ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ​ឃាត់​នាវា​មួយ​គ្រឿង​ដឹក​ជនជាតិ​ចិន​៣៦​នាក់ «ចូល​កម្ពុជា​ខុស​ច្បាប់»


រូប​ថត​ចែក​ផ្សាយ​ដោយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​ពី​​​ជន​ជាតិ​ចិន​​​នៅ​លើ​នាវា​មួយ​គ្រឿង​​ដែល​​ត្រូវ​ឃាត់​ទុក​ដោយ​សារ​​​ចូល​មក​ដោយ​​​ខុស​ច្បាប់​ក្នុង​ដែន​សមុទ្រ​កម្ពុជា។
រូប​ថត​ចែក​ផ្សាយ​ដោយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​ពី​​​ជន​ជាតិ​ចិន​​​នៅ​លើ​នាវា​មួយ​គ្រឿង​​ដែល​​ត្រូវ​ឃាត់​ទុក​ដោយ​សារ​​​ចូល​មក​ដោយ​​​ខុស​ច្បាប់​ក្នុង​ដែន​សមុទ្រ​កម្ពុជា។

អាជ្ញាធរ​កម្ពុជា​បាន​ឃាត់នាវា​មួយ​គ្រឿង​ដែលចូល​មក​ក្នុង​ទឹក​ដីកោះ​រ៉ុង​សន្លឹម​នៃ​ខេត្ត​ព្រះសីហនុ​កាល​ពី​ចុង​សប្តាហ៍​មុន ដែល​ដឹក​ជន​ជាតិ​ចិន​៣៦​នាក់​និង​ខ្មែរ​២​នាក់។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ពាក់​ព័ន្ធ។

នាវា​មួយ​គ្រឿង​នេះ​បាន​ចូល​មក​ដែន​ទឹក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដែល​មក​ដល់​ពេល​នេះអាជ្ញាធរ​កំពុង​សាក​សួរ និង​ស៊ើប​អង្កេត​បន្ត ខណៈ​រក​ឃើញ​ថា​ពួកគេ​ចូល​មក​មិន​មាន​លិខិត​ស្នាម​តាម​ច្បាប់​ត្រឹម​ត្រូវ។ នាវា​នេះ​ត្រូវ​បាន​រាយ​ការណ៍​ថា​ធ្វើ​ដំណើរ​ចេញ​ពីកំពង់​ផែ​ហ៊ូអាន ​(Fu An) ខេត្ត​ហ្វ៊ូ​ចៀន​ (Fujian) ប្រទេស​ចិន កាល​ពី​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១។

ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹក លោក ទូច ពលៈ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​អ្នក​ធ្វើ​ដំណើរ​លើ​នាវា​សរុប​ទាំង​អស់​មាន៣៨​នាក់ ដែល​ត្រូវបាន​ឃាត់​ខ្លួន ដោយ​រក​ឃើញ​ថា ​ពួក​គេ​ចូល​មក​ខុស​ច្បាប់ ដោយ​សារ​មិន​បាន​សុំ​លិខិត​ស្នាម​តាម​ផ្លូវ​ច្បាប់។ លោក​បញ្ជាក់​ថា​សំណុំ​រឿងនេះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​ខេត្ត​ព្រះ​សីហនុ ដើម្បី​អនុវត្ត​តាម​នីតិវិធី។

លោក​ថ្លែង​ថា៖ «ករណី​នេះ​មាន ប៉ុន្តែ​យើងបាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី»។

លោក ទូច ពលៈ មិន​បាន​បញ្ជាក់​ថា​តើ​ជន​ជាតិ​ចិន​ទាំង​អស់​នេះ មាន​លិខិត​ឆ្លង​ដែន​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​ប្រាប់​យ៉ាង​ខ្លីថា​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​សួរ​បន្ត។

លោក ហួត វិចិត្រ ព្រះ​រាជ​អាជ្ញា​រង និង​ជាអ្នក​នាំ​ពាក្យ​តំណាង​អយ្យ​ការសាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ បាន​ប្រាប់​ VOA​ តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម (Telegram) នៅ​ថ្ងៃចន្ទ​នេះ​ថា​បន្ទាប់​ពី​ការ​ចុះ​ឃាត់​របស់​សមត្ថកិច្ច ដោយ​មាន​ការ​ជូន​ដំណឹង​មក​អយ្យការ​របស់​តុលាការ សមត្ថ​កិច្ច​កំពុង​ស៊ើប​អង្កេត និង​សាក​សួរ​តាម​នីតិ​វិធី។ លោក​មិន​ទាន់​អាច​បញ្ជាក់​ព័ត៌មាន​បន្ថែម​ជុំ​វិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ ដោយ​សារ​វា​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត។​

លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ណារិន្ទ ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​រឿង​នេះ និង​ប្រាប់ ​VOA​ ឱ្យ​ទាក់​ទង​ទៅ​លោក​តេង ​សួន ដែល​ជា​អគ្គស្នងការ​រង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​លើ​កិច្ច​ការ​នេះ។

លោក​ថ្លែង​ថា ៖«សូម​អធ្យាស្រ័យ សូម​បង្វែរ​ទៅ​ខាង​ឯកឧត្តម តេង សួន វិញ​ ព្រោះ​គាត់​កាន់​កាប់ ដឹក​នាំ​ការងារ​នេះ»។

លោក តេង សួន ​បាន​ប្រាប់​ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​តាម​ការ​ស្រាវ​ជ្រាវ​ដំបូង នាវា​នេះ​មិន​មាន​លិខិត​សុំ​សំ​ចត​អ្វី​នោះ​ទេ។ នៅ​ពេល​សួរ​ថា​តើ​ជន​ជាតិ​ចិន​ទាំង​នោះ មាន​លិខិត​ឆ្លង​ដែន​គ្រប់​គ្នា​ឬ​យ៉ាង​ណា លោក​មិន​បាន​ឆ្លើយ​ចំៗ​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​លិខិត​ឆ្លង​ដែន​មិន​មាន​បោះ​ត្រា​ត្រឹម​ត្រូវ​ទេ។

លោក​ថ្លែង​ថា៖ «តាម​ការ​ពិនិត្យ​ស្រាវ​ជ្រាវ​សួរ​នាំ​ទៅ​វា​ដូច​ជា​មិន​មាន​អី​ផង មាន​តែ​Passport​[លិខិត​ឆ្លង​ដែន]។ ហើយ​ពាក់​ព័ន្ធ​ឯក​សារ​សុំ​សំ​ចត សុំ​[បែប​បទ]អី​[គឺ]​អត់​មាន។ មាន​ន័យ​ថា​វា​ចូល​មក​ដោយ​ខុស​ច្បាប់។ អញ្ចឹង​ឥឡូវ​នេះ​ខាង​អន្តោ​ប្រវេសន៍​ជា​មួយ​តុលាការ​ គេ​កំពុង​តែ​ស្រាវ​ជ្រាវ កំពុង​តែ​ធ្វើ​ការ​តាម​នីតិ​វិធី​នៃ​ច្បាប់»។

លោក​បន្ថែម​ថា​នាវា​នោះ​មិន​មាន​ផ្ទុក​ទំនិញ​ឬ​របស់​របរ​អ្វី​ផ្សេង​ក្រៅ​ពី​ដឹក​អ្នក​ដំណើរ​ជា​ជន​ជាតិ​ចិន​៣៦​នាក់ និង​ខ្មែរ​២​នាក់​នោះ​ទេ។

អ្នកស្រី ជៀប សុធារី មន្រ្តី​សម្រប​សម្រួលរបស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​អ្នក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចូល​មក ដោយ​ខុស​ច្បាប់​បែប​នេះ។ អ្នកស្រី​បន្ថែម​ថា​កន្លង​មក អ្នក​ស្រី​សង្កេត​ឃើញ​ថា​មាន​ការ​ប្លុង​ចោល​គ្រឿង​ញៀន​ផង​ដែរ​នៅ​តាម​បណ្តា​កោះ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «បើ​គាត់​មក​ក្នុង​បំណង​ល្អ មក​រក​ស៊ី គាត់​គួរ​តែ​មក​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ ចូល​តាម​ច្រក​ស្រួល​បួល។ ដល់​ពេល​គាត់​បើក​ចូល​មក​ដោយ​ខុស​ច្បាប់អញ្ចឹង​មិន​ដឹង​ថា​តើ​នៅ​លើ​នាវា​ហ្នឹង​មាន​អ្វី​ខ្លះ​ទេ ពីព្រោះ​យើង​អត់​ដឹង​ថា​ជា​លទ្ធផល​ពិនិត្យ​អង្កេត​របស់​ខាង​សមត្ថ​កិច្ច​រក​ឃើញ​អ្វី​ខ្លះ។ អាហ្នឹង​ជា​ការ​ព្រួយ​បារម្ភ ពី​ព្រោះ​ថ្មី​ៗ បញ្ហា​នេះ​គ្រឿង​ញៀន​ហ្នឹង​ក្នុង​ខេត្ត​ព្រះ​សីហនុ ដូច​កន្លង​មក​អញ្ចឹង​ធ្លាប់​រក​ឃើញ​ការ​ប្លុង​ចោល​នូវ​គ្រឿង​ញៀន​ជាច្រើន​នៅ​តាម​កោះ...។ ឥឡូវ​យើង​ឃើញ​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់​ចាប់​បាន​អញ្ចឹង យើង​ក៏​សប្បាយ​ចិត្ត​ដែរ»។

​គួរ​បញ្ជាក់​ថា​ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មាន​រំហូរ​យ៉ាង​សន្ធឹក​សន្ធាប់​របស់អ្នក​វិនិយោគ​ចិន។ ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ត្រូវ​បាន​ផ្លាស់​ប្តូរ​ស្ទើរ​តែ​ទាំង​ស្រុង ជាមួយ​វត្ត​មាន​កាស៊ីណូ​លេង​ល្បែង​ស៊ី​សង​រីក​ដូច​ផ្សិត។

ប៉ុន្តែ​ដោយ​សារ​កម្ពុជា​បិទ​សេវា​លេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Online gambling) និង​ស្រប​ពេល​ដែល​ពិភព​លោក​ជួប​នឹង​វិបត្ត​ជំងឺ​កូវីដ​១៩ ជន​ជាតិ​ចិន​មួយ​ចំនួន​ធំ​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG