើងទឹក​អាមេរិក​បង្ហាញ​នាវាពិឃាដ USS Carney នៅ​សមុទ្រ​មេឌីទែរ៉ាណេ​នៅ កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

ក្រុម​បះបោរ​ហ៊ូធី (Houthi) ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​យេមែន​បាន​វាយ​ប្រហារ​ដោយ​ប្រើ​ដ្រូន​និង​មីស៊ីល​រយៈពេល ៥ ម៉ោង​សំដៅ​លើ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​និង​នាវា​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត​នៅ​ក្នុង​សមុទ្រ​ក្រហម ដោយ​មីស៊ីល​យ៉ាង​តិច​មួយ​គ្រាប់​បាន​បាញ់​ចំ​នាវា​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​មាន​ដោត​ទង់ជាតិ​ប្រទេស​បាហាម៉ា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យ។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា៖ «កង​កម្លាំង​ហ៊ូធី​បាន​វាយ​ប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​ជា​ច្រើន​នៅ​ក្នុង​សមុទ្រ​ក្រហម​កាលពី​ព្រឹក​មិញ​នេះ។ នាវា​ពិឃាដ USS Carney របស់​សហរដ្ឋ​អាមេរិក​បាន​ជួយ​នៅ​ក្នុង​ស្ថានការណ៍​ខ្លះ​និង​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​ក្រុម​ហ៊ូធី​ដែល​បាញ់​សំដៅ​ទិសដៅ​ទូទៅ​របស់​ខ្លួន»។

ក្រសួងបាន​បន្ថែម​ថា នាវា​ពិឃាដ Carney ដែល​បំពាក់​ដោយ​មីស៊ីល​ប្រព័ន្ធ​បញ្ជា​ទិស​ បាន​បាញ់​ទម្លាក់​ដ្រូន ២ គ្រឿង​នៅ​ក្នុង​ស្ថានការណ៍​ដែល​អាច​ជា​ការ​វាយ​ប្រហារ​តាម​ផ្លូវ​សមុទ្រ​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ជិត ២ ខែ​កន្លង​មក​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas)។ នាវា​សហរដ្ឋ​អាមេរិក​មិន​បាន​រង​ការ​ខូចខាត​អ្វី​ទេ​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​ដ្រូន​ជា​ច្រើន​គ្រឿង​ដែល​បាញ់​ចេញ​ពី​ប្រទេស​យេមែន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល។ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ ខ្លួន​បាន​ឆ្លើយតប​តាមការ​ដង្ហោយ​រក​ជំនួយ​របស់​នាវា Unity Explorer ដែល​បាន​បញ្ជាក់​ថា​កំពុង​រង​ការ​វាយ​ប្រហារ​ពី​ការ​បាញ់​មីស៊ីល។

អ្នក​នាំពាក្យ​យោធា​ក្រុម​ហ៊ូធី​លោក​ឧត្តមសេនីយ៍​ត្រី Yahya Saree បាន​អះអាង​ថា​ក្រុម​ហ៊ូធី​ជា​អ្នក​វាយ​ប្រហារ។ លោក​បាន​និយាយ​ថា ក្រុម​បះបោរ​នេះ​បាន​បាញ់​មីស៊ីល​មួយ​គ្រាប់​ចំ​នាវា​មួយ​គ្រឿង​និង​ដ្រូន​មួយ​គ្រឿង​ចំ​នាវា​មួយ​គ្រឿង​ទៀត​នៅ​ពេល​ដែល​នាវា​ទាំង​នោះ​ស្ថិត​នៅ​ច្រក​សមុទ្រ Bab el-Mandeb ដែល​ភ្ជាប់​សមុទ្រ​ក្រហម​ជាមួយ​នឹង​ឈូង​សមុទ្រ​អាដេន (Gulf of Aden)។

លោក Saree ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នាវា​ដំបូង​ដែល​ត្រូវ​បាន​បាញ់​ចំ​គឺ​នាវា Unity Explorer ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចក្រភព​អង់គ្លេស​មួយ​ដែល​មាន​លោក Dan David Ungar ដែល​រស់នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ជា​បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន​នេះ។ អ្នក​នាំពាក្យ​ក្រុម​ហ៊ូធី​បាន​និយាយ​ថា នាវា​ទី​ពីរ​ដែល​ត្រូវ​បាន​បាញ់​ចំ​គឺ​នាវា Number 9 ដែល​ជា​នាវា​ដឹក​កុងតឺន័រ​ដែល​មាន​ដោត​ទង់ជាតិ​ប្រទេស​ប៉ាណាម៉ា​ដែល​ជាប់​ពាកព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន Bernhard Schulte Shipmanagement។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ីស្រាអែល​បាន​កំណត់​អត្តសញ្ញាណ​លោក Ungar ថា​ជា​កូន​ប្រុស​របស់​មហា​សេដ្ឋី​អ៊ីស្រាអែល​ផ្នែក​ដឹក​ជញ្ជូន​តាម​កប៉ាល់​លោក Abraham (Rami) Ungar៕

XS
SM
MD
LG